សមត្ថកិច្ច​ខេត្តកំពង់ចាម​ដោះលែង​ក្រុមប្រឹក្សា​ឃុំ​បក្ស​ភ្លើង​ទៀន​ពីរ​នាក់​វិញ ក្រោយ​ចាប់​ខ្លួន​សាកសួរ ១ថ្ងៃ

ដោយ ច័ន្ទ ដារ៉ូ
2024.05.10

អាជ្ញាធរ​ខេត្តកំពង់ចាម នៅ​ទី១០ ខែឧសភា បាន​ដោះលែង​សមាជិក​បក្ស​ភ្លើង​ទៀន​ពីរ​នាក់​រួមមាន​ជំទប់​ទី២ ឃុំអំពិល ស្រុកកំពង់សៀម គឺ​លោក ឌុំ ខុន និង​លោក សឹម សំអុន ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អំពិល​ម្នាក់​ទៀត ក្រោយ​ការ​ចាប់​ខ្លួន​យក​ទៅ​សាកសួរ​រយៈ​ពេល ១ថ្ងៃ​ដោយ​គ្មាន​ដីកា។

លោក សឹម សំអុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នគរបាល​ស្រុក​កំពង់សៀម​បាន​ចាប់​ខ្លួន​លោក កាល​ពី​ព្រឹក​ថ្ងៃ​ទី៩ ខែឧសភា បន្ទាប់​មក​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ពួក​លោក​ប្រើ​ម៉ូតូ​អត់​ពន្ធ និង​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ។ លោកបន្ត​ថា ក្រោយ​សាក​សួរ​រួច​ហើយ​សមត្ថកិច្ច​បាន​ដោះលែង​វិល​មក​ផ្ទះ​វិញ​បណ្ដោះអាសន្ន នៅ​ម៉ោង ១២ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​ទី១០ ខែឧសភា ក្រោយ​ពី​ពួក​លោក​ព្រម​ធ្វើ​កិច្ចសន្យា​លែង​ប្រើ​ម៉ូតូ​អត់​ពន្ធ ដើម្បី​​ប្ដូរ​កុំ​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ។ សមាជិក​បក្ស​ប្រឆាំង​រូប​នេះ​ប្រាប់​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឱ្យ​លោក​ភិតភ័យ​និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក ហេង វុទ្ធី ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែឧសភា។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ អាជ្ញាធរ​គណបក្ស​កាន់អំណាច ក៏​កាន់តែ​បង្កើន​អូសទាញ និង​គំរាម​កំហែង​លើ​សកម្មជន​គណបក្ស​ប្រឆាំង​កាន់តែ​ផុលផុស ជាពិសេស ក្រុមប្រឹក្សា​ឃុំ​ដែល​ជា​អង្គ​បោះ​ឆ្នោត​របស់​គណបក្សប្រឆាំង​នៅ​តាម​មូលដ្ឋាន។ មក​ដល់​ពេលនេះ​អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​របស់​គណបក្ស​ជំទាស់​ចំនួន ៥នាក់​ដាក់​ពន្ធនាគារ ក្នុង​សំណុំ​រឿង ញុះញង់ និង​ក្លែង​ឯកសារ ចំណែក​សកម្មជន​ជាង ១០នាក់​ទៀត ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចេញ​ដីកា​កោះហៅ​ទៅ​សាកសួរ និង​​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ជាដើម។

មន្ត្រី​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​បក្ស​ប្រឆាំង​បាន​ថ្កោល​ទោស​រឿង​ទាំងនេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។