១ . លោក ហ៊ុន សែន ព្រមានរំលាយគណបក្សភ្លើងទៀន
អ្នកឃ្លាំមើលនយោបាយលើកឡើងថាទំនាក់ទំនងរវាងគណបក្សភ្លើងទៀនជាមួយលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀតមិនមែនជាទោសដែលត្រូវឈានដល់ការរំលាយគណបក្សភ្លើងទៀនទេ។ការលើកឡើងដូច្នេះក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំឈ្មោះគណបក្សភ្លើងទៀនថាគណបក្សនេះមានទំនាក់ទំនងជាមួយក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដែលប្រឈមការរំលាយចោលដែលលោកមានទាំងភស្តុតាងទៀតផង។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . ពលរដ្ឋរិះគន់លោក ហ៊ុន សែនថាការថ្លែងសាររបស់លោកមិនបានផ្តល់ប្រយោជន៍ដល់ជាតិ
ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជារិះគន់លោក ហ៊ុន សែន ថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន សែន បានថ្លែងសារនយោបាយបែបគំរាមកំហែងបំផ្លាញពន្លកលទ្ធិប្រជាធិបតេយ្យដែលធ្វើឱ្យប្រជាជាតិខ្មែរកាន់តែបែកបាក់សាមគ្គី។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៣ . អតីតបុគ្គលិកវិទ្យុអាស៊ីសេរីស្នើឱ្យតុលាការកំពូលទម្លាក់បទចោទដើម្បីធ្វើលិខិតឆ្លងដែន
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីស្នើឱ្យតុលាការកំពូលទម្លាក់បទចោទនិងប្រគល់អត្តសញ្ញាណបណ្ណនិងលិខិតឆ្លងដែនត្រឡប់មកវិញដើម្បីឱ្យលោកមានឱកាសបានទៅជួបសាច់ញាតិនៅស្រុកកំណើត។ មន្ត្រីសង្គមស៊ីវិលថាតុលាការគួរទម្លាក់បទចោទនិងប្រគល់ឯកសារសម្គាល់ខ្លួនឱ្យទៅអ្នកសារព័ត៌មានទាំងពីររូបវិញដោយផ្អែកទៅលើអង្គច្បាប់និងមនុស្សធម៌ដើម្បីឱ្យពួកលោកមានសិទ្ធិសេរីភាពពេញលេញ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៤ . ពលរដ្ឋរងគ្រោះពីទឹកជំនន់ប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ
ទាក់ទងនឹងគ្រោះទឹកជំនន់វិញប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារកំពុងប្រឈមបញ្ហាជីវភាពលំបាកដោយសារពួកគេបានខាតបង់ការចំណាយលើការធ្វើស្រែដែលត្រូវបានទឹកជំនន់បំផ្លាញទាំងអស់។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថារដ្ឋាភិបាលត្រូវមានអន្តរាគមន៍ជួយឧបត្ថម្ភដល់កសិករដែលរងគ្រោះពីទឹកជំនន់ឱ្យបានគ្រប់គ្នានឹងមិនត្រូវមានការប្រកាន់និន្នាការនយោបាយឬបក្សពួកឡើយ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៥. ចៅសង្កាត់រងទី២គណបក្សភ្លើងទៀនខេត្តបាត់ដំបងចោទក្រុមប្រឹក្សាបក្សកាន់អំណាចប្រើហិង្សា
នៅខេត្តបាត់ដំបងឯណោះវិញចៅសង្កាត់រងទី២គណបក្សភ្លើងទៀនអ្នកស្រី ស៊ិន ចាន់ពៅរ៉ួហ្សេត ចោទក្រុមប្រឹក្សាបក្សកាន់អំណាចប្រើហិង្សាលើអ្នកស្រី។ ការប្រើហិង្សានេះបន្ទាប់ពីមានការទាស់សម្ដីគ្នារវាងចៅសង្កាត់រងទី២និងក្រុមប្រឹក្សាសង្កាត់អូរចារមកពីគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាស្ថាប័នពាក់ព័ន្ធត្រូវធ្វើការដោះស្រាយដើម្បីកុំបញ្ហាកើតឡើងដដែលៗនិងលើកទឹកចិត្តអោយអ្នកប្រព្រឹត្តមិនខ្លាចច្បាប់។
អានព័ត៌មានពិស្តារ ...
៦ . អ្នកជំនាញច្បាប់ថាតុលាការដោះលែងលោក ឌួង ងៀប ដើម្បីបិទបាំងអំពើពុករលួយនៅក្នុងតុលាការ
អ្នកច្បាប់និងអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថាតុលាការដោះលែងឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃពាក់ផ្កាយបីលោកឧកញ៉ា ឌួង ងៀប គឺមានមន្ទិលសង្ស័យច្រើនដែលបង្ហាញថាតុលាការគ្មានឆន្ទៈស៊ើបអង្កេតលើសំនុំរឿងឆបោកនិងប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីតុលាការខ្លួនឯង។ពួកគេលើកឡើងថាសំណុំរឿងលោក ឌួង ងៀប នេះ គឺបង្ហាញថា កម្ពុជា នៅតែមានអំពើនិទណ្ឌភាពឬអំពើគ្មានទោសពៃ។
អានព័ត៌មានពិស្តារ ...
៧ . ក្រុមសហគមន៍ព្រៃឈើទទូចដល់រដ្ឋាភិបាលទប់ស្កាត់បទល្មើសក្នុងដែនអភិរក្ស
បណ្ដាញសហគមន៍ព្រៃឈើបន្តទទូចដល់រដ្ឋាភិបាលឱ្យទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនអភិរក្សឱ្យមានប្រសិទ្ធភាព និងជាបន្ទាន់។ បណ្ដាញសហគមន៍ព្រៃឈើទាំងនោះ រួមមាន បណ្ដាញសហគមន៍ព្រៃឡង់ ព្រៃសហគមន៍សង្ឃរុក្ខាវ័ន និងសហគមន៍ព្រៃព្រះរកា។
ការអំពាវនាវរបស់បណ្ដាញសហគមន៍ព្រៃឈើទាំងនេះ កើតមានឡើងដោយសារតែបទល្មើសព្រៃឈើកំពុងកើតឡើងឥតឈប់ឈរនៅក្នុងដែនអភិរក្សរបស់ពួកគេនីមួយៗ។ របាយការណ៍អង្កេតលើកទី២ របស់ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យកូពែនហេហ្គែន (Copenhagen) ប្រទេសដាណឺម៉ាក (Denmark) ចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា កម្ពុជាបានបាត់បង់ព្រៃឈើជាង ១៤ ម៉ឺនហិកតារ (១៤៤.០០០) កាលពីឆ្នាំមុន។ ក្នុងនោះ ការបាត់បង់គម្របព្រៃឈើក្នុងដែនជម្រកសត្វព្រៃឡង់បានកើនឡើង ២២% ព្រៃព្រះរកា ៤៣% និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នចំនួន ៤៧%។
បើតាមរបាយការណ៍ដដែល មូលហេតុនៃការបាត់បង់ព្រៃឈើនេះ គឺដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនឈើ រ៉ែ និងកសិកម្ម មានជាអាទិ៍ ក្រុមហ៊ុនស៊ីងបាយអូថិក (Think Biotech Co., Ltd.) ក្រុមហ៊ុនភីអិនធី (PNT Co., Ltd.) និងក្រុមហ៊ុន ធី ង៉ា (Thy Nga Development Co., Ltd) ដោយពួកគេបានចូលទៅកាប់ឈើនៅក្នុងតំបន់អភិរក្សជាប្រចាំ។
៨ . កុមារកម្ពុជាប្រមាណ២លាន២សែននាក់ងាយទទួលរងគ្រោះពីមហន្តរាយអាកាសធាតុ
មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជានិងពិភពលោកចាត់វិធានការជាបន្ទាន់ដើម្បីបង្កើនមូលនិធិសម្រាប់គាំពារកុមារនិងសហគមន៍ពួកគេដែលងាយរងគ្រោះពីរលកកម្តៅខ្លាំងនិងគ្រោះមហន្តរាយផ្សេងៗបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
ប្រធានស្តីទីយូនីសេហ្វប្រចាំកម្ពុជាលោកវេជ្ជបណ្ឌិត អានៀរបាន ឆាតឺរជី (Dr.Anirban Chatterjee) មានប្រសាសន៍ថាបម្រែបម្រួលអាកាសធាតុកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងសុខុមាលភាពកុមារកម្ពុជារួចទៅហើយ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវថ្មីចុងក្រោយនេះបង្ហាញថា នៅពេលអនាគតប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។របាយការណ៍ដដែលក៏បានរកឃើញថាមានប្រទេសចំនួន ២៣ រួមទាំងប្រទេសកម្ពុជាផងត្រូវបានចាត់ថ្នាក់ជាប្រទេសដែលកុមារប្រឈមខ្ពស់បំផុតដោយសារសីតុណ្ហភាពខ្ពស់ខ្លាំង។
៩ . កសិករចិញ្ចឹមមាន់មួយចំនួននៅខេត្តប៉ៃលិនត្អូញត្អែរពីមាន់ងាប់មិនចេះបច្ចេកទេសព្យាបាល
នៅឯខេត្តប៉ៃលិនកសិករចិញ្ចឹមមាន់មួយចំនួនត្អូញត្អែរពីបញ្ហាមាន់ងាប់ជាបន្តបន្ទាប់ដោយសារមិនចេះបច្ចេកទេសព្យាបាល។មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យនិងចុះស្រាវជ្រាវនៅតាមមូលដ្ឋានរកមូលហេតុដើម្បីជួយដល់ កសិករ និង ផ្ដល់ពូជមាន់ចិញ្ចឹមដល់ពួកគាត់ឡើងវិញ។
អានព័ត៌មានពិស្តារ ...
១០ . ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក នឹងចុះទៅព្យាបាលជំងឺដល់ពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅខេត្តបន្ទាយមានជ័យ
សមាគមសុខាភិបាលខ្មែរនៅអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង ឡុស អន់យឺលេស (Los Angeles) រដ្ឋកាលីហ្វរនីញ៉ា (California) គ្រោងចុះទៅបំពេញបេសកកម្មស្ម័គ្រចិត្តឡើងវិញដើម្បីផ្តល់សេវាព្យាបាលសុខភាពដល់ប្រជាពលរដ្ឋខ្មែរក្រីក្រដោយឥតគិតថ្លៃនៅខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីបានអាក់ខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រៅតែពីការផ្តល់សេវាព្យាបាលនិងវះកាត់ក្រុមគ្រូពេទ្យទាំងនោះក៏ចែកចាយថ្នាំពេទ្យនិងវ៉ែនតាសំរាប់អ្នកដែលមានបញ្ហាភ្នែកផងដែរ៕

[ អានព័ត៌មានពិស្តារ... Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។