លោក សម រង្ស៊ី ចោទថា លោក ហ៊ុន សែន ចង់បំបែកបក្សប្រឆាំង ដើម្បីបន្សាបប្រជាប្រិយភាព និងបំភ័ន្តភ្នែកអន្តរជាតិ

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទ មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថា កំពុងប្រើយុទ្ធសាស្ត្របំបែកសម្ពន្ធភាពលោកជាមួយលោក កឹម សុខា ដើម្បីបន្សាបប្រជាប្រិយភាពបក្សប្រឆាំង និងបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ប្ដូរយកការអនុគ្រោះពន្ធ EBA។ មន្ត្រីរដ្ឋាភិបាល បដិសេធការចោទប្រកាន់នេះ និងថា លោក សម រង្ស៊ី កំពុងអស់សង្ឃឹមខ្លួនឯង។
លោក សម រង្ស៊ី លើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន ប្រើល្បិចបែបនេះ គឺដើម្បីបន្សាប កុំឱ្យពលរដ្ឋបន្តគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀត និងចង់បោកប្រាស់សហគមន៍អន្តរជាតិ យកការអនុគ្រោះពន្ធ EBA ក្រោមហេតុផលថា របបក្រុងភ្នំពេញ បានស្ដារប្រជាធិបតេយ្យឡើងវិញ ជាដើម។ លោក សម រង្ស៊ី អះអាងថា លោក កឹម សុខា នឹងមិនព្រមឱ្យ លោក ហ៊ុន សែន បំបែកចេញពីលោកឡើយ ហើយលោកជឿថា ពលរដ្ឋក៏មិនចាញ់បោក ល្បិចបំបែកបំបាក់របស់លោក ហ៊ុន សែន ដែរ។
លោក សម រង្ស៊ី ថ្លែងបែបនេះនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៧ វិច្ឆិកាពីប្រទេសបារាំង ក្នុងនាមប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ លោកថ្លែងទៀតថា ស្របពេល ឱសានវាទនៃការសម្រេចរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតមកដល់នោះ គណបក្សសង្គ្រោះជាតិនឹងមិនចរចាជាមួយ លោក ហ៊ុន សែន ឡើយ ហើយលោកក៏ផ្ដាំឱ្យសហភាពអឺរ៉ុប មិនត្រូវចរចាជាមួយ លោក ហ៊ុន សែន ដកលើចំណុចវត្តមានគណបក្សសង្គ្រោះជាតិ លើឆាកនយោបាយកម្ពុជាដែរ។
គិតត្រឹមថ្ងៃទី២៧ វិច្ឆិកា នៅសល់ពេល១៥ថ្ងៃទៀត គឺថ្ងៃទី១២ ខែធ្នូ ដល់ថ្ងៃកំណត់របស់សហភាពអឺរ៉ុប ដែលបានកំណត់ឱ្យរបបក្រុងភ្នំពេញ ឆ្លើយតបនឹងរបាយការណ៍កម្រាស់៧០ទំព័រ ដែលសហភាពអឺរ៉ុប រកឃើញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាហើយ មុននឹងសហភាពអឺរ៉ុបសម្រេចចិត្តជាចុងក្រោយអំពីការដក ឬរក្សាទុក EBA នៅខែកុម្ភៈឆ្នាំ២០២០ ខាងមុខ។
ឆ្លើយតបនឹងការលើកឡើងរបស់ លោក សម រង្ស៊ី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនបានបំបែកបំបាក់អ្វីទេ ព្រោះរដ្ឋាភិបាលមិនចាប់អារម្មណ៍នឹងលោក សម រង្ស៊ី។ លោកយល់ថា លោក សម រង្ស៊ី ថ្លែងសារបែបនេះ ដោយសារតែគាត់អស់សង្ឃឹមខ្លួនឯង ព្រោះត្រូវអស់តំណែង ពេលលោក កឹម សុខា មានសេរីភាព ហើយសហភាពអឺរ៉ុបមិនចាប់អារម្មណ៍លើរូបគាត់។ «»
បើទោះជា លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលគ្មានគោលការណ៍បំបែកមេដឹកនាំបក្សប្រឆាំងក្តី ក៏លោក ហ៊ុន សែន ធ្លាប់ចំអកឱ្យមេដឹកនាំបក្សប្រឆាំង ថា បើត្រូវគេបំបែកបានមែន គឺដោយសារខ្លួនអន់ ហើយកុំបន្ទោសអ្នកបំបែក។ «»
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា យុទ្ធសាស្ត្រនយោបាយចុងក្រោយនេះ គឺ គណបក្សកាន់អំណាច ពិតជាមានបំណងចង់បំបែក លោក កឹម សុខា ចេញពី លោក សម រង្ស៊ី មែន។ លោកយល់ថា សាររបស់ លោក សម រង្ស៊ី ចង់ក្រើនរំលឹកប្រាប់ថា លោក កឹម សុខា និងពលរដ្ឋអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ មិនអាចត្រូវគេបំបែកបានទេ។
លោក បុង ដែត យល់ថា កត្តាដែលធ្វើឱ្យគណបក្សកាន់អំណាច ច្រើនឆ្នាំមកនេះ មិនអាចសម្រេចផែនការបំបែក លោក សម រង្ស៊ី និង លោក កឹម សុខា ឱ្យបែកជា២ក្រុមបាន ដោយសារ ពលរដ្ឋជាអ្នករារាំង។ លោកថា អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ បានបង្ខំឱ្យ លោក សម រង្ស៊ី និង លោក កឹម សុខា ជ្រើសយកជម្រើសរួបរួមគ្នាបន្តទៀត ទើបពួកគាត់មិនអាចបែកបាក់គ្នាបាន។ «»
លោក សម រង្ស៊ី អំពាវនាវឱ្យ អ្នកប្រជាធិបតេយ្យ មិនត្រូវបែកបាក់គ្នា តាមការញុះញង់ និងការអូសទាញរបស់បក្សកាន់អំណាចឡើយ។ លោកលើកហេតុផល ថា ការបែកបាក់ក្នុងកាលៈទេសៈនេះ នឹងមិនអាចឈ្នះគណបក្សកាន់អំណាចបានទេ បើថ្ងៃមុខ មានការបោះឆ្នោតត្រឹមត្រូវមួយកើតឡើង៕