មេប៉ូលិសតាមខេត្តមួយចំនួនចាប់ផ្ដើមប្រជុំត្រៀមកងកម្លាំងជាច្រើននាក់ ដើម្បីការពារសន្តិសុខក្នុងពេលជម្រះក្ដីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១៥ មករា។ មន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំង ចាត់ទុកសកម្មភាពរបស់ប៉ូលិសនេះ ថា ជាការត្រៀមកម្លាំងជ្រុលហួសហេតុ។
មេប៉ូលិសនៃស្នងការនគរបាលស្ទឹងត្រែង កំពង់ធំ និងខេត្តតាកែវ ជាដើម បានប្រជុំកងកម្លាំងនៅអង្គភាពរបស់ខ្លួន ចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ មករា ដែលមានកងកម្លាំងចូលរួមប្រមាណពី១០០ទៅជាង៣០០នាក់។
គេហទំព័រអគ្គស្នងការនគរបាលបាលជាតិ ចុះផ្សាយនៅថ្ងៃទី១២ មករា ថា ស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង បានដឹកនាំកម្លាំងក្រោមឱវាទជាង៣០០នាក់ ចូលប្រជុំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីការពារសន្តិសុខ នៃសវនាការជម្រះក្ដី លោក កឹម សុខា នៅពេលខាងមុខ។ លោក សុខ សំណាង បញ្ជាក់ថា កងកម្លាំងនឹងដាក់ពង្រាយ ចាប់ពីទី១១ មករា រហូតដល់មានបទបញ្ជាជាថ្មី និងត្រៀមកម្លាំងប្រចាំការ២៤ម៉ោង នៅតាមអង្គភាពនីមួយៗដើម្បីចេញអន្តរាគមន៍ពេលមានហេតុការណ៍កើតឡើងនៅក្នុងខេត្តនេះ។
ទាក់ទងនឹងការដាក់ពង្រាយកងកម្លាំងនេះ ប្រធានយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ឃិន រឿន ថ្លែងនៅថ្ងៃទី១២ មករា ថា ការដាក់កម្លាំងការពារនេះ គឺជាការចំណាយថវិកាជាតិឥតប្រយោជន៍។ លោកថា គណបក្សសង្គ្រោះជាតិមិនបានជូនដំណឹងដល់អ្នកគាំទ្រទៅប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញក្នុងពេលបើកសវនាការជម្រះក្ដី លោក កឹម សុខានៅពេលខាងមុខនោះទេ។ លោកបន្ថែមទៀតថា ការជម្រះក្ដីនេះ គឺជារឿងលេងសើចរដ្ឋាភិបាល ដើម្បីបន្លំភ្នែកអន្តរជាតិប៉ុណ្ណោះ។ លោកសន្និដ្ឋានថា មូលហេតុដែលរដ្ឋាភិបាលត្រៀមកម្លាំងការពារក្នុងថ្ងៃជម្រះក្ដីលោក កឹម សុខា ដោយសារអាជ្ញាធរព្រួយបារម្ភខ្លាចអ្នកគាំគណបក្សនេះ ប្រមូលផ្ដុំគ្នាផ្ដួលរំលំរដ្ឋាភិបាលឯកបក្ស៖ «បាទនេះគឺការចំណាយលុយខ្ជះខ្ជាយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ហើយចេះតែប្រឌិតរឿងឱ្យតែមានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចមិនចេះចប់មិនចេះហើយ។ ខ្ញុំជឿជាក់ថា របបក្រុងភ្នំពេញសម្ដែងរឿងទាំងអស់ហ្នឹងលែងសមហើយ ជាពិសេសប្រជាពលរដ្ឋលែងមានជំនឿលើការសម្ដែងទាំងហ្នឹងហើយ។ ប្រជាពលរដ្ឋចាំតែពេលការវិលត្រឡប់របស់លោក សម រង្ស៊ី នៅខាងមុខនេះ ហើយពួកគាត់ហ្នឹងងើបឡើងទាំងអស់គ្នា ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញស្ដារប្រជាធិបតេយ្យឡើងវិញ»។
ចំណែកឯប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា យល់ថា ក្នុងពេលជម្រះក្ដីលោក កឹម សុខា នៅពេលខាងមុខនេះ ហាក់ពុំមានអ្វីសំខាន់រហូតដល់រដ្ឋាភិបាលត្រូវដាក់កងកម្លាំងការពារន្តិសុខនៅពាសពេញប្រទេសនោះទេ។ លោកថា រដ្ឋាភិបាលអាចដាក់កម្លាំងការពារបន្តិចបន្តួចនៅរាជធានីភ្នំពេញ ដូចការជម្រះក្ដីប្រជាពលរដ្ឋគឺគ្រប់គ្រាន់ហើយ។មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ការត្រៀមកម្លាំងប៉ូលិសដ៏ច្រើននេះ ដោយសារអាជ្ញាធរព្រួយបារម្ភខ្លាចកម្លាំងមហាជនងើបបះបោរ ក្នុងថ្ងៃបើកសវនាការនោះ ហើយធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់ខ្លួន៖ «ដល់អីចឹងទៅយើងឃើញថា អ្វីដែលជាទឹកចិត្តគាំទ្រ របស់សកម្មជនគណបក្សប្រឆាំងហ្នឹង យើងដឹងហើយមានអ្នកគាំទ្រមិនតិចគ្នា។ បើតាមលទ្ធផលឆ្នោតកន្លងមក មានជាង៣លាននាក់ ដូច្នេះមិនមែនជាចំនួនមួយតិចទេ។ អីចឹងយើងឃើញថា នេះជាការព្រួយបារម្ភធំណាស់របស់រដ្ឋាភិបាល មិនដឹងថា ការរំលាយគណបក្សប្រឆាំងទៅហើយហ្នឹងថាតើអ្នកគាំទ្រគេនូវមិនសប្បាយចិត្តឬអត់»។
តុលាការក្រុងភ្នំពេញនឹងបើកសវនាការជម្រះក្ដីប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា នៅថ្ងៃទី១៥ មករា។ ក្នុងដំណើរស៊ើបអង្កេតសំណុំរឿងនេះ តុលាការ បានកោះហៅមនុស្សមួយចំនួនដែលអ្នកខ្លះធ្លាប់ធ្វើការជាមួយលោក កឹម សុខា និងអ្នកខ្លះមិនដែលសោះ ក្នុងនោះមាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល យុវជនដែលឈឺឆ្អាលការងារសង្គមចំនួន ២នាក់ និងនៅពេលថ្ងៃសវនាការជំនុំជម្រះកាន់តែខិតជិតចូលមកដល់ តុលាការក៏បានចេញដីកាជាបន្តបន្ទាប់កោះហៅសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនឱ្យចូលខ្លួនក្នុងនាមសាក្សីដែរ។ លោក កឹម សុខា ត្រូវតុលាការចោទប្រកាន់ក្នុងសំណុំរឿងសន្ទិដ្ឋភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ សហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកវិធានការច្បាប់របស់រដ្ឋាភិបាលក្រុងភ្នំពេញទៅលើមេបក្សប្រឆាំងលោកកឹម សុខា ថា ជារឿងនយោបាយ និងទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់លោក បានចូលរួមការងារនយោបាយឡើងវិញ និងបើកឱ្យមានការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដោយត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។