សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ជាថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី២៦ ធ្នូ

សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​សំណុំរឿង​របស់​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ជាថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ​សប្ដាហ៍​ក្រោយ​នេះ ក្នុង​ដំណើររឿង ដែល​តុលាការ​ចោទ​ប្រកាន់​លោក ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

លិខិត​អញ្ជើញ​មេធាវី​ចេញ​កាលពី​ថ្ងៃ​ទី១១ ខែធ្នូ ដោយ​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ឱ្យ​ដឹង​ថា សវនាការ​នៅ​សប្ដាហ៍​ក្រោយ​នេះ នឹង​ធ្វើ​នៅ​សាល​សវនាការ​ទី៣ នៅ​ម៉ោង ៨កន្លះ​ព្រឹក។

ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ម្ដង​រួចហើយ​កាលពី​រសៀល​ថ្ងៃ​ទី២៥ ខែវិច្ឆិកា។ ប៉ុន្តែ​នៅ​ពេល​បិទ​បញ្ចប់​សវនាការ​​ចៅក្រម​ពុំ​បាន​កំណត់​ពេល​វេលា​ពី​ការប្រកាស​សាលក្រម​នៅ​ឡើយ។ លោក ស៊ុន ចន្ធី ពុំ​បាន​ចូលរួម​សវនាការ​នោះ​ទេ ដោយ​លោក​អះអាង​ថា​មាន​បញ្ហា​សុខភាព ដោយសារ​ការ​លំបាក​ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​ដៃ​ជាប់​ខ្នោះ​នៅពេល​អាជ្ញាធរ​បញ្ជូន​លោក​ពី​ពន្ធនាគារ​ខេត្តពោធិ៍សាត់​មក​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ខែ​ឧសភា ដោយ​ចោទ​ថា លោក​បាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល ពី​ការ​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​មាន​ភាព​លម្អៀង និង​រើសអើង។

ប៉ុន្តែ​សាច់ញាតិ មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង​ក្រោម​រូបភាព​នយោបាយ ព្រោះ​អ្វី​ដែល លោក ស៊ុន ចន្ធី លើកឡើង​នេះ​ជា​ការ​បញ្ចេញ​មតិ​ពី​រឿង​ពិត​ជាក់ស្ដែង​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។