ព័ត៌មានសំខាន់ៗ ចំនួន៩ ដែលលោកអ្នកនាងគួរអាននៅថ្ងៃអង្គារនេះ
2023.01.30
១.អ្នកឃ្លាំមើលថា គណបក្សប្រជាជនកម្ពុជាពុំបានប្រកាន់ជំហរគោលនយោបាយបរទេសឯករាជ្យ
មន្ត្រីគណបក្សប្រឆាំង និងអ្នកជំនាញកិច្ចការនយោបាយអន្តរជាតិរិះគន់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពុំបានប្រកាន់ជំហរនយោបាយការបរទេសដោយឯករាជ្យស្របតាមច្បាប់នោះទេ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពី គណបក្សប្រជាជនកម្ពុជាសម្រេចក្នុងមហាសន្និបាតរបស់បក្សខ្លួនថា កម្ពុជាប្រកាន់ការអនុវត្តនយោបាយបរទេសដោយឯករាជ្យ។ អានព័ត៌មានពិស្តារ...
២. សមាគមថា កម្មវិធីនយោបាយរបស់បក្សប្រជាជនហាក់ពុំមានប្រសិទ្ធភាពក្នុងការជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធឡើយ
មេដឹកនាំសមាគមលើកឡើងថា ការដាក់ចេញយុទ្ធសាស្រ្តជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជានឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណាត្តិចាស់ទេ ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្តោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។
៣. ប្រតិភូខ្មែរក្រោមជំរាបប្រាប់សន្និសិទអន្តរសាសនាស្តីពីការរំលោភសិទ្ធិសាសនាខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំប្រតិភូទៅចូលរួមសន្និសិទសេរីភាពសាសនាអន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតុន នៅដើមសប្តាហ៍នេះ ដើម្បីធ្វើរបាយការណ៍ស្តីពីស្ថានភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកសាសនាទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលកំពុងគង់នៅលើទឹកដីកំណើត។ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមលើកឡើងថា សន្និសិទនេះជាឱកាសមាសដើម្បីជំរាបមេដឹកនាំសាសនាទាំងអស់នៅក្នុងកិច្ចប្រជុំនេះឲ្យស្វែងយល់ពីការប្រវត្តិនៃការប្រតិបត្តិសាសនារបស់ព្រះសង្ឃខ្មែរក្រោមនិងពលរដ្ឋខ្មែរក្រោមផង។ អានព័ត៌មានពិស្តារ...
៤. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំពឹងពីការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបង្កើតច្បាប់ចរាចរណ៍ថ្មីបន្ថែមទៀតដោយធ្វើការកែសម្រួលឱ្យត្រូវនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលមួយចំនួន រិះគន់ថា ការកែច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មិនអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាននោះទេ ដោយសារតែមន្ត្រីអនុវត្តច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយយកលុយពីជនល្មើស។
៥. ឆ្នាំ២០២២ កម្ពុជានាំចូលពីចិនច្រើនជាងគេ តែអាមេរិកជាទីផ្សារកម្ពុជានាំចេញធំជាងគេ
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។
យោងតាមស្ថិតិទំនិញពាណិជ្ជកម្មនាំចូលជាមួយប្រទេសសំខាន់ៗ ត្រឹមដំណាច់ឆ្នាំ២០២២ ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចិនគឺជាប្រទេសឈានមុខគេដែលកម្ពុជាទិញទំនិញ ឬនាំចូល ក្នុងឆ្នាំ២០២២ គឺស្មើនឹងជិត ៣៥% (៣៤,៩%) ឬមានតម្លៃសរុបជាង ១០ពាន់លានដុល្លារ។ ក៏ប៉ុន្តែ ចិនគឺជាប្រទេសដែលកម្ពុជានាំចេញទំនិញទៅដាក់លក់វិញ បានតិចតួចបំផុត គឺត្រឹមតែជាង ៥% (៥,៥%) ប៉ុណ្ណោះ ក្នុងឆ្នាំដដែលនេះ ពោលគឺស្មើនឹងតម្លៃសរុបជាង ១ពាន់លានដុល្លារប៉ុណ្ណោះ។
ផ្ទុយទៅវិញ កម្ពុជានៅតែបន្តពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាមេរិក។ ស្ថិតិដដែលបង្ហាញថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់បានច្រើនជាងប្រទេសណាៗទាំងអស់ ពោលគឺស្មើនឹងជិតពាក់កណ្តាល ឬ ៤០% (៣៩,៩%) ដែលមានតម្លៃសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ។ ក៏ប៉ុន្តែកម្ពុជាបានទិញទំនិញ ឬនាំចូលទំនិញពីអាមេរិកមកវិញបានត្រឹមតែ ១% ប៉ុណ្ណោះ ឬស្មើនឹងតម្លៃសរុបជាង ៣រយលានដុល្លារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា បើមិនឱ្យលោកពឹងចិន តើឱ្យលោកទៅពឹងអ្នកណា។ ក៏ប៉ុន្តែ ការពិតជាក់ស្តែងផ្អែកតាមស្ថិតិនេះ កម្ពុជាពឹងផ្អែកស្ទើតែពាក់កណ្តាលទៅលើទីផ្សារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញទំនិញ ខណៈមិត្តដែកថែបចិនអាចជួយកម្ពុជាបានត្រឹមតែជាង ៥ភាគរយប៉ុណ្ណោះ។
៦. សកម្មជនគណបក្សភ្លើងទៀនម្នាក់ ក្នុងខេត្តត្បូងឃ្មុំ ស្នើសុំឱ្យអាជ្ញាធម៌ផ្ដល់ប្រាក់ឧបត្ថម្ភតាមរយៈប័ណ្ណសមធម៌ឡើងវិញ
សកម្មជនគណបក្សភ្លើងទៀនម្នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នើឱ្យរដ្ឋាភិបាលផ្ដល់ការឧបត្ថម្ភជាសាច់ប្រាក់ដល់គ្រួសាររបស់លោកតាមរយៈប័ណ្ណសមធម៌ជាប្រចាំខែឡើងវិញ ដើម្បីបញ្ជាក់ពីការមិនរើសអើងក្នុងការជួយជនក្រីក្រ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រពិតប្រាកដ រដ្ឋាភិបាលគួរត្រួតពិនិត្យ និងតាមដានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រីតាមសហគមន៍ និងត្រូវដាក់ពិន័យចំពោះមន្ត្រីថ្នាក់ក្រោមជាតិ ដែលបន្លំផ្ដល់ប័ណ្ណសមធម៌បែបបក្សពួកនិយម។
៧. លោក រ៉ុង ឈុន នឹងប្រកាសជំហរនយោបាយរបស់លោកនៅថ្ងៃនេះ
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នឹងប្រកាសជាសាធារណៈពីជំហរនយោបាយរបស់លោក នៅថ្ងៃអង្គារ ទី៣១ ខែមករានេះ។
តាមគម្រោងលោក រ៉ុង ឈុន នឹងធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះ នៅស្នាក់ការសមាគមគ្រូបង្រៀនឯករាជ្យ ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សហភាពសហជីពកម្ពុជាបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះលោក រ៉ុង ឈុន នឹងបញ្ជាក់ពីជំហររបស់លោក ថាតើនឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយ ឬយ៉ាងណា ដែលនេះក៏ជាការឆ្លើយតបនឹងសំណូមពររបស់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។
៨. ជនជាតិដើមភាគតិចបង្ខំចិត្តធ្វើចំណាកស្រុកជាច្រើនគ្រួសារ ក្រោយពីបាត់បង់ព្រៃឈើ និង ដីធ្លីសមូហភាព
ជនជាតិដើមភាគតិចកួយរស់នៅខេត្តព្រះវិហារ បង្ខំចិត្តធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដើម្បីស្វែងរកប្រាក់ចំណូល ក្រោយពីបាត់បង់ព្រៃឈើ និងដីសមូហភាពដែលពួកគាត់ធ្វើចម្ការវិលជុំបែបប្រពៃណីចិញ្ចឹមជីវិត។
៩. ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាល ចាប់អារម្មណ៍សុខទុក្ខពលរដ្ឋខ្មែរក្រោម
ក្រុមយុវជន និងព្រះសង្ឃ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ចាប់អារម្មណ៍ពីសុខទុក្ខពលរដ្ឋខ្មែរក្រោម ដែលពួកគាត់ព្យាយាមរក្សាទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងប្រតិបត្តិជំនឿព្រះពុទ្ធសាសនា។
ក្រុមយុវជនទាំងនោះ ចង់បង្ហាញពីទិដ្ឋភាពទូទៅ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ក្រោយពីពួកគាត់បញ្ចប់ទស្សនកិច្ចសិក្សានៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។