នគរបាល​ជំរុញ​ឲ្យ​​​សកម្មជន​បក្ស​ប្រឆាំង​ដែល​រង​ការ​លប​វាយដាក់​ពាក្យ​ប្ដឹង

ដោយ ខែ សុណង
2021-02-17
Share
នគរបាល​ជំរុញ​ឲ្យ​​​សកម្មជន​បក្ស​ប្រឆាំង​ដែល​រង​ការ​លប​វាយដាក់​ពាក្យ​ប្ដឹង លោក ប្រាក់ សីហា ចៅសង្កាត់​រង​ទី២ សង្កាត់​កំបូលខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ​គប់​នឹង​ដុំ​ថ្ម​បែក​មាត់ និង​បាក់​ធ្មេញ នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក Vann Ho

តំណាង​ស្ថាប័ន​​នគរបាល​ត្អូញត្អែរ​ថា នគរបាលពិបាក​រក​យុត្តិធម៌ជូន​ជនរងគ្រោះដែល​ត្រូវ​គេ​លបវាយ ពីព្រោះ​ពួក​គាត់​មិន​ព្រម​រាយការណ៍ មិន​សហការ និង​មិន​​ព្រម​​ដាក់​ពាក្យ​ប្ដឹងមកអាជ្ញាធរជាដើម។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​អាស៊ី​សេរី ​ថាពលរដ្ឋ​ទាំង​អស់នឹង​ទទួល​បាន​ការ​ពារ​ដោយ​ច្បាប់ ប្រសិន​បើ​ដាក់​ពាក្យ​ប្ដឹង​ត្រឹម​ត្រូវ​។ ប៉ុន្តែលោក​បញ្ជាក់​ថា ក្នុង​ករណី​អ្នក​រង​គ្រោះមិន​ដាក់​ពាក្យ​ប្ដឹង​និង​មិន​ជឿ​​ជាក់​លើ​ច្បាប់​ទេ ខាង​សមត្ថកិច្ចក៏​មិន​អាច​ស្វែង​រក​យុត្តិធម៌​ឲ្យ​ដែរ។លោកបញ្ជាក់​ថា ករណី​​កន្លង​មក​ ជន​រង​គ្រោះ​​ខ្លះបាន​ដាក់​ពាក្យ​ប្ដឹង​ដែរតែលោក​ថា ពួក​គេផ្ដល់​ព័ត៌មានមិន​ច្បាស់​លាស់​ មិន​ជាក់លាក់ និង​ចង់​ចំណេញ​នយោបាយជាដើម ​​ដែលនេះជា​​ឧបសគ្គ​​របស់​នគរបាល​​​​​ក្នុង​ការ​ស្រាវជ្រាវ។ តែ​​យ៉ាង​ណា លោកអះអាង​ថា នគរបាល​នៅ​តែ​ខិតខំ​​ស្រាវជ្រាវ​​រក​ជនប្រព្រឹត្ត​បន្ត​ទៀត​៖ «តែ​គ្រាន់​ថា គាត់​អត់​បាន​ផ្ដល់​តម្រុយ​ច្បាស់លាស់​។ អ៊ីចឹង ប៉ូលិស​គេ​ខំ​រាវ​ហើយ។ សួរ​នាំ​ ធ្លាប់​មាន​ទំនាស់​អត់? ធ្លាប់​ធ្វើ​អ្វីជាមួយ​នរណា​គួរ​ឲ្យ​សង្ស័យ​ឬ​អត់? ប៉ូលិស​គេ​សួរ​អ៊ីចឹង។ ចង់​ប្រាប់​ការ​ស្រាវជ្រាវ​របស់​ប៉ូលិស ព្រោះ​គេ​បិទ​មុខ សួរ​ទៅ​រក​រូបរាង​ម្ដេច ភិនភាគ​អ្វី​យ៉ាង​ម្ដេច​? គ្រាន់​តែ​វាយ​ហើយគេ​វ៉ា​ឆ្វេង​ទៅ​បាត់ ហើយ​ម៉ូតូ​អត់​ស្លាក​លេខ​ ឧទាហរណ៍​អ៊ីចឹង។ យើង​ត្រូវ​ការ​ពេល​វេលា​ស្មុគស្មាញ​រក​ណាស់​ ហើយ​គាត់​មិន​ចង់​និយាយ​។ គាត់​ចាប់​យក​លិច យក​កើត កេង​ចំណេញ​បន្ថែម​ទៀតលើ​សមត្ថកិច្ច ហើយ​ណា​ទម្លាក់​លើ​រដ្ឋាភិបាល គាត់​ចេះ​តែ​ថា​ហើយ។ វា​ងងឹត​ដូច​យប់​អ៊ីចឹង»។​​

ការ​បញ្ជាក់​ពីមេប៉ូលិសផ្កាយ៣រូបនេះ ធ្វើ​ឡើងក្រោយ​ពេល​ដែល​ជន​មិន​ស្គាល់​មុខ ​បន្ត​លប​វាយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិជា​បន្ត​បន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និង​តាម​បណ្តាខេត្ត។ ​អ្នក​រង​ការ​លប​វាយ​​ចុង​ក្រោយ​គេ​ គឺ​ជាចៅ​សង្កាត់​រង​ទី​២​ជាប់​ឆ្នោតនៃ​គណបក្ស​សង្គ្រោះ​ជាតិនៅ​សង្កាត់​កំបូល រាជធានី​ភ្នំពេញ លោក ប្រាក់​ សីហា។

លោកត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​២នាក់ ​យក​ដុំ​ថ្ម​វាយ​ផ្ទប់​នឹង​មុខ​របស់​លោក​ បណ្ដាល​ឲ្យ​រង​របួស​បែក​មាត់​ដេរ​ជាង​ ១០​ថ្នេរ និង​បាក់​ធ្មេញ​មុខ​មួយ​​កំណាត់​គ្រាប់។ ហេតុការណ៍​នេះកើត​ឡើង​ពេល​លោក​ឈប់​រ៉ឺម៉ក​កង់​​បីរង់ចាំ​ភ្លើងស្តុប​នៅ​មុខ​​ផ្សារ​ដេប៉ូកាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈ។ លោក ប្រាក់ សីហា ប្រាប់​អាស៊ី​សេរីនៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ​ថាមុខ​របួស​​លោករាង​អន់​ឈឺ​ចុក​ចាប់​ខ្លះ​ហើយ តែ​លោកគ្មាន​លទ្ធភាព​បន្ត​ការ​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ឯកជន​​ទៀត​ទេ។ លោកកំពុង​ពឹង​ពាក់​គ្រូពេទ្យ​អង្គការ​លីកាដូជួយ​មើល​មុខ​របួស​​ឲ្យ។

ជន​រងគ្រោះ​ដដែល​សង្ស័យ​ថា ការ​លប​វាយ​នេះ បណ្ដាល​មក​ពី​រឿង​នយោបាយ​ដោយសារលោកមិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច និង​​ដោយសារលោក ឧស្សាហ៍ចូល​រួម​​ឃ្លាំ​មើល​​ការ​តវ៉ា​របស់​​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​កន្លង​​មក​។ បុរស​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ឱ្យដឹងថា​ មូលហេតុដែលលោកមិន​ដាក់​ពាក្យ​ប្តឹង​ករណីហិង្សានេះទៅអាជ្ញាធរ​ ព្រោះគ្មាន​ជំនឿ​លើអាជ្ញាធរ៖ «ព្រោះ​អ្វី យើង​ទៅ​ប្ដឹង​ឯណាក៏​វា​អត់​បាន​ប្រយោជន៍​អ្វី​មក​វិញ​ដែរ ដោយសារ​សមត្ថកិច្ច​នៅ​ស្រុក​ខ្មែរ​យើងអត់​រីក​ចម្រើន​ទៅ​មុខ​។ អ្នក​ណា​ធ្វើ​អ្វី​បានក៏​ធ្វើ​ទៅ អត់​មាន​គោរព​សិទ្ធិ​មនុស្ស​ ម្ដេចៗ អត់​មាន​រក​ខុស​ត្រូវ​ឲ្យ​យើង​ទេ តាំង​ពី​អើយ​មក។ ខ្ញុំ​មើល​ព័ត៌មាន​មក វា​គ្មាន​បាន​រក​ឲ្យ​យើង​ទេ»។

ជុំវិញរឿងនេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការលីកាដូ ​(LICADHO) ​លោក​អំ សំអាត ​មាន​​​ប្រសាសន៍​​ថា ​ករណី​​លប​វាយ​សកម្មជន​​បក្ស​ប្រឆាំង​ជា​​បន្ត​បន្ទាប់​​​ហើយ​រក​​មុខ​អ្នកប្រព្រឹត្ត​មិន​ឃើញ​នេះ​ ជា​រឿង​មួយគួរ​ឲ្យ​ព្រួយ​បារម្ភ។ លោកជំរុញ​ឲ្យ​អាជ្ញាធរខិតខំ​​ស្វែង​រក​​អ្នក​ប្រព្រឹត្តដើម្បី​ឲ្យ​ពលរដ្ឋ​ជឿជាក់​ ​ជាជាងស្ដី​បន្ទោស​ពលរដ្ឋថា មិន​សហការជាមួយ​អាជ្ញាធរ៖ «ហើយ​ប្រសិន​​ជា​បន្ទោស​ទៅ​លើ​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​គេ​វាយ​ដំមិន​សហការ មិន​បាន​ប្ដឹង​ គួរតែ​ក្រឡេក​មើល​ដែរ ថា​តើ​ការ​បង្កើត​ទំនុក​ចិត្ត​កន្លង​មករវាង​ករណី​ដែល​កើត​ឡើង​ជា​ច្រើន​នោះ បាន​បង្ហាញ​នូវ​ការ​​ស៊ើប​អង្កេត​មួយ​ដែល​​យក​ចិត្ត​ទុក​ដាក់ ហើយ​នឹង​ស្វែង​រក​ជន​ដៃដល់​ផ្ដន្ទាទោស​បាន​ហើយ​ឬ​នៅ? អា​ហ្នឹង ជា​រឿង​មួយដែល​យើង​ត្រូវ​គិត​គូរ​ឡើងវិញ»។

គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែកុម្ភៈ ជន​មិន​ស្គាល់​មុខបាន​លប​វាយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សាច់​ញាតិ​​ និង​អ្នក​សម្ដែង​​មតិ​ជាង​ ៣០នាក់​ហើយ។ ជន​រង​គ្រោះ​​ខ្លះរង​ការ​លប​​វាយ​ប្រហារ​ពី​ក្រោយ​ខ្នង​ផ្ទួនៗ ​ពីរ​ដងក៏​មាន​។

សកម្មភាព​​​វាយ​​ប្រហារ​ទាំងនោះ កើតឡើងប្រហាក់​ប្រហែល​គ្នា គឺជន​ដៃដល់ជិះ​ម៉ូតូលប​វាយជន​រងគ្រោះ​ពី​ក្រោយដោយ​ប្រើ​ឧបករណ៍​រឹង ដូច​ជា ដុំ​ថ្ម ដុំ​ឥដ្ឋ​ និង ​ដំបង​ដែកជាដើម។ មក​ទល់​ពេល​នេះមាន​តែ​សំណុំ​រឿង​មួយ​គត់ដែល​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បាន ៣នាក់ គឺ​ករណី​វាយ​ដំ​កូន​ប្រុស​របស់​សកម្មជន​បក្ស​​ប្រឆាំង​​ម្នាក់នៅ​ខេត្ត​កំពង់ឆ្នាំង។

ករណីក្រៅពី​នេះ ​សមត្ថកិច្ចនៅ​តែអះអាងដដែលៗថា កំពុង​ស៊ើប​អង្កេត ប៉ុន្តែសមត្ថកិច្ចមិន​បាន​​បង្ហាញ​​លទ្ធផលនៃ​ការស៊ើបអង្កេតសំណុំ​រឿងទាំងនោះឡើយ​។ ជន​រង​គ្រោះ​សង្ស័យ​ថា ជន​មិន​ស្គាល់​មុខ​ដែល​ធ្វើ​សកម្មភាព​លប​វាយ​កន្លង​មក គឺ​ជា​អ្នក​​​មាន​ជំនាញ ​និង​មាន​​គោលដៅច្បាស់លាស់ក្នុង​ការ​​​វាយ​ប្រហារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល