ពលរដ្ឋរស់នៅខេត្តមួយចំនួន និងពលរដ្ឋរស់នៅរាជធានីភ្នំពេញ ភ័យខ្លាចមិនហ៊ានធ្វើដំណើរឆ្ងាយ ដោយសារអាជ្ញាធរបានពង្រាយកងកម្លាំងប្រដាប់អាវុធចម្រុះច្រើនស្អេកស្កះ នៅតាមផ្លូវជាតិមួយចំនួន និងមានសមត្ថកិច្ចខ្លះសួរនាំពលរដ្ឋ នៅពេលដែលពួកគាត់កំពុងធ្វើដំណើរតាមផ្លូវជាដើម។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិអះអាងថា ការពង្រាយកងកម្លាំងបែបនេះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ពុំមែនគំរាមកំហែងពលរដ្ឋនោះទេ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង និងពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត អះអាងស្រដៀងគ្នាថា អាជ្ញាធរបានពង្រាយកម្លាំងសមត្ថកិច្ចចម្រុះយ៉ាងច្រើនស្អេកស្កះ តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ ៦ជាដើម ទំនងដើម្បីទប់ទល់ក្រុមពលរដ្ឋ និងពលករចំណាកស្រុក មិនឱ្យបង្ហាញខ្លួនទៅទទួលលោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បង្ហាញអារម្មណ៍មិនសប្បាយចិត្ត នៅគ្រាដែលអាជ្ញាធរពង្រាយកងកម្លាំងប្រដាប់អាវុធ តាមដងផ្លូវជាតិ និងតាមព្រំដែន ដែលលោកចាត់ទុកថា គំរាមកំហែងសិទ្ធិសេរីភាពពលរដ្ឋក្នុងការដើរហើរ។ លោកថា មួយរយៈពេលចុងក្រោយនេះ លោកមិនហ៊ានធ្វើដំណើរឆ្ងាយនោះទេ ព្រោះបារម្ភពីសុវត្ថិភាព ស្របពេលដែលសមត្ថកិច្ចចម្រុះបង្ហាញអាវុធគ្រប់ធុន៖ «តាមខេត្តឆ្ងាយៗមានអាជ្ញាធរ និងប៉ូលិសឆែកមើល តាមដាន មានសាកសួរថា ទៅណាទៅណីទៀត។ ឆែក និងត្រួតពិនិត្យហ្នឹង រឹតត្បិត ទៅណាទៅណី ចេះតែមានភ័យឃើញអាជ្ញាធរ និងមន្ត្រីប៉ូលិស ។ ទោះថា មិនចាប់ក៏ដោយក៏វាបង្ហាញពីភាព អំណាចដាក់ពួកគាត់ដែលឆែកតាមផ្លូវអ៊ីចឹង។ វាមិនដែលមាន»។
អ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឱ្យដឹងនៅថ្ងៃទី៦ វិច្ឆិកាថា សមត្ថកិច្ចចម្រុះ ៣ប្រភេទ បានដាក់ពង្រាយជាច្រើនទីតាំងផ្សេងៗ គ្នា នៅច្រកព្រំដែនក្រុងប៉ោយប៉ែត និងតាមដងផ្លូវជាតិសំខាន់ៗ នាំឱ្យពលរដ្ឋមួយចំនួន និងកម្មករស៊ីឈ្នួលជញ្ជូនអីវ៉ាន់ ភ័យព្រួយពីសុវត្ថិភាព។ លោកថា សមត្ថកិច្ចខ្លះបានសួរនាំពលរដ្ឋ នៅពេលដែលពួកគេធ្វើដំណើរទៅប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនមួយចំនួនទៀត៖ «រាប់មិនអស់ទេ ច្រើនកន្លែងមួយកន្លែង ២០ទៅ ៣០នាក់។ មានកាំភ្លើងគ្រប់ដៃ តាមច្រកព្រំដែន មានប៉ូលិស និងទាហាន មានប៉េអិម នៅតាមច្រកព្រំដែនហ្នឹង គេឆែកត្រួតពិនិត្យ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា ការដាក់ពង្រាយនគរបាលបែបនេះ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេស ដើម្បីត្រៀមកម្លាំងទប់ទល់ និងហាមមិនឱ្យបង្កចលាចល។ លោកថា ពលរដ្ឋអាចចេញចូលប្រទេសថៃ បានដូចធម្មតា ក៏ប៉ុន្តែហាមមិនឱ្យធ្វើសកម្មភាពណាមួយប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ចនោះទេ។ លោក ឆាយ គឹមខឿន មិនបញ្ជាក់លម្អិតថា មាននគរបាលប៉ុន្មាននាក់ទេ ដែលឈរជើងតាមច្រកព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែលោកអះអាងថា សមត្ថកិច្ចបានយាមល្បាតគ្រប់ច្រកទាំងអស់យ៉ាងប្រុងប្រយ័ត្ន៖ «ច្រកព្រំដែនកម្ពុជា និងថៃ គ្រប់ច្រកដាក់តឹងតែងទាំងអស់។ អត់មានពីណាហាមឃាត់ ពលរដ្ឋខ្លួនឯងមិនចេញចូលទេ តែគ្រាន់តែថា មិនឱ្យពាក់ព័ន្ធ ការគាំទ្រធ្វើសកម្មភាព ប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច»។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើលឃើញថា សិទ្ធិសេរីភាពពលរដ្ឋហាក់ឋិតក្នុងភាពផុយស្រួយ និងទទួលរងការគំរាមកំហែង ជាពិសេស ពលរដ្ឋមួយចំនួនហាក់ភ័យខ្លាច អាជ្ញាធរចោទប្រកាន់ពួកគេថា ជាក្រុមបក្សប្រឆាំងជាដើម។ លោកចង់ឃើញ អ្នកនយោបាយភ្ញាក់ខ្លួនឡើង ហើយងាករកតុចរចា ដោយសន្តិវិធី ចៀសវាងប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា។ លោកផ្តល់យោបល់ថា អ្នកនយោបាយគួរតែដោះស្រាយវិបត្តិនយោបាយ តម្កល់ប្រយោជន៍ជាតិជាធំ ចៀសវាងប្រើកងកម្លាំងប្រដាប់អាវុធ គំរាមកំហែង និងធ្វើទុក្ខបុកម្នេញអ្នកគាំទ្រគណបក្សប្រឆាំង ដែលជាហេតុនាំឱ្យប្រទេសជិតខាងសើចចំអក និងមើលងាយ៖ «ភាគីទាំងពីរ គឺជាបញ្ហាជម្លោះនយោបាយ។ យើងតែងតែស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ហ្នឹង ធ្វើយ៉ាងណា អត់ធ្មត់ រកដោះស្រាយបញ្ហាជាតិ ជាបញ្ហារួម យកគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកអនុវត្តវិញ។ កុំឱ្យប្រើកម្លាំងរៀងៗខ្លួនបែបនេះ វាធ្វើឱ្យប៉ះពាល់ទង្គិចគ្នាទៅវិញទៅមក ធ្វើឱ្យប៉ះពាល់ហិង្សា និងអាយុជីវិតពលរដ្ឋជាដើម»។
ពលករទៅធ្វើការនៅប្រទេសថៃ អ្នកនាង ជួយ សុភាព នៅតែប្រកាសជំហរថា នឹងវិលទៅស្រុកកំណើតវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីទទួលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លើសពីនេះ មូលហេតុសំខាន់ដែលអ្នកនាងចង់វិលទៅស្រុកកំណើត ដើម្បីទាមទារសិទ្ធិសេរីភាព យុត្តិធម៌សង្គម និងចង់ឃើញប្រទេសកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យបានពេលលេញយូរអង្វែង។ អ្នកនាងមើលឃើញថា ការដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងឋិតក្នុងភាពហានិភ័យធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច សិទ្ធិមនុស្ស អំពើពុករលួយដុះស្លែ បក្ខពួក និងគ្រួសារនិយម ជាពិសេស ភាពអយុត្តិធម៌សង្គមបានរីកសាយគ្រប់កន្លែង ដែលជាមូលហេតុ នាំឱ្យពលរដ្ឋភាគច្រើនធ្វើចំណាកស្រុក ដើម្បីក្រពះ និងដោះបំណុលធនាគារ៖ «រាប់រយរាប់ពាន់នាក់ ពុំមែនមានតែខ្ញុំម្នាក់ទេ គេចង់ទាមទារសិទ្ធិសេរីភាពមកវិញ។ រាល់ថ្ងៃនេះ សិទ្ធិសេរីភាពមានតែក្នុងមាត់ហ៊ុន សែន ទេ។ សម្រាប់ប្រជារាស្ត្រ មិនដែលសិទ្ធិនៅពេលណាទេ គាត់កៀបសង្កត់ និងគំរាមកំហែង ធ្វើបាប ចាប់ចង។ ព្រោះប្រទេសកម្ពុជា រាល់ថ្ងៃនេះ វាធ្លាក់ដល់ចំណុចសូន្យ។ បើយើងមិននាំគ្នាក្រោកឈរទេ អនាគតកូនខ្មែរៗ ជំនាន់ក្រោយនឹងពិបាកជាងនេះរាប់រយដង»។
កាលពីពេលកន្លងទៅថ្មីៗ នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ធ្លាប់ព្រមានថា កងទ័ពបានដាក់ពង្រាយរួចជាស្រេច នៅតាមបណ្ដោយព្រំដែនកម្ពុជា និងប្រទេសជិតខាង ដើម្បីចាំកម្ទេចប្រជាពលរដ្ឋណា ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា ការលើកឡើងនេះ ជាទង្វើខុសច្បាប់ជាតិ និងអន្តរជាតិ ជាពិសេស របបក្រុងភ្នំពេញ បានប្រើប្រាស់កងទ័ពជាតិ មិនត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។