ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់បានតាមដានសវនាការកាត់ទោស លោក កឹម សុខា យ៉ាងដិតដល់ក្នុងរយៈពេល ២សប្តាហ៍មកនេះ។ ទោះជាដំណើរការក្តីមានភាពក្តៅគគុកក៏ដោយ ក៏ពួកគាត់យល់ថា សវនាការរឿងនេះធ្វើឡើងជាលក្ខណៈបង្គ្រប់កិច្ចច្រើនជាងការរកយុត្តិធម៌ពិតប្រាកដ។
ពលរដ្ឋខ្លះប្រាប់អាស៊ីសេរីថា តុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាច នឹងមិនអាចរកយុត្តិធម៌ជូនមេបក្សប្រឆាំង លោក កឹម សុខា បាននោះទេ ដោយសារនេះជារឿងក្តីនយោបាយ។ពលរដ្ឋមួយរូបនៅខេត្តព្រៃវែង លោក សុភាព មេត្រី អះអាងថា ទាំងរូបលោក និងប្រជាពលរដ្ឋដទៃទៀតនៅក្នុងមូលដ្ឋាន មើលឃើញថា សវនាការក្តីលោក កឹម សុខា ធ្វើឡើងដើម្បីបង្គ្រប់កិច្ច និងដើម្បីអូសបន្លាយពេលវេលាកាន់អំណាច របស់ក្រុមមេដឹកនាំសព្វថ្ងៃប៉ុណ្ណោះ។ លោកជឿថា លោក កឹម សុខា មិនបានប្រព្រឹត្តទង្វើក្បត់ជាតិនោះទេ ផ្ទុយទៅវិញសកម្មភាពទាំងឡាយរបស់មេបក្សប្រឆាំងរូបនេះ គឺដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា អ្វីដែលលោកចង់ឃើញនោះ គឺមានស្ថាប័នឯករាជ្យមួយកាត់ទោសមន្ត្រីតុលាការក្រុងភ្នំពេញទៅវិញទេ ព្រោះពួកគេបានចាប់លោក កឹម សុខា ដែលជាជនគ្មានកំហុសដាក់គុក និងចោទប្រកាន់ដោយគ្មានមូលដ្ឋានពីបទក្បត់ជាតិ ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស៖ «ប្រជាពលរដ្ឋក៏គេដឹងដែរថា រឿងនេះជាករណីនយោបាយ ដូច្នេះការលើកលែង ទម្លាក់បទចោទក៏ខុស កាត់ទោសក៏ខុស ហើយករណីលើកលែងទោស សួរថាមានទោសឯណាលើកលែង បើមនុស្សអត់មានទោសផងហ្នឹង។ ដូច្នេះ អ្នកដែលត្រូវកាត់ ដូចខ្ញុំថាអ៊ីចឹង គឺតុលាការទេដែលយើងត្រូវកាត់ ព្រោះចាប់មនុស្សដែលគ្មានកំហុស ចាប់មនុស្សដែលគេមើលឃើញថា គ្មានទោស ហើយចេះតែអូសបន្លាយពីមួយឆ្នាំទៅមួយឆ្នាំ បង្កបញ្ហាដល់ការអនុគ្រោះពន្ធ EBA កើតឡើងចំពោះស្រុកខ្មែរទៀត ធ្វើឱ្យខូចដល់កិត្តិយសប្រទេសជាតិមួយទាំងមូលទៀត»។
ស្រដៀងគ្នានេះ មន្ត្រីរាជការមួយរូបដែលសុំមិនបញ្ចេញឈ្មោះ មានជំនឿថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តទង្វើក្បត់ជាតិដូចការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ឡើយ។ លោកថា សវនាការកាត់ទោសលោក កឹម សុខា គឺជារឿងលេងសើច ព្រោះតុលាការចោទលោក កឹម សុខា ថាត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែមកទល់ពេលនេះមិនឃើញមានការកោះហៅតំណាងរដ្ឋាភិបាលបរទេសណាមួយមកតតាំងក្តីនៅឡើយទេ។ លោកយល់ថា លោក កឹម សុខា អាចនឹងរួចខ្លួនពីបទចោទប្រកាន់បែបប្រឌិតនេះ ប្រសិនបើគាត់សុខចិត្តបញ្ចប់សម្ពន្ធភាពនយោបាយជាមួយលោក សម រង្ស៊ី៖ «ទីមួយ ប្រសិនបើឯកឧត្ដម កឹម សុខា ទទួលយកអ្វីដែលគេចោទ ហើយនិងទីពីរ គាត់ទទួលយកការលើកលែងទោស អ៊ីចឹងមានន័យថា មតិអន្តរជាតិ និងសកម្មជនគណបក្សសង្គ្រោះជាតិនៅខាងក្រៅក៏ដូចនៅខាងក្នុងហ្នឹង តស៊ូមួយរយៈកន្លងមកហ្នឹងមានន័យថាសូន្យតែម្ដង គឺអត់មានន័យអ្វីទាំងអស់។ អ្វីៗគឺសាបទាំងអស់ ហើយវាចំណេញទៅរដ្ឋាភិបាល១០០ % តែម្ដងពេលហ្នឹង។ អ៊ីចឹងខ្ញុំអត់ជឿថា ឯកឧត្តម កឹម សុខា គាត់ទទួលយក ហើយគាត់សារភាពដល់កម្រិតហ្នឹងទេ»។
និស្សិតពេទ្យមា្នក់ គឺកញ្ញា យាន ស្រីយ៉ាន ដែលបានតាមដានដំណើរការក្តីនេះ រិះគន់សវនាការលោក កឹម សុខា ថា ជាឆាកល្ខោននយោបាយ និងជារឿងបង្គ្រប់កិច្ច ដែលយុត្តិធម៌នឹងគ្មានឡើយសម្រាប់មេដឹកនាំបក្សប្រឆាំងរូបនេះ។ កញ្ញាសោកស្ដាយដែលសង្គមកម្ពុជាមានការប្រឌិតរឿងពីសទៅខ្មៅ ហើយអ្នកនយោបាយដែលកញ្ញាយល់ថា មានភក្ដីភាពចំពោះជាតិ ដូចជា លោក កឹម សុខា ត្រូវរងការចោទប្រកាន់ដោយអយុត្តិធម៌បែបនេះ៖ «លើកលែងតែយើងយកច្បាប់ជាធំ ហើយយើងធ្វើការគោរពតាមច្បាប់ដែលត្រឹមត្រូវ ដែលល្អ អ៊ីចឹងបានអាចថា មានយុត្តិធម៌សម្រាប់គាត់ ប៉ុន្តែវាគ្រាន់តែប្រៀបបានជាឆាកល្ខោន អ៊ីចឹងយុត្តិធម៌ គឺមិនអាចមានចំពោះគាត់ទេ»។
សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការសំណុំរឿងលោក កឹម សុខា ២ លើករួចមកហើយ ដោយលើកទីមួយនៅថ្ងៃទី១៥ និង១៦ មករា ហើយលើកទីពីរ នៅថ្ងៃទី២២ និង២៣ មករា។ ទោះជាយ៉ាងណា សវនាការពីរលើកកន្លងទៅនេះ មិនទាន់ជជែកដេញដោលដល់អង្គសេចក្តីនៅឡើយទេ ពោលគឺនៅត្រឹមការជជែករឿងភស្តុតាងប៉ុណ្ណោះ។ អ្នកតាមដានសវនាការថា មេធាវីដើមបណ្តឹងមិនទាន់បង្ហាញភស្តុតាងសំខាន់ដើម្បីដាក់បន្ទុក លោក កឹម សុខា នៅឡើយទេ ក្រៅពីវីដេអូដែលត្រូវគេកាត់ត ខុសខ្លឹមសារដើមរបស់លោក កឹម សុខា។ តុលាការបានប្រកាសថា សវនាការរឿងក្តីនេះអាចប្រើពេលច្រើនខែ ដោយក្នុងមួយសប្ដាហ៍ធ្វើឡើងរយៈពេល២ ថ្ងៃ។ សវនាការលោក កឹម សុខា នឹងបន្តនៅថ្ងៃពុធ និងព្រហស្បតិ៍សប្ដាហ៍ក្រោយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យ ជាពិសេស គឺអង្គការសហប្រជាជាតិតែម្ដង បានពិនិត្យឃើញថា ករណីផ្លូវច្បាប់ប្រឆាំងលោក កឹម សុខា នេះ គឺជារឿងនយោបាយ ហើយពួកគេបានទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់មេបក្សប្រឆាំងរូបនេះវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។