គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិ សម្រាប់ចំណាយនៅឆ្នាំ២០២០ ហើយ នៅព្រឹកថ្ងៃទី២២ វិច្ឆិកា។ អ្នកឃ្លាំមើលថ្លែងថា កញ្ចប់ថវិកាជាតិបានកើនឡើង តែការបែងចែកមិនទាន់មានតម្លាភាព និងចំគោលដៅ ដែលពលរដ្ឋនៅក្នុងមូលដ្ឋានចង់បាន។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឯកបក្ស ថា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០២០ នេះ ទៅប្រជុំសភាពេញអង្គ នៅថ្ងៃទី២៦ វិច្ឆិកា។ ក្រៅពីនេះ មានសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ដូចជា សេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ វិសោធនកម្មច្បាប់ស្ដីពីសហជីព និងសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង សម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិមួយចំនួនទៀត ក៏នឹងត្រូវលើកយកទៅប្រជុំនៅថ្ងៃជាមួយគ្នាដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិ គ្រោងចំណាយសម្រាប់គ្រប់គ្រងរដ្ឋនៅឆ្នាំ២០២០ ដែលដាក់ចេញដោយរបបក្រុងភ្នំពេញ មានចំនួនជាង ៨ពាន់ ២រយ (៨.២២៣) លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងចំណាយសម្រាប់ឆ្នាំ២០២០ ខាងមុខនេះគឺកើនឡើងជាងឆ្នាំ២០១៩ ជាង ២ពាន់លានដុល្លារអាមេរិក ឬជាង ២២ភាគរយ (២២,៧%)។ ថវិកានេះ នឹងធ្វើឲ្យកញ្ចប់ថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កើនឡើងជាងមុនដែរ។ ទន្ទឹមគ្នានេះដែរ ថវិកានៅថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនទ្វេដងនៅឆ្នាំ២០២០ ដែលនឹងកើនពីជាង ៣ម៉ឺន ៥ពាន់ (៣៥.០០០) ដុល្លារ ទៅជាង ៧ម៉ឺន (៧០.០០០) ដុល្លារអាមេរិក ក្នុងមួយឃុំសង្កាត់។
ចំណែកស្ថានភាពបំណុលវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញក្នុងរបាយការណ៍សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ថា មកដល់បច្ចុប្បន្ន កម្ពុជាជំពាក់បំណុលបរទេសសរុបជាង ៧ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែរបបក្រុងភ្នំពេញ មានលទ្ធភាពអាចខ្ចីលុយបរទេសបានជិត ២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត នៅឆ្នាំ២០២០ នោះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការបង្កើនថវិកាជាតិនៅឆ្នាំ២០២០ និងការបន្ថែមថវិកា ដល់ថ្នាក់ក្រោមជាតិ នៅតាមមូលដ្ឋានឃុំសង្កាត់នេះ ជាការល្អ។ ប៉ុន្តែសំខាន់ លោកសង្កេតឃើញថា នៅមានបញ្ហាតម្លាភាព នៃការចំណាយថវិកាជាតិឲ្យចំគោលដៅ នៅក្នុងមូលដ្ឋានឃុំសង្កាត់ ភាពប្រញាប់ប្រញាល់ក្នុងការអនុម័តថវិកាជាតិ ដោយមិនមានការផ្សព្វផ្សាយទូលាយ និងពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយពីអ្នកពាក់ព័ន្ធជាដើម។
តំណាងសង្គមស៊ីវិលរូបនេះ យល់ថា ស្ថាប័នជាតិពាក់ព័ន្ធ ត្រូវធ្វើកំណែទម្រង់បញ្ហាទាំងនេះ ទើបអាចធ្វើឲ្យពលរដ្ឋ ទទួលបានប្រយោជន៍ពិតប្រាកដពីថវិកាជាតិ។ លោកបន្តទៀតថា ថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំកន្លងមក មិនចំគោលដៅ តាមការចង់បានរបស់ពលរដ្ឋ ជាហេតុធ្វើឲ្យការចំណាយខ្លះ គ្មានប្រសិទ្ធិភាព៖ « យើងបារម្ភថា តម្រូវការជាក់ស្ដែង នៅមូលដ្ឋានរបស់វិស័យអាទិភាពមួយចំនួន ឬក៏វិស័យប្រឈមមួយចំនួនមិនត្រូវបានឆ្លើយតបឲ្យចំគោលដៅទេ។ តួយ៉ាងដូចវិស័យកសិកម្មជាដើមណា ក្នុងនោះ ក៏មានវិស័យសុខាភិបាលដែរ យើងចង់ឲ្យឃើញការបែងចែកធនធានហ្នឹង ដើម្បីជាប្រយោជន៍ទៅដល់អ្នកទទួលផលពីវិស័យកសិកម្ម និងវិស័យសុខាភិបាល ដែលក្រៅពីវិស័យមួយចំនួន ដែលមានស្រាប់»។
លោក សន ជ័យ ផ្ដល់យោបល់ថា ដើម្បីឲ្យបែងចែកថវិកាជាតិ នៅថ្នាក់ជាតិ ទទួលបានតម្លាភាព ប្រសិទ្ធិភាព និងចំគោលដៅ រដ្ឋាភិបាលគួរគិតគូរពីកង្វល់របស់ពលរដ្ឋ ដូចជា បង្កើនថវិកាជាតិ ក្នុងវិស័យកសិកម្ម និងសុខាភិបាល ក្នុងមូលដ្ឋាន ហើយត្រូវកំណែទម្រង់ឲ្យមានប្រសិទ្ធិភាព ដូចជាករណីវិស័យអប់រំជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។