ទស្សនៈ​ទូទៅ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា

ដោយ យន់ សាមៀន
2020-10-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដាំ ក្នុង​ជំនួប​​នាវិមាន​រដ្ឋសភា​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដាំ ក្នុង​ជំនួប​​នាវិមាន​រដ្ឋសភា​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣។
Photo of AFP

ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មួយ​ចំនួន បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ​។ ពួកគេ​ថា ដំណើរ​ទស្សនកិច្ច​មន្ត្រី​ការទូត​ចិន​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​សេដ្ឋកិច្ច​នោះ​ទេ។ លើស​ពី​នេះ​កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច មាន​ភាព​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ថែម​ទៀត។

ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មួយ​ចំនួន ព្រួយបារម្ភ​ច្រើនជាង​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការ​ទូត​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ លោកស្រី គីម សុគន្ធ​នីសា ថ្លែង​ថា ចិន គឺជា​ប្រទេស​កុម្មុយនីស្ត ដូច្នេះ​ច្បាស់​ណាស់​ថា ចិន​មក​វិនិយោគ​នៅ​កម្ពុជា គ្មាន​សុចរិត​ភាព តម្លាភាព និង​លើកស្ទួយ​សិទ្ធិមនុស្ស ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។ លោកស្រី បន្ត​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ក៏​មិន​អាច​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ជំនួស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប​បាន​ដែរ៖ «ធ្វើ​ឲ្យ​ប្រទេស​យើង​បាត់បង់​លទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គ្មាន សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ និង​ការ​បញ្ចេញមតិ»

ពលរដ្ឋ​មួយ​រូប​ទៀត រស់នៅ​ខេត្ត​ស្វាយរៀង លោក យិន សុធាវី ព្រួយ​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​នេះ នឹង​មិន​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ កាន់តែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ជាដើម៖ «ចិន​មក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខ្មែរ ឬ​មក​ទស្សនកិច្ច​ផ្សេងៗ ឬ​មក​ទំនាក់ទំនង​ការ​រកស៊ី​ហ្នឹង គឺ​យើង​មើល​ទៅ ចិន​មិនដែល​និយាយ​អំពី​ប្រជាធិបតេយ្យ គេ​មិន​និយាយ​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ទេ ហើយ​បើ​យើង​មើល​ការ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​នេះ គឺ​កម្ពុជា ជា​ប្រទេស​ផលិត​និង​នាំចេញ ហើយ​សួរ​ថា តើ​ចិន​មាន​ទីផ្សារ​សម្រាប់​យើង​នាំចេញ​អត់ តែ​តាម​ដែល​ខ្ញុំ​យល់ និង​ដឹង​កន្លងមក គឺ​ភាគច្រើន​មានតែ​ចិន​នាំ​យក​វត្ថុធាតុដើម​មួយ​ចំនួន​មក​លក់​នូវ​ស្រុក​ខ្មែរ​យើង ឬ​យក​មក​កែឆ្នៃ​នៅ​ស្រុក​ខ្មែរ​យើង ដើម្បី​នាំទៅ​លក់​នៅ​សហភាព​អឺរ៉ុប»

ការ​បញ្ចេញ​ប្រតិកម្ម​នេះ ស្រប​ពេល​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នឹង​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី១២ ខែ​តុលា ។ លោក វ៉ាង យី នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផល​ប្រយោជន៍​និង​កង្វល់​រួម​។ ក្រៅ​ពី​នេះ ប្រមុខ​ការទូត​ចិន​រូប​នេះ ក៏​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​ឯកសារ​សំខាន់​មួយ​ចំនួនទៀត​ផង​ដែរ។

ជុំវិញ​ដំណើរ​ប្រមុខ​ការទូត​ចិន​នេះ​ដែរ សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ​ម្នាក់ទៀត គឺ​លោក អាត វិចិត្រ ព្រួយបារម្ភ​ថា ដំណើរ​របស់​លោក វ៉ាង យី (Wang Yi) ខណៈ​ដែល​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រេះស្រាំ​កាន់តែ​ខ្លាំង បន្ទាប់​ពី​របប​ក្រុងភ្នំពេញ វាយកម្ទេច​អគារ​កងទ័ពជើងទឹក​រាម ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក និង​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ លោក​យល់​ថា វត្តមាន​ប្រមុខ​ការទូត​ចិន នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា ចិន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយកម្ទេច​អគារ​ជំនួយ​អាមេរិក​នៅ​រាម ហើយ​ចិន​ស្ម័គ្រចិត្ត​ធ្វើជា​ខ្នងបង្អែក​សម្រាប់​ការពារ​អំណាច​ត្រកូល​ហ៊ុន៖ «ទី​១​សេដ្ឋកិច្ច និង​លំហ​ប្រជាធិបតេយ្យ​វា​កាន់តែ​ធ្លាក់​ដុនដាប ព្រោះថា ចាប់​យក​រដ្ឋាភិបាល​កុម្មុយនិស្ត​ដូចគ្នា ហើយ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​សេរី​នៅ​លើ ឆាក​អន្តរជាតិ ដូច្នេះ​យើង​មិន​សម្លឹង​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ងាក​មក​ខាង​ប្រជាធិបតេយ្យ​វិញ​ទេ»

ទោះបីយ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​មុន​ដំណើរ​របស់​លោក វ៉ាង យី (Wang Yi) ថា មានតែ​ចិន​ទេ ដែល​ជួយ​កម្ពុជា​ច្រើន​ជាងគេ ក្នុង​ការ ផ្តល់​ជំនួយ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។ លោក​ក៏​បាន​បញ្ជាក់​ជាថ្មី​ថា កម្ពុជា​នឹងមិន​លំអៀង​ទៅ​ចិន ក្នុង​ការ​ប្រើប្រាស់​ទីតាំង​យោធា​ខ្មែរ នៅ​ខេត្ត​ព្រះសីហនុ​នោះ​ទេ​។ លោក​ថា កម្ពុជា​នឹង​ស្វាគមន៍​នាវា​បរទេស​ទាំងអស់ ប៉ុន្តែ​ត្រូវ​សុំ​ច្បាប់​ជាមុន​សិន មុននឹង​អាច​ប្រើប្រាស់​បាន​។ ទោះបី​លោក ហ៊ុន សែន​អះអាង​ថា ដូច្នោះ​ក៏ដោយ ក៏​មន្ត្រី​បក្ស​នយោបាយ​មួយ​ចំនួន​នៅ​មិនទាន់​ជឿជាក់​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិនទាន់​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​ការបរទេស​អព្យាក្រឹត​ដូច​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ការ​ប្រកាស​របស់​ខ្លួន​នៅឡើយ​ទេ ពោល​គឺ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា លម្អៀង​ខ្លាំង​ទៅ​រក​មហាអំណាច​ចិន​។ លោក បន្ត​ថា ការ​ងាក​ទៅ​រក​ចិន​ទាំង​នយោបាយ ទាំង​ពាណិជ្ជកម្ម​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មានការ​រំលោភ​សិទ្ធិមនុស្ស និង​គ្មាន​អភិបាលកិច្ច​ល្អ។ លោក​សង្កេត​ឃើញ​ថា ថ្វី​ដ្បិត​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ និង​កម្ចី​ធំ​មួយ តែ​ចិន​មិនដែល​និយាយ​សូម្បី​មួយ​ម៉ាត់​ពី​ភាពអវិជ្ជមាន​នៅ​កម្ពុជា ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស អំពើពុករលួយ ឬ​អយុត្តិធម៌​សង្គម ជាដើម ខុស​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាង​លិច ដែល​មិន​ត្រឹមតែ​ផ្តល់​ជំនួយ​មក​កម្ពុជា​នោះ​ទេ និង​តែងតែ​រិះគន់​ទៅលើ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ពិសេស​ពី​ការរំលោភ​សិទ្ធិមនុស្ស ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជាដើម៖ «ដំណើរ​ទស្សនកិច្ច​នេះ ខ្ញុំ​ឃើញ​ក្នុង​រូបភាព​ពីរ​ដូច​ជាទី​១ គឺ​ពង្រឹង ទំនាក់ទំនង​រវាង​កម្ពុជា ជាមួយ​នឹង​ចិន និង​ការ​ជួយជ្រោមជ្រែង​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រូបភាព​ទី​២ យើង​មើល​ឃើញ​ហើយ​ថា វា​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដើម្បី​ជួយ​ពង្រឹង​អំណាច​ដល់​រដ្ឋាភិបាល​កម្ពុជា»

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន លើកឡើង​ថា ប្រទេស​កម្ពុជា នឹង​ជួប​ផលវិបាក​ដូច​អតីតកាល ប្រសិនបើ​វិស័យ​ការទូត​កម្ពុជា​លម្អៀង​ទៅ​រក​ចិន ហើយ​បោះបង់​ប្រទេស​អាមេរិក និង​សហភាព​អឺរ៉ុប​។ លោក បារម្ភ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​របស់​ប្រមុខ​ការទូត​ចិន​នេះ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ​សាជាថ្មី៖ «បើ​យើង​ទៅ​ចាប់​ចិន គឺ​អាមេរិក​នឹង​ទះ​កំផ្លៀង ហើយ​បើ​យើង​ចាប់​អាមេរិក គឺ​ចិន​នឹង​ទះ​កំផ្លៀង នេះ​គឺជា​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់​ឆ្លងកាត់ ។ កម្ពុជា​គួរតែ រក្សា​ចំណងមិត្តភាព​ស្មោះត្រង់​ទាំង​ជាមួយ​អាមេរិក និង​ចិន ពោល​គឺ​មិន​គួរ​ចាប់​មួយ​បោះចោល​មួយ​បាន​ទេ​។ ទី​២ ចិន​មក​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អី​នេះ ខ្ញុំ​មើល​មិន​ឃើញ​ពី​ភាព​ចំណេញ​របស់​កម្ពុជា​ប៉ុន្មាន​ទេ»

មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ក៏បាន​រិះគន់​ថា ដោយសារ​មាន​ចិន​ជា​បង្អែក​ដ៏​រឹងមាំ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​បែបនេះ​។​

ប្រជាពលរដ្ឋ និង​អ្នកនយោបាយ អំពាវនាវ​ថា សម្រាប់​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​នេះ គួរ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ទាំងអស់​ក្នុង​ពិភពលោក​ឲ្យ​មាន​តុល្យភាព ទើប​ធ្វើ​ឲ្យ​កម្ពុជា បាន​សុខ និង​រីកចម្រើន​ពិតប្រាកដ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល