ព័ត៌មាន​សំខាន់ៗ​ចំនួន ១០ ដែល​លោក​អ្នកនាង​គួរអាន​សម្រាប់​ថ្ងៃសុក្រ​នេះ

. គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤​ជួប​ក្រសួង​មហាផ្ទៃស្នើកែលំអ​សេរីភាព​នយោបាយ

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤បាន​ជួប​ជា​មួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃនៅ​ថ្ងៃទី១៥ កញ្ញា ម្សិលមិញ​នេះ ដោយ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ មន្រ្តី​សង្គម​ស៊ីវិល​ថាជំនួប​នេះ​ជា​ការ​វិវឌ្ឍន៍​ថ្មី​មួយហើយ​ដើម្បី​ឲ្យ​បរិយាកាស​នយោបាយ​ល្អគឺទាម​ទារ​ឲ្យក្រសួង​មហាផ្ទៃ​យកចិត្តទុក​តាម​ដាន​ការងារ​លើ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​នៅ​មូលដ្ឋាន។

4 party meet Ministry on 15-09-2022.jpg
គណបក្សចំនួន ៤ បានជួបពិភាក្សាជាមួយលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​មហាផ្ទៃកាលពីថ្ងៃទី១៥ ខែកញ្ញា ស្តីពី សេរីភាពនយោបាយនៅកម្ពុជា។ រូប៖ ហ្វេសប៊ុក គង់មុនីកា

. តុលាការ​ភ្នំពេញ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​៣៩នាក់​រឿងរួម​គំនិត​ក្បត់ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះក្ដី​លើ​សំណុំរឿង​រួមគំនិត​ក្បត់​របស់​ថ្នាក់​ដឹកនាំ និង សកម្មជន​គណបក្ស​ប្រឆាំង​៣៩​នាក់តែ​អវត្តមាន​៣៦​នាក់កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​អ្នកស្រី អ៊ុក រ៉េតគន្ធា បានសាកសួរ​លោក គង់ ម៉ាស់ តែម្នាក់ ចំណែក​២នា​ក់​ទៀត គឺ ខាន់ ប៊ុន ផេង និងលោក វឿង សំណាង នឹងបើក​សវនាការ​សួរដេញ​ដោល​នៅថ្ងៃទី២២ ខែកញ្ញាសប្ដាហ៍​ក្រោយ​បន្ត​ទៀត។
អានព័ត៌មានបន្ថែម...

29669704-78dc-4ed6-be58-32c8d743859e.jpeg
(ស្ដាំ) លោក គង់ ម៉ាស់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​ជាប់ពន្ធនាគារ និង (រូបឆ្វេង) រថយន្ត​ដឹក​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ដែលកំពុងជាប់ឃុំ ទៅធ្វើ​សវនាការជម្រះក្ដី​​នៅ​សាលាដំបូងរាជធានី​ភ្នំពេញ ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក

. របាយការណ៍​បង្ហាញ​ថា ប្រជាពលរដ្ឋ ត្រូវគេ​បង្ខំ​ឲ្យ​លក់​ដី​ដោះស្រាយ​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ

សង្គម​ស៊ីវិល​ក្នុង​ស្រុកនិង​អង្គការ​ហ្វីអាន (FIAN) នៃប្រទេស​អាល្លឺម៉ង់ (Germany) បាន​ចេញ​ផ្សាយ​របាយការណ៍​លទ្ធផល​ស្រាវជ្រា​វមួយ​បង្ហាញ​ថាប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ខំ​លក់​ដីដើម្បី​ដោះស្រាយ​បំណុល​ដែល​បាន​ខ្ចីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថារដ្ឋាភិបាល​កម្ពុជានិង​ភាគី​ពាក់ព័ន្ធត្រូវមាន​វិធានការណ៍អន្តរាគមន៍​បន្ទាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រដែលកំពុង​មានបំណុល​វ័ណ្ឌករដើម្បី​ជៀសវៀង​កុំ​ឱ្យ​ពួកគេ​ត្រូវ​លក់​ដី​សង​បំណុល​ដោយ​បង្ខំ​បន្ត​ទៀត។

Licado Report on Micro Finance on 15-09-2022.jpg
របាយការណ៍រកឃើញរបស់អង្គការលីកាដូថា ជារៀងរាល់ ១៦នាទី មានពលរដ្ឋកម្ពុជាមួយគ្រួសារបានលក់ដី ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។ រូប៖ អង្គការលីកាដូ

. លោក ហ៊ុន សែន ថា​កំណើន​នៃកម្ដៅ​ផែនដី និង​គ្រោះធម្មជាតិ​កំពុង​មាន​ឥទ្ធិពល​ខ្លាំង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើង​ក្នុងនាម​ប្រធាន​ប្តូរវេន​អាស៊ាន​ថា បប្រែ​បម្រួល​អាកាស​ធាតុ ការកើន​ឡើង​នៃ​កម្ដៅ​ផែនដី និង​គ្រោះ​ធម្មជាតិ កំពុង​លេចរូបរាង និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចរន្តសេដ្ឋកិច្ច និង​ការ​ធ្លាក់ចុះ​តម្លៃ​ផលិតផល​នៅ​លើ​សាកលលោក។ អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា ការលើកឡើង​របស់​លោក ហ៊ុន សែន គឺជាការ​ដាស់​តឿន​ដល់​ប្រទេស​សមាជិក​អាស៊ាន​ឱ្យ​មាន​ឆន្ទៈការពារ​ធនធានធម្មជាតិ ដើម្បីទ្រទ្រង់​លំនឹង​ផែនដី។ ទោះជា​យ៉ាងណា អ្នកស្រឡាញ់​បរិស្ថាន​មើល​ឃើញ​ថា កម្ពុជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ភោគទ្រព្យជាតិ​រងការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ ជាពិសេស​ការបង្កឱ្យមាន​វិនាសកម្ម​ព្រៃឈើ​នៅកម្ពុជា​ដែល​មាន​ទំហំ​ធំធេង។

អានព័ត៌មានបន្ថែម.... Opens in new window ]

eec4c82f-1979-4110-9d62-f6c3689778ff.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

. មូល​និធិ​គ្លូនី​សំរាប់​យុត្តិធម៌ ស្នើដល់​តុលាការ​កម្ពុជា ឲ្យ​ដោះលែងកញ្ញាសេង ធារី ជាបន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ

មូលនិធិគ្លូនី​សំរាប់​យុត្តិធម៌ (Clooney Foundation for Justice -CFJ) នៅថ្ងៃទី១៥ ខែកញ្ញា ស្នើដល់​តុលាការ​កម្ពុជា ឲ្យដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​ដែល​របាយការណ៍​ថ្មីមួយ​ស្តីពី​ការ​ពិនិត្យ​ដំណើរការ​កាត់ក្តី (TrialWatch) ​របស់​មូលនិធិ​គ្លូនីសំរាប់​យុត្តិធម៌ បាន​ដាក់​ពិន្ទុ អេហ្វ (F) ឬ​ទាបបំផុត បន្ទាប់​ពី​បាន​រកឃើញថា ការ​កាត់​ទោស​មេធាវីខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ នៅ​ក្នុង​សំណុំ​រឿង «រួមគំនិត​ក្បត់»​ ​គឺគ្មាន​ភស្តុតាង​ណាមួយ​ដើម្បី​បង្ហាញ​ថា កញ្ញា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះឡើយ។ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តុលាការ​កម្ពុជា​បែរ​ជា​ផ្តោតទៅលើតែ​អត្ថបទ​ចុះផ្សាយ និង​រូបភាព​ដែល​ផ្សព្វផ្សាយ ក្នុង​គណនីយ​ហ្វេសប៊ុក​របស់​កញ្ញា ដែល​បាន​បញ្ចេញ​មតិគាំទ្រ ដល់ការ​ធ្វើ​មាតុភូមិនិវត្ត​របស់លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កាលពីឆ្នាំ ២០១៩។

Clooney Foundation for Justice -CFJ.jpg
Clooney Foundation for Justice -CFJ ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់និងដោះលែងកញ្ញា សេង ធារី ដោយឥតលក្ខខណ្ឌ។ រូប៖ Twitter របស់ Clooney Foundation for Justice -CFJ

. សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​លើ តាមដាន​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ក្នុង សហគមន៍​ឱ្យ​មាន​ប្រសិទ្ធភាព

មន្ត្រីសង្គម​ស៊ីវិល ស្នើឱ្យ​អាជ្ញាធរ​ថ្នាក់​លើ​និង​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់ជាតិ តាមដាន​ទៅលើការ​ចុះ បង្ក្រាប​ល្បែងស៊ីសង​របស់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន។ ពួកគាត់​ថា ការធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព និង​ពង្រឹង​ការងារ​របស់​មន្ត្រី​ទាំងនោះ ចៀសវាង​មាន​ការ​ឃុបឃិត​គ្នា​ក្នុង​មូលដ្ឋាន​ជា​ហេតុ​ធ្វើឱ្យ​ល្បែង​ស៊ីសងនៅ​តែ​បន្តមាន។

. រោងចក្រ​វ៉ាក់សំាង​កូវីដ - ១៩ នឹង​ចាប់​ផ្ដើម​សាងសង់​នៅក្នុង​ខែវិច្ឆិកា​ខាង​មុខ

រោងចក្រ​ថ្នាំបង្កា​ជំងឺ​កូវីដ-១៩ លើក​ដំបូង​នៅកម្ពុជា​នឹង​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅ​ក្នុង​ខែវិច្ឆិកា ខាងមុខ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​អ្នកស្រី យក់ សម្បត្តិ ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំរបស់​ក្រសួង​សុខាភិបាលកាលពី​ថ្ងៃទី ១៥ ខែកញ្ញា ម្សិលម៉ិញថា ក្រសួង​សុខាភិបាលបាន​ធ្វើ​ការងារ​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន ស៊ីណូវ៉ាក់ (Sinovac) ហើយមក​ដល់​ពេល​នេះមាន​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុកដែល​ទទួល​សិទ្ធិ​ផលិតឱសថកំពុង​រៀបចំ​ដី​សម្រាប់​សាងសង់។ រោងចក្រ​វ៉ាក់សាំង​នេះ​នឹងត្រូវ​សាងសង់​នៅលើដី​ទំហំប្រហែល ៥ហិកតារ ក្នុងភូមិ​ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

. មន្ត្រី​ជាន់ខ្ពស់​អូស្ត្រាលីមក​កម្ពុជា​ដើម្បីពង្រឹង​ទំនាក់ទំនង​អូស្ត្រាលី - អាស៊ាន

សមាជិក​ព្រឹទ្ធសភានិង​ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្មនិង​ផលិតកម្ម​នៃ​ប្រទេស​អូស្ត្រាលី លោក ធីម អេរ៉េស (Tim Ayres) នឹង​ដឹកនាំ​គណៈប្រតិភូអូស្ត្រាលី​មក​កាន់​កម្ពុជា​នៅ​សប្ដាហ៍​នេះដើម្បី​ចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើកទី៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃ​ទៀតដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា។ ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ឱ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី១៤ កញ្ញាថា នេះ​ជាកិច្ចប្រជុំ​លើកដំបូង​របស់​រដ្ឋមន្ត្រីសេដ្ឋកិច្ចចាប់​តាំង​ពី​មេដឹកនាំ​អាស៊ាន​បាន​យល់​ព្រម​លើ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ថ្មី​ជា​មួយ​អូស្ត្រាលី​កាលពី​ខែតុលា ឆ្នាំ២០២១។

. កសិករ​ចិញ្ចឹម​ជ្រូកត្អូញត្អែរ​ពី​តម្លៃជ្រូក​ចុះថោក​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

នៅ​ខេត្តប៉ៃលិន​ឯណោះ​វិញកសិករ​ចិញ្ចឹម​ជ្រូកត្អូញត្អែរ​ពី​តម្លៃ​ជ្រូក​រស់​ចុះ​ថោកឱកាស​បុណ្យ​ភ្ជុំនិង​លក់​មិន​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ។ កសិករ​ចិញ្ចឹម​ជ្រូក​អះអាង​ថាតម្លៃ​ចំណី​ជ្រូក​ចេះ​តែ​បន្តហក់​ឡើង​ថ្លៃតែតម្លៃជ្រូក​រស់​កាន់​តែ​ធ្លាក់​តម្លៃ។ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជាមើល​ឃើញ​ថាការត្រៀមជ្រូក​សម្រាប់​បុណ្យភ្ជុំលើស​លប់​នាំអោយ​តម្លៃ​សាច់ជ្រូក​ធ្លាក់ចុះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។