មេប៉ូលិស លោក នេត សាវឿន ចេញលិខិតបំភ្លឺ និងបដិសេធសំណើសុំឱ្យចូលរួមចលនាចាប់ខ្លួន លោក ហ៊ុន សែន នៅពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្ត។ អ្នកវិភាគយល់ថា ការបបួលលោក នេត សាវឿន ឱ្យចូលរួមចាប់ខ្លួនលោក ហ៊ុន សែន ជាយុទ្ធវិធីនយោបាយរបស់បក្សប្រឆាំង តែបើមានការប្រែប្រួលស្ថានភាពនយោបាយ អ្វីក៏អាចកើតឡើងបានដែរ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ អះអាងជាថ្មីថា លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានព្យាយាមបង្ហោះព័ត៌មានប្រឌិត បំផ្លើស មានលក្ខណៈញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ចេញសេចក្ដីបំភ្លឺថា លោក នេត សាវឿន មានតួនាទីដឹកនាំកងកម្លាំង នគរបាលរបស់ជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីតាមចាប់ខ្លួន លោក សម រង្ស៊ី និងបក្ខពួកតាមអំណាចសាលក្រមតុលាការ។
លោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុក (facebook) កាលពីថ្ងៃទី៩ សីហាថា លោក ហ៊ុន សែន បានបញ្ជាលោក នេត សាវឿន ដែលជាក្មួយប្រសារបស់លោក និងជាអគ្គស្នងការនគរបាលជាតិ ឱ្យទៅចាប់លោក សម រង្ស៊ី ពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ប៉ុន្តែលោក នេត សាវឿន ខ្លួនឯង និងក្រុមគ្រួសារគាត់ (ភរិយាឈ្មោះ ហ៊ុន គឹមឡេង (HUN Kim Leng) និងកូនស្រី ៣នាក់) បានទៅទិញសញ្ជាតិពីប្រទេសចំនួន២ នៅឯបរទេស គឺប្រទេស សេនធ៍ គ្រីស្តុហ្វឺ អេន ណេវីស (Saint Christopher and Nevis) ជាកោះតូចមួយ នៅទ្វីបអាមេរិក និងប្រទេសសៃប្រឹស (Cyprus) ជាកោះតូចមួយ នៅទ្វីបអឺរ៉ុប។ ក្រោយបានដឹងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថា របប លោក ហ៊ុន សែន ជិតដួលរលំទើបក្រុមគ្រួសារ លោក នេត សាវឿន ត្រៀមរត់ចេញពីប្រទេសកម្ពុជា និងយកលុយពុករលួយរាប់លានដុល្លារ ទៅដាក់នៅក្រៅប្រទេស។ លោក សម រង្ស៊ី ផ្ដាំទៅលោក នេត សាវឿន ថា មិនចាំបាច់រត់ចោលស្រុកទេ ហើយបើចង់រស់នៅលើទឹកដីប្រទេសកម្ពុជាតទៅទៀតយ៉ាងសុខសាន្ត សូមលោក នេត សាវឿន ចូលរួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ទៅចាប់ លោក ហ៊ុន សែន វិញ នៅពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ទៅដល់ប្រទេសកម្ពុជាវិញ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មិនដឹងថា សារលោក សម រង្ស៊ី មានចេតនាញុះញង់ ឬជាការពិតទេ។ តែកន្លងមក ក្នុងជួរគណបក្សប្រជាជនកម្ពុជា ធ្លាប់មានមន្ត្រីជាន់ខ្ពស់ច្រើននាក់ហើយ រត់ការទិញសញ្ជាតិ ដើម្បីបញ្ចៀសប្រពន្ធ កូន ឱ្យទៅរស់នៅបរទេស។ លោក គឹម សុខ ថា បើទោះជាពិត ឬមិនពិត ក៏លោក នេត សាវឿន ត្រូវតែចេញមុខបដិសេធដែរ ព្រោះលោក ហ៊ុន សែន កំពុងមានអំណាចខ្លាំងនៅកម្ពុជា៖ «ការបដិសេធរបស់គាត់មិនចម្លែកទេ ពីព្រោះលោក ហ៊ុន សែន កំពុងមានអំណាចនៅឡើយ ហើយគាត់កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងកាន់តំណែងជាមេប៉ូលិសជាតិធំទៅទៀត។ ម្ល៉ោះហើយ បើទោះបីជារឿង នៃការលើកឡើងរបស់លោក សម រង្ស៊ី ជាការពិតក៏ដោយ ក៏ត្រូវបដិសេធ។ ជាធម្មតាអ្នកនយោបាយ តែងតែមានយុទ្ធវិធី ក្នុងការគ្រប់សង្កត់លើចិត្តសាស្ត្រពីគ្នាទៅវិញ ទៅមក មិនអត់ទេ។ ប៉ុន្តែរឿងថា លោក វង្ស ពិសេន នេត សាវឿន ឬអ្នកផ្សេងទៀត អាចទៅចូលរួមជាមួយ លោក សម រង្ស៊ី ដើម្បីនាំការផ្លាស់ប្ដូរ ជូនប្រទេសកម្ពុជា ឬក៏ផ្លាស់ប្ដូរ លោក ហ៊ុន សែន នោះវាស្ថិតនៅលើស្ថានការណ៍ជាក់ស្ដែងទេ»។
ផែនការបបួល លោក នេត សាវឿន ចូលរួមកម្លាំងចាប់ លោក ហ៊ុន សែន នេះ ធ្វើឡើងក្រោយពេល មេប៉ូលិស លោក នេត សាវឿន និងមេទាហាន លោក វង្ស ពិសេន បានប្រជុំគ្នា កាលពីរសៀលថ្ងៃទី៨ សីហា ដើម្បីដាក់ពង្រាយកងកម្លាំងប៉ូលិស និងទាហាន នៅគ្រប់ច្រកព្រំដែនរង់ចាំចាប់លោក សម រង្ស៊ី និងបក្ខពួក ដែលមានដីកាចាប់ខ្លួនពីតុលាការ។ ក្នុងកិច្ចប្រជុំនោះ មេប៉ូលិស និងមេទាហានបញ្ជាក់ទៀតថា ក្រុមមេខ្លោងបក្សប្រឆាំងទាំងអស់ នឹងត្រូវចាប់ខ្លួនវ៉ៃខ្នោះភ្លាមៗ នៅពេលឈានជើងចូលដីកម្ពុជា រួចបញ្ជូនចូលពន្ធនាគារតែម្ដង។ ចំណែកអ្នកអមដំណើរគ្មានកំហុស សមត្ថកិច្ចមិនចាប់ខ្លួនទេ។
ទោះយ៉ាងនេះក្ដី លោក គឹម សុខ ថ្លែងថា ការប្រែប្រួលនយោបាយអាចនឹងកើតឡើងភ្លាមមួយរំពេច ប្រសិនបើលោក នេត សាវឿន និងលោក វង្ស ពិសេន គិតប្រយោជន៍ជាតិជាធំ។ បន្ថែមពីនេះទៀត លោក គឹម សុខ ថា វាក៏អាស្រ័យលើយុទ្ធសាស្ត្រច្បាស់លាស់របស់លោក សម រង្ស៊ី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
