របបក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យក្រុមអង្គការសមាគមជាង ១៥ស្ថាប័ន ជួបជុំដង្ហែក្បួនពីសួនច្បារវត្តភ្នំទៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានោះទេ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកបម្រាមរបស់អាជ្ញាធរនេះថា ជាការរឹតត្បិតសិទ្ធិសេរីភាព។
ក្រុមអង្គការសង្គមស៊ីវិល សម្រេចរំសាយគម្រោងដង្ហែក្បួន ប៉ុន្តែនៅរក្សាជំហរជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ ដើម្បីរំលឹកខួប ២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ដោយគ្រោងមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ ដែលសាលាក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យដង្ហែក្បួន ក្រោមហេតុផលដដែលៗ ថា ខ្លាចប៉ះពាល់សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ លោក កត់សម្គាល់ថា ប៉ុន្មានឆ្នាំ ចុងក្រោយនេះ រដ្ឋាភិបាលបានរឹតត្បិតខ្លាំងបំផុត ចំពោះសិទ្ធិសេរីភាពជួបជុំ ការប្រមូលផ្តុំ និងដង្ហែក្បួនដោយសន្តិវិធី៖« នៅក្នុងការជួបជុំធ្វើបាតុកម្មដោយសន្តិវិធីនេះមានតាំងពីការហែក្បួនជាដើម ប៉ុន្តែការសិទ្ធិដង្ហែក្បួននេះ ត្រូវបានរឹតបន្តឹងមិនមានការអនុញ្ញាតទេ ប៉ុន្តែការជួបជុំ មានការអនុញ្ញាតដែរ ។បើយើងនិយាយអំពីសេរីភាព និងសិទ្ធិធ្វើបាតុកម្មនេះ ហាក់ដូចជាមានការកម្រិតនៃការចូលរួម ឬវិធីនៃការធ្វើបាតុកម្ម » ។
លោក អំ សំអាត បន្តថា ដើម្បីបញ្ចៀសបញ្ហាជាមួយសាលាក្រុងភ្នំពេញ ក្រុមសង្គមស៊ីវិលទាំងអស់ សម្រេចទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យតែម្តងនៅព្រឹកថ្ងៃទី២៣ ខែតុលា ។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានសារសំខាន់ និងនៅតែសុពលភាពសម្រាប់ កម្ពុជាក្នុងការបញ្ចប់ជម្លោះនយោបាយរវាងខ្មែរ និងខ្មែរ នាំមកនូវសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដល់កម្ពុជា និងការពារបូរណភាពទឹកដីកម្ពុជា។ អ្នកការពារសិទ្ធិមនុស្សរូបនេះ អំពាវនាវឲ្យអ្នកនយោបាយខ្មែរ គោរព និងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងជាអន្តរជាតិ និងជាលក្ខណៈប្រវត្តិ សាស្ត្រមួយនេះ៖ «ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កើតចេញអំពីការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ទី១ បញ្ចប់ជម្លោះនយោបាយសង្គ្រាមស៊ីវិល ទី២ ការដកកងទ័ពបរទេសចេញពីកម្ពុជា ទី៣ ការរួបរួមឯកភាពជាតិខ្មែរ និងទី៤ កម្ពុជានាំមកវិញនូវរបបរាជានិយម របបប្រជាធិបតេយ្យ សេរីពហុបក្ស និងរដ្ឋធម្មនុញ្ញថ្មី ព្រមទាំង នាំចូលបទដ្ឋានអន្តរជាតិទាំងឡាយស្តីអំពីសិទ្ធិមនុស្ស»។
អាស៊ីសេរីមិនអាចសុំការឆ្លើយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និងអ្នកនាំពាក្យ សាលាក្រុងភ្នំពេញ លោក មេត មាសភក្តី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែ លោក មេត មាសភក្តី បានប្រាប់វិទ្យុវីអូឌីថា អាជ្ញាធរបានយល់ព្រមឱ្យក្រុមអង្គការសង្គមស៊ីវិល ជួបជុំនៅ ទីលានប្រជាធិបតេយ្យ និងធ្វើសកម្មភាពនៅទីនោះ ប៉ុន្តែមិនអនុញ្ញាតពួកគេជួបជុំកន្លែងផ្សេង ហើយដើរហែក្បួនទៅកាន់ទីលានប្រជាធិបតេយ្យឡើយ។ ដោយឡែក ចំនួនអ្នកចូលរួម ១ពាន់នាក់ សាលាក្រុងមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយរង់ចាំសម្រេចពីក្រសួងមហាផ្ទៃជាមុនសិន ព្រោះសាលាក្រុងអនុញ្ញាតឲ្យមានអ្នកចូលរួមមិនលើសពីចំនួន ២រយនាក់ទេ។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ថ្លែងថា លោកនឹងចូលរួមប្រារព្ធពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ ដើម្បីផ្ញើសារដល់រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធឲ្យចេះសាមគ្គីគ្នា បង្រួបបង្រួមជាតិ ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងបញ្ឈប់ការចាត់ទុកខ្មែរគ្នាឯងជាសត្រូវតទៅទៀត៖ «កិច្ចព្រមព្រៀងនេះពិតជាមានសារសំខាន់ពិតជាមានភាពចាំបាច់ ដើម្បីធានាអំពីការផ្សះផ្សាជាតិ ការរួបរួមជាតិ » ។
អង្គការសង្គមស៊ីវិល ព្រួយបារម្ភថា ការជួបជុំគ្នានេះ នឹងមានការឃ្លាំមើលយ៉ាងតឹងតែងពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅទីលានប្រជាធិបតេយ្យ ដូចករណីជួបជុំនាពេលកន្លងមកដែរ។
កាលពីឆ្នាំ២០១៨ ក្រុមអង្គការសង្គមស៊ីវិល មិនបានប្រារព្ធពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ដោយសារតែពិបាកសុំច្បាប់ពីអាជ្ញាធរ។ ដោយឡែកកាលពីពេលថ្មីៗ នេះ របបក្រុងភ្នំពេញ ក៏លែងអនុញ្ញាតឲ្យកម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកពីការងារនៅថ្ងៃទី២៣ តុលា ដែលជាថ្ងៃខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ចាប់ពីឆ្នាំ២០២០ តទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
