មន្ត្រី​សិទ្ធិមនុស្ស​និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ពេញចិត្ត​នឹង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ

ដោយ ហេង រស្មី
2019.11.15
នុត ពេជ ៦២២ សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ពេល​ត្រូវ​​គេ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នេះ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៩។
Photo courtesy of Adhoc

សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស មិន​ពេញចិត្ត​នឹង​របប​ក្រុងភ្នំពេញ​ដោះលែង​ដែល​សម្រេច​ដោះលែង​សកម្មជន បក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ពីព្រោះ​ពួកគេ​គ្មាន​កំហុស ហើយ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោទ​បទ​ចោទ​ទាំងអស់។

ក្រុម​សកម្មជន​ដែល​របប​ក្រុង​ភ្នំពេញ​ទើបនឹង​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប្រាប់​អាស៊ីសេរី​ថា របប​ក្រុងភ្នំពេញ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ ដែល​ចាប់​មនុស្ស​យក​ទៅ​ឃុំ​តាម​ទំនើងចិត្ត​ដើម្បី​ការពារ​អំណាច​របស់​បក្សពួក និង​ក្រុម​របស់​លោក ហ៊ុន សែន។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក​ខេត្ត​កំពត លោក នុត ពេជ បញ្ជាក់​ថា ការ​ដោះលែង​លោក​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ លោក​មិន​អាច​ទទួលយក​បានទេ។ លោក​បញ្ជាក់​ថា តុលាការ​ត្រូវ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​មក​លើ​រួម​លោក ហើយ​របប​ក្រុងភ្នំពេញ​ត្រូវ​ទទួលខុសត្រូវ​អំពី​រឿង​នេះ៖ «បាទ​វា​អយុត្តិធម៌​ណាស់ ដោយសារតែ​មេ​កើយ​របស់​ខ្ញុំ មេ​បក្ស​របស់ខ្ញុំ​ធ្លាប់​បម្រើ​ធ្លាប់​ធ្វើ។ ខ្ញុំ​ធ្វើ​តាមតែ​គោលការណ៍​របស់​គណបក្ស​ខ្ញុំ ហើយ​ធ្វើ​អី​ក៏​អត់​មាន​ខុស​ដល់​ទៅ​ការ​បង្ក​កម្លាំង អាវុធយុទ្ធភណ្ឌ​ណា ឬ​ក៏​អបគមន៍​ណា​អត់​មាន​ទេ។ គ្រាន់តែ​ការ​ទទួល​លោក​ប្រធាន​គាត់​អញ្ជើញ​មក​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ឬ​ដោះស្រាយ​តាម​សន្តិវិធី»

លោក នុត ពេជ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ក្នុង​ខណៈ​ដែល​កំពុង​ស្ទូងស្រូវ​រួចហើយ​បាន​បណ្ដើរ​លោក​មក​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ដោយ​គ្មាន​ស្បែកជើង​ពាក់។ លោក​ត្រូវ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ពី​បទ​«​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»

ចំណែក​លោកស្រី ប៉ែន មុំ ហៅ​ស្រី មុំ សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ​ម្នាក់ទៀត​នៅ​ក្នុង​ខេត្ត​កំពត​ដែល​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ តុលា ក្រោយពី​លោកស្រី​បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក ឈ្មោះ សំបូរ មុំ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី បញ្ជាក់​ថា​ការ​ចាប់ខ្លួន​កន្លងមក​គឺ​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​ដែល​របប​ក្រុងភ្នំពេញ​ត្រូវ​ផ្ដល់​សេរីភាព​ពេញលេញ និង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​លោកស្រី៖ «ចាប់ខ្លួន​ខ្ញុំ​ដោយ​អយុត្តិធម៌ ខ្ញុំ​អត់​មានបាន​ប្រព្រឹត្ត​អី​ដូចជា​ការ​ជួប​ប្រជុំ ការ​ប្រមូល​ផ្តុំ​អ្វី​ទេ​។​ខ្ញុំ​គ្រាន់តែ​បង្ហោះ​ហ្វេសប៊ុក​ដើម្បី​ទាមទារ​គ្នាៗ​ខ្ញុំ​ដែល​ត្រូវ​គេ​ចាប់ ហើយ​មានការ​បង្រួបបង្រួម​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ»

នាយរង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នេះ​គ្រាន់តែ​ការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ស្រប​ពេល​នឹង​សហភាព​អឺរ៉ុប​បាន​ចេញ​របាយការណ៍​វាយតម្លៃ​ពី​ជោគវាសនា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ EBA សម្រាប់​កម្ពុជា។

ទោះជា​យ៉ាងណា​លោក អំ សំអាត បញ្ជាក់​ថា ការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅ​ឃុំ នេះ​វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ទេ៖ «ពីព្រោះ​គេ គេ​ឱ្យ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស ប៉ុន្តែ​គ្រាប់​ថា​នេះ​ជា​សញ្ញាណ​មួយ​ដែល​កម្ពុជា​អាច​នឹង​ឈាន​ទៅ​រក​ការព្រមព្រៀង​នឹង​ការចរចា​ផ្នែក​នយោបាយ​ណាមួយ​ដោយ​សន្តិវិធី​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហើយ​បើ​ធ្វើ​ដូច្នេះ​អាហ្នឹង​យើង​មើល​ទៅ​គឺ​EBA​មិន​អាច​រក្សា​បាន»

គិត​ត្រឹម​ថ្ងៃ​ទី​១៤ វិច្ឆិកា​នេះ របប​ក្រុងភ្នំពេញ​បានសម្រេច​ដោះលែង​សកម្មជន​គណបក្ស​ចំនួន ១៧នាក់​​ហើយ ក្នុងចំណោម​សកម្មជន​ចំនួន ៨៨​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ក្នុង​យុទ្ធនាការ​បំបែក​កម្លាំង​អ្នកគាំទ្រ​មក​រង់ចាំ​ទទួល​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។