ពលរដ្ឋ​នៅ​ប៉ោយប៉ែត​ជិត ១​ពាន់​គ្រួសារ តវ៉ា​រឿង​ដីធ្លី ករណី​អាជ្ញាធរ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ

ដោយ ទីន ហ្សាការីយ៉ា
2019-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ភូមិ​ព្រៃព្រេច សង្កាត់​ប៉ោយប៉ែត ​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ២០១៩។
សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ភូមិ​ព្រៃព្រេច សង្កាត់​ប៉ោយប៉ែត ​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ២០១៩។
Photo courtesy of Licadho

ប្រជាពលរដ្ឋ​ប្រមាណ ៤​រយ​នាក់​តំណាង​ឱ្យ​ជិត ១​ពាន់​គ្រួសារ នាំគ្នា​តវ៉ា​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​អាជ្ញាធរ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​លំនៅឋាន​ឱ្យ​របស់​ពួកគាត់ ក្រោម​ហេតុផល​ថា កំពុង​មាន​បណ្ដឹង​ពី​ពលរដ្ឋ​ផ្សេងទៀត។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា អ្នក​តវ៉ា​ទាំង​នេះ មាន​សិទ្ធិ​អាទិភាព​ក្នុង​ការ​កាន់កាប់​ដី​ទំនាស់​នេះ។

ប្រជាពលរដ្ឋ​ប្រមាណ ៤​រយ​នាក់​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជិត​១​ពាន់​គ្រួសារ (៩៦៣) គ្រួសារ រស់នៅ​ភូមិ​ព្រៃព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាក្រុង ប៉ោយប៉ែត ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជំនាញ ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​ចំនួន​៩៧៧​ក្បាល​ដី។ ការ​ទាមទារ​នេះ បន្ទាប់​ពី​អាជ្ញាធរ បាន​បិទ​ប្រកាស​ថា ក្បាលដី​ទាំងនោះ​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បាន ដោយសារ​មាន​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​រស់នៅ​ភ្នំពេញ។

តំណាង​ប្រជាពលរដ្ឋ លោកស្រី ចោញ ឌឿន រៀបរាប់​ថា ប្រជា​ពលរដ្ឋ បាន​កាន់កាប់​ដី​នោះ ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​១៩៩៥​មក ប៉ុន្តែ​នៅ​ឆ្នាំ​២០០៣ ស្រាប់​តែ​មាន​អ្នក​មាន​អំណាច ៣៤​គ្រួសារ​នៅ​ក្រុង​ភ្នំពេញ ចេញមុខ​អះអាង​ថា ជា​ដី​ពួកគាត់​ដោយមាន​ប្លង់​រឹង​ចេញ​កាល​ពី​ឆ្នាំ​១៩៩៨។

លោកស្រី​បន្ត​ថា ក្នុង​ឆ្នាំ ២០០៤ ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត ស​.​ជ​.​ណ សម្រេច​ប្រគល់​ដី​ជូន​ពួកគាត់​វិញ ក្រោយ​អ្នកភូមិ​តវ៉ា​និង​ប្ដឹងផ្ដល់​។ បន្ទាប់​មក តុលាការ​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ចេញ​ដីកា​ប្រគល់​សិទ្ធិ​ឱ្យ​ពួកគាត់​គ្រប់គ្រង​ដី​លំនៅឋាន​នោះ​ដែរ​។ លុះដល់​ឆ្នាំ​២០១៨ អាជ្ញាធរ​ដែនដី បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ថ្មី ប៉ុន្តែ​ជាប់​គាំង​រហូត ទើបតែ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ខាង​អាជ្ញាធរ​ប្រកាស​ថា ក្បាលដី​ពួកគាត់​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ បានទេ​ដោយសារ​មាន​ពលរដ្ឋ​មួយ​ចំនួន ក្នុង​ចំណោម​៣៤​គ្រួសារ​កាល​ពី​មុន​នោះ បន្ត​ប្ដឹង​ជំទាស់៖ «ជា​ការ​ទាមទារ​របស់ខ្ញុំ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ព្រិច គឺ​សូម​ឱ្យ​សម្ដេច​ជួយ​បញ្ចប់​ទំនាស់​ដី​នៅ​ភូមិ​នេះ និង​ជួយ​ឱ្យ​ចេញ​ប្លង់​តែម្ដង​ព្រោះ​អី​សម្ដេច​ធ្លាប់​បាន​និរាករណ៍​ប្លង់​របស់​អ្នក​ទាំង ៣៤​នោះ​ហើយ​តាំងពី​ឆ្នាំ​២០០៤»

យោង​តាម​គំនូស​ប្លង់​របស់​អាជ្ញាធរ បង្ហាញ​ថា ក្នុង​ចំណោម​៣៤​គ្រួសារ​ដែល​ធ្លាប់​អះអាង​ថា ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ទំនាស់​ដែរ​នោះ គឺ​មួយ​ចំនួន​ជា​កងកម្លាំង​នគរបាល និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ក្នុង​នោះ មាន​ដូចជា អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុង ឡងឌី អតីត​រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ លោក ឯម សំអាន អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ទេសរដ្ឋមន្ត្រី គន់ គីម និង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ជាដើម។

លោក ម៉ក់ ជីតូ ប្រាប់​អាស៊ីសេរី​ថា ក្រោយ​សម័យ​រដ្ឋ​កម្ពុជា ដី​នៅ​តំបន់​គឺជា​ដី​ទំនេរ​ហើយ​អាជ្ញាធរ បាន​កាត់ចេញ​ជា ៣៤​ប្លង់​សម្រាប់​បែងចែក​ជូន ៣៤​គ្រួសារ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​របស់​លោក​ដែរ​។ ទោះ​យ៉ាង​ណា​ក្តី លោក​បញ្ជាក់​ថា លោក​មិន​ដែល​បាន​ទៅ​មើល​ដី​នោះ​ទេ ហើយ​ក៏​មិន​ធ្លាប់​ប្ដឹងផ្ដល់​អ្វី​ដែរ៖ «ខ្ញុំ​មិន​ដឹង​ថា ម៉េច​ដែរ​ព្រោះ​អី​ដី​នោះ​យើង​បាន​ទុក​នៅ​នោះ​យូរ ហើយ​ឥលូវ​វិវត្តន៍​ទៅជា​យ៉ាងណា ខ្ញុំ​អត់​ដឹង​ដែរ ហើយ​គេ​ប្ដឹងផ្ដល់​គ្នា​ក៏​ខ្ញុំ​អត់​ដឹង។ ខ្ញុំ​អត់​មាន​ប្ដឹង អី​ទេ»

កាលពី​ខែ​មេសា ឆ្នាំ​២០០៥ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ដីកា​សម្រេច​ប្រគល់​ដី និង​សិទ្ធិ​គ្រប់គ្រង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ដី​ជាក់ស្ដែង។

ប្រធាន​ក្រុម​ចុះ​វាស់វែង​ដី​នៅ​ក្រុង​ប៉ោយប៉ែត លោក ប្រាក់ ប៉ូលីន ឆ្លើយតប​ថា មូលហេតុ​ដែល អាជ្ញាធរ​ជំនាញ មិន​ទាន់​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​អ្នក​តវ៉ា​ដីធ្លី​ទាំងនេះ​បាន ដោយសារ​មាន​ពលរដ្ឋ​១១​គ្រួសារ ក្នុង​ចំណោម៣៤ បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់។ លោក​បញ្ជាក់​ថា ដី​ទំនាស់​នេះ មិន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទៀត​ទេ ព្រោះ​មន្ត្រី​ទាំងនោះ បាន​ធ្វើ​សម្បទាន​ជូន​ពលរដ្ឋ​រួច​ហើយ​។ លោក​មិន​ដឹង​ថា ពលរដ្ឋ​១១​គ្រួសារ​ដែល​នៅ​ទាមទារ​ចង់បាន​ដី​នេះ រស់នៅ​ទីណា និង​មាន​តួនាទី​អ្វី​ទេ ប៉ុន្តែ​ពួកគេ​សុទ្ធ​តែ​មាន​ប្លង់​រឹង​ដែល​ចេញ​តាំងពី​ឆ្នាំ​១៩៩៨​មក៖ «បើ​សិន​ជា​មាន​បណ្ដឹង ខ្ញុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ម៉េច​បាន ព្រោះ​អី​វា​ខុសច្បាប់»

អ្នកភូមិ​ព្រៃព្រិច​អះអាង​ថា ពួកគាត់​មិនដែល​ស្គាល់​មុខ និង​មិនដែល​បាន​ជួប​តទល់​គ្នា​ជាមួយ​ពលរដ្ឋ​ម្ខាង​ទៀត​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ដែរ​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមាន ជ័យ លោក អ៊ិន គង់ជិត ដែល​តាមដាន​ករណី​នេះ មានប្រសាសន៍​ថា យោង​តាម​ច្បាប់​ភូមិបាល និង​លិខិត​ស..ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ព្រមទាំង​ដីកា​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​ប្រជាពលរដ្ឋ​ជិត ១​ពាន់​គ្រួសារ​នេះ គួរតែ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដោយ​ស្របច្បាប់ ព្រោះ​ពួកគេ​បាន​រស់នៅ លើ​ដី​នោះ​ជា​យូរយារ​ណាស់​មក​ហើយ៖ «បើ​ពិនិត្យ​ទៅលើ​ឥរិយាបថ​នៃ​ការ​កាន់កាប់​របស់​ប្រជាពលរដ្ឋ គឺ​ពួកគាត់​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្ដែង​ចាប់​តាំង​ពី​ពេល​នោះ​មក​ជា​ភោគៈ​ស្របតាម​ច្បាប់​ភូមិបាល ត្រង់​មាត្រា​៣៨ ដូច្នេះ​ពួកគាត់​គួរតែ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​អចលនទ្រព្យ​នេះ។ ចំណែក ៣៤​គ្រួសារ​ទៀត អត់​បង្ហាញមុខ និង​បង្ហាញ​ឥរិយាបថ​ថា កាន់កាប់​នោះ​ទេ»

ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១​ពាន់​គ្រួសារ​នេះ អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​ជំនាញ មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ទេ នោះ​ពួកគាត់​នឹង​ឡើង​ទៅ​តវ៉ា​នៅ​ខាង​មុខ​សាលាក្រុង​ប៉ោយប៉ែត​ជា​រៀង រាល់​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល