តុលាការវៀតណាមកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ
2024.11.27
តុលាការវៀតណាម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងបទ «ការចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌវៀតណាម។
ព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ចំនួន ៩អង្គ និងនាក់ ដែលត្រូវបានតុលាការវៀតណាមនៅខេត្តលង់ហោរ ឬវៀតណាមហៅថា ខេត្តវិញឡុង (Vinh Long) កាត់ទោសនេះរួមមានព្រះចៅអធិការវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (ជាប់ទោស ៦ឆ្នាំ) ព្រះតេជព្រះគុណ យឿង ខាយ (៥ឆ្នាំ ៩ខែ) ព្រះភិក្ខុ ថាច់ ជាប់ (២ឆ្នាំ) ព្រះភិក្ខុ គឹម សារឿង (២ឆ្នាំ) ព្រះភិក្ខុ ថាច់ វិល័យ (២ ឆ្នាំ) លោក គឹម ឃីម (៣ ឆ្នាំ) លោក ថាច់ វាសនា (២ ឆ្នាំ ៦ខែ) យុវជន ថាច់ ញ៉ា និងលោក គឹម ឃូ (២ឆ្នាំ) ។
ទាក់ទងនឹងរឿងនេះ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា អំពាវនាវដល់បណ្ដាសហគមន៍ជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់បញ្ហានេះ និងជំរុញឱ្យមានវិធានការបន្ទាន់ជួយឱ្យសកម្មជន និងព្រះសង្ឃ ដែលរងអយុត្តិធម៌ពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលវៀតណាមនេះឱ្យមានសេរីភាពវិញ។
លោក ថាច់ ង៉ា៖ «វៀតណាមកាត់ទោសហ្នឹងមិនស្របនឹងសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោមទេ។ អយុត្តិធម៌ណាស់ចំពោះបងប្អូនក៏ដូចជាព្រះសង្ឃ ៩អង្គ និងនាក់ហ្នឹងថា មិនសមហេតុផលទេ ទង្វើអាជ្ញាធរវៀតណាមចោទប្រកាន់មកលើ ៩អង្គ និងនាក់ហ្នឹង។ ខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរគ្រប់ទិសទី ពិសេសសហព័ន្ធខ្មែរកម្ពុជាក្រោមយើងជួយដឹង ជួយឮជួយរកយុត្តិធម៌ប្ដឹងផ្ដល់ដល់អង្គការសហប្រជាជាតិ ជួយរកខុសត្រូវដល់បងប្អូនសកម្មជនសិទ្ធិមនុស្សឱ្យបានឆាប់ចេញមានសេរីភាពជួបជុំនឹងសង្គមគ្រួសារ»។
អាជ្ញាធរវៀតណាមនៅខេត្តលង់ហោរបានចាប់ផ្សឹកព្រះសង្ឃទាំង ៥អង្គ និងចាប់មនុស្សបីនាក់ផ្សេងទៀត កាលពីថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមីនា។ ជាមួយគ្នានេះកាលពីខែឧសភា កន្លងទៅ តុលាការវៀតណាមបានកាត់ទោសសកម្មជនសិទ្ធមនុស្សខ្មែរកម្ពុជាក្រោមពីរនាក់ គឺលោក ថាច់ កឿង និងលោក តោ ហ្វាងចឿង ឱ្យជាប់ពន្ធនាគារ ពី ៣ ដល់ ៤ឆ្នាំដែរ។
ទោះជាយ៉ាងណាក្ដី អង្គការសិទ្ធិមនុស្សខ្មែរក្រោមចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញសាសនា និងសិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹងករណីនេះសហព័ន្ធខ្មែរកម្ពុជាក្រោមតែងធ្វើយុទ្ធនាការជាប់រហូត ដោយស្នើដល់សហគមន៍អន្តរជាតិឱ្យអន្តរាគមន៍ទៅវៀតណាមឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។