តុលាការ​នឹង​បន្ត​​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុង​ស្រៀង បន្ថែម​ទៀត​នៅ​សប្ដាហ៍​នេះ

0:00 / 0:00

លោក​មេធាវី​ កែត​ ឃី ដែល​ការពារ​ក្ដី ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​ព្រះសីហនុ ប្រាប់​ថា លោក ម៉ៃ ហុងស្រៀង នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​សាកសួរ​បន្ត​ទៀត លើ​បទ​ចោទ​ញុះញង់ និង​ជេរ​ប្រមាថ​រដ្ឋាភិបាល។ ក៏​ប៉ុ​ន្តែ​លោក​បញ្ជាក់​ថា ខាង​តុលាការ​មិន​ទាន់​បាន​ប្រាប់​​ពីថ្ងៃសាកសួរ​បន្ថែម​នេះ​នៅឡើយទេ។

មេធាវី​រូប​នេះ សង្ឃឹម​កូន​ក្ដីរបស់​លោក នឹង​ត្រូវ​បាន​ដោះលែងនៅពេល​នោះ។ ប៉ុន្តែ ប្រសិន​បើ​តុលាការ​មិន​ដោះ​លែង​ទេ លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្ដី​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​នៅ​​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក្រៅពី​នេះ មេធាវី​ក៏​នឹង​ទាមទារ​ឱ្យ​សមត្ថកិច្ច​ប្រគល់​វត្ថុ​ចាប់​យក​ទាំង​ឡាយ​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​កូន​ក្តី​លោក​វិញ​ដែរ។

សកម្មជន​បក្ស​ប្រឆាំង​​ប្រចាំ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ត្រូវ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុភិន សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​0​១ សីហា ក្រោម​បទ​ចោទ​ជេរ​ប្រមាថ​របប​ក្រុង​ភ្នំពេញ និង​ញុះញង់ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

គ្រួសារ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​យល់​ថា លោក ម៉ៃ ហុង ស្រៀង មិន​បាន​​​ប្រព្រឹត្តិ​បទ​ល្មើស​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ​ជា​​នយោបាយ​គំរាម​កំហែង រំលោភ​សិទ្ធិ ​សេរីភាព​ និង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ពួក​គេ​ទាមទារ​ឲ្យរបបក្រុង​ភ្នំពេញ ដោះ​លែង​សកម្មជន​នយោបាយ​រូប​នេះ​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។