សាលាឧទ្ធរណ៍ នៅថ្ងៃទី៩ ធ្នូនេះ សម្រេចច្រានចោលបណ្ដឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់នឹងដីកាបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ ដែលចេញដោយចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ។ នៅថ្ងៃនេះដែរ តុលាការក្រុងភ្នំពេញបានកំណត់ថ្ងៃជំនុំជម្រះក្តីលោក កឹម សុខា ហើយ គឺនៅពាក់កណ្ដាលខែក្រោយនេះ។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា លោក ចាន់ ចេន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការសាលាឧទ្ធរណ៍ថា លោកសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ តែយ៉ាងណា លោកថា ក្រុមមេធាវីនឹងនៅតែប្រឹងប្រែងតស៊ូតាមផ្លូវច្បាប់ដើម្បីជួយដល់លោក កឹម សុខា ទោះជាអាចស្មានដឹងអំពីលទ្ធផលក៏ដោយ។ លោកសង្កត់ធ្ងន់ថា នេះជាសំណុំរឿងនយោបាយ ដូច្នេះដំណោះស្រាយដែលល្អ គឺត្រូវធ្វើតាមផ្លូវនយោបាយ៖ «យើងគិតថា រឿងនេះជារឿងនយោបាយ ជម្លោះអ្នកនយោបាយ អ៊ីចឹងគួរតែដោះស្រាយតាមផ្លូវនយោបាយ»។
ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី បានប្រកាសបិទការស៊ើបសួរសំណុំរឿងលោក កឹម សុខា កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ ក្រោយប្រើពេលស៊ើបអង្កេតជាង ២ឆ្នាំ។ ជាងពីរសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី២ ធ្នូ លោក គី ឫទ្ធី បានសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ ដោយអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើលោក កឹម សុខា។
ទោះជាយ៉ាងណា ក្រុមមេធាវីលោក កឹម សុខា អះអាងថា ដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់ចៅក្រមស៊ើបសួរនេះ មានភាពមិនប្រក្រតី និងមិនស្របតាមទិដ្ឋភាពច្បាប់ត្រង់ចំណុចមួយចំនួន ដូចជា ចៅក្រមស៊ើបសួរបន្តរក្សាលោក កឹម សុខា ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលប្រការនេះផ្ទុយនឹងក្រមនីតិវិធីព្រហ្មទណ្ឌ។ ជាមួយគ្នានេះ ចៅក្រមស៊ើបសួរមិនទាន់បានសម្រេចលើលិខិតស្នើសុំលើកលែងការចោទប្រកាន់ដែលក្រុមមេធាវីបានដាក់ជូនកាលពីពេលថ្មីៗ នេះនៅឡើយ ហើយចៅក្រមស៊ើបសួរក៏មិនបានស៊ើបអង្កេតពេលលេញចំពោះភាគីពាក់ព័ន្ធ ឱ្យស្របទៅនឹងកាតព្វកិច្ចរបស់ខ្លួនដែលត្រូវស្វែងរកទាំងភស្តុតាងដាក់បន្ទុក និងដោះបន្ទុក មុនពេលចេញដីកាដំណោះស្រាយបញ្ជូនរឿងទៅជំនុំជម្រះនោះដែរ។ ម្យ៉ាងវិញទៀត មកដល់ពេលនេះ ចៅក្រមស៊ើបសួរមិនទាន់អាចបង្ហាញថា តើភ្នាក់ងារ ឬរដ្ឋបរទេសណាមួយដែល លោក កឹម សុខា បានត្រូវរ៉ូវជាមួយនោះឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ មិនមានអ្វីចម្លែកនោះទេ ព្រោះប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសទុកជាមុនទៅហើយថា សំណុំរឿងនេះត្រូវលើកទៅជំនុំជម្រះ។ លោកយល់ថា ទាល់តែមានដំណោះស្រាយនយោបាយ ទើបលោក កឹម សុខា អាចរួចខ្លួន ព្រោះនេះជាសំណុំរឿងនយោបាយ៖ «ក្នុង ករណីនេះ យើងយល់ថា ពិបាកនឹងឱ្យចៅក្រមប្រកាន់នូវឯករាជ្យភាពណាស់ ពីព្រោះយើងឃើញហើយ មានការបង្ហាញផ្លូវថា រឿងនេះត្រូវ ធ្វើអ៊ីចេះ រឿងនេះ ត្រូវធ្វើអ៊ីចុះជាមុន ហើយហ្នឹង។ អ៊ីចឹងថា តើចៅក្រមមានភាពក្លាហានក្នុ ងការ សម្រេចនូវ ឯករាជភាព របស់ខ្លួនតាម វិជ្ជាជីវៈបាន ដែរឬទេ ខណៈប្រមុខ រដ្ឋាភិបាល បានលើក ឡើងរបៀបនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាសជាសាធារណៈថា សំណុំរឿងនេះត្រូវតែបញ្ជូនទៅជំនុំជម្រះ ដោយគ្មានការទម្លាក់ចោលឡើយ។ ការប្រកាសនេះ ធ្វើឡើងនៅអំឡុងពេលដែលក្រុមមេធាវីបានដាក់លិខិតស្នើសុំឱ្យចៅក្រមស៊ើបសួរទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា៖ «ដំណើរការក្ដី មួយ នេះ គឺមិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរ ខែទេ។ វាត្រូវប្រើរយៈពេលវែង។ រួចហើយមានអ្នក ខ្លះថា បន្តិចទៀតព្រះមហាក្សត្រលើកលែងទោស។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់លែង ? លើកលែងការចោទប្រកាន់ ក៏អត់ទេ។ អាហ្នឹង គឺរឿងតុលាការគេចោទប្រកាន់រួច ទៅហើយតើ ហើយសមត្ថកិច្ចរបស់តុលាការមិនដឹងកាត់ពេលណា អ្វីពេលណា ? គេគ្រាន់តែបិទការស៊ើបអង្កេតដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះពេលណា គឺជារឿងរបស់តុលាការ » ។
អ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍នយោបាយបានរិះគន់ថា ប្រសាសន៍របស់លោក ហ៊ុន សែន នេះ គឺជាការដាក់សម្ពាធលើតុលាការ និងប៉ះពាល់ដល់ឯករាជ្យនៃស្ថាប័នយុត្តិធម៌មួយនេះ។
ក្រុមមេធាវីលោក កឹម សុខា ធ្លាប់បានអះអាងថា តុលាការត្រូវតែទម្លាក់ចោលបទចោទលើលោក កឹម សុខា ពីព្រោះចៅក្រមស៊ើបសួរបានប្រើរយៈពេលជាង ២ឆ្នាំក្នុងការស៊ើបអង្កេតរឿងក្តី លើសពីការកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលការស៊ើបអង្កេតត្រូវប្រើពេលត្រឹម ១៨ខែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេតនាពេលកន្លងមក ចៅក្រមរកមិនឃើញមានរដ្ឋបរទេស ឬជនបរទេស ឬអ្នកសមគំនិតក្នុងរឿងនេះ ដូចការចោទប្រកាន់របស់តំណាងអយ្យការនោះឡើយ។ ជាងនេះទៅទៀត ក្នុងគោលការណ៍ច្បាប់ ការផ្ដន្ទាទោសជនណាម្នាក់ ត្រូវផ្អែកលើធាតុផ្សំនៃបទល្មើសចាំបាច់ចំនួន ៣ គឺធាតុច្បាប់ អំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត ហើយបើខ្វះធាតុផ្សំណាមួយ គឺមិនអាចផ្ដន្ទាទោសបានឡើយ។ ក្នុងសំណុំរឿងលោក កឹម សុខា នេះ ក្រុមមេធាវីពិនិត្យឃើញថា តុលាការខ្វះធាតុផ្សំពីរសំខាន់ គឺអំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត។
មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ចែងថា "វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ" ហើយមាត្រា៤ នៃក្រមព្រហ្មទណ្ឌចែងថា "ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត" ដូច្នេះ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ក្រុមមេធាវីអះអាងថា តុលាការមិនអាចចោទប្រកាន់ ឬផ្ដន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋភាពឬការត្រូវរ៉ូវគ្នាជាមួយបរទេសបាននោះឡើយ។
ទោះជាយ៉ាងណា ជោគវាសនារបស់លោក កឹម សុខា នឹងត្រូវសម្រេចនៅខែក្រោយនេះហើយ ពីព្រោះសាលាដំបូងរាជធានីភ្នំពេញបានកំណត់យកថ្ងៃទី១៥ ខែមករា ជាថ្ងៃបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោក៕
