ពលរដ្ឋ និង​​សង្គម​ស៊ីវិល​ថា មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី អាច​ជួយ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ

0:00 / 0:00

ប្រធាន​​ស្តីទី​​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​​សម្រេច​ជា​ផ្លូវ​ការ​​ហើយ​ថា លោក​នឹង​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ ក្នុង​ពេល​ជាងពីរ​ខែ​ខាង​មុខ​​ទៀត​នេះ។ តើ​មជ្ឈដ្ឋាន​​នានា យល់​ឃើញ​ដូច​ម្តេច​ចំពោះ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​​មេបក្ស​ប្រឆាំង​រូប​នេះ?

មន្ត្រី​​បក្ស​ប្រឆាំង​ និង​ពលរដ្ឋ​មួយ​ចំនួន​​ស្វាគមន៍​ដំណើរ​វិល​ត្រឡប់​មក​​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ហើយ​ពួក​គេ​បញ្ជាក់​ថា នឹង​ទៅ​​ជួប​ជុំ​គ្នា​ដើម្បី​ចាំ​ទទួល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។

អតីត​ចៅ​សង្កាត់​ជាប់​ឆ្នោត​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​សៀមរាប លោក សៀក ចំណាប់ ថ្លែង​ថា លោក និង​ពលរដ្ឋ​ដទៃ​ទៀត នឹង​ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ឱ្យ​បាន​អធិកអធម។ លោក​ជឿ​ថា វត្ត​មាន​របស់​លោក សម រង្ស៊ី នឹង​អាច​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ដំណើរ​ការ​ល្អ​ឡើងវិញ៖ «នៅពេល​ណា​ដែល​អ្នក​នយោបាយ​ប្រើ​កម្លាំង​បាយ​ទៅធ្វើ​ការ​បង្ក្រាប​គ្នា វា​អត់​មាន​ផល​ចំណេញ​ទាំង​សង​ខាង​ ខាត​ប្រយោជន៍​ជាតិ។ ខ្ញុំ​នៅ​តែ​យល់​ថា ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន ទាំង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ការ​ចរចារ​នយោបាយ​មួយ​ដើម្បី​ឱ្យ​ចំណេញ​ដល់​ប្រយោជន៍​ជាតិ»

តាម​សេចក្តី​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​ស្តីទី​នៃ​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី នឹង​​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ ដែល​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ទាំង​ឡាយ​របស់​បក្ស​ប្រឆាំង​​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិក​សភាអឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះ​ស្រាយការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំង​ឡាយ​របស់​ជាតិ​ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះ​ស្រាយ​បាន ជា​ពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ប្រធាន​ក្រុម​អ្នក​នាំពាក្យ​របបក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ឡើយ ដោយ​លោក​​ប្រកាន់​ជំហរ​មិន​និយាយ​អ្វី​​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ៖ «ខ្ញុំ​អត់​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ដែល​គេ​រំលាយ​ចោល​នោះ​ទេ។ ខ្ញុំ​និយាយ​តែ​ជាមួយ​ប្រជាពលរដ្ឋ​ ហើយ​និង​គណបក្ស​ស្រប​ច្បាប់​តែ​ប៉ុណ្ណឹង«

ដោយ​ឡែក អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នាយ​ឧត្តមសេនីយ៍ ឆាយ គឹមខឿន វិញ ថ្លែង​ថា ការ​ត្រឡប់ ឬ​មិន​ត្រឡប់​មក​កម្ពុជា​វិញ គឺ​ជា​សិទ្ធិ​របស់​លោក សម រង្ស៊ី។ ក៏​ប៉ុន្តែ លោក​ថា ​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​​មក​ដល់ទឹក​ដី​​ក​ម្ពុជា​ នោះ​សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​គាត់​​តាម​ដីកា​របស់​តុលាការ៖ «តាំង​ពី​ណាពី​ណី​មក ឱ្យ​តែ​មាន​វត្តមាន​គាត់​នៅ​ក្នុង​ប្រទេស​មិន​ដែល​បាន​សុខទេ ហើយ​មក​លើក​នេះ ក៏​គ្មាន​បាន​សុខ​អី​ដែរ។ ពេល​គាត់​មក យើង​អនុវត្ត​តាម​ដីកា​តុលាការ ដូច​អត់​មាន​​ចាត់​ការ​អី ក្រៅពី​ចាប់​ខ្លួន​គាត់​នោះ​ទេ»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង លោក សុភាព មេត្រី យល់​ថា ប្រជា​ពលរដ្ឋ​នឹង​ជួយ​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក សម រង្ស៊ី ឡើយ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​ហ៊ាន​ចាប់​ខ្លួន​​លោក សម រង្ស៊ី មែន នោះ​សហគមន៍​អន្តរជាតិ​នឹង​ថ្កោល​ទោស ហើយ​ដាក់​សម្ពាធ​កាន់​តែ​​ធ្ងន់​លើ​​​​របប​ដឹក​នាំ​បច្ចុប្បន្ន។ ទន្ទឹម​នឹង​នេះ លោក​បញ្ជាក់​ថា រូប​លោក​ និង​ប្រជា​ពលរដ្ឋ​ដទៃទៀត​នៅ​តែ​ប្រកាន់​ជំហរ​ទៅ​ទទួល​លោក សម រង្ស៊ី ដដែល បើ​ទោះជា​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​ក៏​​ដោយ។ ពលរដ្ឋ​រូប​នេះថ្លែង​ទៀតថា ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​​ស្រេក​ឃ្លានការ​ផ្លាស់​ប្តូរ ដូច្នេះ​វត្តមាន​របស់​លោក សម រង្ស៊ី គឺជា​ការ​​ផ្តល់​ក្តីសង្ឃឹម​ដល់​ពលរដ្ឋ៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​ចាប់​មនុស្ស​ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់ ដែល​ប្រជា​ពលរដ្ឋ​ទុក​ចិត្ត​បោះ​ឆ្នោត​ឱ្យ​ ការ​តវ៉ា​ត្រូវ​តែ​មាន​ហើយ ដូច្នេះ​ខ្ញុំ​ជឿ​ថា សន្ទុះ​រឹត​តែ​ខ្លាំងឡើងៗ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរនៅក្រៅ​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​នឹង​អស់​ការ​សំងំ​ហើយ»

ចំណែក​ខាង​សង្គម​ស៊ីវិល​វិញ ក៏​រំពឹង​ថា វត្តមាន​របស់​លោក សម រង្ស៊ី នឹង​ជួយ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​នៅកម្ពុជា​ដែរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តស៊ូក្នុង​សមរភូមិ​ការ​ទូត​លើ​ឆាក​អន្តរជាតិ​រួច​ហើយ​ ដូច្នេះ​ដល់​ពេល ដែល​ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ។ លោក​បន្តថា វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ស្រុក មាន​ភាព​ចាំបាច់​ខ្លាំង ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ដែល​នឹង​ជួយ​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត។ លោក​ជឿ​ជាក់​ថា អាជ្ញាធរ​នឹង​មិន​ចាប់​ខ្លួន លោក សម រង្ស៊ី ឡើយ ហើយ​ការ​ព្រមាន​កន្លង​មក គ្រាន់​តែ​ជា​យុទ្ធសាស្រ្ត​បំភ័យ​ប៉ុណ្ណោះ៖ «វត្ត​មាន​របស់​គាត់​មាន​សារៈសំខាន់​ក្នុង​ការ​ចូល​មក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅកម្ពុជា ហើយ​ជា​ពិសេស​ទាក់ទង​ទៅនឹង​រឿង​ EBA បើ​យើង​មាន​ដំណោះ​ស្រាយ​នូវ​រាល់​វិបត្តិ​នយោបាយ នៅ​ពេល​ហ្នឹង​ហើយ ដែល​យើង​អាច​រក្សា EBA បាន»

ចំណែក អ្នកសម្រប​សម្រួលផ្នែក​អង្កេតនៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស វិញ មើល​ឃើញ​ថា បញ្ហា​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​ប្រឈម​ សុទ្ធសឹង​តែ​ផ្តើម​ចេញ​ពី​រឿង​នយោបាយ ដូច្នេះ​លោក​ថា មាន​តែ​ការ​ចរចារ​តាម​ផ្លូវ​នយោបាយ​ទេ ទើប​រឿង​ទាំងនោះ​អាច​ដោះ​ស្រាយ​បាន។ ក៏​ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច និង​ប​ក្ស​ប្រឆាំងជជែក​រក​ដំណោះ​ស្រាយ​ជា​មុន ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ដោយ​ម្ខាង​អាង​កង​កម្លាំង​ប្រដាប់​អាវុធ និង​ម្ខាង​ទៀត​អាង​កម្លាំង​មហាជន៖ «ខ្ញុំ​នៅ​តែ​ទទូច​ថា ចៀស​ឱ្យ​ផុត​ពីការ​ប្រឈម​នៃកម្លាំង​ទាំងពីរ​កុំ​ឱ្យ​មាន​ការ​ប្រឈម​គ្នា។ ខ្ញុំ​មិន​ធ្វើ​ការ​វិនិច្ឆ័យ​ខុស​ត្រូវ​ខាង​ណា​នោះទេ ប៉ុន្តែ​សង្ឃឹមថា ខាង​រដ្ឋាភិបាល​លោក​នឹង​ធ្វើ​ការ​ពិចារណា និង​បន្ត​ការ​ជជែក​ឱ្យ​អស់​លទ្ធភាព​អំពី​បញ្ហា​នយោបាយ»

លោក សម រង្ស៊ី និងមន្ត្រីជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់ ដើម្បី​គេច​ចេញ​ពីការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​របបក្រុង​ភ្នំពេញ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​មាន​អំណាច​ផុត​លេខ​នៅ​កម្ពុជា មិន​បាន​អត់​ឱន ឬ​ទុក​ឱកាស​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដណ្តើម​អំណាច​ពី​លោក​បាន​ឡើយ។ លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ ទោះ​ជា​គ្មា​ន​មូលដ្ឋាន​ចោទ​ប្រកាន់​គ្រប់គ្រាន់​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់ ហើយ​ប្រើ​ស្ថាប័ន​កំពូលៗ​របស់​​ជាតិ ​ឱ្យ​ដក​ហូត​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​យក​ទៅ​ចែក​គ្នា​កាន់​កាប់​ទៀត​ផង។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ប្រើ​អំណាច​ផ្តាច់​ការ បំបិទ​សិទ្ធិ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឱ្យ​ធ្វើ​នយោបាយ​ផង​ដែរ ទាំង​មន្រ្តី​នៅ​ថ្នាក់​ជាតិ រហូត​ដល់​សកម្មជន​នៅ​តាម​មូលដ្ឋាន។

ទង្វើ​ទាំងអស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​និយម​ប្រជាធិបតេយ្យ​ថ្កោល​ទោស​របប​លោក ហ៊ុន សែន ជា​ខ្លាំង និង​កំពុង​រិះរក​វិធីសាស្ត្រ​​ដាក់​ទណ្ឌកម្ម​របប​នេះ ​ឱ្យ​ងាក​មក​​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។