សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសង្ឃឹមថា នឹងអាចស្វែងរកជនដៃដល់ដែលវាយសកម្មជនគណបក្សសង្គ្រោះជាតិលោក ខៀវ ឌីន។ សកម្មជនគណបក្សសង្គ្រោះជាតិដែលរងការវាយប្រហារស្វាគមន៍ចំពោះការអះអាងនេះ និងលើកឡើងថា ប្រសិនបើសមត្ថកិច្ចប្រឹងប្រែងស្រាវជ្រាវនឹងអាចចាប់ជនប្រព្រឹត្តបាន។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែមករា ថា ពេលនេះសមត្ថកិច្ចទទួលបានតម្រុយបន្ថែមនៃករណីជនដៃដល់វាយលោក ខៀវ ឌីន ហើយនិងកំពុងស្រាវជ្រាវបន្ត ដើម្បីឈានដល់ការចាប់ខ្លួនជនប្រព្រឹត្ត៖ «តាមការស្រាវជ្រាវដែលពួកយើងខំទាំងក្រសួងទាំងក្រុងសហការគ្នាពួកយើងសង្ឃឹមច្រើន»។
ទោះជាយ៉ាងណា នគរបាលមូលដ្ឋានរូបនេះសុំមិនអត្ថាធិប្បាយលម្អិតពីករណីនេះនៅឡើយទេដោយសារលើកឡើងថា ទុកឱ្យកម្លាំងជំនាញធ្វើការលើរឿងនេះសិន។ ប៉ុន្តែនាពេលកន្លងមក លោកធ្លាប់ប្រាប់ថា សមត្ថកិច្ចបានឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ និងបានទៅសាកសួរព័ត៌មានបន្ថែមពីជនរងគ្រោះដល់ផ្ទះ។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ខៀវ ឌីន ប្រាប់ថា ករណីវាយធ្វើបាបលោកនេះគឺសកម្មភាពខ្លះគួរឱ្យសង្ស័យដោយថ្ងៃកើតហេតុក្រៅពីជនដៃដល់វាយលោករួចហើយ ក៏មានជនមិនស្គាល់ផ្សេងទៀត បានថតសកម្មភាពលោកហើយក៏គេចខ្លួនបាត់ទៅ។ លោកយល់ថា ប្រសិនបើសមត្ថកិច្ចប្រឹងប្រែងស្រាវជ្រាវតាមជំនាញរបស់ខ្លួន លោកសង្ឃឹមថាអាចនឹងចាប់ជនដៃដល់ឃើញ៖ «សមត្ថកិច្ចគេអាចរកបែបឃើញ តែបើគេមិនរកខ្ញុំអត់ដឹងដែរ ចម្លែកអ្នកវាយហើយមានអ្នកថតទៀតវាចម្លែកប៉ុណ្ណឹង»។
លោក ខៀវ ឌីន ជាសកម្មជនគណបក្សប្រឆាំងម្នាក់រស់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូគ្មានស្លាកលេខ លួចវាយពីក្រោយនឹងដំបងបណ្ដាលឱ្យរងរបួសបែកក្បាលកាលពីថ្ងៃទី២០ ខែមករា។ លោកជាជនរងគ្រោះទី១៤ ដែលត្រូវជនមិនស្គាល់មុខលួចវាយធ្វើបាប។
ភរិយា លោក ខៀវ ឌីន ប្រាប់ថា ក្រោយរដ្ឋាភិបាលរំលាយគណបក្សនេះ លោក ខៀវ ឌីន មិនបានធ្វើសកម្មភាពអ្វីទាក់ទងនឹងនយោបាយទេ ដោយនៅផ្ទះមើលចៅប៉ុណ្ណោះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពជា លោក សន ជ័យ សង្កេតឃើញថា រាល់ពេលកើតមានបទល្មើសគឺសមត្ថកិច្ចតែងអះអាងពីការប្រឹងប្រែងរបស់ខ្លួនក្នុងការបង្ក្រាប។ ប៉ុន្តែប្រសិនករណីនេះសមត្ថកិច្ចនៅតែមិនអាចស្វែងរកជនប្រព្រឹត្តឃើញទេ នឹងធ្វើឱ្យមានការរិះគន់លើសមត្ថភាពរបស់សមត្ថកិច្ច ឬការចោទប្រកាន់ថា ជាការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំង។ លោកចង់ឃើញសមត្ថកិច្ចបង្ហាញលទ្ធផលនៃការស៊ើបអង្កេត និងនាំខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៖ «នៅពេលដែលសមត្ថកិច្ចខកខានមិនបានចាត់វិធានការឬក៏មិនបានចាប់ជនបង្កប្រឈមមុខនឹងផ្លូវច្បាប់ទេ វាជាទម្រង់និទ្ទណ្ឌភាពមួយដែលយើងឃើញថា នៅក្នុងស្ថានភាពមួយគេហៅថា នៅតែបន្តធ្វើទុក្ខបុកម្នេញទៅដល់ក្រុមអតីតសមាជិកសមាជិការបស់គណបក្សប្រឆាំង»។
លោក ខៀវ ឌីន អះអាងថា លោកនៅតែព្យាយាមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ហើយបើសមត្ថកិច្ចត្រូវការភស្តុតាងបន្ថែមដែលលោកមាន លោកនឹងផ្តល់ជូនសមត្ថកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។