ពលរដ្ឋ​ថា ការ​ចំណាយ​ថវិកា​ជាតិ​​សម្រាប់​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជា​ការ​ខ្ជះខ្ជាយ​លុយ​ពលរដ្ឋ​ខំ​បង់​ពន្ធ

0:00 / 0:00

កសិករ មន្ត្រី​រាជការ និង​យុវជន សោកស្ដាយ​ចំពោះ​ការ​ចំណាយ​ថវិកា​ជាតិ​ខ្ជះខ្ជាយ ច្រើន​ហួស​ហេតុ សម្រាប់​ឧត្ដម​ក្រុម​ប្រឹក្សា​​​​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ឲ្យ​រដ្ឋាភិបាល។ ពួក​គេ ថា ការងារ​របស់​ទីប្រឹក្សា​ទាំង​នោះ មិន​ឃើញ​បាន​​ប្រយោជន៍​ដល់​រដ្ឋ និង​រាស្ត្រ​ ជា​ដុំ​កំភួន​អ្វី​ឡើយ គឺ​គ្រាន់​តែ​ជា​ស្ថាប័ន ដើម្បី​បន្លំ​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​មាន​ពហុបក្ស។

ពលរដ្ឋ​អះអាង​ថា ពួក​គេ​ហួស​ចិត្ត​នឹង​របប​លោក ហ៊ុន សែន ដែល​ប្រើប្រាស់​ថវិកា​ជាតិ​ជិត ១មួយ​ដុល្លារ ទៅ​លើ​ស្ថាប័ន​នយោបាយ សម្រាប់​បំរើ​គណបក្ស​កាន់​អំណាច សម្រាប់​ឆ្នាំ ២០១៩។

កសិករ​រស់​នៅ​ខេត្ត​ស្វាយរៀង លោកស្រី យស សុភ័ណ្ឌ ប្រាប់​ថា ស្ថាប័ន​ពិគ្រោះ​ ផ្ដល់​យោបល់​នេះ មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​កសិករ​ទេ គ្មាន​បាន​ជួយ​លើក​ស្ទួយ​​ដល់​ជីវភាព​កសិករ​សោះ ហើយ​បែរ​ជា​ទទួល​បាន​លុយ​ច្រើន​ឥត​គណនា​បែប​នេះ។ លោកស្រី ថា ប្រសិន​បើ​រដ្ឋាភិបាល​​ទុក​ថវិកា​រដ្ឋ​ ជាង​១លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ដែល​ចំណាយ​លើ​ស្ថាប័ន​ផ្ដល់​យោបល់​ឥត​ប្រយោជន៍​បែប​នេះ សម្រាប់​ជួយ​បង្កើន​ទុន ឬ​បន្ថែម​ប្រភព​ទឹក​ ឲ្យ​កសិករ​ ទើប​ជា​រឿង​ប្រសើរ៖ « មិន​ចាំបាច់​ទៅ​ជួល​ អ្នក​ផ្ដល់​យោបល់​អ្វី​ ចំណាយ​លុយ​អត់​ប្រយោជន៍​ច្រើន​ពេក អ៊ីចឹង​ប្រជាពលរដ្ឋ​គ្មាន​បាន​ផល​អ្វី។ បើ​សិន​ជា​​យក​លុយ​ហ្នឹង ​ទៅ​ធ្វើ​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ស្រោចស្រព​ ឬ​ក៏​​ផ្ដល់​បច្ចេកទេស​ អ្វី​មួយ ដល់​ប្រជាពលរដ្ឋ ខ្ញុំ​គិត​ថា​ អា​នេះ វា​ល្អ​ជាង»

ចំណែក​យុវជន​វិញ ប្រាប់​ថា ពួកគេ​មិន​ ចាប់​អារម្មណ៍ នឹង​ខ្វាយខ្វល់​ពី​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ ផ្ដល់​យោបល់​អ្វី​ឡើយ តែ​ពួកគេ​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​ថា ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ទាំង​នោះ ចង់​ស្នើសុំ​យក​លុយ​រដ្ឋ​នៅ​សល់​ពី​ការ​ចំណាយ​ ទៅ​ទិញ​រថយន្ត ជិះ​ចុះ​មូលដ្ឋាន។

យុវជន​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ទៀត លោក ស៊ាង វីន និយាយ​ថា កន្លង​មក លោក​មិន​ចាប់​អារម្មណ៍​នឹង​ស្ថាប័ន​ផ្ដល់​យោបល់​ប្រភេទ​នេះ​ឡើយ។ យុវជន​រូប​នេះ គិត​ថា បើ​រដ្ឋាភិបាល​ទុក​លុយ​ មួយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ទៅ​​ជួយ​បង្កើន​ជំនាញ​ឲ្យ​យុវជន ឬ​ជួយ​ដល់​វិស័យ​សុខាភិបាល​នៅ​មូលដ្ឋាន មណ្ឌល​កុមារ​កំព្រា ជា​រឿង​ប្រសើរ​ជាង ​ការ​ជួល​​ប្រធាន​គណបក្ស​តូចៗ ទាំង​នោះ មក​ធ្វើ​ជា​ទី​ប្រឹក្សា៖ « ថវិកា​ទាំង​អស់​ហ្នឹង ប្រសិន​បើ​យើង​យក​ទៅ​ជួយ​ខាង​យុវជន ឬ​មួយ​យក​ទៅ​បណ្ដុះ​បណ្ដាល​ ឬ​ក៏​ជួយ​ការ​ឧបត្ថម្ភ​ អ្វី​ ពី​លើ​បន្ថែម​ទៀត ឬ​មួយ​ក៏​អាច​ជួយ​ខាង​មន្ទីរ​ពេទ្យ​ ឬ​មួយ​កុមារ​កំព្រា​ល្អ​ជាង​ យក​ទៅ​ទិញ​ឡាន ទិញ​អ្វី»

រី​ឯ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ក៏​បង្ហាញ​ការ​រិះគន់​ខ្លាំង​ដែរ ចំពោះ​ការ​ចំណាយ​ថវិកា​រដ្ឋ​ ជាង​១លាន បី​សែន (១,៣លាន)​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩។ ពួកគេ​ សង្វេគ​ថា កម្លាំង​ញើស​ឈាម ខិតខំ​រក​ ​យក​ទៅ​​បង់​ពន្ធ ដោយ​ផ្ទាល់ និង​​បង់​ដោយ​ប្រយោល ចូល​រដ្ឋ ត្រូវ​បាន​​រដ្ឋាភិបាល យក​ទៅ​ចាត់​ចែង​ ចាយ​ខ្ជះខ្ជាយ​ គ្មាន​អាណិត​អាសូរ​កម្លាំង​ពលកម្ម​ពលរដ្ឋ ពលករ​ ​រួម​ទាំង​ការ​កើន​បំណុល​​ ជំពាក់​លុយ​​បរទេស​កាន់​តែ​ច្រើន​។

ប្រតិកម្ម​របស់​ពលរដ្ន​នេះ ធ្វើឡើង បន្ទាប់ពី អគ្គ​លេខាធិការ​ឧត្ដម​ក្រុម​ប្រឹក្សា និង​ជា​អ្នក​នាំ​ពាក្យ​​គណ​បក្ស​កាន់​អំណាច លោក ឈឹម ផល​វរុណ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ប្រើប្រាស់​ថវិកា ជិត​មួយ​លាន​ដុល្លារ ក្នុងកញ្ចប់ថវិកា១,៣លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៩។

ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មាន​បំណង​ចង់​​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ ដើម្បី​យក​លុយ​នៅ​សល់​ទៅ​ទិញ​រថយន្ត​ទំនើប​ប្រើប្រាស់។

ផ្ទុយ​ពី​ពលរដ្ឋ​ ដែល​មើល ​ឃើញ​ថា ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ គ្មាន​ប្រយោជន៍​​តែ​សម្រាប់​ លោក ហ៊ុន សែន វិញ អះអាង​ថា ទី​ប្រឹក្សា​របស់​លោក​ទាំង​នោះ​ មាន​ប្រយោជន៍​សម្រាប់​ជាតិ​ខ្លាំង​ណាស់។ លោក​ថា លោក​សុខ​ចិត្ត​ ទទួល​​យក​​ការ​ផ្ដល់​យោបល់ ពី​ក្រុម​ទីប្រឹក្សា​ មក​ពី​គណបក្ស​ទាំង​១៦​នោះ ប្រសើរ​ជាង​ទទួល​យក​យោបល់​អន្តរជាតិ ឲ្យ​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស ដែល​លោក ហៅ​ថា​ជា​ការ​បង្គាប់​បញ្ជា​លើ​រដ្ឋាភិបាល​របស់​លោក៖ « ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការ​ប្រមូល​ធាតុ​ចូល តាម​រយៈ​របាយការណ៍​ជាក់​ស្ដែង​របស់​ប្រតិភូ​គណបក្ស​ចម្រុះ​​ ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ប្រសើរ​ជាជាង​ទទួល​ការ​​បញ្ជា​ពី​បរទេស ដែល​តម្រូវ ឬ​ដាក់​គំនាប​ឲ្យ​កម្ពុជា ធ្វើ​បែប​នេះ ឬ​ធ្វើ​បែប​នោះ ដែល​មិន​ឆ្លុះ​បញ្ចាំង នឹង​លក្ខខណ្ឌ​ពិសេស​ និង​កម្រិត​រីក​ចម្រើន​ជាក់​ស្ដែង​របស់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា។ នេះ​ជា​ការ​សម្រេច​ចិត្ត​ ដ៏​មោះមុត​របស់​ខ្ញុំ ដោយ​ឈរ​លើ​ប្រជាធិបតេយ្យ​បែប​កម្ពុជា»

ស្ថាប័ន​​​ថ្មី ឧត្ដម​ក្រុម​ប្រឹក្សា និង​ផ្ដល់​យោបល់​ ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នេះ ត្រូវ​បាន​ លោក ហ៊ុន សែន បង្កើត​ឡើង នៅ​ក្រោយ​ការ​ព្រឹត្តិការណ៍ ​បោះឆ្នោត​ ឆ្នាំ២០១៨។ លោក ហ៊ុន សែន រំពឹង​ថា ទី​ប្រឹក្សា​ថ្មី​របស់​លោក ទាំង​៣២​នាក់ មក​ពី​១៦​គណបក្ស​នយោបាយ​ នឹង​ជួយ​​ដើរ​តួនាទី​ ជំនួស​រដ្ឋសភា ក្នុង​ការ​កោះហៅ​ និង​កែ​លម្អ​ រដ្ឋ​មន្ត្រី​របស់​លោក។ បន្ថែម​ពី​នេះ លោក​រំពឹង​ទៀត​ថា ទី​ប្រឹក្សា​​​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋ​មន្ត្រី ទាំង​នោះ ​អាច​ជួយ​លោក យល់​ដឹង​ពី​បញ្ហា​សុខ​ទុក្ខ​របស់​រាស្ត្រ​ដល់​មូលដ្ឋាន ជំនួស​លោក និង​ឆ្លៀត​ឱកាស​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​ខ្លួន​ឯង តាម​ចិត្ត​ចង់។

អ្នក​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ នៅ​ខេត្ត​កោះកុង​​​ម្នាក់ លោកស្រី ផាវ ញ៉ើង និយាយ​ថា មិន​ដែល​ឃើញ​ទីប្រឹក្សា​ លោក ហ៊ុន សែន អស់​ទាំង​នោះ ចុះ​ទៅ​ជួប​អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​ នៅ​​ស្រុក​ស្រែ​អំបិល​សោះ។ អ្នក​មាន​ជម្លោះ​ដីធ្លី​រូប​នេះ ក៏​​យល់​ឃើញ​ដូច​ កសិករ និង​ពលរដ្ឋ​​មួយ​ចំនួន​ដែរ គឺ រដ្ឋាភិបាល​ចំណាយ​លុយ​បង់​ពន្ធ​របស់​ពលរដ្ឋ​ ​ខ្ជះខ្ជាយ​ខុស​គោលដៅ៖ « ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ហ្នឹង គាត់​ចាយ​លុយ​អស់​ម្លឹងៗ ហើយ​អត់​បាន​ទៅ​ជួប​ពលរដ្ឋ ដែល​បាត់បង់​ដី​ ដូច​ពួក​ខ្ញុំ​ផង ខ្ញុំ​គិត​ថា ការ​​ដែល​ចំណាយ​លុយ​ខ្ជះខ្ជាយ របៀប​នេះ គួរ​តែ​កែ​ទម្រង់​នៃ​ការ​ចាយវាយ ដើម្បី​ចំណាយ​ទៅ​ឲ្យ​ចំ​គោល​ដៅ ហើយ​មាន​ការ​ដោះស្រាយ ហើយ​ទទួល​បាន​ព័ត៌មាន​ ពី​សហគមន៍ ​ឬក៏​ប្រជាពលរដ្ឋ​ ដែល​បាត់​បង់​ដី​ពិត ប្រាកដ​នោះ សុំ​ឲ្យ​ឯក​ឧត្ដម ជំទាវ ជា​អ្នក​ក្រុម​ប្រឹក្សា​ពិគ្រោះ​ យោបល់​ ហ្នឹង ចុះ​ទៅ ខេត្ត​កោះកុង ដើម្បី សួរ​នាំ​រឿង​ពី​ព័ត៌មាន​ជាក់​លាក់​ហ្នឹង ឲ្យ​ច្បាស់​លាស់»

បើ​ប្រៀបធៀប ថវិកា​ជាតិ​ ចំនួន​ជាង ១លាន ៣សែន​ដុល្លារ សម្រាប់​ចំណាយ​ក្នុង​ស្ថាប័ន​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ក្នុង​ឆ្នាំ​២០១៩ គឺ​ច្រើន​ជាង​ការ​​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​ នៅ​ក្នុង​ឃុំ​សង្កាត់ សម្រាប់​ឆ្នាំ២០២០ ប្រហែល​ជិត​២​ដង។ នៅ​ឆ្នាំ២០២០ កញ្ចប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​ក្នុង​មួយ​ឃុំ ឬ​សង្កាត់ ទទួល​បាន​ពី​រដ្ឋ​ ចំនួន​សាមសិប ប្រាំ​ពីរ (៣៧០.០០០) ម៉ឺន​ដុល្លារ​អាមេរិក។

ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ឲ្យ​ដឹង​ថា ស្ថានភាព​តាម​មូលដ្ឋាន​មាន​ភាព​លំបាក​គ្រប់​វិស័យ ដោយសារ​ រដ្ឋាភិបាល​ បាន​ទម្លាក់​ថវិកា​រដ្ឋ ឲ្យ​តិចតួច​ពេក ធ្វើ​ឲ្យ​តម្រូវ​ការ​ក្នុង​មូលដ្ឋាន មិន​អាច​ អភិវឌ្ឍន៍​បាន​ទេ។ ជាង​នេះ​ ទៅ​ទៀត​ ជីវភាព​របស់​មេឃុំ មួយ​ចំនួន គ្មាន​ភាព​ប្រសើរ​ឡើយ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់​ថា ស្ថាប័ន​នយោបាយ​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ គឺ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មិន​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ពិត​ប្រាកដ​ឡើយ។ អ្នកស្រី មើល​ឃើញ​ទៀត​ថា ​ការ​ផ្ដល់​យោបល់​​កន្លង​មក​ ​គ្មាន​ឥទ្ធិពល​អ្វី​ទេ ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា នៅ​តែ​បន្ត។ ចំណែក​​បញ្ហា​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ ជីវភាព​គ្រូ​បង្រៀន ក៏​គ្មាន​ទទួល​បាន​ការ​​ជួយ​អ្វី​ដែរ ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​ បាន​រ៉ាប់រង​បង់​ពន្ធ​​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​រដ្ឋាភិបាល​ យក​ទៅ​ចាត់ចែង​ចាយ​វាយ​ខ្ជះខ្ជាយ ​ជួល​អ្នក​ប្រឹក្សា​ថ្មី​អស់​ទាំង​នោះ៖ « ខ្ញុំ​មើល​ទៅ​​ឃើញ​ថា គ្រាន់​តែ​​យក​លុយ​ហ្នឹង ចុះ​ទៅៗ សួរ​ថា អា​ការណ៍ ដែល​ចុះ​ទៅ​​ហ្នឹង​ ទទួល​បាន​​ផល​ប៉ុន្មាន​ភាគរយ​ហើយ ? ខ្ញុំ​ អត់​ទាន់​ឃើញ​ថា ទទួល​បាន​លទ្ធផល ជា​វិជ្ជមាន​នៅ​ឡើយ​ទេ ព្រោះ​អ្វី រាស្ត្រ​នៅ​តែ​ស្រែក​យំ។ អា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ អ៊ីចឹង​ហើយ ​បាន​ខ្ញុំ​គិត​ថា ការ​ចាយ​វាយ​ហ្នឹង ទៅ​លើ​ផ្នែក​មួយ​ហ្នឹង វា​អត់​មាន​ចំណេញ​អ្វី​ទៅ​លើ​ពលរដ្ឋ​ទេ»

ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ លោក ហ៊ុន សែន មិន​ទាន់​ឆ្លើយ​តប​សំណើ​សុំ​ទិញ​ឡាន របស់​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ឡើយ។ កន្លង​មក អ្នក​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា លោក ហ៊ុន សែន បង្កើត​ស្ថាប័ន​ថ្មី ឲ្យ​គណបក្ស​​​អាយ៉ង​លោក​ ឬ​គណបក្ស ​ដែល​គ្មាន​​គេ​​គាំទ្រ ឲ្យ​ទទួល​បាន​​តំណែង និង​ប្រាក់​ខែ គឺ​ដើម្បី​​លួង​ចិត្ត និង​ កៀង​​​ឲ្យ​ចូល​ក្រោល កុំ​ឲ្យ​នៅ​​ប្រសេច​ប្រសាច ក្រៅ​ក្រោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។