ព័ត៌មាន​​សំខាន់ៗ​​ចំនួន ៩ ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃពុធនេះ

. សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​អនុប្រធាន​បក្ស​ភ្លើងទៀន​ដែលចាញ់​ក្ដី គ . . បនិង​បក្ស​កាន់អំណាច

សាលាឧទ្ធរណ៍​ភ្នំពេញ​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​អនុប្រធាន​បក្ស​ភ្លើងទៀន លោក សុន ឆ័យ ដែល​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​ចាញ់ក្ដី​គណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បក្ស​កាន់អំណាច​នាថ្ងៃទី១៤ ខែធ្នូ ខាងមុខ។ មេធាវីការពារ​លោក សុន ឆ័យ និង​មន្ត្រីសង្គមស៊ីវិលចង់ឃើញ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​កាត់ក្ដី ឈរ​លើ​ស្មារតី​ច្បាប់ដោយ​កុំ​សម្រេច​ក្ដី​តាម​ឥទ្ធិពល​អ្នកមាន​អំណាច។

. សកម្មជន​សិទ្ធិមនុស្ស​ជិះកង់​ពី​ខេត្តសៀមរាប​ទៅ​ភ្នំពេញដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស

ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​យុវជន​ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ បាន​ផ្តើម​ធ្វើ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង ៣០០ គីឡូម៉ែត្រ ចាប់​ពី​ចំណុច​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់ក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី១០ ខែធ្នូខាងមុខនេះ។ ក្រុមយុវជន​ធ្វើ​យុទ្ធនាការ​នេះ ដើម្បីទាមទារ​ឱ្យ​រដ្ឋាភិបាល​បើកលំហ​សិទ្ធិសេរីភាព​ដល់​សហគមន៍​មូលដ្ឋាន និង​ពលរដ្ឋ​ខ្មែរ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ពេញ​លេញ​ឡើង​វិញ។

. អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ឆ្លង​ដែន
អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វីក ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​គ្រប់រូប​ភាព ខណៈអង្គការ​អន្តរជាតិ​ផ្នែក​ទេសន្តប្រវេសន៍ (IOM) ប្រារព្ធ​ខួប​លើកទី​២០​ឆ្នាំ។ អង្គការ​សហប្រជាជាតិ ក៏​បាន​ផ្តល់​អនុសាសន៍​៦​ចំណុច ក្នុងនោះ​រួមមាន ស្នើ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ពាក់ព័ន្ធ បង្កើត​ក្រុម​ឆ្លើយតប​ជា​បន្ទាន់​និង​សកម្ម ដើម្បី​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ អនុសាសន៍​នោះក៏បាន​ជម្រុញ​ឱ្យមានការ​ផ្តោត​យកចិត្តទុកដាក់​លើសេវា​ជួយ​ដល់​ជន​រងគ្រោះ​នៃការ​ជួញដូរ​មនុស្ស ការរត់ពន្ធមនុស្ស​តាម​សមុទ្ទ និង​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អនឡាញ ក្នុងនោះ​ក្រុម​ការងារ​រួមទាំង​នោះ ត្រូវសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ដើម្បី​កាត់​បន្ថយ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធអ៊ិនធឺណេត។

ទន្ទឹមនេះ​ដែរអង្គការ​សហប្រជាជាតិក៏បាន​លើកទឹក​ចិត្ត​ដល់​រដ្ឋនីមួយៗសហការ​ភាព​ជា​ដៃគូ​ជា​មួយ​វិស័យ​ឯកជនដើម្បី​ស្វែង​រកមូលហេតុ​នៃ​ការ​ជួញដូរ​មនុស្សនិង​ការ​រត់​ពន្ធមនុស្សដោយ​ផ្អែក​តាម​ស្តង់ដា​ការងារ​និង​សិទ្ធិមនុស្ស​អន្តរជាតិដើម្បី​កាត់​បន្ថយ​អាត្រា​ជួញដូរ​មនុស្សជួយដល់​ជន​រង​គ្រោះ​និង​ជួយដល់​ជនភៀស​ខ្លួន​ស្វែង​រក​ការ​តាំង​ទីលំ​នៅ​ប្រទេសទី៣ជាដើម។ ចំណែក​នៅប្​រទេស​កម្ពុជា​វិញ របាយការណ៍ ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា រយៈពេល ៩ខែ ឆ្នាំ២០២២ សមត្ថកិច្ច​បង្ក្រាប​អំពើ​ជួញដូរ​មនុស្សនិង​អាជីវកម្ម​ផ្លូវ​ភេទបាន​ចំនួន ១២២ករណី និងបាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ចំនួន ២៥៤នាក់ ក្នុងនោះស្រី១៩០នាក់។

. មនុស្ស ១ពាន់ ៥រយនាក់​នៅខេត្តកោះកុង​ចូលរួម​ទិវា​សិទ្ធិមនុស្ស ដើម្បីយុត្តិធម៌សង្គម

ប្រជាសហគមន៍​ខេត្តកោះកុង អាជ្ញាធរមូលដ្ឋាន និង​ក្រុម​អង្គការ​សង្គមស៊ីវិល នៅថ្ងៃទី៦ ខែធ្នូ បាន​រួម​គ្នា​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប៧៤ ក្រោម​ប្រធានបទសាមគ្គីភាព​ប្រជាពលរដ្ឋដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​កិច្ចគាំពារ​សង្គម ។ កម្មវិធីនេះ​មាន​មនុស្ស​ចូលរួម ១ពាន់ ៥រយនាក់​ (១៥០០) ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុងដោយ​មានការ​ចូលរួមពី​អភិបាលរង​ខេត្តកោះកុង លោក ហាក់ ឡេង និងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។ មន្ត្រីសង្គមស៊ីវិល ឱ្យដឹងថា ពិធីនេះ​ក្នុង​បំណង​ផ្តល់​ឱកាសឱ្យ​ប្រជាសហគមន៍និង​កសិករ​បង្ហាញពី​ក្តីក្ដីកង្វល់របស់​ខ្លួនប៉ះពាល់​សិទ្ធិ​របស់​ពួកគាត់ដើម្បី​ឱ្យ​អាជ្ញាធរ​ពិចារណា​ដោះស្រាយ។

. តុលាការ​លើកពេល​ជំនុំជម្រះ​សំណុំរឿង​អតីត​មេឃុំ​ជាប់ឆ្នោត​បក្ស​ប្រឆាំង​អ្នកស្រី កឹម តុលា

តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃទី៦ ខែធ្នូនេះ សម្រេច​លើកពេល​សវនាការ​រឿងក្ដី​អតីត​មេឃុំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ អ្នកស្រី​ កឹម តុលា ពាក់ព័ន្ធ​នឹង​បទចោទ​ញុះញង់ទៅពេល​ក្រោយ​វិញដោយ​មិនទាន់​កំណត់​ថ្ងៃជាក់លាក់។ មេធាវី និង​មន្រ្តីសិទ្ធិមនុស្សស្នើ​ដល់​តុលាការ​ពន្លឿន​សំណុំរឿង​នេះ​ឱ្យ​បាន​ឆាប់ដើម្បី​កុំ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​ជនជាប់ឃុំ។

. កូដករ​ណាហ្គាវើលដ៍​ស្លៀកពាក់​ខោអាវ​អ្នកទោស​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារនិង​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុមកូដករ​ណាហ្គាវើលដ៍ (Naga World) នៅថ្ងៃទី៦ ធ្នូ បានស្លៀកពាក់​ខោអាវ​ជាអ្នកទោសចេញ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ថៅកែដោះស្រាយ​វិវាទ​ការងារនិង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ មន្ត្រីសង្គមស៊ីវិល រិះគន់ថា ​ការដែល​រដ្ឋាភិបាលនៅ​តែ​មិន​អើពើ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃនេះរដ្ឋាភិបាល​នឹង​រងការរិះគន់ធ្ងន់ៗ​បន្ថែម​ទៀត​ពី​សហគមន៍​ជាតិ និងអន្តរជាតិ។ អានព័ត៌មានពិស្តារ...

. អាជ្ញាធរ​ខេត្តបាត់ដំបងឯកភាព​ជាមួយ​ភាគីថៃបើកច្រកទ្វា​ព្រំដែន​តំបន់៤០០ ឡើងវិញ

អាជ្ញាធរ​ខេត្តបាត់ដំបងបានឯកភាព​គ្នា​ជា​មួយ​អាជ្ញាធរ​ថៃដើម្បីបើក​ដំណើរការ​ឡើង​វិញនូវ​ច្រកទ្វា​តំបន់​ព្រំដែន ៤០០ ក្នុងស្រុកសំឡូត និងព្រំដែនតំបន់បានម៉ាក់មួង (BanMak​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Moung) ​ខេត្តត្រាត (Trat)។ មន្ត្រីសង្គមស៊ីវិល​ស្នើដល់​អាជ្ញាធរ​ប្រទេសទាំងពីរ​ឱ្យ​សម្របសម្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ដោះដូរ​ទំនិញនិង​ផលិតផល​កសិកម្ម។

. អ្នកតាមដាន​សង្គម​ថា លោក ហ៊ុន សែន ប្រមែប្រមូល​អ្នកសារព័ត៌មាននិង​អ្នក​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ឲ្យ​ទៅ​ពង្រឹង​អំណាចរបស់ខ្លួន

របប​លោក ហ៊ុន សែន ព្យាយាម​ប្រមែប្រមូល​អ្នកជំនាញ​ផ្សេងៗ​គ្នា រួមទាំង អ្នកច្បាប់ អ្នកសារព័ត៌មាន កវីនិពន្ធ និងអ្នកជំនាញ​កសិកម្ម​ជាដើមឲ្យ​ទៅបំរើ​ក្នុង​រដ្ឋាភិបាល​រ​បស់លោកតាមរយៈការ​ផ្ដល់​តួនាទី​ជា​អនុរដ្ឋលេខាធិការនិង​រដ្ឋលេខាធិការ​ជាដើម។

តើលោក ហ៊ុន សែន ប្រមែប្រមូល​អ្នក​ជំនាញ​វិជ្ជាជីវៈដោយ​ផ្ដល់​តួនាទី​ឋាន្តរស័ក​នេះជាការយកទៅពង្រឹង​​​​​​​​​​​​​ស្ថាប័នរដ្ឋ ឬ ដើម្បី​យកទៅ​បំរើអំណាច​ផ្ទាល់ខ្លួន​របស់​លោក?

សូមទស្សនា​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​ព្រះតេជគណ ប៊ុត ប៊ុនតិញ អំពី​បញ្ហា​នេះដូ​​ចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។