លោក សម រង្ស៊ី ជួប​សមាជិក​សភា និង​ព្រឹទ្ធសភា​អូស្ត្រាលី

ដោយ មួង ណារ៉េត
2019.08.17
សម រង្ស៊ី អូស្ត្រាលី លោក សម រង្ស៊ី ពេល​ទៅ​ដល់​ទីក្រុង Adelaide ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ២០១៩ ហើយ​បាន​ជួប​ឥស្សរជន​អូស្ត្រាលី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន នៅ​មណ្ឌលបោះឆ្នោតរបស់​លោក Mark Butler តំណាងរាស្ត្រសហព័ន្ធ។ អ្នកស្រី ផេននី វង់ Penny Wong (ខាង​ឆ្វេង​ដៃ​លោក សម រង្ស៊ី) សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​លោក ម៉ាក បាត់ល័រ (Mark Butler) និង​លោក នីក ឆាមភៀន (Nick Champion) (ខាង​ស្ដាំ​ដៃ​លោក) ជា​តំណាងរាស្ត្រសហព័ន្ធ និង​តំណាងរាស្ត្រ​សហព័ន្ធ(ឆ្វេងដៃ Mark Butler) នៅ Port Adelaide (មណ្ឌលបោះឆ្នោតរបស់ Mark Butler)។
រូប៖ ហ្វេសប៊ុក Sam Rainsy

ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី លោក សម រង្ស៊ី បាន​ជួប​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​សហព័ន្ធ​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ទៅ​ដល់​ទីក្រុង​អាដេតលេត (Adelaide) រដ្ឋ​អូស្ត្រាលី​ខាងត្បូង ហើយ​បាន​ជួប​សមាជិកា​ព្រឹទ្ធសភា​សហព័ន្ធ គឺ​អ្នកស្រី ផេននី វង់ (Penny Wong) ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង ទាក់ទង​កិច្ចការ​បរទេស និង​តំណាងរាស្ត្រ​សហព័ន្ធ លោក ម៉ាក បាត់ល័រ (Mark Butler)។ ក្រៅ​ពី​នេះ គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ដែល​ជា​អ្នកគាំទ្រ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ ក៏​ទៅ​ទទួល​លោក​ដែរ។

លេខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ទីក្រុង Adelaide រដ្ឋ​អូស្ត្រាលី​ខាងត្បូង ខៀវ តារា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្នុង​ជំនួប​នោះ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​ប្រទេស​កម្ពុជា ខណៈ​ឃើញ​មាន​សារព័ត៌មាន​ចុះផ្សាយ​ថា ចិន​បាន​ដាក់​មូលដ្ឋានទ័ព​នៅ​ក្នុង​តំបន់​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ ហើយ​ពួកគេ​កំពុង​តាមដាន​រឿង​នេះ​យ៉ាង​ចិត្ត​ទុកដាក់​។ លោក​ឱ្យ​ដឹង​ទៀត​ថា សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី នឹង​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​លោក ហ៊ុន សែន ដូចដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​នេះ​។ ចំណែក​ការ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី នា​ពេល​ខាងមុខនេះ លោក ខៀវ តារា ប្រាប់​ថា សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អូស្ត្រាលី គាំទ្រ​ជំហរ​នេះ និង​តាមដាន​ព្រឹត្តិការណ៍​នោះ​ដោយ​ចិត្ត​ទុក​ដាក់៖ «បក្ស​អូស្ត្រាលី​នឹង​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដាក់​ច្បាប់​ដាក់​ដូច​អាមេរិក​បាន​ធ្វើ​ច្បាប់ H.R 526 ធ្វើ​ចំណែក​ហើយ​នៅ​អូស្ត្រាលី​មាន​ច្បាប់​ស្រដៀង​ហ្នឹង​ដែរ គ្រាន់​តែ​យើង​យក​មក​អនុវត្ត​ដោយ​តាម​ដាន​សាច់​រឿង​ភស្តុតាង​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​នឹង​អាច​យក​មក​អនុវត្ត​បាន»

ការ​បំពេញ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ក្នុង​ពេលនេះ ក្រៅ​តែ​ជួប​អ្នកនយោបាយ​អូស្ត្រាលី លោក​ក៏​ជួប​អ្នកគាំទ្រ​របស់​លោក​ដែរ ដើម្បី​បញ្ជាក់​ជំហរ និង​គោលបំណង​នៃ​ការ វិល​ចូល​ស្រុក​វិញ​របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នោះ។

តាម​គម្រោង លោក សម រង្ស៊ី នៅ​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា គឺ​នៅ​ទីក្រុង​សំខាន់ៗ មួយ​ចំនួន ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន ដូចជា ទីក្រុង​ស៊ីដនី Sydney ទីក្រុង​អាដេលេត និង​ទីក្រុង​ម៉ែលប៊ន (Melbourne) ជាដើម។ ក្រៅ​ពី​នេះ លោក​ក៏​នឹង​ទៅ​ប្រទេស នូវែលហ្សេឡង់ (New Zealand) ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។