លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​ខុសគ្នា​ដូច​មេឃ​និង​ដី បើ​ប្រៀប​នឹង​ព្រះបិតា​ព្រះអង្គ

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅតែ​ប្រកាន់​ជំហរ​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កំពុង​ស្ថិត​ក្រោម​ការ​គំរាម និង​ប្រមាថ​ពី​លោក ហ៊ុន សែន។

ថ្លែង​សារ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​ លោក សម រង្ស៊ី ប្រៀបធៀប​ព្រះមហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​សព្វថ្ងៃ ទៅ​នឹង​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ថា មាន​ភាព​ខុសគ្នា ដូច​មេឃ​និង​ដី។

ភាពខុស​គ្នា​នេះ គឺ​លោក សម រង្ស៊ី បញ្ជាក់​ថា មក​ពី​ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ កាល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅឡើយ តែងតែ​ចេញ​ព្រះ​ភ័ក្ត្រ​ការពារ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែល​ឈឺចាប់​ដោយសារ​រងគ្រោះ​ពី​អំពី​អយុត្តិធម៌​ផ្សេងៗ ពី​សំណាក់​​រដ្ឋ​អំណាច​​ផ្ដាច់ការ និង​អ្នកមាន​លុយ​។ ព្រះអង្គ​ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​រោងចក្រ និង​គង់​ជា​បិតា​ឯកភាព​ជាតិ ការពារ​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ ក្នុង​ព្រះរាជ​តួនាទី​ជា​អ្នក​សម្របសម្រួល​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ។ ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី បន្ថែម​ថា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ មិន​យល់ព្រម​យាង​ទៅ​បើក​កិច្ចប្រជុំ​រដ្ឋសភា នៃ​នីតិកាល​ណា ដែល​គ្មាន​វត្តមាន​គណបក្ស​ជាប់ឆ្នោត​ទាំងអស់​ចូលរួម​ជាមួយគ្នា​នោះ​ទេ។

ចំណែក​​​ព្រះមហាក្សត្រ​ខ្មែរ​បច្ចុប្បន្ន​វិញ លោក សម រង្ស៊ី លើកឡើង​ថា ព្រះអង្គ​​មិន​ដែល​ចេញ​ព្រះ​ភ័ក្ត្រ​ជួយ​​ការពារ​​ប្រជារាស្ត្រ​​ខ្មែរ ដែល​រងគ្រោះ​ដូចជា​ការ​រឹបអូស​ផ្ទះសម្បែង និង​ដីធ្លី ការ​ចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​យក​ទៅ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម​​​លើ​​ពលរដ្ឋ​ទន់ខ្សោយ ដែល​ទាមទារ​រក​យុត្តិធម៌​ជាដើម​។ លោក សម រង្ស៊ី ថា ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះអង្គ​​យល់​ព្រម​​ជា​និច្ចកាល ប្រថាប់ត្រា​លើ​ច្បាប់​ទាំងឡាយ ដែល​លោក​ហៅថា​ព្រៃផ្សៃ ដែល​ផ្ដួចផ្ដើម ដោយ​​​លោក ហ៊ុន សែន។

ជាង​នេះ​ទៅ​ទៀត​លោក សម រង្ស៊ី ថា សារ​របស់​ព្រះករុណា ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នាំគ្នា​ទៅ​បោះឆ្នោត ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជាង​បី​លាន​នាក់ និង​រង​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​នោះ ថា​គឺ​រឹតតែ​បង្ហាញ​ថា ព្រះអង្គ​មិន​យក​ព្រះទ័យ ទុកដាក់​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ភាព​អយុត្តិធម៌​នោះ​ឡើយ​។ លោក​ថា​ធ្វើ​បែប​នេះ ហាក់​ដូចជា​ព្រះអង្គ​ចូល​ព្រះហស្ត (ចូល​ដៃ) ជាមួយ​គេ ហើយ​​​យល់ព្រម​ធ្វើជា​អាយ៉ង​របស់​គេ ឱ្យ​តែ​ព្រះអង្គ​បាន​សុខ​ខ្លួនឯង​។ លោក សម រង្ស៊ី បន្ថែម​ថា ការ​ធ្វើ​បែប​នេះ លោក​យល់ថា ព្រះអង្គ​មិនមែន​ជា​ព្រះមហាក្សត្រ​គួរ​ឲ្យ​ស្រលាញ់ និង​គោរព​នោះ​ឡើយ។ តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក សម រង្ស៊ី នៅ​តែ​​​ប្រកាន់​​ជំហរ​ថា ការណ៍​ដែល​ព្រះរាជា​ខ្មែរ​បច្ចុប្បន្ន មិន​អាច​ធ្វើ​ដូច​ព្រះបិតា​ព្រះអង្គ​បាន ក៏​​ដោយសារ​តែ​​រង​​សម្ពាធ និង​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន នោះ​ឯង។

លោក​ថា បុគ្គល​ដែល​បាន​ចាប់​ព្រះមហាក្សត្រ​ធ្វើជា​ចំណាប់ខ្មាំង​របស់​ខ្លួន ហើយ​ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត គឺ​លោក ហ៊ុន សែន ដែល​ធ្លាប់​ហ៊ាន​គំរាម​រំលាយ​ស្ថាប័ន​រាជបល្ល័ង្ក និង​របប​រាជា​និយម​ថែម​ទៀត​ផង។

អាស៊ីសេរី មិនទាន់​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ព្រះបរមរាជវាំង ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ទាំង​ក្រសួង​ព្រះបរមរាជវាំង រដ្ឋាភិបាល ស្ថាប័ន​ជាតិ​សំខាន់ៗ និង​កងកម្លាំងប្រដាប់អាវុធ សុទ្ធតែ​ចេញ​សារ​ព្រម​គ្នា ថ្កោលទោស​លោក សម រង្ស៊ី ចំពោះ​ការ​ថ្លែង ដែល​ស្ថាប័ន​ទាំងនេះ ចាត់ទុកថា ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ និង​ជា​ទង្វើ​ក្បត់ជាតិ។

តុលាការ​របប​លោក ហ៊ុន សែន ក៏បាន​សម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៀត កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​នោះ​ដែរ ក្រោយ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី១២ ខែ​កញ្ញា បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជារាស្ត្រ​ខ្មែរ មិន​អាច​ពឹង​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​បានទេ ព្រោះ​របប​លោក ហ៊ុន សែន បាន​យក​ព្រះ​មហាក្សត្រ ធ្វើជា​ចំណាប់ខ្មាំង​បម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ចំណាត់​ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ មិនមែន​ជា​ព្រះរាជ​បំណង​ព្រះមហាក្សត្រ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ពិតប្រាកដ គឺ​របប​ក្រុង​ភ្នំពេញ​ឯណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។