លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​ត្រលប់​ទៅ​កម្ពុជា​វិញ​តាម​កាលកំណត់

0:00 / 0:00

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ជាថ្មី​ថា រូប​លោក​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ដើម្បី​ស្រោចស្រង់​ជាតិ​ចេញពី​របប​លោក ហ៊ុន សែន ឱ្យ​ទាន់​ពេល​វេលា​។ អ្នកវិភាគ មើល​ឃើញ​ថា ការកំណត់​ពេលវេលា​ទុក​មុន​ដល់​ទៅ​ជាង​២​ខែ​នេះ គឺជា​យុទ្ធសាស្ត្រ ស្ទាបស្ទង់​សន្ទុះ​អ្នកគាំទ្រ​របស់​បក្ស​ប្រឆាំង​ហើយ​អ្វីៗ​អាច​នឹង​ប្រែប្រួល​នៅ​វេលា​ចុងក្រោយ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​នេះ គឺ​ជា​ពេល​ផ្ដាច់ព្រ័ត្រ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​លោក​អះអាង​ថា បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ លួច​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​រាប់​លាន​នាក់ ហើយ​បើកដៃ​ឱ្យ​ជនបរទេស​មាន​ជនជាតិ​ចិន និង​វៀតណាម មក​រស់​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ៖ «ហ៊ុន សែន គាត់​ជា​អ្នក​បំផ្លាញ​ជាតិ​ ប្លន់​ជាតិ​ លក់​ជាតិ​ ក្បត់​ជាតិ​ សម្លាប់​ជាតិ​។ តើ​យើង​អាច​នៅ​ស្ងៀម​បាន​ទេ។ យើង​មិន​អាច​គ្រាន់តែ​តស៊ូ​ពី​ក្រៅ​ ថ្កោល​ទោស ជួយ​អ្នក​នៅ​ជួរ​មុខ​ជួយ​បន្តិច​បន្តួច​ ជួយ​ប៉ុណ្ណឹង​ល្អ​ហើយ​។ តែ​អត់​គ្រប់គ្រាន់​ទេ។ បើ​យើង​មិន​ចូល​ទៅ​ប្រឡូក​ ទៅ​ស្រោច​ស្រង់​ប្រទេស​ជាតិ​ នៅ​ទឹក​ដី​ប្រទេស​កម្ពុជា ជាតិ​យើង​នឹង​រលាយ»។

លោក សម រង្ស៊ី ថ្លែង​បែបនេះ​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៨ សីហា​។ លោក​បាន​អំពាវនាវ​ដល់​អ្នកស្នេហាជាតិ និង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ត្រូវ​រួម​កម្លាំង​គ្នា ដណ្ដើម​យក​ប្រទេស​កម្ពុជា​ពី​របប​ក្រុងភ្នំពេញ មក​គ្រប់គ្រង​វិញ ឱ្យ​ខាងតែ​បាន៖ «សុខ​ចិត្ត​ឲ្យ​ស្រុក​យើង​រលាយ​ទេ? អត់​ទេ​! បងប្អូន។ ចឹង​ហើយ​ យើង​ត្រូវ​តេ​ប្ដូរ​ផ្ដាច់​ ក្នុង​ជីវិត​យើង​ត្រូវ​តែ​ប្ដូរ​ផ្ដាច់​ ពេល​ណា​មួយ​យើង​ត្រូវ​តែ​ធ្វើ​សេចក្ដី​សម្រេច​។ អ្វី​ក៏​មាន​ហានិភ័យ​ដែរ។ ប៉ុន្តែ​ហានិភ័យ​ យើង​ត្រូវ​តែ​ថ្លឹង​ថ្លែង។ យើង​ទទួល​ ហ៊ាន​ប្រឈម​មុខ​នឹង​ហានិភ័យ ពីព្រោះ​អ្វី​ដែល​យើង​អាច​ទទួល​មក​វិញ​នោះ គឺ​ស្រោចស្រង់​ប្រទេស​ជាតិ​យើង។ ជាតិ​យើង​នឹង​រស់​ ជាតិ​ខ្មែរ​អមត។ អ៊ីចឹង​! យើង​ហ៊ាន​ទទួល​ហានិភ័យ​ហ្នឹង​ទាំងអស់​គ្នា»។

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ជាថ្មី​នេះ គឺជា​បំណង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ប៉ុន្តែ​រឿង​នេះ​អាស្រ័យ​លើ​ការសម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះជាតិ។ លោក គឹម សុខ បន្ត​ថា ការ​កំណត់​ពេលវេលា​ទុក​មុន​ដល់​ទៅ​ជាង ២​ខែ​នេះ អាច​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​ស្ទង់​កម្លាំង​គាំទ្រ ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ព្រមទាំង​ពិនិត្យមើល​ជំហរ​របស់​សហគមន៍​អន្តរជាតិ។

ទោះជា​យ៉ាងណា លោក យល់​ថា ច្បាប់ HR 526 ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ធ្វើ​ដើម្បី​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន អាច​ជា​ប្រយោជន៍​ដល់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី វិញ​។ អ្នកវិភាគ​រូប​នេះ បញ្ជាក់​ថា នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ​ហើយ នោះ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ព្រោះ​ច្បាប់​នេះ មាន​ឥទ្ធិពល​ទៅលើ​ក្រុម​លោក ហ៊ុន សែន ងាក​មក​ការចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​វិញ៖ «ច្បាប់​HR 526 នេះ​វា​ប៉ះ​ដល់​ប្រយោជន៍​របស់​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​ករណី​ហ្នឹង ជា​ករណី​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ស្ទង់​មើល​ថា​តើ​លោក ហ៊ុន សែន កម្រើក​ប៉ុណ្ណា​ដែរ នៅ​ក្នុង​ជំហរ​របស់​ខ្លួន​ចង់​ងាក​ចរចា​។ ហើយ​ដើម្បី​វែក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី អាច​ចូល​ទៅ​ជជែក​ចរចា​គ្នា​ ទម្លុះ​ទម្លាយ​ភាព​ទ័ល​ច្រក​ផ្នែក​នយោបាយ​។ ប្រសិន​បើ​យើង​ចង់​និយាយ​ពី​ការ​ចូល​ដោយ​ដោយ​ឆៅ​ៗ នោះ​ខ្ញុំ​គិត​ថា ពិបាក​ពេក​ហើយ។ វា​មិន​ងាយ​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ​។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប។

ទោះជា​យ៉ាងណា អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បញ្ជាក់​ជំហរ​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី ទៅ​តាម​ដីកា​របស់​តុលាការ នៅ​ពេល​ណា​ដែល​លោក​មក​ដល់​ទឹកដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។