អង្គការសិទ្ធិមនុស្សថ្កោលទោសរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនពលករខ្មែរម្នាក់ ឱ្យអាជ្ញាធរកម្ពុជា ដោយសារតែរិះគន់លោក ហ៊ុន សែន
2024.10.05
ក្រុមអង្គការសិទ្ធិមនុស្ស រិះគន់សមត្ថកិច្ចម៉ាឡេស៊ីបញ្ជូនពលករខ្មែរម្នាក់ ដែលរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យអាជ្ញាធរកម្ពុជា។ ពួកគេថានេះជាទង្វើបំពានលើគោលការណ៍ច្បាប់អន្តរជាតិ រំលោភសិទ្ធិមនុស្ស និងផ្តល់គំរូអាក្រក់ដល់ប្រទេសក្នុងតំបន់ ហើយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា នួន តឿន ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
ក្រុមអង្គការសិទ្ធិមនុស្សរិះគន់រដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី ដែលឃុបឃិតគ្នា ចាប់បញ្ជូនពលករខ្មែរ និងជាសកម្មជនបក្សប្រឆាំង ដោយសារការរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន នៅលើបណ្ដាញសង្គមពីក្រៅប្រទេស។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យបានចេញសេចក្ដីថ្លែងការណ៍ដោយថ្កោលទោស ចំពោះការចាប់ខ្លួនបញ្ជូនកញ្ញា នួន តឿន ពីប្រទេសម៉ាឡេស៊ីថា ជាការរំលោភច្បាប់អន្តរជាតិ និងបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ សេចក្ដីថ្លែងការណ៍នោះចាត់ទុកការចាប់បញ្ជូនមនុស្សឆ្លងដែនដោយបង្ខំ គឺដើម្បីបំបិទមាត់អ្នករិះគន់នៅក្រៅប្រទេស និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋទាំងអស់នៅក្នុងតំបន់។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យជំរុញតំណាងរដ្ឋាភិបាលម៉ាឡេស៊ីនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឱ្យចាត់វិធានការជាបន្ទាន់ ចំពោះបញ្ហានេះ ហើយវាចាំបាច់ ដែលសហគមន៍អន្តរជាតិត្រូវផ្ញើសារច្បាស់ៗ ថា ការរំលោភសិទ្ធិមនុស្សបែបនេះនឹងមិនត្រូវអត់ឱនឡើយ។
ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែតុលាថា អាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនពលករខ្មែរម្នាក់ ដោយគ្រាន់តែនិយាយរិះគន់មេដឹកនាំកម្ពុជា ជារឿងមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ។ អ្នកស្រីបញ្ជាក់ថាកញ្ញា នួន តឿន ជាពលករខ្មែរធ្វើការស្របច្បាប់ ហើយការបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជាកន្លងមក គឺជាការប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ ដោយមិនមែនជាអំពើញុះញង់នោះទេ។ អ្នកស្រី មូរ សុខហួរ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា នួន តឿន និងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ ព្រមទាំងបើកលំហសិទ្ធិមនុស្សឡើងវិញ។
អ្នកស្រី មូរ សុខហួរ៖ «សភាមកពីប្រទេសប្រជាធិបតេយ្យ ទោះបីមកពីគណបក្សកាន់អំណាចក៏ដោយ ក៏គេហ៊ានតតាំងជាមួយនាយករដ្ឋមន្ត្រី តាំងជាមួយរដ្ឋាភិបាលក្នុងការការពារគោលការណ៍សិទ្ធិមនុស្សនេះឯង ដូច្នេះខ្ញុំយល់ថា លោក ហ៊ុន សែន ទៅលួងលោមឱ្យប្រទេសដទៃទៀតចូលរួមប្រព្រឹត្តខុសច្បាប់អន្តរជាតិជាមួយគាត់នេះ ខ្ញុំជឿជាក់ថាប្រទេសម៉ាឡេស៊ីនឹងមិនធ្វើទៀតទេ នេះជាការព្រមានដល់ប្រទេសដទៃទៀត កុំចូលរួមធ្វើជាដៃគូជាមួយជនផ្ដាច់ការ»។
ចំណែកលោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) បង្ហោះសារនៅលើបណ្ដាញ សង្គមអ៊ិច (X) ដោយលើកឡើងថា ពលករចំណាកស្រុកមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិ ទោះបីពួកគេនៅទីណាក៏ដោយ។ លោករិះគន់កិច្ចសហការរវាងរដ្ឋាភិបាលម៉ាឡេស៊ីជាមួយរដ្ឋាភិបាលកម្ពុជា ដែលតាមដាន និងចាប់បង្ខំពលករខ្មែរ ដែលហ៊ានរិះគន់មេដឹកនាំនៅលើបណ្ដាញសង្គមថាជាអំពើគួរស្អប់។
ស្រដៀងគ្នានេះដែរ នាយកអង្គការហ្វ័រធីហ្វាយ រ៉ៃត៍ (Fortify Right) ប្រចាំទីក្រុងបាងកក លោក ចន ឃ្វីនឡី (Jonh Quinley) បង្ហោះនៅលើបណ្តាញសង្គមអ៊ិច (X) ដែរថា ជនចំណាកស្រុកមានសិទ្ធិបញ្ចេញមតិដោយសេរី ប៉ុន្តែការនិរទេសកញ្ញា នួន តឿន នេះគឺជាទម្រង់គាបសង្កត់ឆ្លងដែន។ លោកសង្កត់ធ្ងន់ថាជនភៀសខ្លួន និងជនចំណាកស្រុកត្រូវតែទទួលបានការការពារ ហើយរដ្ឋាភិបាលត្រូវធានាថាពួកគេមានសិទ្ធិជាមូលដ្ឋាន រួមទាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូរណា ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៤ ខែតុលា។
កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា សមត្ថកិច្ចម៉ាឡេស៊ី៦នាក់ សហការជាមួយមន្ត្រីស្ថានទូតខ្មែរបានសម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកបណ្ដាញយុវជនកម្ពុជាសកល ប្រចាំម៉ាឡេស៊ី គឺកញ្ញា នួន តឿន ដល់ក្នុងផ្ទះថៅកែ នៅរដ្ឋសេឡាំងហ្គ័រ (Selangor) នៅជាប់ទីក្រុងកូឡាឡាំពួរ។ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១ ខែតុលា បានចោទប្រកាន់កញ្ញា ពីបទ« ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើង» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ «ម២» រាជធានីភ្នំពេញ បន្ទាប់ពីប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ីបញ្ជូនពលកររូបនេះប្រគល់ឱ្យអាជ្ញាធររដ្ឋាភិបាលត្រកូលហ៊ុនវិញ តាមសំណើរបស់អាជ្ញាធរកម្ពុជាកាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា។ បទចោទទាំងពីរនេះ បើតុលាការកាត់ទោសនោះ នាងអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។
ជុំវិញរឿងនេះ ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសម៉ាឡេស៊ី លោក សាដាត សាមាធិ ថ្លែងថា អាជ្ញាធររដ្ឋាភិបាលត្រកូល ហ៊ុន ជាមួយប៉ូលិសម៉ាឡេស៊ីសហការគ្នាចាប់ខ្លួនសមាជិករបស់លោកនេះ កំពុងគំរាមកំហែងដល់សុវត្ថិភាពរបស់សកម្មជន និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលចេញមុខរិះគន់រដ្ឋាភិបាលកម្ពុជានៅលើបណ្ដាញសង្គម។ លោកឱ្យដឹងថា ស្ថានការណ៍នយោបាយកាន់តែយ៉ាប់យ៉ឺននេះបានធ្វើឱ្យជនភៀសខ្លួនខ្មែរនៅប្រទេសម៉ាឡេស៊ីកំពុងភ័យខ្លាច និងស្វែងរកកន្លែងមានសុវត្ថិភាព ដើម្បីគេចពីការចាប់ខ្លួន ឬការនិរទេសទៅកម្ពុជាវិញ។
លោក សាដាត សាមាធិ៖ «យើងមានការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំង ហើយសូមអំពាវនាវដល់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងជនភៀសខ្លួនជួយការពារពួកយើងឱ្យទាន់ពេលវេលានៅពេលដែលគេចាប់ខ្លួន។ អ្វីដែលយើងខ្លាចបំផុតគឺការចាប់ខ្លួនក្រៅប្រព័ន្ធច្បាប់ នៅប្រទេសម៉ាឡេស៊ីពីមុនអត់មានទេ ឥឡូវនៅប្រទេសនេះមានការចាប់ក្រៅប្រព័ន្ធច្បាប់ដូចករណី នួន តឿន អ៊ីចឹង គេចាប់ខ្លួនក្រៅប្រព័ន្ធច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជនភៀសខ្លួន ឬពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិមិនគួរទទួលរងការចាប់បញ្ជូនទៅកម្ពុជាវិញទេ ពីព្រោះបញ្ហានេះនឹងនាំឱ្យសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលនៃប្រទេសទាំងពីរពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។
លោក អំ សំអាត៖ «បើការចាប់បញ្ជូនដោយសារការរិះគន់ផ្សេងៗហ្នឹងដែលយើងមើលឃើញថា សហគមន៍អន្តរជាតិមានការលើកឡើង ហើយរិះគន់ទៅលើអាជ្ញាធរប្រទេសម៉ាឡេស៊ីដែលសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញ ដែលគេ (សហគមន៍អន្តរជាតិ) លើកឡើងពីសិទ្ធិ និងសេរីភាពបុគ្គលក្នុងការរិះគន់ បញ្ចេញមតិអ្វីផ្សេងៗវាជាក្របខ័ណ្ឌសិទ្ធិមនុស្សជាសកល ដែលរដ្ឋាភិបាលម៉ាឡេស៊ីត្រូវគោរពដែរ»។
កញ្ញា នួន តឿន អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងជាកូនកំព្រាឪពុកម្តាយ។ នាងគឺជាពលករខ្មែរធ្វើការស្របច្បាប់ ដែលចេញមុខគាំទ្រគណបក្សប្រឆាំង។ កញ្ញាតែងប្រើប្រាស់បណ្ដាញសង្គមនិយាយរឿងអយុត្តិធម៌នានា ដូចជា បញ្ហាពលរដ្ឋរងគ្រោះដីធ្លី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេស រិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឥតសំចៃមាត់។
មន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកជំនាញសិទ្ធិមនុស្សបញ្ជាក់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការសម្ដែងមតិស្របតាមរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ។ ដូច្នេះការតាមចាប់បញ្ជូនពលករខ្មែរ និងជនភៀសខ្លួនខ្មែរ ដែលមាននិន្នាការផ្ទុយរដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេស គឺជាទង្វើរឹតត្បិតលើសិទ្ធិរបស់ពលរដ្ឋ បំពានលើគោលការណ៍ច្បាប់ ជាពិសេស ប៉ះពាល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិផ្នែកនយោបាយរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបញ្ឈប់ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។