ប៉ូលិស​ជាច្រើន​នាក់​អុកឡុក​រំខាន​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ពិធី​កាន់បិណ្ឌ​នៅ​ក្រុង​ប៉ោយប៉ែត

0:00 / 0:00

សកម្មជន​គណបក្សប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​មន្ត្រី​ប៉ូលិស​ក្រុង​នេះ​ថា បាន​នាំ​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់​អុកឡុក​រំខាន​ដល់​ការ​ធ្វើ​បុណ្យទាន​របស់​ពួកគាត់​នៅ​ក្នុង​វត្ត ធ្វើ​ឱ្យ​ពួកគេ មានការ​ភ័យខ្លាច​មិន​អាច​ធ្វើបុណ្យ​កាន់បិណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ព្រះពុទ្ធសាសនា​ឡើយ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​នេះ​ថា ជា​ការ​គំរាមកំហែង​បិទ​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​ប៉ោយប៉ែត លោកស្រី ឆាំ ស្រីណែត ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ ទី​១៤ កញ្ញា​ថា សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ៥០​នាក់​បាន​រួមគ្នា​ធ្វើបុណ្យ​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ទំនប់​ក​-៥ នៅ​សង្កាត់​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ ទី​១៤ កញ្ញា​។

លោកស្រី​បន្ថែម​ថា មន្ត្រី​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ប្រមាណ ៣០​នាក់ មាន​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស និង​ពាក់​ស៊ីវិល ចូល​ទៅ​អុកឡុក​រំខាន​ដល់​ពួកគាត់ ដូចជា​ការ​តាម​ថត​ពួកគាត់​កំពុង​ធ្វើបុណ្យ ឱ្យ​ពួកគាត់​ភ័យខ្លាច និង​នាំគ្នា​ប្រញាប់​បញ្ចប់​បុណ្យ​យ៉ាង​តក់ក្រហល់ ដើម្បី​រត់គេច​ទៅផ្ទះ​រៀងៗ ខ្លួន​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ទៀត​ថា មូលហេតុ​ដែល​ពួកគេ​ប្រញាប់​បញ្ចប់​បុណ្យ​ដោយសារ​ប៉ូលិស​តាម​ពួកគាត់​ជាប់​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​និយាយ​ទាក់ទង​គ្នា៖ «ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ហើយ​ម្នាក់ៗ​មានការ​ភ័យខ្លាច យើង​មក​ធ្វើបុណ្យ​ដល់​អីចឹង​ឃើញ​អីចឹង​យើង​ភ័យខ្លាច​ធ្វើបុណ្យ​មិន​ពេញ​ដៃ​ពេញ​ជើង​ទេ​។ ខ្ញុំ​គិត​ថា វា​រំលោភ​សិទ្ធិ​ខ្ញុំ​ពេក ព្រោះ​ថា គ្រាន់តែ​ពួក​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​សមត្ថកិច្ច​មក​ធ្វើ​បែប​នេះ​តើ​ចាត់​ទុក​ខ្ញុំ​ជា​ចោរ​ឬ ? បានជា​មក​តាមដាន​ពួក​ខ្ញុំ វា​អត់​សម​ទេ។ មិន​សម​ត្រង់​ថា មក​លួច​ថត​ពួក​ខ្ញុំ ហើយ​បង្កប់​មនុស្ស​តាមដាន​ខ្ញុំ​ធ្វើ​ឱ្យ​មិន​អាច​ជួប​ជជែក​គ្នា​លែង​បាន»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អធិការរង​នៃ​នគរបាល​ក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ព្រហ្ម ពិសិដ្ឋ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១៤ កញ្ញា ដោយសារ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា មន្ត្រី​ប៉ូលិស​ចូល​នៅ​ក្នុង​វត្ត ដើម្បី​ទៅ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ធ្វើ​បុណ្យទាន​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ គឺ​មិនមែន​ជា​ការ​ទៅ​អុកឡុក​ប្រជាពលរដ្ឋ ដូច​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​បក្ស​ប្រឆាំង​ឡើយ៖ «បើ​ទៅ​ធ្វើ​បុណ្យ​ទៅ​ជួបជុំគ្នា​ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី អី​គឺ​វា​ខុសច្បាប់​ហើយ តែ​បើ​គេ​ជួប​គ្នា​វត្ត​ពេញៗ​សាលាឆាន់​វា​អត់​មាន​បញ្ហា​អី​ទេ ខ្ញុំ​ធានា​១០០​ភាគរយ​គឺ អត់​មាន​បញ្ហា​អី​ទេ​បើ​យើង​ទៅ​ធ្វើ​បុណ្យ​ដោយ​ស្មោះ​ស្ម័គ្រ តែ​បើ​យើង​ធ្វើបុណ្យ​ឆ្លៀត​យក​ឱកាស​ដើម្បី​ប្រមូលផ្ដុំ​សកម្មជន​ណា​ទៅ​ទទួល​លោក សម រង្ស៊ី វា​ខុសច្បាប់​ហើយ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា ករណី​មន្ត្រី​ប៉ូលិស​ដ៏​ច្រើន​បែន​នេះ គឺជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ធ្វើបុណ្យ​ទាន​របស់​ពលរដ្ឋ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា កន្លង​មក​រដូវ​បុណ្យកាន់បិណ្ឌ​ម្ដងៗ ពុំ​មាន​ការ​ដាក់​ប៉ូលិស​តាម​វត្ត​អារាម​ដ៏​ច្រើនបែប​នេះ​ឡើយ គឺ​លើកលែងតែ​វត្ត​ណា ដែល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ទៅ​ធ្វើ​បុណ្យ​នៅ​ទីនោះ​ប៉ុណ្ណោះ៖ «អីចឹង​បើសិនជា​សមត្ថកិច្ច​ណា​ធ្វើអំពើ​ផ្ទុយ​ពី​ច្បាប់​បែបនេះ គួរតែ​មាន​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រួត​ពិនិត្យមើល​សកម្មភាព​ក្រុម​មន្ត្រី​ទាំងនោះ គួរតែ​មាន​វិធានការ​ដើម្បី​ដាក់​វិន័យ​រដ្ឋបាល​ទៅលើ​ជន​ទាំងអស់​នោះ មិន​គួរ​បណ្ដោយ​ឱ្យ​បញ្ហា​បែបនេះ​កើតឡើង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច​នោះ​ទេ»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ការ​ដាក់​កងកម្លាំង​ដ៏​ច្រើន​នេះ មិនមែន​មានតែ​នៅ​ក្នុង​ប៉ោយប៉ែត​នោះ​ទេ គឺជា​ការ​ធ្វើ​ឡើងជា​ប្រព័ន្ធ​នូវ​ចំណុច​គោល​ទាំងឡាយ ដែល​មាន​សកម្មជន​គណបក្ស​ប្រឆាំង​ចូលរួម​ធ្វើបុណ្យ​ច្រើន​។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​ដោយសារ​អាជ្ញាធរ​ភ័យ​ព្រួយ​ខ្លាច​សកម្មជន​បក្ស​ប្រឆាំង ជួបជុំគ្នា​ធ្វើ​សកម្មភាព​នយោបាយ​ពង្រឹង​សាមគ្គីភាព​គ្នា​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ​។ លោក សឹង សែន​ករុណា បញ្ជាក់​ថា ការ​រឹតត្បិត​បែបនេះ មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​អាច​នឹង​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ខាងមុខ​ជាមិនខាន​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​​ដល់​​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង ឱ្យ​​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ទើប​ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។