អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត

ដោយ ជាតិ ចំណាន
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ូ យាន អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។
លោក ស៊ូ យាន អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។
រូប៖ ហ្វេសប៊ុក

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២នាក់​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី២២ ខែ​តុលា​នេះ ដោយ​ប្រើ​ហិង្សា​លើ​ពួក​គេ និង​មិន​បាន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​មនុស្ស​ដោយ​គ្មាន​ដីកា​ពី​តុលាការ គឺ​ជា​ទង្វើ​ផ្ទុយពី​គោលការណ៍​ច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ គឺ​អនុ​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​លោក ស៊ូ យាន និង​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ក្រូចឆ្មារ​លោក វណ្ណ សុផាត។

ប្រពន្ធ​លោក ស៊ូ យាន គឺ​លោកស្រី ស្រី ស៊ាត ឱ្យ​អាស៊ី​សេរី​ដឹង​ថា ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​មាន​គ្នា ៦នាក់ បាន​ចាប់​ប្ដី​លោកស្រី​នៅ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូឌុប​លោកស្រី​នៅ​តាម​ផ្លូវ។ លោកស្រី​អះអាង​ថា ប៉ូលិស​បាន​វាយ​ប្ដី​លោកស្រី​មួយ​ដៃ​ពេញទំហឹង​ចំ​សៀត​ផ្កា​រួច​រុញ​ចូល​ក្នុង​រថយន្ត បើក​ចេញទៅ​បាត់។ លោកស្រី​ថា រហូតដល់​រសៀល​ថ្ងៃ​ដដែល​នេះ​ ​នៅ​មិនទាន់​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ប្តី​ទៅ​ឃុំ​ខ្លួន​នៅ​ទីណា​នៅឡើយ​ទេ។ លោកស្រី​ចាត់​ទុក​ទង្វើ​នេះ គឺជា​រឿង​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​ប្ដី​លោកស្រី​ធ្លាប់​ជាប់ពន្ធនាគារ​មួយ​ឆ្នាំ​រួចហើយ​ដោយសារ​រិះគន់​ប្រមុខរដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម៖ «គេ​មិន​និយាយ​អី​ទេ​គេ​រុញ​ប្ដី​ខ្ញុំ​ចូល​ឡាន​តែ​ម្ដង​ប្ដី​ខ្ញុំ​ក្រាញ​មិន​ឱ្យ​ចាប់​គេ​វ៉ៃ​មួយ​កំផ្លៀង​ទះ​មួយ​ទំហឹង។ ខ្ញុំ​ខឹង​ហ្មង​អយុត្តិធម៌​ពេក​ប្ដី​ខ្ញុំ​មាន​ធ្វើ​អីណា​ប្ដី​ខ្ញុំ​ជូន​ខ្ញុំ​ទៅ​ពេទ្យ តើ​ហេតុ​អី​ចាប់​ប្ដី​ខ្ញុំ»

កាលពី​ខែ​មេសា​ឆ្នាំ២០១៩ អនុ​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​លោក ស៊ូ យាន ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​បណ្ដឹង​របស់​ក្រុម​យុវជន​ស្រឡាញ់​សន្តិភាព ដែល​មាន​និន្នាការ​គាំទ្រ​លោក ហ៊ុន សែន។ តុលាការ​បាន​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​វិញ នៅ​ខែ​មេសា ឆ្នាំ២០២០ នេះ ក្រោយ​ពី​អនុវត្ត​ទោស​បាន ១ឆ្នាំ។

អធិការ​ស្រុក​មេមត់ លោក ហុង គឹម ហឿន មាន​ប្រសាសន៍​ថា ប៉ូលិស​ថ្នាក់​ខេត្ត​ជា​អ្នក​ចាប់ខ្លួន​លោក ស៊ូ យាន ពុំ​មែន​សមត្ថកិច្ច​ស្រុក​មេមត់​ទេ៖ «ថ្នាក់​ខេត្ត​ទេ​បង​នគរបាល​ស្រុក​អត់​ដឹង​ទេ»

ចំណែក​ឯ​នៅ​ស្រុក​ក្រូចឆ្មារ​វិញ នគរបាល​បាន​ចាប់​ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ក្រូចឆ្មារ លោក វណ្ណ សុផាត ដល់​ផ្ទះ​របស់​លោក នៅ​ម៉ោង​មួយ​រសៀល​ថ្ងៃ​ដដែល​នេះ។

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះ គឺ​លោកស្រី គឹម ចេង ប្រាប់​អាស៊ី​សេរី​ថា នគរបាល​ស្លៀកពាក់​ស៊ីវិល​មាន​គ្នា ៧នាក់ ជិះ​ឡាន​មួយ​គ្រឿង​ចាប់​វាយ​ខ្នោះ​ប្ដី​លោកស្រី​ហើយ​រុញ​ចូល​ក្នុង​ឡាន​ដឹង​ទៅ​បាត់ ដោយ​មិនបាន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។ លោកស្រី​ថា ប្តី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ទេ៖ «ចាប់​ទៅ​ពិបាក​គ្មាន​ពីណា​នៅ​ផង​ពិបាក​ហើយ​មាន​កូន​តូច​ទៀត កូន​ទើប​បាន​មួយ​ខួប។ អត់​ដែរ​ផង​តាំង​ពី​គេ​រំលាយ​មិនដែល​ធ្វើ​អី​នៅតែ​ផ្ទះ​ធ្វើ​ចម្ការ​នៅ​តែ​ធ្វើ​ចម្ការ​អត់​ដែរ​ទៅ​ណា​ផង»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន ដើម្បី​សាកសួរ​អំពី​រឿង​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី២២ តុលា។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៧ តុលា​ថា សកម្មជន​គណបក្សប្រឆាំង​ទាំងឡាយ​ណា​ដែល​ធ្វើសកម្មភាព​នយោបាយ​គាំទ្រ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់ខ្លួន​ដោយ​មិន​លើកលែង​ឡើយ។ ការព្រមាន​របស់​លោក​ ​ហ៊ុន​ ​សែន​ ​នេះ​ ​គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​មាតុភូមិ​និវត្ត​លើក​ទី២។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ពន្យល់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​គ្មាន​ដីកា​ពី​តុលាការ ឬ​ពុំ​មែន​ជា​បទល្មើស​ជាក់​ស្តែង គឺ​ជា​ទង្វើ​ផ្ទុយពី​គោលការណ៍​ច្បាប់៖ «បើ​មិនមែន​ជា​បទល្មើស​ជាក់​ស្ដែង​ទេ ត្រូវតែ​បង្ហាញ​ដីកា ត្រូវតែ​បង្ហាញ​មូលហេតុ​អំពី​ការ​ចាប់​ខ្លួន​មិន​អាច​យើង​ទៅ​ចាប់ខ្លួន​គេ តាម​ទីវាល ឬ​តាម​ទីកន្លែង​គ្រប់​ហើយ​អត់​មាន​បង្ហាញ​ពី​ហេតុផល និង​អត់មាន​ការ​បង្ហាញ​ពី​ដីកា​ទៅ​ចាប់​ឆៅៗ អ៊ីចឹង​ទេ។ នេះ​គេ​ហៅ​ថា សកម្មភាព​មួយ​នៃ​ការ​ចាប់ខ្លួន​ផ្ទុយ​នឹង​ច្បាប់​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ឱ្យ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិវិធី​ចៀសវាង​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង និង​ក្រុម​យុវជន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ដំណើរ​ការ​អនុវត្ត​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ២០២០ មក មាន​សកម្មជន​គណបក្ស​ប្រឆាំង​ក្រុម​យុវជន​អ្នក​ចម្រៀង​រ៉ែប និង​ព្រះសង្ឃ​សរុប​ជិត ៤០នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំងនោះ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ជាដើម។ ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​អង្គការសង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង​សុទ្ធតែ​វាយ​តម្លៃ​ថា នេះ​ករណី​នយោបាយ និង​ជា​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់។ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ស្នើ​យ៉ាង​ទទូច​ដល់​របប​លោក​ហ៊ុន សែន ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​វិញ និង​គោរព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ស្រប​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល