លោក ហ៊ុន សែន ប្រកាសតាមកម្ចាត់មេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ចេញពីឆាកនយោបាយ
2022.10.17

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាក់ផែនការតាមកម្ចាត់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចេញពីឆាកនយោបាយឱ្យខាងតែបាន ហើយលោកក៏ព្រមានវាយខ្នោះលោក សម រង្ស៊ី និងមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេសផ្សេងទៀត បើពួកគេហ៊ានឈានជើងជាន់ដីកម្ពុជា។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែផ្លាស់ប្ដូររដ្ឋាភិបាលលោក ហ៊ុន សែន ដោយសន្តិវិធីនៅឆ្នាំ២០២៣ ខាងមុខ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រឱ្យនិស្សិតនៅសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងសម្បារជាខ្លាំងនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានអំពាវនាវឱ្យមានការផ្លាស់ប្ដូររដ្ឋាភិបាលលោក ហ៊ុន សែន នៅឆ្នាំ២០២៣។ លោក ហ៊ុន សែន ចាត់ទុកសារនោះថា ជាមនោគមវិជ្ជាជ្រុលនិយម ហើយលោកប្រកាសដាក់ផែនការតាមកម្ចាត់ជាដាច់ខាត។ ចំណែកគណបក្សនយោបាយណា ដែលជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី វិញ លោក ក៏ព្រមានប្ដឹងទៅតុលាការរំលាយចោលដូចគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដែរ។ លើសពីនេះ លោកថែមទាំងព្រមានចាត់វិធានការលើពលរដ្ឋនៅក្នុងស្រុកណា ដែលហ៊ានងើបប្រឆាំងរដ្ឋាភិបាលរបស់លោកទៀតផង៖ «ហ៊ុន សែន នឹងប្តូរផ្តាច់កម្ចាត់ចោលនូវមនោគមវិជ្ជាអាក្បត់ជាតិបីជំនាន់ ឥឡូវជិតដល់ខួបលើកទី២០ ដែលអ្នកឯងដាក់ចេញ មានស៊ីអត់សែន មានសែនអត់ស៊ីហើយ ពីព្រោះចាប់ពី ២០០៣ អ្នកឯងដាក់ចេញគោលនយោបាយហ្នឹង ឥឡូវខ្ញុំក៏ទទួលអនុវត្តគោលនយោបាយហ្នឹងដូចគ្នា តែខ្ញុំមិនសម្លាប់អ្នកឯងទេ»។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ថែមទាំងនិយាយបំភ្លៃថា កន្លងមកលោកមិនដែល ហាមឃាត់ក្រុមហ៊ុនយន្តហោះដឹកលោក សម រង្ស៊ី ត្រឡប់មកកម្ពុជា នោះទេ ប៉ុន្តែលោកចង់ឱ្យមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចូលមកក្នុងស្រុកឱ្យបានឆាប់ ដើម្បីវាយខ្នោះចាប់បញ្ជូនចូលគុក។ លោក ហ៊ុន សែន ក៏បញ្ជាក់ជំហរជាថ្មីថា លោកមិនស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសលោក សម រង្ស៊ី ឡើយ៖ «រួចទៅថា ខ្ញុំទៅហាមឃាត់ជាមួយយន្តហោះបរទេសមិនឱ្យដឹក ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលហាមឃាត់ទេ នរណាចង់ដឹងអីដឹកទៅ សូមអញ្ជើញដឹកមក គេថា ឱ្យលោក ហ៊ុន សែន ដកបំរាម ខ្ញុំមិនដែលបញ្ហាឯណា ប៉ុន្តែ អ្វីដែលខ្ញុំបញ្ជាក់តែប៉ុណ្ណេះទេ មកដល់ គឺស្វាគមន៍ដោយខ្នោះ ព្រោះទោសជាប់គុកអ្នកឯងប៉ុន្មានទៅ អត់រួចខ្លួនទេ អាពៅ»។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីយប់ថ្ងៃទី១៦ ខែតុលា បានបង្ហោះវីដេអូ (Video) នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកចាត់ទុកព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងផែនការផ្ទេរអំណាចតវង្សត្រកូលរបស់លោក ហ៊ុន សែន ឱ្យទៅកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត នៅឆ្នាំ២០២៣ ខាងមុខ គឺជាព្រឹត្តិការណ៍សំខាន់ដែលប្រជាពលរដ្ឋខ្មែរ កងកម្លាំងប្រដាប់អាវុធជំរុញឱ្យមានការផ្លាស់ប្ដូរដោយសន្តិវិធី។ លោក សម រង្ស៊ី ប្រកាសក្នុងវីដេអូរយៈពេលជាង ៥នាទី ថា លោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាសាជាថ្មីនៅឆ្នាំ២០២៣ ដើម្បីចូលរួមជំរុញឱ្យមានការផ្លាស់ប្ដូរជាមួយពលរដ្ឋខ្មែរ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ក៏អំពាវនាវដល់កម្លាំងប្រដាប់អាវុធទាំងកុំធ្វើតាមការបញ្ជារបស់លោក ហ៊ុន សែន ឱ្យបាញ់ប្រហារលើពលរដ្ឋខ្មែរស្លូតត្រង់ ពីព្រោះកងកម្លាំងស្នេហាជាតិត្រូវរក្សាអព្យាក្រឹត្យភាព និងការពារប្រជាពលរដ្ឋរបស់ខ្លួន៖ «ខ្ញុំជឿជាក់ថា នឹងមានការជំទាស់ នឹងមានការតវ៉ាយ៉ាងខ្លាំងនឹងគម្រោងបន្តពូជរបស់លោក ហ៊ុន សែន ។ យើងចង់ឱ្យមានការបន្តវេនក្នុងចំណោមយុវជនខ្មែរ ដែលមានសមត្ថភាព មានស្នាដៃ តែយើងមិនចង់ឱ្យមានការបន្តវេនក្នុងត្រកូលមួយ គឺត្រូវលើសគេលើសឯង មានសិទ្ធិដឹកនាំប្រទេសកម្ពុជាជារៀងរហូតទេ»។
ទោះបីលោក ហ៊ុន សែន អះអាងថា មិនបានបិទផ្លូវក៏ដោយ តែជាក់ស្ដែងលោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានព្យាយាមរកមធ្យោបាយវិលចូលកម្ពុជាជាច្រើនលើក ប៉ុន្តែគម្រោងនេះត្រូវជាប់គាំង ដោយសារលោក ហ៊ុន សែន បិទផ្លូវគ្រប់ច្រកល្ហកមិនឱ្យពួកគេអាចវិលចូលមាតុប្រទេសវិញបានឡើយ រួមទាំងហាមឃាត់ជើងហោះហើរមិនឲ្យដឹកជាដើម។ ជាងនេះទៅទៀត ក្រោយពេលពួកគេប្រកាសគម្រោងចូលស្រុកវិញ អាជ្ញាធរបានចាប់ខ្លួនសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកដាក់ពន្ធនាគារជាបន្តបន្ទាប់។ ចំណែកលិខិតឆ្លងដែនកម្ពុជារបស់មេដឹកនាំបក្សប្រឆាំង និងសកម្មជនភៀសខ្លួននៅក្រៅប្រទេសជាង ៣០នាក់ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសលុបចោលមិនឱ្យពួកគេប្រើប្រាស់សម្រាប់ធ្វើដំណើរខាងក្រៅប្រទេសទៀត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន បញ្ជាក់ថា មេដឹកនាំគណបក្សប្រឆាំងនៅតែប្រកាន់ជំហរវិលចូលមាតុភូមិដដែល ទោះពួកលោកប្រឈមនឹងអាជ្ញាធរចាប់ខ្លួនដាក់គុកយ៉ាងក៏ដោយ ដើម្បីស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែលោកថា រឿងសំខាន់លោក ហ៊ុន សែន ត្រូវបើកផ្លូវឱ្យពួកគេចូលស្រុកជាមុនសិន ដោយត្រូវបញ្ជាក់ទៅក្រុមហ៊ុនហោះហើរ ព្រមទាំងភាគីថៃឱ្យច្បាស់អំពីការដកបម្រាមលើមេដឹកនាំបក្សប្រឆាំងដូច ដែលខ្លួនបានអះអាងនៅពេលនេះ។ ទោះយ៉ាងណាក្ដី លោកមិនជឿថា លោក ហ៊ុន សែន ហ៊ានអនុញ្ញាតឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជានោះទេ ពីព្រោះលោក ហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោត និងបារម្ភពីផែនការផ្ទេរអំណាចតពូជនៅពេលខាងមុខនេះ៖ «គណបក្សសង្គ្រោះជាតិនៅតែប្ដេជ្ញាចិត្តចូលទៅប្រទេសកម្ពុជាវិញដដែល ឱ្យតែមានការបើកផ្លូវពីលោក ហ៊ុន សែន ដោយកុំនិយាយបានតែមាត់ តែការពិតជាក់ស្ដែងគាត់មិនហ៊ានបើកផ្លូវឱ្យលោក សម រង្ស៊ី និងមេដឹកនាំគណបក្សសង្គ្រោះជាតិវិលត្រឡប់ចូលកម្ពុជានោះទេ កន្លងមក។ លោក ហ៊ុន សែន និយាយហ្នឹងសូមចេញជាលាយលក្ខណ៍អក្សរពិតប្រាកដមក កុំនិយាយតែមាត់អ៊ីចឹង មិនអាចយកជាការបានទេ»។
ជុំវិញរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថា សារឆ្លើយឆ្លងរបស់មេដឹកនាំធំៗ ទាំងពីរនេះ មិនបានផ្តល់ដំណោះស្រាយនយោបាយនោះទេ តែសារឌឺដងដាក់គ្នាបែបនេះ គឺបង្ហាញពីការបែកបាក់ជាតិ។ លោកយល់ថា មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ល្មមដល់ពេលចូលតុចរចាផ្នែកនយោបាយ ហើយប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីដោះស្រាយបញ្ហាជាតិ ដែលកំពុងរងទណ្ឌកម្មនានា ពីសហគមន៍អន្តរជាតិ៖ «ខ្ញុំចង់ឃើញអ្នកនយោបាយចូលតុចរចា ដើម្បីបង្ហាញប្រាប់អន្តរជាតិថា ខ្មែរយើងមិនបាច់ពឹងបរទេសទេ ដោយខ្មែរយើងអាចសម្របសម្រួល ផ្សះផ្សាជាតិបាន។ ខ្ញុំមិនចង់ឃើញអ្នកនយោបាយប្រើសម្ដីហិង្សាដាក់គ្នាទៅវិញទៅមក ពីព្រោះភាសានៅពេលនេះ ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយទេ»។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីចុងឆ្នាំ២០១៧ រួចរៀបចំការបោះឆ្នោត ដែលគេចាត់ទុកថា ជាការបោះឆ្នោតបង្គ្រប់កិច្ចនោះបានប្រមូលយកអាសនៈសភាទាំងស្រុងមកកាន់កាប់តែម្នាក់ឯង។ ក្រោមការដឹកនាំរបស់លោកនេះ បានបំបិទសិទ្ធិថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន១១៨ នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ និងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់បក្សសង្គ្រោះជាតិ ទៅចែកគ្នាកាន់កាប់។ មកដល់ពេលនេះ ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាច្រើនរូប កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទ រួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។ ក្នុងនោះមួយចំនួនកំពុងជាប់ឃុំក្នុងពន្ធនាគារ និងមួយចំនួនភៀសខ្លួននៅក្រៅទេស។ ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ ត្រូវបានឲ្យសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។