ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺដើម្បីឃាត់ក្រុមបាតុករបក្សសង្គ្រោះជាតិ ប៉ងចូលមកធ្វើបាតុកម្មនៅភ្នំពេញ ប្រឆាំងកិច្ចប្រជុំសភាដែលធ្វើឡើងមានតែបក្សប្រជាជនតែម្ខាងនេះ។
ប្រជាពលរដ្ឋធ្វើដំណើរពីខេត្តនានាមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២២ កញ្ញា បានត្អូញត្អែរថា ក្រុមប៉ូលិស ប៉េអឹម បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិទាំងអស់ នៅតាមច្រកចូលរាជធានីភ្នំពេញ ដើម្បីឃាត់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើដំណើរពីខេត្តនានាចូលមកធ្វើបាតុកម្មនៅភ្នំពេញ។
ប្រជាពលរដ្ឋជាច្រើនបានចោទថា ក្រុមប៉ូលិស ប៉េអឹម ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិទាំងអស់នៅជុំវិញភ្នំពេញ ដូចជាតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិលេខ៦ ជាដើម ហើយបានឃាត់ពួកគាត់ដោយរកលេសរកឯកសារនេះឯកសារនោះ រកប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណជាដើម ហើយបើទោះជាគាត់មានឯកសារក៏ដោយ ក៏ក្រុមសមត្ថកិច្ចឃាត់មិនឲ្យចូលដែរ។
ក្រុមប្រជាពលរដ្ឋភាគច្រើនដែលអះអាងថា ជាអ្នកគាំទ្របក្សសង្គ្រោះជាតិនោះបញ្ជាក់ថា ពួកគាត់អាក់អន់ចិត្តយ៉ាងខ្លាំងពីការត្រួតពិនិត្យនេះ។ ជាងនេះទៅទៀត ពួកគាត់បានចោទក្រុមប៉ូលិស និងប៉េអឹមទាំងនោះថា បានជេរប្រមាថព្រះសង្ឃដែលធ្វើដំណើរជាមួយទៀតផង។ ចំណែកអ្នកគាំទ្របក្សសង្គ្រោះជាតិខ្លះទៀត ធ្វើដំណើរតាមផ្លូវជាតិលេខ២ ក៏បានអះអាងថា ពួកគាត់តវ៉ាប្រឆាំងប៉ូលិសវិញ ដោយនាំគ្នាបិទផ្លូវជាតិវិញម្ដង ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ កកស្ទះជាច្រើនម៉ោងនៅថ្ងៃទី២២ កញ្ញានេះ។
ទាក់ទងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិទាំងអស់ជុំវិញភ្នំពេញនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បញ្ជាក់នៅថ្ងៃទី២២ កញ្ញា ថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺដើម្បីការពារអ្នកគាំទ្របក្សសង្គ្រោះជាតិធ្វើបាតុកម្ម និងដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពរាជធានីភ្នំពេញ ដែលកំពុងមាននយោបាយជ្រួលច្របល់ដូចសព្វថ្ងៃនេះ៖ «យើងអត់មានបិទផ្លូវ ដើម្បីហាមឃាត់គេមិនចេញចូលក្រុងទេបាទ! ប៉ុន្តែបើយើងមានវិធានការឆែកឆេរដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សភាពការណ៍បច្ចុប្បន្ននេះ យើងមាន…»។
លោក ខេង ទីតូ បញ្ជាក់ថា ការត្រួតពិនិត្យនេះនឹងបន្តធ្វើរហូតលុះត្រាសភាពការណ៍នយោបាយនៅភ្នំពេញ បានស្រួលបួលដូចដើមវិញទើបឈប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
