សាច់​ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាប់​ឃុំ​ថា​ស្វាមី​គាត់​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​ហូប​អាហារ​គ្មាន​ជីវជាតិ

ដោយ សុ ជីវី
2022.08.09
Share on WhatsApp
Share on WhatsApp
សាច់​ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាប់​ឃុំ​ថា​ស្វាមី​គាត់​ធ្លាក់​ខ្លួន​ឈឺ​ព្រោះ​ហូប​អាហារ​គ្មាន​ជីវជាតិ លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

សាច់​ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស អះអាង​ថា​ ប្ដី​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ ដោយសារ​ហូប​អាហារ​គ្មាន​ជីវជាតិ មន្ទីរឃុំឃាំង​តូច​ចង្អៀត គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​ទី​កន្លែង​ខ្វះ​អនាម័យ​។ ​សាច់​ញាតិ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​គ្រួសារ​​គាត់​មក​វិញ ព្រោះ​តុលាការ​បាន​កាត់​ទោស​​ដាក់​ពន្ធនាគារ​​ទាំង​អយុត្តិធម៌​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ទាំងនោះ។ សាច់​ញាតិ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​ពី​សុខភាព​ប្ដី​ព្រោះ​​​មន្ត្រី​ពន្ធនាគារ​ព្រៃស មិន​បាន​យក​ចិត្ត​ទុកដាក់​ផ្ដល់​ម្ហូប​អាហារ​ឲ្យ​បាន​សមរម្យ​ដល់​ជន​ជាប់​ឃុំ​ទាំងនោះ​ទេ និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​ជន​ជាប់​ឃុំ​ឱ្យ​បាន​ត្រឹមត្រូវ​ទៀត​ផង។

ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ​លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃទី៨ខែសីហា​ថា លោក​ស្រី​​បាន​ទៅ​សួរ​សុខទុក្ខ​ប្ដី​ក្នុង​ពន្ធនាគារ​ព្រៃស​​កាល​ពី​អាទិត្យ​មុន​នេះ ប្ដី​លោកស្រី​ត្អូញត្អែរ​​ពី​ទុក្ខ​លំបាក​ក្នុង​ពន្ធនាគារ គឺ​អាហារ​បរិភោគ​មិន​សូវ​មាន​ជីវជាតិ ដោយ​ភាគ​ច្រើន​ស្ងោរ​ល្ហុង និង​ត្រឡាច  ហើយ​ពេល​ខ្លះ​សម្ល​ក្លិន​ឆ្អាប និង​ខ្វះ​អនាម័យ​ ធ្វើ​ឲ្យ​ប្ដី​លោកស្រី​ហូប​មិន​បាន។ លោកស្រី​ថា អាហារ​ដែល​មន្ត្រី​ពន្ធនាគារ​ព្រៃស​យក​មក​ឲ្យ​អ្នក​​ជាប់ឃុំ​ហូប​ គឺ​ស្មើ​នឹង​បាយ​ដាក់​ឲ្យ​ជ្រូក​ស៊ី ។ លោកស្រី​បន្ត​ថា ប្ដី​លោក​ស្រី​ មាន​សុខភាព​ទ្រុឌទ្រោម ហើយ​ចេះតែ​ត្អូញ​ឈឺក្បាល ឈឺ​ចុកចាប់​ពេញ​ដៃជើង និង​ឈឺ​ភ្នែក​ម្ខាង​មើល​មិន​ឃើញ ពេល​យប់​សម្រាន្ត​មិន​លក់​ ព្រោះ​មាន​សំឡេង​រំខាន​ពី​វិទ្យុ​សកម្ម​​នៅ​ក្នុង​ពន្ធនាគារ ។ លោកស្រី​ស្នើ​សុំ​តុលាការ​ដោះលែង ឬក៏​បន្ធូរបន្ថយ​ទោស​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រោះ​ពួកគាត់​​មិន​មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖«ភស្តុតាង​ដែល​តុលាការ​ដាក់​បង្ហាញ​មក​គឺ​អត់​មាន​អ្វី​ថា​ជាក់លាក់​ណា​ ភស្តុតាង​ដូច​ចោទ​ប្រកាន់​ក្រុម​គ្រួសារ​ខ្ញុំ​ថា​រួម​គំនិត​ក្បត់ ទៅ​រួម​គំនិត​ជាមួយ​លោក​ប្រធាន​ សម រង្ស៊ី អី។ គឺ​អត់​មាន​ភស្តុតាង​អ្វី​ជាក់លាក់​ផង គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​ហើយ​ចាក់​វីដេអូ​មក​គេ​ថា ពេល​គេ​ចាក់​វីដេអូ​មក​គឺ​លោក​ប្រធាន សម រង្ស៊ី គាត់​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ឯ​ក្រៅ​ប្រទេស ឯណោះ​សោះ​ ហើយ​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​អត់​មាន​ទំនាក់ទំនង​អី​ទេ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក​ នុត សវនា បាន​ទេ នៅ​ល្ងាច​ថ្ងៃទី៨ខែសីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​ លោក អំ សំអាត លើកឡើង​ថា អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​គួរ​តែ​ទទួល​បាន​នូវ​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បើ​តាម​ច្បាប់​សិទ្ធិ​មនុស្ស​គឺ​ពួកគាត់​ត្រូវ​បាន​ទទួល​ការ​មើលថែ​​​ឲ្យ​ដិតដល់​​ដូច​មនុស្ស​ទូទៅ មិន​អាច​ទុក​ឲ្យ​អ្នកទោស​ឈឺ​ដោយ​មិន​មាន​ការ​ព្យាបាល​ឡើយ។ លោក​បន្ត​ថា អ្នកទោស​បាត់បង់​តែ​សិទ្ធិ​ដែល​តុលាការ​បាន​កំណត់ មិន​ឲ្យ​ដើរ​ហើរ​ដោយ​សេរី​ប៉ុណ្ណោះ តែ​ចំពោះ​ចំណី​អាហារ ទី​កន្លែង​ស្នាក់​នៅ និង​សេវា​សុខភាព​ អ្នកជាប់ឃុំ​គួរតែ​ទទួល​បាន​ឲ្យ​សមរម្យ៖«ចំពោះ​បញ្ហា​សុខភាព​នេះ ទោះបី​ជា​ជន​ជាប់​ឃុំ​ក៏ដោយ​ គាត់​អស់​សិទ្ធិ​តែ​អ្វី​ដែល​តុលាការ​ធ្វើការ​ដក​ហូត​ដូច​សិទ្ធិ​ដើរហើរ ហើយ​សិទ្ធិ​ណា​ដែល​តុលាការ​ដក​ហូត។ សិទ្ធិ​ផ្សេង​ទៀត​គឺ​មាន​ដូច​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព គឺ​សេវា​ព្យាបាល​ហ្នឹង​បាទ»

អតីត​ជំទប់​ទី១​ជាប់ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​លោក​ យឹម សា​រ៉េត ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី២៧ ខែ​មីនា ឆ្នាំ២០២០ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​លោក យឹម សារ៉េត កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ទីក្រុង​ភ្នំពេញ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​រូប​លោក​ពី​បទ រួម​គំនិត​ក្បត់ និង​ចោទ​ថា​លោក​បាន​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ កន្លង​មក។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០​នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ ក្នុង​នោះ​សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​៧​ឆ្នាំ​។ ករណី​សកម្មជន​ខ្លះ​ទៀត តុលាការ​កាត់ទោស​៥ឆ្នាំ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅសល់​ព្យួរ​។ តុលាការ​ក៏​កំពុង​បើក​សវនាការ​លើ​សកម្មជន​មួយ​ចំនួន​ទៀត ពី​បទ​ញុះញង់ រួមគំនិត​ក្បត់ និង​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់បង្គាប់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្សី កាលពី​ចុង​ឆ្នាំ​២០១៩ និង​យុទ្ធនា​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។