តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង ៧នាក់

ដោយ វ៉ែន សុមេធ
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ (ពី​ឆ្វេង) លោក ឃុត ច្រឹប លោក កែវ ថៃ លោក ថៃ គន្ធា និង​លោក យឹម សារ៉េត។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ (ពី​ឆ្វេង) លោក ឃុត ច្រឹប លោក កែវ ថៃ លោក ថៃ គន្ធា និង​លោក យឹម សារ៉េត។
រូប៖ ហ្វេសប៊ុក

តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង ៧នាក់ ដែល​ទើប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ ថ្មីៗនេះ។ សាច់ញាតិ និង មេធាវី​ការពារ​ក្ដី ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា ពុំ​មាន​យុត្តិធម៌។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង​៧​នាក់ គឺ លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ថា ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ សម្រេច​មិន​អនុញ្ញាត​ឲ្យ​កូន​ក្តី របស់​លោក​ទាំង ៧នាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ទេ។ លោក សំ សុគង់ បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​នេះ​ពី​ក្រឡា​បញ្ជី នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មេសា ហើយ​ដីកា​សម្រេច​ផ្លូវ​ការ​នឹង​ចេញ​នៅ​ថ្ងៃច័ន្ទ សប្ដាហ៍​ក្រោយ។

លោក ចាត់ទុកថា សេចក្តី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ មាន​ភាព​អយុត្តិធម៌ និង​មាន​ភាព​យឺតយ៉ាវ ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់ ដែល​កំណត់​ថា ការ​ចេញ​ដីកា​សម្រេច គឺ​យ៉ាង យូរ​ត្រឹម​រយៈ​ពេល ៥ថ្ងៃ​ក្រោយ ទទួល​បាន​ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ នេះ អស់​រយៈ​ពេល​ជិត​ពីរ​សប្ដាហ៍​កន្លង​ទៅ​ហើយ ទើប​ចៅក្រម​ចេញ​សេចក្ដី​សម្រេច។

មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ទទួល​បាន​ដីកា​សម្រេច​ផ្លូវការ​ហើយ លោក​នឹង​ដាក់​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ពិនិត្យ​មើល​ដីកា​សម្រេច​បដិសេធ​នោះ និង​ស្នើសុំ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ អំពី​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​លោក​ទាំង ៧នាក់៖ «សូម​ឲ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​ប្រសាសន៍​របស់​សម្ដេច ដែល​បាន​ថ្លែង​នៅ​ឯ​ខេត្ត​កំពត ហើយ​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​ពួក​គាត់​ជា​ចម្បង ដោយសារ ពួក​គាត់​ទាំង ៧នាក់ មាន​ជំងឺ​ប្រចាំ​កាយ​ ដូច​ជា ជំងឺ​លើស​ឈាម លើស​ជាតិ​អាស៊ីដ ជំងឺ​ឈឺ​ជើង និង​ឈឺ​នៅ​ក្នុង​ពោះ​អ៊ីចឹង​ទៅ។ ដូច្នេះ​ត្រូវ​គិត​អំពី​បញ្ហា​សុខភាព និង​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ជា​ជាង​ការ​ឃុំ​ខ្លួន ដើម្បី​គ្រាន់​តែ​ទុក​សម្រាប់​សវនាការ​ដោយសារ​យើង​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​កន្លង​មក​នេះ យើង​ឃើញ​ថា មិន​មាន​អី​ធ្វើការ​ស៊ើប​អង្កេត​ទេ ហើយ​ក៏​មិន​បាន​កោះ​ហៅ​គាត់ មក​សាកសួរ​បន្ថែម​អី​ទេ»

សកម្មជន​គណបក្សប្រឆាំង​ទាំង ៧នាក់​នេះ រួមមាន លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និង​លោក ឃឹម ភាណា។ អ្នក​ទាំង​៧​នាក់ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​មាន​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ដូចៗ​គ្នា​គឺ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​យោធា​មិន​ស្ដាប់​បញ្ជា និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​បញ្ជូន​ពួក​គេ​ទៅ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស (ម១)

លោក មេធាវី សំ សុគង់ លើក​ឡើង​ថា កូន​ក្តី​របស់​លោក​ទាំង ៧នាក់ សុទ្ធតែ​មាន​លក្ខខណ្ឌ​គ្រប់ គ្រាន់ ដើម្បី​ទទួល​បាន​សិទ្ធិ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដូច​ជា ពួក​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ មាន​ទីលំនៅ​ច្បាស់លាស់ ហើយ​សន្យា​ថា មិន​គេចវេះ​ពី​ការ​កោះ​ហៅ​របស់​តុលាការ ជាដើម ​។ លើស​ពី​នេះ​លោក យល់​ថា ដីកា​ឃុំខ្លួន​របស់​របស់​ចៅក្រម​ស៊ើបសួរ លោក កូយ សៅ មិន​អនុ លោម​ទៅតាម​អត្ថន័យ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាត្រា ២០៤ និង ២០៥ ដែល​ចែង​អំពី​ករណី និង​មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​មិន​បាន​ពិចារណា​ទៅលើ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ដែល​បាន​បញ្ជា​ឱ្យ​ដោះលែង និង​បញ្ឈប់​ការ​ចាប់ចង ឬ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស«យើង​គិត​ថា តុលាការ ប្រហែល​ជា​មិន​មាន​អី​ចោទ​ប្រកាន់​ពី​រឿង​កូវីដ-១៩ បែរ​ជា​ទៅ​ចោទ​ប្រកាន់​រឿង​ចាស់​ដែល​ជា​រឿង​មួយ​សម្ដេច​ថា មិន​គួរ​ឲ្យ​មាន​ការ ចាប់​ឃុំ​ខ្លួន​បន្ត​ទៀត​ទេ ហើយ​គួរ​តែ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។មួយវិញទៀត ខ្ញុំ​គិត​ថា រឿង​ចាប់​ខ្លួន​នេះ វា​ខុស​នឹង​នីតិវិធី​ច្បាប់​ដោយសារ​តុលាការ​អត់​បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​គាត់​បាន ចូល​បំភ្លឺ​តាម​នីតិវិធី​ម្ដង ឬ​ពីរ​ដង​នោះ​ទេ  បើ​ការ​កោះ​ហៅ​គាត់​ម្ដង​ពីរ​មិន​ចូល​ទើប​តុលាការ ចេញ​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​នៅ​ក្នុង​រឿង​ពួក​គាត់​នេះ ស្រាប់​តែ​ពួក​គាត់​អត់​ដឹង​ថា រឿង​អី​ផង ទៅ​ចាប់​ពួក​គាត់ តែ​ម្ដង ដូច្នេះ​ជា​រឿង​មួយ ដែល​រំលោភ​នីតិវិធី​ចាប់​ខ្លួន និង​ឃុំ​ខ្លួន»

ភរិយា​ចៅសង្កាត់​ជាប់​ឆ្នោត​ផ្សារ​ដេប៉ូ​ទី៣ នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​ស្រី សុខ បូលីម៉ា ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ មាន​ភាព​អយុត្តិធម៌​បំផុត។ លោ​ស្រី អះអាង​ថា ប្ដី​របស់​លោក​ស្រី មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ព្រោះ​គាត់ មិន​ដែល​ធ្វើ​សកម្ម ភាព​នយោបាយ​អ្វី​ឡើយ ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ត្រូវ​បាន​អាជ្ញាធរ​រំលាយ​ចោល​មក«មិន​អាច​ទទួល​យក​បាន បើ​នៅ​ឃុំឃាំង​គាត់​បន្ត​ទៀត ព្រោះ​អយុត្តិធម៌​ចំពោះ​គាត់​ណាស់ ព្រោះ​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ។ សំណូមពរ​ដោះ​លែង​គាត់​នៅ ក្រៅ​ឃុំ​ទៅ កុំ​ចោទ​ប្រកាន់​គាត់​អត់​មាន​មូលហេតុ​អ៊ីចឹង»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា លើក​ឡើង​ថា ជន​ជាប់​ឃុំ មាន​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​តុលាការ ត្រូវ​តែ​ឆ្លើយ តប​ឲ្យ​បាន​ឆាប់​តាម​កាល​កំណត់​របស់​ច្បាប់ មិន​អាច​អូស​បន្លាយ​ពេល ដែល​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួក​គេ​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក ពិនិត្យ​ឃើញ​ថា ​ករណី​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​សកម្មជន បក្ស​ប្រឆាំង​ឡើង​វិញ​នេះ គឺ​ដូច​ជា​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាស់ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​តុលាការ និង​អាជ្ញាធរ បិទ​បញ្ចប់​រួច​ហើយ ដូច្នេះ​លោក​ថា តុលាការ មិន​គួរ​យក​សំណុំ​រឿង ដែល​មាន​ចរិត​នយោបាយ​នេះ មក​អនុវត្ត ឬ​សើរើ​ឡើង​វិញ នោះ​ទេ«មេ​ដឹក​នាំ​នយោបាយ​ទាំង​អស់​នេះ គួរ​តែ​ខិតខំ​បបួល​គ្នា​រក​មធ្យោបាយ​ដោះ​ស្រាយ​បន្ធូរបន្ថយ​បញ្ហា​ស្ថានភាព​នយោបាយ​វិញ​ទៅ ជា​ជាង​កុំ​យក​រឿង​នេះ មក​អនុវត្ត​បន្ត​ទៀត ពីព្រោះ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ដែល​ខាង​សហភាព​អឺរ៉ុប កំពុង​តាម​ដាន​បញ្ហា EBA។ បើ​យក​ល្អ​គួរ​តែ​រក​វិធី​ដោះ​ស្រាយ ព្រោះ​រឿង​នេះ​ គេ​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា មិន​មែន​ជា​រឿង​អី​ថ្មី​ទេ គឺ​ថា​រឿង​ទាក់ទង​ការ​ចាប់​បែប​នេះ វា​គឺ​ទាក់ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង​រឿង​ការ​អនុវត្ត​ច្បាប់»

អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ព្រះរាជអាជ្ញា និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ មាត់​សកម្មជន​បក្ស​ប្រឆាំង ​អ្នក​បញ្ចេញ​ទុក្ខ​កង្វល់​អំពី​មេរោគ​ថ្មី​នេះ និង​អ្នក​រិះគន់​វិធានការ​របស់​រដ្ឋាភិបាល ។ អង្គការ​អន្តរជាតិ​មួយ​នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ទង្វើ​រំលោភ បំពាន​លើ​សិទ្ធិ​និយាយ​ស្ដី​ដោយ​សេរី​របស់​ពលរដ្ឋ​តទៅទៀត ហើយ​ជំនួស​មកវិញ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​អាទិភាព​លើ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ជំងឺ​កូវីដ-១៩ ជូន​សាធារណជន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល