ប្រជាពលរដ្ឋរស់នៅតាមព្រំដែន គ្មានជំនឿថា គណៈកម្មាធិការព្រំដែនកម្ពុជា មានឆន្ទៈដោះស្រាយបញ្ហាជូនពួកគាត់នោះទេ ទោះបីជាពួកគាត់រាយការណ៍ពីរឿងបាត់ដីតាមព្រំដែនក្តី។ ការលើកឡើងនេះ បន្ទាប់ពីប្រធាន គណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ថ្លែងកាលពីពេលថ្មីៗ នេះថា ប្រសិនបើរដ្ឋណាម្នាក់បាត់ដី ឬរកឃើញថា មានភាពមិនប្រក្រតីតាមព្រំដែន សូមរាយការណ៍ជូនលោកដើម្បីដោះស្រាយជូនភ្លាមៗ។
ប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវរឿងព្រំដែន ចាត់ទុកសម្ដីរបស់មន្ត្រីជំនាញកិច្ចការព្រំដែនរបស់របបក្រុងភ្នំពេញថា និយាយឲ្យតែរួចពីមាត់ ពីព្រោះកន្លងមក ពួកគាត់ធ្លាប់រាយការណ៍ពីរឿង ព្រំដែនជា ជាហូរហែ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ ផ្ទុយទៅវិញមានតែការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពួកគាត់ថែមទៀត។
ពលរដ្ឋម្នាក់រស់នៅក្រុងបាវិតជិតព្រំដែនកម្ពុជា-វៀតណាម ដែលសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាព និយាយថា តាំងពីដើមមក រដ្ឋាភិបាលកម្ពុជាមិនសូវយកចិត្តទុកដាក់ពីក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនទេ។ លោកកត់សម្គាល់ថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តស្វាយរៀង មានភាពមិនប្រក្រតីជាច្រើនកើតឡើងដូចជាពលរដ្ឋ បាត់បង់ដីស្រែកេរ្តិ៍ដូនតាជាដើម ប៉ុន្តែសំឡេងខ្សឹកខ្សួលសុំឲ្យរដ្ឋាភិបាលជួយទាំងនោះ មិនទទួលបានការដោះស្រាយឡើយ។ ពលរដ្ឋរូបនេះថ្លែងទៀតថា លោកកម្រឃើញមន្ត្រីជំនាញរដ្ឋាភិបាលចុះស្រាវជ្រាវផ្ទាល់តាមព្រំដែនណាស់ ប៉ុន្តែមន្ត្រីទាំងនោះតែងស្រែកពីចម្ងាយថា មិនជឿសម្ដីពលរដ្ឋទេ ព្រមទាំងបំភិត បំភ័យ និងចោទប្រកាន់ពលរដ្ឋថា ជាក្រុមអគតិចង់បង្កចលាចលទៅវិញ៖ «ខ្ញុំអត់សូវមានជំនឿចិត្តទេ ការដែលថា ឲ្យរាយការណ៍អីនេះ ព្រោះថា តាំងពីដើមមកពលរដ្ឋបាត់បង់ដីធ្លី ហើយគាត់ស្រែកទ្រហោយំរឿងដីតាមព្រំដែននេះ ដូចជា កាលពីអតីតកាលដែលលោក សម រង្ស៊ី ទៅដល់បង្គោលតម្រុយព្រំដែនលេខ១៨៥ កាលពេលយួនបោះចូលដីខ្មែរនោះ គឺយើង ( រដ្ឋាភិបាល ) មិនជួយខ្មែរគ្នាឯងទេ ហើយទាំងធ្វើទុក្ខបុកម្នេញម្ចាស់ដីជាប់ព្រំដែនទៀត។ អ៊ីចឹងយើងគ្មានជំនឿចិត្តទេ ថា រដ្ឋាភិបាលនឹងដោះស្រាយជូនប្រជាពលរដ្ឋ»។
កាលពីឆ្នាំ២០០៩ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានចុះទៅដកបង្គោលតម្រុយព្រំដែន កម្ពុជា-វៀតណាម លេខ១៨៥ ចេញពីដីស្រែរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោក សម រង្ស៊ី និងកសិករម្ចាស់ដីអះអាងថា បង្គោលតម្រុយនេះ បោះចូលដី ខ្មែរពី៣០០ម៉ែត្រទៅ ៥០០មែត្រ។ ទោះជាយ៉ាងណា តុលាការរបបក្រុងភ្នំពេញបែរជាផ្ដន្ទាទោសលោក សម រង្ស៊ី និងកសិករម្ចាស់ដីពីរនាក់ គឺលោក ព្រំ ជា និងលោកស្រី មាស ស្រី ជាប់ពន្ធនាគារ ២ឆ្នាំពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ទោវិញ។
លោក ព្រំ ជា អាយុជិត ៦០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ឲ្យអាស៊ីសេរីដឹងថា ក្រោយពីលោក សម រង្ស៊ី ដកបង្គោលតម្រុយនោះចោល គឺលោកនិងពលរដ្ឋផ្សេងទៀត នៅអាចធ្វើស្រែបាន គ្រាន់តែអាជ្ញាធរវៀតណាម ហាមមិនឲ្យប្រើត្រាក់ទ័រប្រភេទធំៗ ភ្ជួររាស់ស្រែនោះ។ លោករៀបរាប់ថា នៅមុនការដកបង្គោលតម្រុយព្រំដែននៅលើដីស្រែរបស់លោកក្នុងឆ្នាំ២០០៩ នោះ លោកបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន គ្មានដំណោះស្រាយនោះទេ និងតែងតែអះអាងថា រង់ចាំការដោះស្រាយពីអាជ្ញាធរថ្នាក់លើរហូត។ កសិកររូបនេះបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរវៀតណាម នៅតែចុះមើលទីតាំងដែលលោក សម រង្ស៊ី ដកបង្គោលតម្រុយនោះដដែល។ ចំណែកអាជ្ញាធរខ្មែរ មិនដែលចុះពិនិត្យមើល និងពន្យល់ពលរដ្ឋនោះទេ។ លោក ព្រំ ជា បារម្ភថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា-វៀតណាម សម្រេចជាថ្មីបោះបង្គោលលើដីស្រែរបស់លោកដដែលនោះ នឹងធ្វើឲ្យលោកបាត់បង់ដីស្រែប្រមាណ ៥ហិកតារ និងដីស្រែប្រជាពលរដ្ឋខ្មែរជាច្រើនទៀត៖ «រាល់ថ្ងៃនេះ ឃើញតែភាគីវៀតណាមចូលមកមើល រហូត តែខាងកម្ពុជាយើងមិនដែលចូលរួមជាគេទេ។ ខ្ញុំចង់និយាយថា សម្លក្ដៅគេយកដៃទៅកូរហើយ សម្លត្រជាក់គេយកដៃទៅកាន់។ខ្ញុំគិតថា ប្រសិនបើមិនមានលោកប្រធាន សម រង្ស៊ី មិនមកអន្តរាគមន៍ដកបង្គោលចេញទេ ប្រហែលជាគេធ្វើជាបង្គោលថ្មធំហើយបាត់ហើយ។លោក វ៉ា គឹមហុង គាត់និយាយធានាគឺខ្ញុំមិនជំទាន់ទេ គឺជាសិទ្ធិរបស់គាត់ប៉ុន្តែសម្រាប់ខ្ញុំជាប្រជាពលរដ្ឋគឺមានការ បារម្ភខ្លាចមិនបានដូចគាត់និយាយ។ខ្ញុំនិយាយខ្ញុំសំអាងទៅលើការចុះពិនិត្យទីតាំងនេះទៅឃើញ តែគេមានប្រៀបជាងយើង។គេមកបួនដប់នាក់ហើយតែពីរនាក់បីនាក់អី ហើយពេលចប់ពីការងារ គឺខាងយើងចូលចិត្តទៅស្រង់ស្រូបបាយទឹកនៅខាងគេ។ខ្ញុំខ្លាចតែការដោះស្រាយនេះមានមនោសញ្ចេតនា»។
ពលរដ្ឋរស់នៅតាមព្រំដែនរូបនេះឲ្យដឹងបន្តថា បង្គោលព្រំដែនចាស់ មិនមែនស្ថិតនៅលើដីស្រែលោកនោះទេ គឺស្ថិតនៅជ្រៅក្នុងទឹកដីវៀតណាម ប៉ុន្តែលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម បោះបង្គោលតម្រុយព្រំដែនចំកណ្ដាលវាលស្រែរបស់លោក។ លោកយល់ថា ជារឿងល្អប្រសិនបើលោក វ៉ា គឹមហុង គោរពពាក្យសន្យា និងមានឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយ កុំឲ្យពលរដ្ឋតាមព្រំដែនបាត់បង់ទឹកដីពិតមែននោះ៖ «លោក វ៉ា គឹមហុងថា បើមានការបាត់បង់ការសង្ស័យ ឲ្យធ្វើពាក្យ បណ្ដឹង ឬប្រាប់អាជ្ញាធរ តែខ្ញុំមិនដឹងជាប្រាប់គាត់ម៉េច បើគាត់ថាអ៊ីចេះ ថាអ៊ីចុះ ខ្ញុំពិបាកណាស់។ និយាយទៅគេមិនយកចិត្តទុកដាក់យើងទេ»។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការបោះបង្គោលព្រំដែនកន្លងមក គឺកម្ពុជា មិនបានបាត់ដីមួយចំអាមឡើយ ហើយក៏មិនបានធ្វើឲ្យពលរដ្ឋណាម្នាក់ ស្រក់ទឹកភ្នែកទឹកសំបោរនោះដែរ ក្រោយរដ្ឋាភិបាលដោះដូរដីជាមួយវៀតណាមចំនួន ៣៤តំបន់ តាមព្រំដែនដោយសន្តិវិធី។ លោក វ៉ា គឹមហុង បន្តថា ចាប់ពីពេលនេះ ប្រសិនបើប្រជាពលរដ្ឋណា មានបញ្ហាបាត់ដីធ្លីនៅកន្លែងណាមួយ ឬរកឃើញភាព មិនប្រក្រតីតាមតំបន់ព្រំដែននោះ ពួកគេអាចរាយការណ៍ប្រាប់គណៈកម្មការព្រំដែនកម្ពុជា ដើម្បីដោះស្រាយជូនភ្លាមៗ៖ «ជាទូទៅ យើងមានយន្តការដើម្បីការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរ មានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនទេ ។យើងមានយន្តការអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០១១ ដើម្បីធ្វើការដោះដូររក្សាដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅដដែល។ តាមការ ណែនាំរបស់រដ្ឋាភិបាលសម្តេចតេជោ លោក សុខចិត្តកែប្រែតាមខ្សែព្រំដែនឲ្យទៅជាខ្សែព្រំដែន ដែលមានធ្មេញរណា។ជូនកាលភ្លឺស្រែមួយ ឬផ្នូរខ្មោចមួយយើងសុខចិត្តប្ដូររក្សាទុកជូនគាត់។ ដូច្នេះវាអត់មានបាត់ បើមានកន្លែងណាប្រាប់យើងមក។ អ្នកនិយាយ និយាយឲ្យតែឮ ដើម្បីថា គណៈកម្មការព្រំដែន និង រដ្ឋាភិបាលយើង មិនយកចិត្តទុកដាក់ដល់ការរស់នៅ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋយើងប៉ុណ្ណោះ»។
ព្រំដែនខ្មែរ វៀតណាម មានប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ ដោយលាតសន្ធឹងពីខេត្តកំពត តាកែវ កណ្ដាល ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរបានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០០៦ មកដល់ពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី៥ខែ តុលាការថ្មីៗ នេះ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន និងមេដឹកនាំប្រទេសវៀតណាម បានចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនចំនួន ៣១៥បង្គោល ដែលស្មើនិង ៨៤ភាគរយ។ គណបក្សប្រឆាំងពលរដ្ឋ និងក្រុមយុវជន ប្រតិកម្មថា ការចុះហត្ថលេខានេះ ជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងក្រុងប៉ារីស ព្រោះពួកគេយល់ថា របបក្រុងភ្នំពេញ កាត់ទឹកដីកម្ពុជាទៅឲ្យវៀតណាមដោយខុសច្បាប់។
ពលរដ្ឋលើកឡើងថា ការដែលលោក វ៉ា គឹមហុង អះអាងថា ការបោះបង្គោលព្រំដែនកន្លងមក គ្មានពលរដ្ឋណាស្រក់ទឹកភ្នែកទឹកសំបោរនេះ ប្រហែលជាលោក វ៉ា គឹមហុង ដឹងតែធ្វើមិនដឹង ឬអាចមិនដឹងតែម្ដង ដោយសារមន្ត្រីជំនាញកិច្ចការព្រំដែនរូបនេះ មិនសូវចុះជួបពលរដ្ឋតាមព្រំដែនផ្ទាល់។
ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-វៀតណាមខេត្តមណ្ឌលគិរី លោក យើយ រៀបរាប់ថា ប្រសិនបើ រដ្ឋាភិបាលមានឆន្ទៈដោះស្រាយរឿងព្រំដែនពិតប្រាកដមែននោះ គួរតែចុះជួប និងសួរនាំដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋតាមព្រំដែន។ លោកថា ពលរដ្ឋតាមព្រំដែនតែងតែបង្ហាញពីក្តីកង្វល់ពីរឿងបាត់ដីជារឿយៗ ប៉ុន្តែរដ្ឋាភិបាលទៅវិញទេ ដែលមើលរំលងក្ដីកង្វល់របស់ពលរដ្ឋ។ ពលរដ្ឋរូបនេះ បារម្ភថា វៀតណាមអាចបន្តឈ្លានពានចូលដីខ្មែរតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនខេត្តមណ្ឌលគិរី និងខេត្តរតនគិរីបន្តទៀត ព្រោះភាគច្រើនតំបន់ជាប់ព្រំដែនទាំងនោះសុទ្ធតែជាតំបន់ព្រៃជ្រៅដែលពលរដ្ឋកម្ពុជាមិនអាចចូលទៅដល់៖ «ខ្ញុំគិតថា តំបន់កន្ទុយនាគទៅថ្ងៃអនាគតវៀតណាម ជាអ្នកកាន់កាប់ ព្រោះថា តំបន់នោះពលរដ្ឋខ្មែរមិនអាចចូលទៅដល់ទេ ព្រោះតំបន់នោះជាតំបន់វីរៈជ័យ ហើយកន្ទុយនាគ ហើយវីរៈជ័យ គឺជាតំបន់សេដ្ឋកិច្ចឈើនាំចេញទៅវៀតណាម។ ខ្ញុំបារម្ភទី១ ព្រៃឈើ ទី២ ទឹកដី និងទី៣ ប្រជាពលរដ្ឋអត់មានសិទ្ធិឆ្លងចេញចូលច្រកព្រំដែននោះបានដោយសារជា ច្រករកស៊ីឈើ»។
កន្លងមក អ្នកភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ធ្លាប់បានតវ៉ារឿងវៀតណាមបោះបង្គោលព្រំដែនចូលដីខ្មែរដែរ។ ពលរដ្ឋមានចម្ងល់ថា លោក វ៉ា គឹមហុង តែងតែប្រាប់អ្នកសារព័ត៌មានថា នៅក្នុងផែនទីរបស់បារាំងបានដាក់ថា តំបន់ភូមិអន្លង់ជ្រៃនោះ ជាដីរបស់វៀតណាម ក្នុងពេលដែលវៀតណាមយល់ព្រមឲ្យដីភូមិអន្លង់ជ្រៃនោះឲ្យកម្ពុជា ប៉ុន្តែកម្ពុជាត្រូវកាត់ដីកន្លែងផ្សេងឲ្យវៀតណាមវិញ។ បើដូច្នោះមែន ហេតុអ្វីបានជាគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ នៅតែបោះបង្គោលព្រំដែនលេខ១២៧ នៅចម្ងាយប្រមាណ ១០០ម៉ែត្រពីផ្ទះអ្នកភូមិអន្លង់ជ្រៃ ហើយធ្វើឲ្យបាត់ដីស្រែចម្ការរបស់ពួកគាត់ទៀត។
នៅពេលអាស៊ីសេរីសួរនាំអំពីរឿងទាំងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានតិះដៀលអ្នកយកព័ត៌មានអាស៊ីសេរីថា ជាមនុស្សឡប់សតិ និងបានឆ្លើយពង្វាងសំណួរ។ មន្ត្រីជំនាញកិច្ចការព្រំដែនរូបនេះ នៅតែធានាថា ប្រជាពលរដ្ឋកម្ពុជា មិនបាត់ដីមួយចំអាមឡើយ បន្ទាប់ពីដោះដូរដីជាមួយវៀតណាមចំនួន ៣៤តំបន់ ទាំងដីភូមិអន្លង់ជ្រៃ និងដីនៅចំណុចដែលលោក សម រង្ស៊ី ដកបង្គោលតម្រុយព្រំដែន។ លោក វ៉ា គឹមហុង ព្រមានឲ្យពលរដ្ឋឈប់ចោទថា វៀតណាមយកដីខ្មែរទៅដោះដូរយកដីខ្មែរ។ បន្ថែមពីនេះទៀត លោក វ៉ា គឹមហុង បដិសេធមិនបញ្ជាក់ពីតំបន់ដែលកម្ពុជាកាត់ឆ្វៀលឱ្យវៀតណាម និងចំនួនភូមិដែលកម្ពុជាបានទទួលពីវៀតណាមវិញនោះឡើយ ដោយលោកគ្រាន់តែបញ្ជាក់ថា នេះជាការងាររបស់គណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ហើយពលរដ្ឋត្រូវតែជឿទុកចិត្តក្រុមការងាររបស់លោក៖ «កន្លែងនេះខ្ញុំមិនចង់និយាយទេ គឺថាអាកាសែតទាំងអស់នេះ គឺសុទ្ធតែមនុស្សអត់មានសច្ចធម៌។ គេនិយាយអ៊ីចេះ វាថាអ៊ីចុះ។ យើងថា ដោះដូរជាមួយភូមិ សម្ដេច ហេង សំរិន វាថាដោះដូរដីខ្មែរយកដីខ្មែរ។ តែយើងថា ដោះដូរដីខ្មែរជាមួយដីវៀតណាម។ ឥឡូវខ្ញុំគ្រាន់តែប្រាប់ថា អាបង្គោលលេខ១៨៥ ដែល សម រង្ស៊ី ដកនេះគឺ យើងត្រូវដាំជិត ១០០ម៉ែត្រ ទៅមុខទៀត។ ដូច្នេះដីស្រែទាំងអស់នេះ បានមកខ្មែរទាំងអស់ ថ្ងៃណាយើងដោះដូរគ្នា ប៉ុន្តែបើមិនទាន់ឯកភាពគ្នារឿងដោះដូរ។ អ៊ីចឹងហើយបានគេប្រាប់តាំងពីដើមថា កុំគ្រាន់តែឃើញគេបោះអាតម្រុយនេះ ព្រោះនេះគ្រាន់តែគេរកទេ ហើយយើងទៅចោទគេស្រែកអាឡេអាឡូខុសរឿងរ៉ាវ»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី និយាយថា កន្លងមកនៅពេលលោកបង្ហាញរបាយការណ៍ស្រាវជ្រាវរឿងព្រំដែនម្ដងៗ គឺមន្ត្រីរដ្ឋាភិបាលតែងតែច្រានចោល និងចោទប្រកាន់ក្រុមយុវជនរបស់លោកថា ជាក្រុមប្រឆាំង។ ទោះយ៉ាងណា លោកប្ដេជ្ញាថា នឹងបន្តចុះស្រាវជ្រាវរឿងព្រំដែនបន្តទៀត ហើយនឹងដាក់របាយការណ៍ជូនរដ្ឋាភិបាល ដោយផ្ទាល់ដើម្បីស្នើសុំដំណោះស្រាយ។ លោកកត់សម្គាល់ថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ តែងតែមានគំនិតផ្ទុយគ្នាពីរឿងព្រំដែន ដោយរដ្ឋាភិបាលផ្អែកលើបច្ចេកទេសថា មិនមានបាត់ដីទេ ប៉ុន្តែ នៅពេលក្រុមយុវជន និងពលរដ្ឋចុះស្រាវជ្រាវជាក់ស្ដែង រកឃើញថា កម្ពុជាពិតជាបាត់ដីទៅវៀតណាម។ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងបើកទូលាយឲ្យពលរដ្ឋខ្មែរមានសិទ្ធិពេញលេញក្នុងការចុះស្រាវជ្រាវរឿងព្រំដែនហើយរដ្ឋាភិបាល គួរតែព្យាយាមឆ្លើយបំភ្លឺ ចំពោះអ្វីដែលពលរដ្ឋរកឃើញ៖ «ខ្ញុំគិតថា គាត់មិនចិត្តដាក់ហ្មងពីសំឡេងពលរដ្ឋរឿងព្រំដែននេះ គាត់ទាត់ចោលហើយគំរាមទៀត។ ឧទាហរណ៍រឿងថ្ម ៣ដុំ មិនមែនជារឿងលែងសើចទេ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរដ្ឋាភិបាល សូម្បីមន្ត្រីនៅខាងខេត្តរបស់រដ្ឋាភិបាល កាន់ខាងខេត្តតាកែវ ក៏គាត់ប្រកែកថា របាយការណ៍ដែលយើងស្រាវជ្រាវមិនមែនជារឿងពិត។ ខ្ញុំគិតថា រដ្ឋាភិបាលខ្លួនឯងមាននយោបាយមួយព្យាយាមយកត្រូវតែខ្លួនឯង ហើយអត់ទទួលយកមតិរិះគន់របស់ប្រជាពលរដ្ឋ»។
លោក មួង សូនី ឲ្យដឹងទៀតថា ទិដ្ឋភាពតាមព្រំដែនដែលលោក រកឃើញកន្លងមកមានដូចជា ការបោះបង្គោលថ្មីៗ នេះ ភាគច្រើនបោះចូលដីខ្មែរ ខណៈបង្គោលសម័យបារាំងបោះនៅក្នុងដីវៀតណាម កំពុងគ្រប់គ្រងពលរដ្ឋតាមព្រំដែន សុទ្ធតែអះអាងថា ទឹកដីពួកគាត់បាត់បង់ទៅវៀតណាម ក្រោយការបោះបង្គោល ហើយការដោះដូរដី ឬភូមិរវាងកម្ពុជា-វៀតណាមនោះ គឺរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញថា ភូមិណាដោះដូរពីវៀតណាមមកខ្មែរ ហើយពីខ្មែរទៅវៀតណាមនោះទេ។ ម្យ៉ាងវិញទៀត លោកថា ទោះបីបោះបង្គោលរួចក្ដី ក៏វៀតណាមនៅតែទាមទារទឹកដីដែលវៀតណាមអះអាងថា ជាទឹកដីរបស់ខ្លួនដែរ ដូចជានៅតំបន់ថ្ម ៣ដុំ នៅប៉ាក់ណាម និងក្អមសំណរជាដើម។ ក្រៅពីនេះលោកថា មានតំបន់មួយចំនួន គឺពលរដ្ឋវៀតណាម បានចេញចូលទឹកដីខ្មែរដោយសេរី ដែលធ្វើឲ្យលោកបារម្ភពីការបាត់បង់ទឹកដីនៅពេលអនាគត។ បន្ថែមពីនេះ លោកមើលឃើញថា មន្ត្រីកម្ពុជានៅតាមព្រំដែនមានកម្សោយក្នុងការការពារព្រំដែន ហើយមន្ត្រីមួយចំនួនជាមន្ត្រីពុករលួយ។
បញ្ហាព្រំដែនគឺជាបញ្ហារសើបមួយនៅកម្ពុជា។ កន្លងមករបបក្រុងភ្នំពេញ បានចាប់តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ២នាក់ដាក់ពន្ធនាគារ គឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ដែលរិះគន់របបនេះអំពីការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែន។ រីឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បី គឺបណ្ឌិត កែម ឡី ក៏ត្រូវបានឃាតកបាញ់សម្លាប់ ក្រោយពេលលោកដឹកនាំយុវជនធ្វើយុទ្ធនាការ ១០០រាត្រីចុះស្រាវជ្រាវរឿងព្រំដែនកម្ពុជា-វៀតណាម។ ចំណែកមនុស្សជាច្រើននាក់ទៀត ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញគំរាមកំហែង និងបំភិតបំភ័យមិនឲ្យនិយាយពីបញ្ហាព្រំដែននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
