លោក សម រង្ស៊ី ជំរុញ​ឱ្យ​អន្តរជាតិ​ទាមទារ​ឱ្យ​កម្ពុជា​បោះឆ្នោត​ជា​ថ្មី​ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​ពី​ចិន

0:00 / 0:00

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី នៅតែ​ជឿជាក់​ថា របប​ក្រុងភ្នំពេញ​មាន​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ជាមួយ​ប្រទេស​ចិន ទោះជា​មានការ​បដិសេធ​ពី​ភាគី​ចិន និង​របប​នេះ​ក៏ដោយ។ លោក​ថា ការ​ពង្រីក​ឥទ្ធិពល​យោធា​ដ៏​គ្រោះថ្នាក់​របស់​ប្រទេស​ចិន អាច​កើតមាន​ទៅ​បាន អាស្រ័យ​លើ​រដ្ឋាភិបាល​​រណប និង​ភាព​អសកម្ម​របស់​អន្តរជាតិ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ម្ដង​ទៀត ដោយមាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​របស់​ប្រទេស​ចិន​លើ​កម្ពុជា។ លោក​បន្ត​ថា តាមរយៈ​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​គួរ​ឱ្យ​ទុក​​ចិត្ត​បាន ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​បែប​ចាស់​គំរិល​របស់​លោក ហ៊ុន សែន ដោយ​ជំនួស​មកវិញ​នូវ​រដ្ឋាភិបាល​ថ្មី​ដែល​គោរព​នីតិរដ្ឋ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ​។ លោក​បញ្ជាក់​ថា រឿង​ដំបូង​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ការលុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឱ្យ​ចិន​បោះ​ទីតាំង​ទ័ព​នៅ​លើ​ទឹកដី​ខ្មែរ។

លោក សម រង្ស៊ី សរសេរ​រៀបរាប់​នៅ​ក្នុង​អត្ថបទ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ Project Syndicate ថា ហេតុផល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ អនុញ្ញាត​ឱ្យ​ចិន​តាំង​មូលដ្ឋានទ័ព​លើ​ទឹកដី​ខ្មែរ​នោះ គឺ​ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​ខ្លួន​។ លោក​ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ រួម​ទាំង​កងកម្លាំងប្រដាប់អាវុធ​ផង បាន​ឆ្អែត​ចិត្តនឹង​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ និង​ពុករលួយ​របស់​លោក ហ៊ុន សែន។ លោក​ថា របប​នេះ​អាច​ទ្រាំ​រស់​បាន​មក​ដល់​ពេល​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​វាយ​បង្ក្រាប​ក្រុម​អ្នកប្រឆាំង​ប៉ុណ្ណោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​រូប​នេះ សរសេរ​ទៀត​ថា លោក ហ៊ុន សែន ដឹង​ថា ការ​ដាក់​ខ្លួន​រណប​ក្រុង​ប៉េកាំង នឹង​អាច​ជួយ​ការពារ​គាត់​បាន​យ៉ាង​រឹងមាំ​ពី​កងកម្លាំង​ដែល​មិន​ពេញចិត្ត​គាត់ ក៏ប៉ុន្តែ​ទង្វើ​បែបនេះ​នឹង​មក​នូវ​ការខាតបង់​យ៉ាង​ធំធេង ហើយ​មិនបាន​ផ្ដល់​ផល​អ្វី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​ច្រានចោល​គំនិត​ចង់​ឱ្យ​មាន​ការបោះឆ្នោត​ឡើងវិញ និង​ថា មេ​បក្ស​ប្រឆាំង​ទំនង​ជា​មាន​បញ្ហា​ខួរក្បាល ទើប​ចេះតែ​ស្រែកហៅ​អន្តរជាតិ​ឱ្យ​ដក​នាយករដ្ឋមន្ត្រី​ចេញពី​អំណាច​បែបនេះ៖ «ការ​លើកឡើង​នេះ វា​បង្ហាញ​ពី​លក្ខណៈ​របស់ សម រង្ស៊ី លែង​ជា​អ្នកនយោបាយ​ហើយ ទៅជា​អ្នក​វិកលចរិត​នយោបាយ​ទៅវិញ ដ្បិត​ការ​រក្សា​អំណាច ការ​ឡើង​ទៅកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​នៃ​ការ​ជ្រើសរើស​របស់​មហាជន មិនមែន​ដោយសារ​បរទេស​ណា​នោះ​ទេ​។ ខុសប្លែក​ពី សម រង្ស៊ី ដែល​តែងតែ​យក​បរទេស​ដើម្បី​ឱ្យ​គេ​ជូន​មក ដើម្បី​ឱ្យ​ខ្លួន​ឯង​កាន់អំណាច»។

របប​ក្រុង​ភ្នំពេញ​បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​មួយ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ បន្ទាប់ពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន បាន​ដោយ​ជោគជ័យ​នៅ​ចុង​ឆ្នាំ​២០១៧​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន ក្ដោប​យក​អាសនៈ​សភា​ទាំង ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​ប្រាស​ចាក​រដ្ឋធម្មនុញ្ញ។

ក្រោយ​ក្រសោប​យក​បាន​អំណាច​ផ្កាប់មុខ​តែ​ម្នាក់ឯង​ហើយ របប​នេះ​បាន​ងាក​ទៅ​ពឹងពាក់​ប្រទេស​ចិន​ស្ទើរ​គ្រប់​វិស័យ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាងលិច ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​របស់​របប​ក្រុងភ្នំពេញ​។ ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​ក្រុង​ប៉េកាំង បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​មន្ទិល​សង្ស័យ​ថា របប​លោក ហ៊ុន សែន មាន​គម្រោងការណ៍​សម្ងាត់​ផ្នែក​យោធា​ជាមួយ​ប្រទេស​ចិន និង​បាន​ទាមទារ​ឱ្យ​របប​នេះ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ម្ដង​ហើយ​ម្តង​ទៀត។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ថា វត្តមាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​ខ្មែរ គឺជា​រឿង​មុន ឬ​ក្រោយ​ប៉ុណ្ណោះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មាន​ជំហរ​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​ដូច​ពេល​បច្ចុប្បន្ន​នេះ​។ លោក​បន្ថែម​ថា កម្ពុជា​ត្រូវការ​ការបោះឆ្នោត​សាជាថ្មី ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មាន​រដ្ឋាភិបាល​មួយ​ដែល​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ពិតប្រាកដ៖ «អ្វី​ទាំងអស់​នេះ ខ្ញុំ​គិត​ថា វា​គឺជា​មុន និង​ក្រោយ​ទេ នឹង​កើតឡើង​ដដែល​ហ្នឹង​។ ដោយសារ​អី គឺ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ចាប់ផ្ដើម​រក​ខ្នងបង្អែក ដើម្បី​ការពារ​ផលប្រយោជន៍ និង​អំណាច​របស់​ខ្លួន​។ អ៊ីចឹង​ហើយ​ការ​លើកឡើង​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​លើកឡើង​មួយ​ដែល​ពិតប្រាកដ»។

ថ្មីៗ ​នេះ កាសែត​ល្បីល្បាញ​មួយ​របស់​អាមេរិក ឈ្មោះ The Wall Street Journal ​ស្រង់​សម្ដី​មន្ត្រី​ការពារ​ជាតិ​អាមេរិក មក​ផ្សាយ​អត្ថបទ​មួយ​​​ថា របប​ក្រុងភ្នំពេញ​បាន​ចុះ​កិច្ច​ព្រមព្រៀង​​យោធា​ជា​សម្ងាត់​ជាមួយ​ប្រទេស​ចិន។ កិច្ចព្រមព្រៀង​នោះ អនុញ្ញាត​ឱ្យ​ចិន​កាន់កាប់​មួយ​ផ្នែក​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ និង​អនុញ្ញាត​ឱ្យ​ចិន​ដាក់​កងទ័ព និង​នាវាចម្បាំង​របស់​ខ្លួន​នៅ​ទីនោះ​ទៀត​ផង។

ភ្លាមៗ​ក្រោយ​ផ្ទុះ​ព័ត៌មាន​នេះ របប​ក្រុងភ្នំពេញ និង​ប៉េកាំង បាន​ចេញមុខ​បដិសេធ​រឿង​នេះ និង​ចាត់​ទុក​របាយការណ៍​នេះ​ថា ​ជា​ការ​បំផ្លើស​ព័ត៌មាន​ខុស​ពី​ការពិត​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃឃ៍ ប៉ុមប៉េអូ (Mike Pompeo) បាន​ស្វាគមន៍​ការ​បដិសេធ​នេះ និង​ជំរុញ​ឱ្យ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​យក​លំនាំ​តាម​កម្ពុជា​ប្រឆាំង​នឹង​ការ​ដាក់​មូលដ្ឋាន​ទ័ព​របស់​ចិន ដើម្បី​ការ​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន និង​សន្តិសុខ​តំបន់។

ក្រុម​អ្នកសង្កេតការណ៍​ជឿ​ថា សហរដ្ឋអាមេរិក​នឹង​មិន​បញ្ឈប់​ប្រតិកម្ម​រឿង​តម្រុយ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​ឡើយ ដរាបណា​ក្រុងភ្នំពេញ​នៅតែ​លាក់លៀម​ព័ត៌មាន​អំពី​វិស័យ​យោធា​ជាមួយ​ចិន។ បន្ថែម​ពីលើ​នេះ ពួកគេ​ថា ប្រសាសន៍​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ មិនមែន​ទទួលស្គាល់​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ក៏ប៉ុន្តែ​គឺ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​របប​នេះ​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​សហគមន៍​អន្តរជាតិ​ទៅវិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។