តុលាការ​របប​ក្រុង​ភ្នំពេញ​បន្ត​នីតិវិធី​បណ្ដឹង​របស់ លោក ស ខេង ប្រឆាំង​លោក សម រង្ស៊ី

0:00 / 0:00

ទោះជា​ដឹង​ថា លោក សម រង្ស៊ី នឹង​មិន​ចូលខ្លួន​ទៅ​តតាំង​ក្ដី​ក៏ដោយ ក៏​តុលាការ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​នីតិវិធី តាម​បែបបទ​របស់​ខ្លួន​ដដែល ។ តុលាការ​នៃ​របប​ឯក​បក្ស​នេះ បាន​បន្ត​នីតិវិធី ជុំ​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា លើ​ករណី​បណ្ដឹង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្ដឹង​ប្រឆាំង លោក សម រង្ស៊ី ពី​បទ​ញុះញង់​។ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង គឹមឡាក់ បាន​អនុវត្ត​នីតិវិធី​នេះ​ដោយ​អវត្តមាន​លោក សម រង្ស៊ី ដែល​ជា​ភាគី​ចុងចោទ។

លោក ស ខេង បាន​ប្ដឹង លោក សម រង្ស៊ី ពី​បទ​ញុះញង់​ឱ្យ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​។ លោក​អះអាង​ថា លោក សម រង្ស៊ី បាន​ប្រឌិត​ព័ត៌មាន ក្នុង​ន័យ​ថា លោក ហ៊ុន សែន រៀបចំ​ផែនការ​ដាក់​គ្រាប់បែក បំផ្ទុះ ឧទ្ធម្ភាគចក្រ (Helicopter) សម្លាប់ អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ឌី វិជ្ជា កាលពី​ឆ្នាំ​២០០៨ ហើយ​ឥឡូវ កូនប្រុស​របស់ លោក ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា កំពុង​រៀបចំ​ផែនការ​សងសឹក​ឱ្យ​ឪពុក​វិញ ដោយ​ផែនការ​នោះ មានការ​គាំទ្រ​ពី​លោក ស ខេង។

លោក សម រង្ស៊ី ថ្លែង​ថា លោក​មិន​ចាប់អារម្មណ៍​បណ្ដឹង​ប្រឆាំង​លោក​នៅ​តុលាការ​កម្ពុជា​ដែល​លោក ហៅថា ជា​តុលាការ​អាយ៉ង​ក្រោម​បញ្ជា របប​លោក ហ៊ុន សែន នោះ​ទេ​។ ក៏ប៉ុន្តែ​​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ស្វាគមន៍​ដែល លោក ហ៊ុន សែន និង លោក ឌី វិជ្ជា សម្រេច​ប្ដឹង​លោក​ទៅ​តុលាការ​ប្រទេស​បារាំង កាលពី​សប្ដាហ៍​មុន។

ស្រប​ពេល​តុលាការ ក្រុងភ្នំពេញ​កំពុង​បន្ត​នីតិវិធី​បណ្ដឹង​របស់ លោក ស ខេង លោក សម រង្ស៊ី ឯណោះ​វិញ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា លោក​កំពុង​ស្ថិតនៅ​ប្រទេស​សិង្ហបុរី។ លោក​មិន​ទាន់​ប្រាប់​មូលហេតុ​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ទេ។ ក៏ប៉ុន្តែ ការ​ធ្វើដំណើរ​ទៅ​សិង្ហបុរី​នេះ ធ្វើឡើង​បន្ទាប់​ពី លោក​បាន​បញ្ចប់​បេសកកម្ម ស្វែងរក​ការ​គាំទ្រ ពី​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។