សមត្ថកិច្ចខេត្តកំពង់ធំបានបញ្ជូនសកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២ កញ្ញា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ភរិយាសកម្មជនបក្សប្រឆាំងម្នាក់ដែលបានចូលជួបស្វាមីអះអាងថា តុលាការបានសាកសួរសកម្មជនទាំងនោះពាក់ព័ន្ធនឹងរឿងចែកចាយសារនៅក្នុងហ្វេសប៊ុកធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
ភរិយាសកម្មជនបក្សប្រឆាំងឃុំបារាយណ៍ លោកស្រី សុក ថៃ ឱ្យអាស៊ីសេរីដឹងថា តុលាការបានសាកសួរស្វាមីលោកស្រី គឺលោក នូ ភឿន និងអ្នកដទៃទៀត ពាក់ព័ន្ធនឹងការចែករំលែកសាររិះគន់ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ លោកស្រីបញ្ជាក់ថា លោកស្រីមិនដឹងអំពីខ្លឹមសារនៃការរិះគន់នោះទេ ក៏ប៉ុន្តែលោកស្រីយល់ថា ការចាប់ខ្លួនស្វាមីនេះ គឺជារឿងអយុត្តិធម៌ ដោយសារស្វាមីអ្នកស្រីមិនបានធ្វើអ្វីខុសច្បាប់នោះឡើយ៖ «មនុស្សមិនដែលស្គាល់គ្នាផងមកចាប់ប្ដីខ្ញុំគ្រៀកដាក់ឡានយកទៅ គេចាប់ពីក្នុងផ្ទះខ្ញុំយកទៅ។ប្ដីខ្ញុំមិនដឹងថាគាត់ខុសអីទេ ហើយពេលដែលខ្ញុំសួរទៅប៉ូលិសម្នាក់គេថា ការចាប់ខ្លួននេះប្រហែលជាមានពាក់ព័ន្ធរឿងនយោបាយ » ។
លោកស្រី សុក ថៃ ស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើស្វាមី និងដោះលែងគាត់ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ពីព្រោះការចាប់ខ្លួនស្វាមី ធ្វើឱ្យបាត់បង់ជនបង្គោលរកប្រាក់ចំណូលនៅក្នុងគ្រួសារ។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំលោក វ៉ាន់ សេង សុំមិនបកស្រាយបញ្ហានេះទេ ដោយលោកបង្វែរសំណួរទៅព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ធំ លោក អ៊ិត សុធា វិញ ព្រោះលោកថា លោកពុំបានដឹងរឿងនេះឡើយ។
អាស៊ីសេរីក៏បានទាក់ទងទៅ លោក អ៊ិត សុធា ក៏ប៉ុន្តែព្រះរាជអាជ្ញារូបនេះ ឆ្លើយខ្លីថា លោកកំពុងជាប់រវល់ប្រជុំនៅសាលាខេត្ត៖ «បាទ ! ខ្ញុំជាប់ប្រជុំនៅសាលាខេត្តបន្តិចបង បាទ ! អរគុណ !» ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិ អាដហុក (Adhoc) ខេត្តកំពង់ធំ លោក សុខ រដ្ឋា មានប្រសាសន៍ថា សមត្ថកិច្ចបានចាប់សកម្មជនគណបក្សប្រឆាំងខេត្តកំពង់ធំចំនួន ៤នាក់បន្តបន្ទាប់គ្នា ក៏ប៉ុន្តែបានដោះលែងម្នាក់វិញ គឺលោកមៀច មឿន ជាសកម្មជននៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ ដោយឡែកសកម្មជន ៣នាក់ទៀត រួមមាន លោក ស៊ុន ប៊ុនថុន លោក នូ ភឿន និងលោក រស់ គឹម ស្រៀង សមត្ថកិច្ចមិនទាន់បានដោះលែងវិញនៅឡើយ បន្ទាប់ពីចាប់ខ្លួនពួកគេកាលពីថ្ងៃទី១ កញ្ញា។ លោកបញ្ជាក់ថា សមាគមការពារសិទ្ធិមនុស្ស អាដហុក កំពុងស្រាវជ្រាវរកមូលហេតុនៃការចាប់ខ្លួននេះ ដើម្បីជួយផ្នែកច្បាប់ដល់ពួកគេ៖ « យើងចុះដល់មូលដ្ឋានធ្វើកិច្ចការងារហ្នឹងមួយព្រឹកហើយ យើងកំពុងតែជួបសំណេះសំណាលជាមួយសាច់ញាតិគាត់នៅផ្ទះ ហើយយើងនឹងកិច្ចការងារនេះបន្ថែមទៀត ដោយសារទើបទទួលបានការបញ្ជាក់តិចតួចពីសាច់ញាតិនៅឡើយ។ ប៉ុន្តែគ្រាន់តែថាគ្រួសារគាត់បញ្ជាក់ថា ពួកគាត់មិនដែលមានរឿងរ៉ាវគុំកួនឈ្លោះទាស់ទែងប្រកែកជាមួយអ្នកណាទេ ភាគច្រើនគាត់ថា រឿងនេះកើតឡើងដោយសារហ្វេសប៊ុក » ។
គិតត្រឹមដើមខែកញ្ញានេះ មានមន្ត្រីគណបក្សប្រឆាំងប្រមាណ ២០នាក់ហើយ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួន ហើយក៏មានមន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀតដែរដែលត្រូវជនមិនស្គាល់មុខលបវាយដំ និងគំរាមប្រើអំពើហិង្សា។ ករណីទាំងនេះបានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានដាក់បញ្ជាឱ្យតាមកម្ទេចគណបក្សសង្គ្រោះជាតិដល់មូលដ្ឋាន ដែលជាការឆ្លើយតបរបស់មេដឹកនាំក្រាញអំណាចរូបនេះចំពោះវិធានការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
