ប្រជាពលរដ្ឋនិងសកម្មជនបក្សប្រឆាំងមួយចំនួនជឿជាក់ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងវិលចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា តាមការសន្យា។ ពួកគេបានត្រៀមខ្លួនរួចជា ស្រេចដើម្បីទទួលស្វាគមន៍មេដឹកនាំបក្សប្រឆាំងរូបនេះដោយមិនខ្លាចការគំរាមកំហែងរបស់អាជ្ញាធររបបក្រុងភ្នំពេញឡើយ។
ប្រជាពលរដ្ឋនិងសកម្មជនបក្សប្រឆាំងបញ្ចេញទស្សនៈផ្សេងៗគ្នាអំពីគម្រោងវិលត្រឡប់ទៅប្រទេសកម្ពុជារបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកមោងឫស្សី លោក អ៊ុត ជឿន សម្ដែងក្ដីត្រេកអរនិងស្វាគមន៍ដំណើរវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយលោកនឹងទៅជួបជុំគ្នាដើម្បីចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ។ លោកយល់ថា ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នឹងអាចជួយឱ្យមានដំណោះស្រាយនយោបាយ និងធ្វើឱ្យកម្ពុជាជៀសផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ៖ «ខ្ញុំគ្មានការបារម្ភទេ ព្រោះច្បាប់រដ្ឋធម្មនុញ្ញយើងអត់មានចែងថា យើងទៅទទួលអបអរសាទរអតីតមេដឹកនាំរបស់យើងឱ្យមានទោសមានអីគឺខ្ញុំគ្មានព្រួយបារម្ភទេ។ ប្រជាពលរដ្ឋមិនមែនត្រឹមតែខ្ញុំទេ គឺទូទាំងប្រទេសជាពិសេសស្រុកមោងឬស្សី ខ្ញុំត្រៀមរាប់រយរាប់ពាន់នាក់ដើម្បីទៅទទួលលោកប្រធាន។ លោកប្រធានមកជួយច្រើនណាស់ ទី១ជួយឱ្យ លទ្ធិប្រជាធិបតេយ្យយើងដំណើរការឡើងវិញ ជួយឱ្យសិទ្ធិមនុស្សជួយឱ្យប្រជាពលរដ្ឋអាចបញ្ចេញមតិត្រឹមត្រូវឡើងវិញជាពិសេសជួយរឿងការអនុគ្រោះពន្ធ»។
មិនខុសគ្នាប៉ុន្មានឡើយសកម្មជនបក្សប្រឆាំងមួយរូបទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង លោក សម សារឿន រៀបរាប់ថា លោករីករាយចំពោះដំណឹងនៃការវិលត្រឡប់ចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី។ លោកបញ្ជាក់ថាប្រជាពលរដ្ឋនៅខេត្តស្វាយរៀង នឹងទៅរង់ចាំទទួលលោក សម រង្ស៊ី ចុះពីព្រលានយន្តហោះទោះបីជាមានការគំរាមកំហែងបែបណាក្ដី។ លោកថា បើទោះបីជា ពួកលោកនៅស្ងៀម ក៏របបក្រុងភ្នំពេញមិនឱ្យនៅសុខដែរ៖ «ការកំណត់ពេលវេលាមកអីយ៉ាងម៉េចគឺជា យុទ្ធសាស្ត្រ នៃការដើររបស់លោកប្រធាន។ ខ្ញុំថាគាត់ប្រាកដជាមកតែខ្ញុំមិនច្បាស់ដែរថាគាត់នឹងមកតាមពេល វេលាដែលកំណត់១០០ភាគរយ។ ទាក់ទងរឿងបារម្ភគឺយើងបារម្ភណាស់ទៅហើយតែបើយើងបារម្ភក៏នៅតែដដែល។ បើយើងមិនធ្វើអីសោះដល់ថ្ងៃណាមួយគង់តែមកប៉ះយើង»។
ក្រុមមន្ត្រីរបបក្រុងភ្នំពេញបានប្រកាសជាបន្តបន្ទាប់ថា ប្រសិនបើមេបក្សប្រឆាំងរូបនេះមកដល់ទឹកដីកម្ពុជា នោះសមត្ថកិច្ចនឹងចាប់ខ្លួនភ្លាមៗរួមទាំងអ្នកហែហមផងដែរ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក ម៉ៅ វិបុល ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសថៃ ប្រាប់អាស៊ីសេរីថា មន្ត្រីគណបក្សសង្គ្រោះជាតិបានប្រជុំគ្នារួចហើយ ថានឹងហែហមលោក សម រង្ស៊ី វិលទៅកម្ពុជាវិញទាំងអស់គ្នា។ លោកបញ្ជាក់ថា សូម្បីតែពលករខ្មែរនៅក្រៅប្រទេសមានប្រទេសថៃជាដើមក៏បានត្រៀមខ្លួនចូលរួមហែហមប្រតិភូគណបក្សសង្គ្រោះជាតិដែរ៖ «ពួកយើងត្រៀមរួចរាល់ហើយរង់ចាំតែពេលវេលាដែលលោកប្រធានមកថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុណ្ណោះ។ ពលករនៅថៃក៏ដូចជាអ្នកនៅតាមខេត្តដូចជាខេត្តស្វាយរៀង ខ្ញុំគឺបានរៀបចំក្បួនក្នុងការចូលទៅទទួលលោកប្រធានរួចជាស្រេច។ ពួកខ្ញុំស្រឡាញ់យុត្តិធម៌ស្រឡាញ់ប្រជាធិបតេយ្យគ្មានការព្រួយបារម្ភរឿងលោក ហ៊ុន សែន ចោទនិងគំរាមដដែលៗនោះទេ»។
ខុសពីការបញ្ចេញមតិរបស់សកម្មជនបក្សប្រឆាំង ប្រជាពលរដ្ឋម្នាក់ លោកស្រី ម៉ៅ រៀបរាប់ថា លោកស្រីមិនសូវមានជំនឿថា លោក សម រង្ស៊ី នឹងវិលចូលកម្ពុជាវិញតាមការសន្យានោះទេ ព្រោះ លោក សម រង្ស៊ី ធ្លាប់កុហកច្រើនដងមកហើយ។ ទោះយ៉ាងណាក្ដី លោកស្រីជឿថា ប្រសិនបើ លោក សម រង្ស៊ី ពិតជាហ៊ានវិលចូលកម្ពុជាមែន នោះនឹងអាចជួយស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបាន៖ «បើសិនជាគាត់វិលត្រឡប់ដូចគាត់និយាយមែនខ្ញុំគិតថា វាជាការចាប់ផ្ដើមនៃការគោរពពាក្យសម្ដីរបស់គាត់ ព្រោះថាកន្លងមកគាត់និយាយថា ត្រឡប់មកថ្ងៃនេះថ្ងៃនោះ វាមិនមែនជាលើកទី១ទេ ប្រហែលជាអ្នកនយោបាយមានហេតុផលរបស់គេ តាមរបៀបនយោបាយគឺខ្ញុំអត់ដឹង តែខ្ញុំគ្រាន់តែចង់និយាយថា ក្នុងនាមជាមេដឹកនាំកាលណាតែយើងនិយាយហាមាត់ថា អ្វីត្រូវតែមានប្រសិទ្ធភាពនិងត្រូវតែធ្វើឱ្យបានបើយើងធ្វើមិនបាន យើងមិនចេះតែនិយាយទេ ព្រោះបានន័យថា វាស្មើនឹងអ្វីដែលយើងសន្យាចំពោះមុខប្រជាពលរដ្ឋហើយធ្វើអត់បានវាដូចជា រដ្ឋាភិបាលសព្វថ្ងៃនិយាយហើយចោលនិយាយហើយចោលម្លោះហើយអស់ការជឿជាក់។អ៊ីចឹងគាត់ក៏ដូចគ្នាដែរ»។
ដោយឡែកនិស្សិតផ្នែកច្បាប់មួយរូបគឺយុវជន វ៉ន ចាន់ឡូត លើកឡើងថា ការប្រកាសកំណត់ថ្ងៃវិលចូលកម្ពុជារបស់លោក សម រង្ស៊ី លើកនេះមានភាពប្រាកដប្រជាគួរឱ្យទុកចិត្តបាន ពីព្រោះនៅ ខែវិច្ឆិកាខាងមុខ គឺជាពេលវេលានៃការសម្រេចដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដូច្នេះរដ្ឋាភិបាលមិនអាចចាប់ខ្លួនលោក សម រង្ស៊ី ឡើយ។ លោកអំពាវនាវឱ្យមេដឹកនាំនយោបាយខ្មែរនាំគ្នាថយក្រោយបន្តិច ដោយធ្វើសម្បទាននយោបាយទៅវិញទៅមក ដើម្បីជជែកគ្នាបង្កើតនូវដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ៖ «ការវិលត្រឡប់មកកម្ពុជាវិញ នៃសមាជិកគណបក្សសង្គ្រោះជាតិ គឺជារឿងល្អត្រឹមត្រូវហើយ វាជាសញ្ញាមួយបញ្ជាក់ថា ខ្មែរអាចនឹងមានដំណោះស្រាយ។ ខ្ញុំជឿជាក់ថា រដ្ឋាភិបាលនឹងមិនហ៊ានចាប់ឯកឧត្ដម សម រង្ស៊ី ឬក៏អ្នកដែលហែហមគាត់មកទេ ដោយសារតែយើងដឹងហើយថា ទោះបីជាស្ថានភាពនៅក្នុងប្រទេសមានស្ងប់ស្ងាត់យ៉ាងម៉េចក៏ដោយ តែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតែមានឆន្ទៈ និងមានទឹកចិត្តដដែល»។
គណបក្សសង្គ្រោះជាតិប្រកាសថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់ទាំងឡាយរបស់បក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រួមទាំងសមាជិកសភាអឺរ៉ុបមួយចំនួនផងនឹងអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ដំណើរវិលត្រឡប់នេះ គឺដើម្បីទៅដោះស្រាយការជាប់គាំង និងបញ្ហាប្រឈមទាំងឡាយរបស់ជាតិដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេសគឺជួយកុំឱ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធEBA៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។