សាច់​ញាតិ​អ្នក​ជាប់​ឃុំ​មនសិការ​សង្ឃឹម​ថា ឆ្នាំ​ថ្មី​នេះ​តុលាការ​នឹង​ដោះលែង​សាច់​ញាតិ​ពួកគាត់

0:00 / 0:00

សាច់ញាតិ​សកម្មជន​សង្គម និង​យុវជន​បរិស្ថាន​រំពឹង​ថា រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ផ្ដល់​យុត្តិធម៌​ដោះលែង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ឱ្យ​មក​ជួប​ជុំ​គ្នា​ឡើងវិញ​នៅ​ឆ្នាំ​២០២៥ ខាងមុខ ក្រោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ដោយសារ​ការ​ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ។ ពួកគាត់​អះអាង​ថា ឆ្នាំ​ថ្មី​នេះ​រដ្ឋាភិបាល​គួរតែ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ដោយ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ក្រុម​គ្រួសារ និង​សាច់ញាតិ​អ្នក​កំពុង​ជាប់ឃុំ​សង្ឃឹម​ថា ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៥ខាងមុខ​នេះ រដ្ឋាភិបាល​នឹង​ឈប់​ចាប់​ចង​ពង្រាត់​ក្រុម​គ្រួសារ​របស់​ពួកគាត់​ដាក់​ពន្ធនាគារ ហើយ​ដោះលែង​ឱ្យ​ពួកគាត់​អាច​ជួបជុំ​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​ឡើងវិញ។

ម្ដាយ​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ឡុង គន្ធា គឺ​លោកស្រី រ៉េន សារ៉ន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោកស្រី​នឹក​រឭក​កូនស្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយសារ​ការ​ការពារ​បរិស្ថាន។ លោកស្រី​បន្ត​ថា កញ្ញា ឡុង គន្ធា មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​លើ​កូនស្រី​លោកស្រី។

លោកស្រី រ៉េន សារ៉ន៖ «សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​កូន​ខ្ញុំ​ឆាប់ៗ​ហ្នឹង​មក​ខ្ញុំ​នឹក​កូន​ខ្ញុំ​ណាស់។ អាជ្ញាធរ និង​តុលាការ​ដែល​ចាប់​កូន​ខ្ញុំ​ឱ្យ​គេ​ដោះលែង​កូន​ខ្ញុំ​ត្រឡប់​មក​វិញ​មក​កូន​ខ្ញុំ​គ្មាន​ខុស​អី​ទេ​គាត់​គ្រាន់តែ​ការពារ​បរិស្ថាន​តើ។ សូម​ឱ្យ​ដោះលែង​កូន​ខ្ញុំ​ត្រឡប់​មក​វិញ»។

មិន​ខុស​គ្នា​នេះ​ដែរ ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ថ្លែង​ថា លោកស្រី​នៅតែ​ឈឺចាប់ និង​ក្ដុកក្ដួល​នៅ​រៀងរាល់​ពេល​នឹក​គិត​ដល់​ប្ដី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស។ លោកស្រី​រំពឹង​ថា តុលាការ​នឹង​បន្ធូរបន្ថយ​ទោស និង​ដោះលែង​ប្ដី​លោកស្រី​ឱ្យ​មក​រស់នៅ​ជួប​ជុំ​គ្រួសារ​ឡើងវិញ ពីព្រោះ​លោកស្រី​កំពុង​ពពោះ​កូនទី៣ ដែល​នឹង​សម្រាល​នៅ​ដើម​ឆ្នាំ២០២៥​ខាងមុខ។

លោកស្រី ប៉ាត់ រស្មី៖ «ការ​ចាប់​សកម្មជន​បរិស្ថាន​ទាំងអស់​ហ្នឹង​គឺជា​រឿង​យុត្តិធម៌​ខ្លាំង​មែនទែន​ហើយ​យើង​ក៏​ស្នើ​សុំ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​គួរតែ​ដោះលែង​ពួកគាត់​ទៅ។ ពួកគាត់​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ប្រទេស​យើង​ទេ​គាត់​មិន​ធ្វើ​រឿង​ដែល​ខុស​ច្បាប់​អី​ទេ​អ៊ីចឹង​គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ឱ្យ​ពួកគាត់​អាច​ការពារ​ធនធាន​ដែល​ជា​សម្បត្តិ​ជាតិ​ខ្មែរ»។

កាលពី​ថ្ងៃទី០២ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​សកម្មជន​បរិស្ថាន ១០នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦ឆ្នាំ ដល់ ៨ឆ្នាំ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះ​មហាក្សត្រ»។ ប៉ុន្តែ​ក្នុង​នោះ​មាន​សកម្មជន​៥នាក់ រួមមាន លោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​ខេត្ត​ផ្សេងៗ​គ្នា​ដែល​គ្រួសារ​ពិបាក​ទៅ​សួរសុខទុក្ខ។ រីឯ សកម្មជន​បរិស្ថាន​៥នាក់ទៀត ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំងមុខ។

ងាក​មក​សាច់ញាតិ​យុវជន​សង្គម​ស៊ីវិល និង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ វិញ។ បងស្រី​របស់​លោក កើត សារ៉ាយ គឺ​លោកស្រី កើត យី រៀបរាប់​ថា ម្ដាយ​​លោកស្រី​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ក្រោយ​​ដឹង​ថា តុលាការ​កាត់​ទោស​ឱ្យ​ប្អូន​លោកស្រី​ជាប់​ពន្ធនាគារ​៤ឆ្នាំ ហើយ​ជីវភាព​គ្រួសារ​លោកស្រី​ពុំ​សូវ​ធូរធារ​នោះ​ទេ ដោយសារ​ត្រូវ​រ៉ាប់រង​ប្អូនប្រុស​នៅ​ក្នុង​ពន្ធនាគារ។ លោកស្រី​បន្ត​ថា សកម្មភាព​របស់​ប្អូនប្រុស​លោកស្រី​មិនមែន​ជា​សកម្មភាព​ញុះញង់​នោះ​ឡើយ ប៉ុន្តែ​ជា​សកម្មភាព​ឈឺ​ឆ្អាល​បញ្ហា​សង្គម។ ដូច្នេះ​លោកស្រី​ស្នើ​ថា តុលាការ​គួរតែ​ដោះលែង​ប្អូនប្រុស​លោកស្រី​ដើម្បី​អាច​មក​មើល​ថែទាំ​ម្ដាយ​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់។

លោកស្រី កើត យី៖ «គាត់​នៅ​តែ​តាំង​ចិត្ត​ថា គាត់​ចេញ​មក​វិញ​គាត់​ហ្នឹង​ធ្វើ​ការ​ជួយ​សង្គម​បន្ត​ទៀត​គាត់​អត់​មាន​បាក់​ស្មារតី​អី​ទេ​គោលជំហរ​គាត់​គឺ​នៅ​ដដែល។ រំពឹង​ថា ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ​រំពឹង​ថា តុលាការ​គិត​សាឡើងវិញ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ប្អូន​ខ្ញុំ​ឱ្យ​គាត់​មាន​សេរីភាព​វិញ។ សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ម្ដង​ទៀត»។

លោក កើត សារ៉ាយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី០៥ ខែ​មេសា នៅ​ទីស្នាក់​ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ក្រោយ​ពេល​លោក​ចុះ​ជួប​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់ ខេត្ត​ព្រះវិហារ ដែល​កំពុង​រត់​គេច​ខ្លួន​ទៅ​នៅ​ក្នុង​ព្រៃ​ដោយសារ​អាជ្ញាធរ​បាន​ដុត​ផ្ទះ និង​ប្រើ​ហិង្សា​ទៅ​លើ​ពួកគាត់ ដើម្បី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​សីលា​ដាម៉ិច និង​ពលរដ្ឋ​ដោយ​សន្តិវិធី។ ក្រោយ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា បាន​កាត់​ទោស​ឱ្យ​លោក កើត សារ៉ាយ ជាប់​ពន្ធនាគារ ៤ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល លើ​សំណុំ​រឿង «មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

ក្រោយ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ រយៈពេល​៥ខែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បន្ត​ចាប់​ខ្លួន​ក្រុម​យុវជន​សមាគម និង​បុគ្គលិក​សង្គម​ស៊ីវិល​ចំនួន ៨នាក់​ដែល​រដ្ឋាភិបាល​អះអាង​ទាំង​គ្មាន​ភស្តុតាង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ឡែក​ពី​គ្នា។ តុលាការ​បាន​ចោទ​ប្រកាន់​យុវជន​ ៧នាក់​រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញានឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និង​អ្នកស្រី សាក់ កន្និការ ពីបទ«រួម​គំនិត​ក្បត់»។ ចំណែក​ឯ កញ្ញា សើន ស្រម៉ៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ«ញុះញង់»។ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយ​នេះ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ដាក់​សម្ពាធ​ឱ្យ​ក្រុម​យុវជន​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សេរីភាព​មក​វិញ។ គិត​មក​ទល់​ពេល​នេះ មាន​​យុវជន​សមាគម​ចំនួន៣នាក់​ហើយ​គឺ​កញ្ញា កាត់ ស៊ីណាត កញ្ញា ចៀន ស៊ីណា និង​កញ្ញា​នឿន ស្រីណែត បាន​សុំទោស និង​ចុះចូល​ជាមួយ​រដ្ឋាភិបាល ដោយ​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ។

ឪពុក​​លោក​ធី ថន គឺ​លោក មឿន ធី ថ្លែង​ថា លោក​មិន​សូវ​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​កូន​ប្រុស​របស់​លោក​នោះ​ទេ ដោយសារតែ​ជីវភាព​គ្រួសារ​ខ្វះខាត ហើយ​លោក​ត្រូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​កណ្ដាល​ឆ្ពោះ​មក​ពន្ធនាគារ​ព្រៃស​នៅ​ក្រុង​ភ្នំពេញ។ លោក​ស្នើ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក ពីព្រោះ​កូនប្រុស​លោក​ជា​មនុស្ស​ស្លូតត្រង់ និង​គិតគូរ​ពី​បញ្ហា​សង្គម​ជាតិ មិន​អាច​ប្រព្រឹត្ត​អំពើ​រួម​គំនិត​ក្បត់​នោះ​ទេ។

លោក មឿន ធី៖ «ខ្ញុំ​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ​ប្រសិនជា​កូន​ខ្ញុំ​ជា​និស្សិត​អ៊ីចឹង​ដើរ​ចោទ​ប្រកាន់​ថា ក្បត់ជាតិ​អី​នោះ​ខ្ញុំ​មិន​ទទួល​យក​ទេ។ ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង​ទៅ​ឱ្យ​កូន​ខ្ញុំ​មាន​សេរីភាព​បាន​រៀន​បន្ត​ទៀត​រឿង​ពាក់ព័ន្ធ​ញុះញង់​ហ្នឹង​វា​អត់​ទេ​កូន​ខ្ញុំ​មាន​តួនាទី​អី​ទៅ​ញុះញង់​វា​អត់​មាន»។

ក្នុង​សំណុំ​រឿង​របស់​ក្រុម​យុវជន​ទាំង​នេះ សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃទី០៥ ខែធ្នូ បាន​ច្រានចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​បុគ្គលិក​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ចំនួន​៥នាក់​ពី​បទ«រួមគំនិតក្បត់»។ ថ្វីត្បិត​កម្ពុជា​លុប​ចោល​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយ​ក៏ដោយ ក្រោយ​ពី​ផ្ទុះ​ការ​តវ៉ា និង​ខឹង​សម្បារ​ពី​សំណាក់​ក្រុម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​រួច​មក ក៏​រដ្ឋាភិបាល​ឪពុក​កូន​ត្រកូល​ហ៊ុន​មិន​ព្រម​ដោះលែង​​ក្រុម​យុវជន​ទាំងអស់​នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២៤ ខែធ្នូ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ការ​បន្ធូរបន្ថយ​ទោស ឬ​លើកលែង​ទោស​គឺ​អនុវត្ត​ចំពោះ​តែ​លើ​ទណ្ឌិត​ណា​ដែល​មាន​សាលក្រម ឬ​សាលដីកា​ចូល​ជា​ស្ថាពរ និង​ទណ្ឌិត​ដែល​បាន​ទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន។

ជុំវិញ​រៀង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​មិនមែន​ជា​បទល្មើស​នោះ​ទេ។ លោក​បន្ត​ថា តុលាការ​គួរតែ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌ និង​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ។

លោក នី សុខា៖«ប្រព័ន្ធ​យុត្តិធម៌​យើង ទាក់ទង​នឹង​ការ​កាត់​ក្ដី​ទៅ​លើ​សកម្មជន​មួយ​ចំនួន ជាពិសេស​សកម្មជន​ដែល​ខ្ញុំ​បាន​រៀបរាប់​ហ្នឹង​រួមមាន​សកម្មជន​បរិស្ថាន សកម្មជន​សង្គម សហជីព ក៏​ដូចជា​សកម្មជន​នយោបាយ​មួយ​ចំនួន​ដែល​គេ​យល់​ថា គ្រាន់​ជា​អ្នក​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ចូលរួម​ចំណែក​ជា​អំពើ​មិន​ខុស​ច្បាប់​នោះ។ គេ​មើល​ឃើញ​អំពី​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ទាំងអស់​ហ្នឹង​វា នៅ​ខ្វះ​ឯករាជ្យ​ភាព​ឱ្យ​បាន​ត្រឹមត្រូវ»។

ការ​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​​ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​ពូជ​ពី​ឪ​នេះ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ថ្កោលទោស​ប្រព័ន្ធ​យុត្តិធម៌ និង​ប្រព័ន្ធ​ដឹកនាំ​នៅ​កម្ពុជា​ថា ជា​ប្រទេស​​ផ្ដាច់ការ និង​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នករិះគន់។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មី​នេះ​ៗ សភា​អឺរ៉ុប​បាន​ព្រមាន​កម្ពុជា​សាជាថ្មី ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ទាំងអស់ ក្នុង​នោះ​ក៏​រួមមាន​ទាំង​សកម្មជន​យុវជន​ចលនា​មាតា​ធម្មជាតិ​ផង​ដែរ។ សភា​អឺរ៉ុប​បាន​អនុម័ត​ សេចក្ដី​សម្រេច​ថ្មី​មួយជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​នៅ​សល់​ចំនួន៨០% ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។

ក្រុម​គ្រួសារ​សាច់ញាតិ​សកម្មជន​សង្គម និង​យុវជន​បរិស្ថាន រំពឹង​ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រកូល«ហ៊ុន»​យល់​ព្រម​​សម្របសម្រួល​នយោបាយ​ក្នុង​ប្រទេស និង​ចង់​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ រដ្ឋាភិបាល​គួរតែ​ផ្ដល់​យុត្តិធម៌​ដោយ​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ឆ្នាំ២០២៥​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។