ក្រុម​បាតុករ​មិន​លុបចោល​គម្រោង​ធ្វើ​បាតុកម្ម ទោះ​បី​ជា​គ្មាន​វត្តមាន​លោក ហ៊ុន សែន នៅ​កូរ៉េ

ដោយ ហេង រស្មី
2019-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
ទិដ្ឋភាព​មហា​បាតុកម្ម​ភ្លើង​ទៀន​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ក្វាងជូ (Qwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩។
RFA/Jeevita

ក្រុម​ពលករ​ខ្មែរ​មិន​លុបចោល​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​លោក ហ៊ុន សែន នៅ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង។ មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​គាំទ្រ​បក្ស​ប្រឆាំង ហើយ​មិន​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា​ឡើយ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក យឹម ស៊ីណន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ទោះបី​អវត្តមាន​លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន កូរ៉េ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក៏​គម្រោង​ធ្វើបាតុកម្ម​នៅ​បន្ត នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ដដែល។

លោក​បញ្ជាក់​ថា ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មកពី​សហរដ្ឋអាមេរិក​បាន​ត្រៀម​រួចហើយ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ទីក្រុង​ពូសាន់ ទល់មុខ​សាលាក្រុង​ពូសាន់ ដោយ​រំពឹង​ថា នឹង​មាន​មនុស្ស​ចូលរួម​ជាច្រើន​ពាន់​នាក់​។​

លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ​ដើម្បី​ទាមទារ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​ក្នុង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ ក្រោយពី​របប​លោក ហ៊ុន សែន បាន​រុញច្រាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ខ្លាំង​​៖ «ជំហរ​របស់​យើង​អត់​មានការ​ប្រែប្រួល​ទេ បើ​លោក ហ៊ុន សែន មិន​មក​គឺជា​ជោគជ័យ​មួយ​សម្រាប់​ការ​តស៊ូ​របស់​យើង​ទៅ​ហើយ​ទោះបីជា​ផ្ទៃក្នុង​យ៉ាងម៉េច។ ប៉ុន្តែ​ក្នុង​រូបភាព​បញ្ហា​ការទូត គឺ​យើង​បាន​ជោគជ័យ​ក្នុង​ការ​ទាមទារ​របស់​យើង​ហើយ​នៅ​ក្នុង​ជំហរ​របស់​ពួក​យើង​ទៀត​សោធ គឺ​អត់​មានការ​ដកថយ​ទេ គឺ​នៅ​តែ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក​ដដែល»

ការ​ប្រកាន់​ជំហរ​របស់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ បាន​កើត​មាន​ឡើង​ក្រោយពី​មេដឹកនាំ​របប​លោក ហ៊ុន សែន បាន​ប្រកាស​ផ្អាក​មិន​បាន​ចូលរួម​កិច្ច​ប្រ​សុំ​អាស៊ាន​-​កូរ៉េ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី ២៧ វិច្ឆិកា​ខាងមុខនេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ពេលនេះ លោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក ដោយសារ​ម្ដាយ​ក្មេក​របស់​លោក​កំពុង​ស្ថិត​នៅ​សង្គ្រោះ​បន្ទាន់ និង​ពិនិត្យ​ឃើញ​ថា ពិបាក​នឹង​សង្គ្រោះ​បាន។ រដ្ឋមន្ត្រី​ការបរទេស​លោក ប្រាក់ សុខុន នឹង​ជំនួស​ដំណើរ​របស់​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផែ ស៊ីផាន បញ្ជាក់​ថា ក្រុម​បាតុករ​ដែល​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ទៅកាន់​ប្រទេស​កូរ៉េ​លើក​នេះ មិន​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​ទេ គឺ​គ្រាន់តែ​ធ្វើឡើង​ដើម្បី​គាំទ្រ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ៖ «មិន​មាន​ការ​យកចិត្តទុកដាក់​អ្វី​ទេ​ចំពោះ​រាជរដ្ឋាភិបាល។ ពួក​ហ្នឹង​ធ្វើបាតុកម្ម​គ្មាន​ចំណោទ​អ្វី​ទេ​។ ពីព្រោះ​សម្ដេច​លោក​អញ្ជើញ​ទៅ​ដើម្បី​លក្ខខណ្ឌ​ដល់​កម្មករ​ឱ្យ​ប្រសើរ មិនមែន​ដូច​ពួក​បាតុកម្ម​មិនមែន​ដូច​ពួក​ក្រុម​ឧទ្ទាម​ទេ»

ក្រុម​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Brutal rule,inhumanmsavage and not fit for human needs,dictator time must goooo

Of course it is with no matter what or who show up or who aren't,if u all see this mafia govm't still in power just do it whatever u want at every democratic countries around the world.This show all khmer solidarity around the world that we the Cambodian pple needs a real democracy system,freedom for Cambodia,and we don't need a fascist dictatorship regime,communist ruler,authoritarianism that still haunting Cambodian pple daily lives.

Nov 24, 2019 11:21 AM

គេហទំព័រ​ទាំងមូល