អ្នកទោសនយោបាយ នៃគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ បានសរសេរលិខិតមួយច្បាប់ ចេញពីពន្ធនាគារព្រៃស ផ្ញើជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ អ្នកជាប់ឃុំមានជំងឺ ពិការភាព ដែលមានវ័យលើសពី៥០ឆ្នាំ និងអ្នកអនុវត្តទោសបានពីរភាគបី នៃទោស។
មេធាវីការពារក្ដី ឲ្យ លោក គង់ ម៉ាស់ គឺ លោកមេធាវី សំ សុគង់ ឲ្យដឹងថា កូនក្ដីរបស់លោក បានដាក់សំណើនេះទៅរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានពន្ធនាគារ និងបានឲ្យមក លោកមួយច្បាប់។ លោក យល់ថា ការដាក់សំណើនេះ ជាសិទ្ធិរបស់ពលរដ្ឋកំពុងជាប់ឃុំ មិនមានអ្វីខុសច្បាប់ទេ ហើយអាជ្ញាធរក៏គួរតែពិចារណា សំណើរបស់កូនក្ដី លោក៖ « ខ្ញុំយល់ថា វាមិនមែនជារឿងខុសទេ។ វាជាការយល់ ការបញ្ចេញនូវមតិយោបល់របស់ គាត់។ ទោះបីជាគាត់ នៅក្នុងពន្ធនាគារមែន គាត់មានសំណើដាក់ទៅរដ្ឋាភិបាល នៅក្នុងប្រទេសប្រជាធិបតេយ្យ។ ដាក់ទៅខ្លួនគាត់ តាមរយៈពន្ធនាគារវិញអត់តាមរយៈខ្ញុំ គឺគាត់សរសេរនៅក្នុងពន្ធនាគារ ហើយគាត់ផ្ញើតាមរយៈពន្ធនាគារវិញ មកខាងខុទ្ទកាល័យ។ លិខិតស្នើសុំហ្នឹង»។
លោក គង់ ម៉ាស់ គឺជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង។ នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន លោក គង់ ម៉ាស់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅម្ដុំក្រោយស្ថានទូតចិន ពីបទបង្ហោះសារប្រមាថថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះ ពីខាងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បានទេ នៅថ្ងៃទី២៤ មេសា ដោយសារ លោកមិនទទួលទូរស័ព្ទ។
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី សុខា យល់ថា រដ្ឋាភិបាល គួរពិនិត្យមើលសំណើ របស់អ្នកជាប់ឃុំ និងពិចារណា ដោះលែងអ្នកទោសពាក់ព័ន្ធរឿងនយោបាយ ដីធ្លី សកម្មជនបរិស្ថាន និងអ្នកសារព័ត៌មាន ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។