មតិ​ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ចំពោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ ​លោក ទ្រី ភាព និង​លោក គន់ គីម

ដោយ ជាតិ ចំណាន
2019-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទ្រី ភាព (ឆ្វេង) និង​លោក គន់ គីម ស្ដាំ
លោក ទ្រី ភាព (ឆ្វេង) និង​លោក គន់ គីម ស្ដាំ
រូប៖ ហ្វេសប៊ុក

ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ស្វាគមន៍​ចំណាត់​ការ​របស់​អាមេរិក​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ឈ្មួញ​ព្រៃ​ឈើ ​លោក ទ្រី ភាព និង ​លោក គន់ គីម និង​ក្រុម​គ្រួសារ​មន្ត្រី​រូប​នេះ។ មន្រ្តី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា របប​ក្រុង​ភ្នំពេញ​នឹង​ស្វែងរក​ការ​ពិត និង​ដោះ​បន្ទុក​ក្នុង​កិច្ច​ការពារ​ប្រកប​ដោយ​យុត្តិធម៌ និង​សុចរិត​ភាព​លើ​បុគ្គល ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​យល់​ថា ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ពេល​នេះ​ជា​ការ​ព្រមាន​ដល់​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ផ្សេង​ទៀត​ថា កុំ​ព្យាយាម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ និង​ត្រូវ​ងាក​មក​គោរព​សិទ្ធិ និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ លោក ថុន រដ្ឋា យល់​ថា ការ​ដែល​ក្រសួង​រតនាគារ​អាមេរិក​ឈាន​ដល់​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​ឈ្មួញ និង​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន ពេល​នេះ​គឺ​ស្ថាប័ន​នេះ​បាន​ការ​សិក្សា និង​ស្រាវជ្រាវ​ត្រឹមត្រូវ។ លោក យល់ថា នឹង​អាច​មាន​មន្ត្រី ឬ​ឈ្មួញ​បាត់​ដៃ​កខ្វក់​ផ្សេង​ទៀត​អាច​ត្រូវ​រង​ទណ្ឌកម្ម​បែប​នេះ​ដូច​គ្នា ព្រោះ​សង្កេត​ឃើញ​ថា​នៅ​មាន​មន្ត្រី ឬ​ឈ្មួញ​ផ្សេង​ទៀត​ដែល​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៖ «អ្វី​ដែល​គេ (សហរដ្ឋ​អាមេរិក) ធ្វើ​មាន​ភស្តុតាង​ច្បាស់លាស់​បញ្ជាក់​ថា លោក ទ្រី ភាព ក៏​ដូច​ជា​មន្រ្តី​មួយ​ចំនួន​របស់​របប​លោក ហ៊ុន សែន ពិត​ជា​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ប្រាកដ​មែន»

សកម្មជន​បរិស្ថាន​រូប​នេះ​កត់​សម្គាល់​ឃើញ​ថា ទោះ​កម្ពុជា​មាន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្តី ប៉ុន្តែ​ស្ថាប័ន​ទាំង​នោះ​មិន​បាន​ចាត់​វិធានការ​លើ​មន្ត្រី​គ្រាក់ៗ នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ទេ។ ទោះ​បែប​នេះ លោក ថុន រដ្ឋា យល់ថា នេះ​ជា​រឿង​សំខាន់​មួយ​ដែល​ផ្ញើ​សារ​ទៅ​មន្ត្រី និង​ឈ្មួញ​ផ្សេង​ទៀត​កុំ​ឲ្យ​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​អ្វី​តាម​តែ​ចិត្ត​បាន​នោះ៖ «យើង​មិន​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា អ៊ីចឹង​យើង​មាន​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់ ឬ​ហៅ​ថា អង្គភាព​នៅ​សហរដ្ឋ​អាមេរិក​ហើយ​យើង​ជឿ​ថា មិន​ត្រឹម​តែ​លោក​ឧកញ៉ា ទ្រី ភាព ទេ យើង​ក៏​សង្ឃឹម​នឹង​បន្ត​ទៀត​ទៅ​លើ​មន្រ្តី​ផ្សេង​ទៀត ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ណែម តារា លើក​ឡើង​ថា ទណ្ឌកម្ម​នេះ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​លោក​យល់​ថា ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ពេល​នេះ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​លោក​សង្កេត​ឃើញ​ថា ព្រៃ​ឈើ​មួយ​ភាគ​ធំ​របស់​កម្ពុជា​បាន​បាត់​ទៅ​ហើយ។ ពលរដ្ឋ​រូប​នេះ​យល់​ថា ដើម្បី​អាច​ការពារ​ធនធាន​ធម្មជាតិ ឬ​ព្រៃ​ឈើ​នៅ​សល់​ឲ្យ​នៅ​គង់វង្ស​បាន លុះ​ត្រា​ណា​សហរដ្ឋ​អាមេរិក​មាន​វិធានការ​លើ​របប​ក្រុង​ភ្នំពេញ​ដោយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នេះ​អាច​រស់​ឡើង​វិញ ទើប​អាច​ក្លាយ​ជា​ភ្នែក​ជា​ច្រមុះ​នៅ​មូលដ្ឋាន​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៖ «អ៊ីចឹង​វិធានការ​ត្រូវ​បើក​សិទ្ធិ​មក​វិញ​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​និស្សិត ប្រជាជន សកម្មជន​ទាំង​អស់​ហ្នឹង​ជួយ​ការពារ​បរិស្ថាន ហើយ​ជា​ពិសេស​គឺ​ដាក់​មេ​ឃុំ​មក​វិញ មេ​ឃុំ​ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​ដែល​គេ​រំលាយ គាត់​ជា​ភ្នែក​ជា​ច្រមុះ»

ចំណែក​ពលរដ្ឋ​ម្នាក់​លោកស្រី ឃុន សាវរ៉ាន់ យល់​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ​គឺ បាន​ដាក់​ចំ​គោលដៅ​ល្អ​ណាស់ ព្រោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ សុទ្ធ​តែ​មាន​បាត​ដៃ​កខ្វក់​ក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា និង​ចូលរួម​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល