លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ស្វាគមន៍លោក ហ៊ុន សែន ឱ្យតតាំងក្តីនៅមុខតុលាការបារាំង បើលោក ហ៊ុន សែន ពិតជាចង់ប្ដឹងផ្ដល់លោករឿងសាររបស់លោកអំពីការស្លាប់របស់លោក ហុក ឡងឌី។
លោក សម រង្ស៊ី ថា លោកមានជំនឿមុតមាំលើភាពឯករាជ្យរបស់តុលាការបារាំង ដែលមិនដូចប្រព័ន្ធតុលាការនៃរបបលោក ហ៊ុន សែន ដែលគ្រាន់តែជាឧបករណ៍នយោបាយ បម្រើការក្រាញអំណាចរបស់លោក ហ៊ុន សែននោះ៖ «មិនអីទេ ចាំតតាំងគ្នានៅចំពោះមុខតុលាការឯករាជ្យ នឹងល្អមើលមែនទែន ព្រោះលោក ហ៊ុន សែន គាត់ធ្លាប់តែលេងសើចបញ្ជាតុលាការអាយ៉ងរបស់គាត់តាមចិត្ត នៅទីក្រុងភ្នំពេញ។ ប៉ុន្តែមកប៉ះតុលាការបារាំង គឺខុសគ្នាដូចមេឃនឹងដី។ ពាក្យបណ្តឹងលោក ហ៊ុន សែន ប្ដឹងខ្ញុំនៅភ្នំពេញគ្មានន័យ គ្មានតម្លៃ គ្មានប្រយោជន៍។ បើលោក ហ៊ុន សែន ហ៊ានចេញមុខមកតតាំងក្តីនឹងខ្ញុំនៅតុលាការបារាំង ដែលជាតុលាការឯករាជ្យ នោះខ្ញុំស្វាគមន៍»។
ប្រតិកម្មរបស់លោក សម រង្ស៊ី ធ្វើឡើងតបទៅនឹងលោក ហ៊ុន សែន ដែលគ្រោងរៀបចំដាក់ពាក្យប្ដឹងលោក នៅចំពោះមុខតុលាការបារាំង ចំពោះសារ ដែលលោកបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីដើមខែ មិថុនានេះ ដែលលើកឡើងថា លោក ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡងឌី តាមរយៈការដាក់គ្រាប់បែកឱ្យផ្ទុះ ក្នុងឧទ្ធម្ភាគចក្រ នៅពេលដែលកំពុងតែហោះហើរលើខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ នៅក្នុងសារតាមហ្វេសប៊ុកដដែលនោះលោក សម រង្ស៊ី បន្ថែមថា ឥឡូវនេះ លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡងឌី និង ជាកូនប្រសារបស់លោក ហ៊ុន សែន ដឹងច្បាស់អំពីឃាតកម្មលើឪពុករបស់លោក។ លោកបន្តថា លោក ឌី វិជ្ជា កំពុងតែគិតគូរអំពីផែនការសងសឹកជួសឪពុករបស់លោក។ ផែនការនេះ មានការគាំទ្រពីលោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួនថាលោក ហ៊ុន សែន កំពុងតែរៀបចំផែនការដកដំណែងរបស់លោក ឬក៏កម្ចាត់លោកតែម្ដង ដើម្បីឱ្យកូនប្រុសបង្កើតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី មកបន្តវេនពីលោក ហ៊ុន សែន ដោយមិនមាននរណាអាចរារាំងបាន ចំពោះនយោបាយគ្រួសារនិយមរបស់លោក ហ៊ុន សែន នេះ។
មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ០៧ ខែ មិថុនា ថាលោក ហ៊ុន សែន កំពុងឱ្យក្រុមមេធាវីរបស់លោក រៀបចំសំណុំរឿងដើម្បីដាក់ប្តឹងលោក សម រង្ស៊ី ហើយ។ ចំណែកឯអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក៏គ្រោងនឹងដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយដែរ ជុំវិញករណីដូចគ្នានេះ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ហេតុផលមួយក្នុងចំណោមហេតុផលចំនួនបី ក្នុងការគ្រោងដាក់ប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំង គឺដោយសារទីមួយលោក សម រង្ស៊ី មានសញ្ជាតិបារាំង និង ទីពីរគឺលោក សម រង្ស៊ី កំពុងមានវត្តមាននៅប្រទេសបារាំងស្រាប់៖ «ហេតុផលទីបីគឺតម្លៃសាកល ហ្នឹងជាតម្លៃយុត្តិធម៌សាកល»។
លោក សម រង្ស៊ី ធ្លាប់ឈ្នះក្តីលើមន្ត្រីជាន់ខ្ពស់របបលោក ហ៊ុន សែន នៅតុលាការបារាំង។ តុលាការបារាំង កាលពីខែ មេសា ឆ្នាំ ២០១១ ធ្លាប់ច្រានចោលពាក្យបណ្ដឹងបរិហារកេរ្តិ៍ ដែលដាក់ប្ដឹងដោយអតីតឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ហោ ណាំហុង ប្រឆាំងនឹងរូបលោក។ កាលណោះលោក ហោ ណាំហុង ប្តឹងលោក សម រង្ស៊ី ជុំវិញការណ៍ដែលលោកថ្លែងអំពីតួនាទីរបស់លោក ហោ ណាំហុង នៅក្នុងការគ្រប់គ្រងគុកបឹងត្របែក កាលសម័យខ្មែរក្រហម។ តុលាការបារាំង ច្រានចោលបណ្ដឹងលោក ហោ ណាំហុង ដោយឈរលើការបកស្រាយថ្មី នៃច្បាប់ស្ដីពីសេរីភាពសារព័ត៌មាន និង ថាលោក ហោ ណាំហុង គឺជាបុគ្គលសាធារណៈ។
ក្រៅពីគម្រោងប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំងនេះ មន្ត្រីរបបលោក ហ៊ុន សែន រួមទាំងលោក ហ៊ុន សែន ផង ប្ដឹងលោក សម រង្ស៊ី ជាង ១០ ករណីហើយ នៅក្នុងតុលាការកម្ពុជា។ ទោះជាយ៉ាងនេះក្តី បណ្តឹងទាំងអស់នេះ រងការរិះគន់ថា មានចេតនានយោបាយបាយ។
រហូតមកដល់ពេលនេះ របបលោក ហ៊ុន សែន ក៏មិនដែលធ្វើសំណើសុំបត្យាប័នទៅប្រទេសបារាំង ដើម្បីឱ្យបញ្ជូនលោក សម រង្ស៊ី មកទទួលទោសនៅតុលាការកម្ពុជា នោះដែរ បើទោះបីលោក សម រង្ស៊ី មានសញ្ជាតិកម្ពុជាដែរ។ មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់ប្រាប់អាស៊ីសេរីថា ករណីប្ដឹងផ្ដល់លោក សម រង្ស៊ី នេះ គឺជារឿងនយោបាយសុទ្ធសាធ ដែលធ្វើឱ្យរបបលោក ហ៊ុន សែន គ្មានមូលដ្ឋានឯណាក្នុងការស្នើសុំធ្វើបត្យាប័ននោះទេ ហើយបើស្នើ ក៏រដ្ឋាភិបាលបារាំងមិនធ្វើតាមដែរ ព្រោះជារឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
