អ្នក​រិះគន់​របប​លោក ហ៊ុន សែន និង​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន ជាប់គុក​ករណី​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
លោក គឹម សុខ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស) អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់​រង​ការ​គំរាមកំហែង និង​ចាប់ខ្លួន​ដាក់គុក ជា​បន្តបន្ទាប់ ដោយសារតែ​ការ​បំពេញ​ការងារ​និង​ការ​តស៊ូ​មតិ។ មក​ទល់​ពេល​នេះ មាន​មនុស្ស​ជាង ២០០​នាក់​ហើយ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចោទប្រកាន់ កោះហៅ​សួរនាំ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទាក់ទង​នឹង​រឿង​នយោបាយ។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​សង្កេត​ឃើញ​ថា សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ច្រើន​ជាងគេ។

ក្រុម​អ្នក​រិះគន់ និង​សកម្មជន​បក្ស​ប្រឆាំង ដែល​ក្លាយទៅជា​អ្នកទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​មាន​កាន់តែ​ច្រើន​ឡើង នៅ​ក្រោយ​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​គឺ គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​កាន់អំណាច បាន​បញ្ចប់​វប្បធម៌​សន្ទនា​កាលពី​ឆ្នាំ​២០១៥​ មក។

បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា​តម្រូវ​ឱ្យ​តុលាការ​ឯករាជ ឥត​លំអៀង​ក៏ដោយ ក៏​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស និង​អន្តរជាតិ​មើល​ឃើញ​ថា ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ចាំតែ​ធ្វើតាម​បញ្ជា​លោក ហ៊ុន សែន ក្នុង​ការ​កាត់សេចក្ដី​រឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

នាយករង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា គិត​ចាប់ពី​ឆ្នាំ​២០១៣​ មក ការ​ចាប់ខ្លួន​អ្នក​រិះគន់ និង​សកម្មជន​បក្សប្រឆាំង គឺ​ក្រោមរូបភាព​នយោបាយ ជាជាង​ការអនុវត្ត​ច្បាប់​។ ការ​ចាប់ខ្លួន និង​កាត់ទោស​តា​អំពើ​ចិត្ត​នេះ​ហើយ ដែល​របប​លោក ហ៊ុន សែន រង​ការរិះគន់​យ៉ាង​ខ្លាំង​ថា កំពុង​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «ជួន​កាល​គាត់​ធ្វើ​ខុសច្បាប់​ដែរ តែ​មួយ​ចំនួន​ធំ​ហ្នឹង​គឺ​យើង​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​ជា​ទិដ្ឋភាព​នយោបាយ​ច្រើនជាង មិន​ថា​សកម្មជន​បក្ស​ប្រឆាំង តំណាងរាស្ត្រ​អ្វី​ទេ សូម្បីតែ​សកម្មជន​ដីធ្លី និង​អ្នកការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​ចាប់ខ្លួន ទាក់ទង​និង​រឿង​នយោបាយ​ជាជាង​ការអនុវត្ត​ច្បាប់»

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ (Licadho) ឱ្យ​ដឹង​ថា មក​ដល់​ពេលនេះ តុលាការ​បាន​ចាប់​ឃុំ​ខ្លួន​អ្នកនយោបាយ សកម្មជន​បក្ស​នយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន សកម្មជន​ដីធ្លី និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក សរុប​ចំនួន​ ៤១៨​នាក់ ដែល​អ្នក​ទាំងនេះ គឺ​ត្រូវ​តុលាការ​ចោទប្រកាន់​ផ្សេងៗ ​គ្នា ដូចជា បទ​ញុះញង់​បង្ក​ឱ្យ​មាន​ចលាចល​សង្គម បទ​បរិហារកេរ្តិ៍ និង​បទ​ប្រឆាំង​រាជការ​សាធារណៈ​ជាដើម​។ សម្រាប់​សកម្មជន​គណបក្ស​នយោបាយ អ្នក​នយោបាយ បាន​ក្លាយ​ទៅជា​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​របប​លោក ហ៊ុន សែន គិត​ចាប់​ឆ្នាំ​២០១៤​ មក គឺ​មាន​ចំនួន​ ៦៦​នាក់ ក្នុង​នោះ​មួយ​ចំនួន​ ត្រូវ​បាន​ដោះលែង​វិញ​ ហើយ​អ្នក​ទោស​នយោបាយ​ដែល​នៅ​ជាប់​ឃុំឃាំង​ដល់ពេល​បច្ចុប្បន្ន​នេះ មាន​ចំនួន ១១​នាក់។ រីឯ​ចំនួន ​១០​នាក់ ក្នុងចំណោម​អ្នក​ទោស​នយោបាយ​ចំនួន ៣០​នាក់ តុលាការ​​ដោះ​លែង​​ទៅ​​ហើយ តែ​នៅ​ជាប់​បណ្ដឹង​នៅឡើយ​មាន​ចំនួន ​១០​នាក់។

សម្រាប់​នៅ​ឆ្នាំ​២០១៩​នេះ​វិញ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​របាយការណ៍​កាល ថ្មីៗ​ នេះ​​ថា សមត្ថកិច្ច និង​តុលាការ​ចេញ​ដីកា​កោះហៅ​អ្នក​គាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ សរុប ១៤៧​នាក់ នៅ​ទូទាំង​ប្រទេស ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ទាំង​នៅ​តុលាការ និង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់ទុក​ដីកា​កោះហៅ​ទាំងនោះ​ថា ខ្វះ​មូលដ្ឋាន​ច្បាប់ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខ​បុក​ម្នេញ​​លើ​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

ការ​ចាប់ខ្លួន​ចុងក្រោយ​ដែល​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​នោះ គឺ​ការ​ចាប់​ឃុំខ្លួន​និង​ចោទប្រកាន់ យុវជន​កែម ឡី និយម លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា របប​លោក ហ៊ុន សែន មិន​ស៊ើបអង្កេត ដោយ​ឯករាជ្យ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា រដ្ឋអំណាច​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតកម្ម​បណ្ឌិត កែម ឡី នោះ​ទេ តែ​បែរ​ជា​បំផ្លាញ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី និង​ចាប់ខ្លួន​យុវជន កែម ឡី និយម​ទាំងពីរ​រូប​នេះ​ទៅ​វិញ។ លោក លោក ប្រ៊ែដ អាដាម ក៏​ចាត់​ទុក​ការ​ចាប់ខ្លួន​យុវជន​ទាំងពីរ​រូប​នេះ ជាប់​ពាក់ព័ន្ធ និង​រឿង​នយោបាយ​ដែរ។ លោក​បញ្ជាក់​ថា ប្រទេស​ជា​ម្ចាស់​​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ និង​រឿង​នយោបាយ​នេះ៖ «ក្រុម​ម្ចាស់​ជំនួយ​របស់​កម្ពុជា គួរតែ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងឡាយ ដែល​គេ​បាន​ចោទប្រកាន់​រឿង​តវ៉ា​ដោយ​សន្តិវិធី និង​ទាមទារ​ជាថ្មី​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ក្នុង​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ឡើងវិញ​។ លោក​ថា រដ្ឋាភិបាល​មួយ​ដែល​គ្មាន​អ្វី​លាក់បាំង គួរតែ​អនុញ្ញាត​ឱ្យ​មាន​ការ​តវ៉ា​ដោយ​សន្តិវិធី ឬក៏​ត្រូវ​រំពឹង​ទុកជាមុន​ថា នឹង​ឃើញ​ការ​តវ៉ា ទាមទារ​យុត្តិធម៌ កើតឡើង​នៅ​ថ្ងៃ​ខួប​ប្រចាំ​ឆ្នាំ​នៃ​សោកនាដកម្ម​នេះ»

រីឯ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​យុវជន​ពីរ​រួប គឺ គង់ រ៉ៃយ៉ា សួង នាគព័ន្ធ និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​របប​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​នោះ ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះថា តុលាការ​ចោទ​ប្រកាន់ ពួកគេ “ គ្មាន​មូលដ្ឋាន​ច្បាប់ និង​មាន​លក្ខណៈ​នយោបាយ"

មន្ត្រី​សិទ្ធិមនុស្ស លោក អំ សំអាត បន្ថែម​ថា ប្រព័ន្ធ​យុត្តិធម៌​គឺ​ធានា​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​តុលាការ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ ហើយ គឺ​បទ​ញុះញង់ និង​ពាក្យ​ចោទ​មិន​ច្បាស់លាស់​មួយ​ទៀត​ដែល​តុលាការ​តែង​លើក​យមក​ប្រើ​ទៅលើ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​នោះ គឺ​ការ​ប្រព្រឹត្តិ​ជាអាទិ៍៖ «យើង​ទទួល​ស្គាល់​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​នេះ វា​ជា​ការ​ពេញ​និយម​តាំង​ពី​មុន​មក​ពីព្រោះ​ថា បទ​ល្មើស​នេះ ងាយ​ទាញ​ទៅ​រក​ការចោទប្រកាន់​និង​បទល្មើស ព្រោះ​បទ​ចោទ​សន្តិសុខ​សាធារណៈ និង​បទ​ញុះញង់​នេះ​នៅ​តែ​ស្រពិចស្រពិល​មិន​មាន​ការ​បកស្រាយ​ច្បាស់លាស់​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាង​ថា កម្ពុជា​គ្មាន​អ្នក​ទោស​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ​ជាប់ទោស​។ លោក​ហាក់​តែង​អះអាង​ជំនួស​ឱ្យ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ថា តុលាការ​​ចោទ​ប្រកាន់ ឬ​កាត់ទោស​តែង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៖ «ជា​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា មិន​ថា អ្នក​នោះ​​ជា​​អ្នក​ណា​​ទេ សកម្មជន​​​នយោបាយ​មិន​នយោបាយ ឬ​មិន​នយោបាយ​ក៏ដោយ​ឱ្យ​តែ​ប្រព្រឹត្តិ​បទល្មើស​គឺ​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដូច​គ្នាៗ​ទាំងអស់ ហើយ​សូម​ផ្ដាំ​ទៅ​សកម្មជន​សិទ្ធិមនុស្ស​គួរតែ​ណែនាំ​ទៅ​ដល់​អ្នក​ទាំងនោះ កុំ​ឱ្យ​ប្រព្រឹត្តិ​បទល្មើស ពីព្រោះ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​ដូចគ្នា​​ទាំង​អស់​​មិន​​មាន​ការ​លើកលែង​នោះ​ទេ​បាទ»

ទោះបីជា​យ៉ាង​នេះ​ក្ដី អតីត​អ្នកទោស​ជាប់ពន្ធនាគារ​ចំនួន ១៨​ខែ នៅ​ក្នុង​របប​លោក ហ៊ុន សែន គឺ​លោក គឹម សុខ ដែល​ជា​អ្នក​វិភាគ​នយោបាយ​ពី​បញ្ហា​សង្គម មានប្រសាសន៍ថា មូលហេតុ​សំខាន់ ដែល​តុលាការ​នៃ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់ និង​ចាប់ខ្លួន​អ្នកតស៊ូ​មតិ អ្នក​បញ្ចេញមតិ និង​សកម្មជន អ្នកនយោបាយ​ប្រឆាំង សហជីព​នេះ ដោយសារតែ​របប​លោក ហ៊ុន សែន បាន​សាង​កំហុស​ជាច្រើន ហើយ​ចង់​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន៖ «កត្តា​សំខាន់​បំផុត​គឺ​របប​ក្រុងភ្នំពេញ​ហ្នឹង របៀប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ជិត​ដល់ពេល​វេលា​ទុំ​ជ្រុះ ហើយ​អ្នក​ដែល​អង្រន់​ឱ្យ​អំណាច​ផ្ដាច់ការ​នេះ ជ្រុះ​បាន​គឺ​មាន​ការ​តែ​កម្លាំង​រួមគ្នា​អ្នក​ប្រជាធិបតេយ្យ ដូច្នេះ​ហើយ​ទើប​របប​លោក ហ៊ុន សែន ទប់ស្កាត់​ជាមុន​បែបនេះ»

លោក គឹម សុខ បញ្ជាក់​ថា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​ដោយសារតែ​រឿង​នយោបាយ​បាន​នោះ លុះត្រាតែ​ពលរដ្ឋ​ត្រូវ​រូប​រួមគ្នា​ជា​កម្លាំង​តែមួយ ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​បច្ចុប្បន្ន​នេះ ជា​មុន​សិន ទើប​អាច​ស្វែងរក​យុត្តិធម៌​បាន៖ «យុត្តិធម៌​ពី​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​សង្គម​មិន​ទាន់​មាន​ការផ្លាស់ប្ដូរ​បែបនេះ​គឺ​មិន​អាច​ទៅ​រួច​ទេ ម៉្លោះ​ហើយ លុះ​ត្រាតែ​កម្លាំង​មហាជន​ទាំង​អស់​ត្រូវ​រួមគ្នា​ជា​កម្លាំង​តែ​មួយ​សិន​ទ ទើប​អាច​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​បាន ហើយ​នៅ​ពេល​នោះ​រដ្ឋាភិបាល​ថ្មី​នឹង​រក​យុត្តិធម៌​បាន»

ចំណែក​លោក អំ សំអាត វិញ លោក​សំដែង​ក្តី​ព្រួយបារម្ភ​ថា បើសិនជា​តុលាការ​នៅតែ​ជា​ស្ថាប័ន​មិន​អាច​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ពលរដ្ឋ​ដោយ​ស្មើ​ភាព​ទេ លោក​បារម្ភ​ថា ពលរដ្ឋ​នឹង​ដើរតួ​ជា​តុលាការ​​​មហាជន​ខ្លួនឯង៖ «កន្លងមក​នេះ ការ​ចាប់ខ្លួន​ប៉ះពាល់​សេរីភាព​ធ្ងន់ធ្ងរ​ណាស់ ទាំង​សកម្មជន​បក្ស​នយោបាយ ដីធ្លី សកម្មជន​សិទ្ធិមនុស្ស​ជាដើម គឺ​រំលោភ​សិទ្ធិ​របស់​ពួកគាត់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ដែល​កម្ពុជា​ផ្ដល់​សច្ចាប័ន»

ក្រោម​ការដឹកនាំ​នៃ​របប​លោក ហ៊ុន សែន ជិត​ ៣០​ឆ្នាំ​មកនេះ ក្រៅ​ពី​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ដោយសារ​តែ​រឿង​នយោបាយ និង​ការ​តស៊ូ​មតិ​នោះ ក៏​មាន​មនុស្ស​ជាង​ ១០០​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់ ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន និង​ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល អ្នក​ទាំង​នោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល