គណបក្សនយោបាយនានា ត្រៀមឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ខាង​មុខ

ដោយ មាន ឫទ្ធិ
2022.05.16
Share on WhatsApp
Share on WhatsApp
គណបក្សនយោបាយនានា ត្រៀមឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ខាង​មុខ រូបសញ្ញា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅកាត់​ថា គ.ជ.ប.
រូប៖ ហ្វេសប៊ុក គ.ជ.ប

គណបក្ស​នយោបាយ​មួយ​ចំនួន​អះអាង​ថា ពួក​គេ​បាន​ត្រៀម​រួច​រាល់​ហើយ ដើម្បី​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​រយៈ​ពេល ១៤ថ្ងៃ​ ដើម្បី​ទទួល​បាន​គាំទ្រ​ពី​ម្ចាស់​ឆ្នោត សម្រាប់​ប្រកួត​ប្រជែង​ដណ្ដើម​យក​អាសន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​អាជ្ញាធរ និង គ..ប ត្រូវ​បង្ក​បរិយាកាស​ល្អ​ដល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ចុង​សប្ដាហ៍​នេះ។

គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥នេះ លើក​ឡើង​ថា ពួក​គេបាន​ត្រៀម​ផែន​ការ​សកម្មភាព និង​សម្ភារៈ ថវិកា សម្រាប់​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រួច​ជា​ស្រេច​ហើយ ពី​ព្រោះ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ គឺ​ចំណុច​មួយ​ដ៏​សំខាន់ ដែល​អាច​គណបក្ស​នយោបាយ​កើន​ប្រជាប្រិយភាព។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ស្រប​តាម​គោលការណ៍​ច្បាប់ និង​គោល​នយោបាយ​ឃុំ​សង្កាត់​របស់​គណបក្ស​សម្រាប់​ឆ្នាំ​២០២២ ដល់ ២០២៧ ដោយ​ផ្ដោត​លើ​គ្រប់​វិស័យ រួម​មាន​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ជាពិសេស​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ លោក​បញ្ជាក់​ថា គណបក្ស​បាន​ដាក់​ចេញ​នូវ​សកម្ម​ភាព ដូច​ជា​ការ​ហែ​ក្បួន​ចំនួន​ពីរ​ដង គឺ​ថ្ងៃ​ចាប់​ផ្ដើម និង​ថ្ងៃ​ចុង​បញ្ចប់​នៃ​យុទ្ធនា​ការ​ត្រៀម​វាគ្មិន​ចូលរួម​ជា​មួយ គ..ប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​មាន​វីដេអូ​សម្រាប់​ចាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ព្រម​ទាំង​ណែនាំ​ដល់​សកម្មជន​នៅ​តាម​មូលដ្ឋាន​រៀបចំ​តុបតែង​ទីស្នាក់ការ និង​ចែក​សៀវភៅ​កម្មវិធី​នយោបាយ​បក្ស​ដែរ៖ «ឆ្លង​កាត់​រយៈ​ពេល​ដែល​យើង​ដឹក​នាំ​ប្រទេស​ហ្នឹង គឺ​ថា​វា​ជួប​នឹង​បញ្ហា​អី​នៅ​នៅ​មូលដ្ឋាន ហើយ​យើង​លើក​បញ្ហា​ហ្នឹង ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ឱ្យ​មើល​ឃើញ​អំពី​ការ​រីក​ចម្រើន ការ​ជឿន​លឿន​គោល​នយោបាយ កម្ម​វិធី​នយោបាយ​គណបក្ស និង​តាម​រយៈ​ការ​អនុវត្ត​កម្ម​វិធី​កន្លង​ទៅ​នេះ​តើ​ហុច​លទ្ធ​ផល​ផ្លែ​ផ្កា​យ៉ាង​មិច​ខ្លះ»

ចំណែក​អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ថ្លែង​ថា ទោះបី​សកម្មជន​របស់​លោក​ទទួល​រង​ការ​គំរាម​កំហែង​ស្ទើរ​គ្រប់​រូប​ភាព​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ណា​ក្ដី ក៏​ពួកគេ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​មោះមុត​ចូល​រួម​ការ​បោះឆ្នោត និង​ធ្វើ​យុទ្ធនា​ការ​ឃោសនា​គោល​នយោបាយ​អាទិភាព​ចំនួន ៧ចំណុចដើម្បី​មាន​ឱកាស​ការ​ពារ​សិទ្ធិ​អំណាច និង​បម្រើ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ លោក​លើក​ឡើង​ថា គណបក្ស​របស់​លោក​នឹង​រៀបចំ​យុទ្ធនា​ការ​ហែ​ក្បួន​តាម​ដង​ផ្លូវ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស រួម​ទាំង​រៀបចំ​សកម្មភាព​ចាក់​មីក្រូ​តាម​ភូមិ ចែក​ខិត​ប័ណ្ណ​គោល​នយោបាយ​តាម​ខ្នង​ផ្ទះ​ជា​ដើម ដើម្បី​ឱ្យ​ម្ចាស់​ឆ្នោត​បាន​យល់​ពី​សារ​នយោបាយ​ទាំង​នោះ៖ «សារ​នយោបាយ​នេះ​មិន​ថា គណបក្ស​ណា​ទេ​ឱ្យ​តែ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ យើង​នឹង​ចែក​ជូន ហើយ​សូម​ឱ្យ​គាត់​បោះ​ឆ្នោត​ជូន​គណ​បក្ស​ភ្លើង​ទៀន ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ពិសេស​ផល​ប្រយោជន៍​ពួកគាត់​ផ្ទាល់ ដូច​ជា ការ​អភិវឌ្ឍ​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ពួក​គាត់​និង​ជាតិ»

ដោយ​ឡែក ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ ម៉ូនីកា លើក​ឡើង​ថា គណបក្ស​បាន​ណែនាំ​ដល់​សកម្មជន​មូលដ្ឋាន​ត្រៀម​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​ទាំង​ប្រាំពីរ​ចំណុច​ដែល​មេឃុំ​គណបក្ស​កាន់​អំណាច​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​អំពី​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក។ លោក​បញ្ជាក់​ថា​អំឡុង​យុទ្ធនា​ការ​ខាង​មុខ​នេះ​ខាង​លោក​បាន​ជ្រើស​រើស​ផែន​ការ​សកម្មភាព​ចុះ​ជួប​ម្ចាស់​ឆ្នោត​នៅ​តាម​ឃុំ​ សង្កាត់ ដែល​គណបក្ស​បាន​ដាក់​បេក្ខជន​ដោយ​មិន​បាន​ហែ​ក្បួន​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ ពី​ព្រោះ​លោក​យល់​ថា ពុំ​មាន​ប្រសិទ្ធភាព​ដល់​អ្នក​បោះ​ឆ្នោត៖ «យើង​បាន​ពន្យល់​អំពី​គោល​នយោបាយ​ទាំង​អស់ ដើម្បី​ពួកគាត់​ផ្សព្វ​ផ្សាយ​គោល​នយោបាយ និង​ជំហរ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​ប៉ូល​នយោបាយ​ថ្មី ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ និង​សាធារណៈ​ជន​បាន​ជម្រាប ជាពិសេស​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឃោសនា​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ពន្យល់​ពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ជួន​គាត់​នៅ​ពេល​ជាប់​ឆ្នោត យើង​គិត​ថា​ជា​យុទ្ធសាស្ត្រ​មួយ​មាន​ប្រសិទ្ធ​ភាព​ជាង»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​បោះ​ឆ្នោត​នៃ​​​គណបក្ស​កម្ពុជា​និយម ​លោក យី សីហា ថា គណបក្ស​របស់​លោក​បាន​ត្រៀម​សារ​នយោបាយ សម្ភារៈ បច្ចេកទេស និង​មធ្យោបាយ​ផ្សេង​ទៀត​សម្រាប់​យុទ្ធនា​ការ​រយៈ​ពេល ១៤ថ្ងៃរួច​ហើយ។ លោក​សង្ឃឹម​ថា​តាម​រយៈ​សមត្ថភាព​បេក្ខជន និង​សកម្មភាព​ហែ​ក្បួន ចាក់​មេក្រូ និង​ចែក​ខិត្តប័ណ្ណ​គោល​នយោបាយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​តម្រូវ​ពលរដ្ឋ​ជាក់ស្ដែង​នៅ​មូលដ្ឋាន​នឹង​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ខាង​មុខ​នេះ៖ «យុទ្ធនាការ​ឃោសនា​រយៈ​ពេល​១៤ថ្ងៃ​នេះ ចំពោះ​គណបក្ស​កម្ពុជា​និយម​ចាត់​ទុក​ថា​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គណបក្ស​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ម្ចាស់​ឆ្នោត ដើម្បី​ឱ្យ​បេក្ខជន​នៃ​គណបក្ស​កម្ពុជា​និយម​នៅ​តាម​ឃុំ សង្កាត់​ នីមួយៗ​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​ខ្លួន»

យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ខាង​មុខ មាន​រយៈ ១៤ថ្ងៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី៣ ខែ​មិថុនា​ខាង​មុខ។ ច្បាប់​បោះ​ឆ្នោត​អនុញ្ញាត គណ​បក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់​ទ្រាយ​ធំ​ចំនួន​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឃុំ សង្កាត់ ហើយ​ករណី​ចំនួន​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ ១០គ្រឿង ឬ​ម៉ូតូ ២០គ្រឿង​ឡើង​ទៅ គឺ​ចាត់​ទុក​គណបក្ស​នយោបាយ​​​បាន​ហែ​ក្បួន​ឃោសនា។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ព្រឹក​នៅ​ថ្ងៃ​ទី៥ ខែ​មីនា​ថា រយៈ ១៤ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គឺ​ជា​សមត្ថ​កិច្ច​របស់ គ..ប ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា គណបក្ស​នយោបាយ​ត្រូវ​ជូន​ដំណឹង​ទៅ​គណៈកម្មការ ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​សម្រប​សម្រួល​ទីកន្លែង​សាធារណៈ និង​ពេល​វេលា។ លោក​អំពាវ​ដល់​គណ​បក្ស​នយោបាយ និង​អាជ្ញាធរ​ដែន​ដី​អនុវត្ត​តាម​ក្រម​សីលធម៌ និង​ច្បាប់ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​នានា ហើយ​បើ​សិន​បក្ស​នយោបាយ​រង​ការ​រំលោភ​បំពាន​ណា​មួយ​អាច​ដាក់​ពាក្យ​បណ្ដឹង​តាម​នីតិ​វិធី​បាន៖ «.. សូម​អំពាវ​នាវ​ឱ្យ​មាន​សហ​ការ​ល្អ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត អាជ្ញាធរ​ដែន​ដី គណបក្ស​នយោបាយ ជាពិសេស​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ប៉ះ​ពារ ឬ​បង្ក​ហិង្សា​រវាង​គ្នា»

ជំរុញ​រឿង​​នេះ នាយក​​ប្រតិបត្តិ​​​អង្គ​ការ​​ឃ្លាំ​មើល​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា​​ហៅ​​កាត់​ថា​ និកហ្វិក (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា​ការ​ដែល​គណ​បក្ស​នយោបាយ​ប្រកាស​យក​គោល​នយោបាយ​មក​ប្រកួត​ប្រជែង​គ្នា​បែប​នេះ គឺ​ជា​រឿង​ល្អ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក​ថា​បើ​សិន​ការ​បោះ​ឆ្នោត​កើត​ឡើង​ក្រោម​រូប​ភាព​គំរាម​កំហែង ទិញ​ទឹក​ចិត្ត​អ្នក​បោះ​ឆ្នោត​វិញ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។ ទោះ​យ៉ាង​ណា​លោក​ថា​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​ភ្នាក់​ងារ​សង្កេត​ការណ៍​បោះ​ឆ្នោត​របស់​ខ្លួន​ដើម្បី​តាមដាន​ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ដែរ៖ «សំខាន់​បំផុត​កម្ម​វិធី​នយោបាយ​របស់​បក្ស​ហ្នឹង​តែ​ម្ដង តើ​ពេល​គាត់​ជាប់​​ឆ្នោត​មាន​ចំណុច​អ្វី​ខ្លះ ដើម្បី​បម្រើ​និង​អភិវឌ្ឍន៍​នៅ​ក្នុង​សហគមន៍​ឱ្យ​មូលដ្ឋាន​ដំណើរ​ការ​រលូត រួម​ទាំង​ការ​ងារ​រដ្ឋបាល និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​រីក​ចម្រើន​ក្នុង​ការ​ដឹក​នាំ »

ការ​​​បោះ​​​​ឆ្នោត​​​​ជ្រើស​​​​រើស​​​​ក្រុម​​​​ប្រឹក្សា​​​​ឃុំ​​​សង្កាត់​​​​អាណត្តិ​​​​ទី៥ នេះ នឹង​​​​ប្រព្រឹត្ត​​​​ទៅ​នៅ​​​​ថ្ងៃ​អាទិត្យ ទី៥ ខែ​​​​មិថុនា​​​​ខាង​​​​មុខ។ ក្នុង​នោះ​​​​​គណបក្ស​​​​នយោបាយ​​ចំនួន១៧ បាន​​ចូល​ប្រកួត​ប្រជែង​ដណ្ដើម​យក​​​​អាសនៈ​សមាជិក ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មាន​ចំនួន​ជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយ​​​​ប្រជា​​ពលរដ្ឋ​​​​ជាង​​​៩​លាន​២​សែន​​​នាក់​​​​បាន​​​​ចុះ​​​​ឈ្មោះ​​​ក្នុង​​​​បញ្ជី​​​​បោះ​​​ឆ្នោត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។