តុលាការ​​នឹង​​បន្តសវនាការ​សំណុំ​រឿងលោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់​ទៀត​នៅដើម​ខែក្រោយ

ដោយ ទីន ហ្សាការីយ៉ា
2021-02-17
Share
តុលាការ​​នឹង​​បន្តសវនាការ​សំណុំ​រឿងលោក រ៉ុង ឈុន និង​សកម្មជន​ពីរនាក់​ទៀត​នៅដើម​ខែក្រោយ លោក​ រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អ្នក​ឃ្លាំមើល​ព្រំដែន​កម្ពុជា ពេល​លោក​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​​ក្នុងវិវាទ​ការងារ​ នៅ​មុខ​រោងចក្រ​ Violet ការ​ពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២០។​
រូប៖ គេ​ផ្ដល់​ឱ្យ

តុលាការ​ក្រុងភ្នំពេញនឹងបន្ត​សវនាការ​ជំនុំ​ជម្រះក្តី​លោក រ៉ុង ឈុន​ និង​សកម្មជន​ពីរនាក់​ទៀតនៅដើម​​ខែក្រោយ​ ​បន្ទាប់​ពី​បញ្ចប់​​សវនាការ​នៅព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ។ មេធាវី​​និង​​អ្នកឃ្លាំមើល​​សិទ្ធិមនុស្ស​​អះអាងថា​ ​លោក​រ៉ុង ឈុន ​និង​​សកម្មជន​​ពីរនាក់​​ទៀត​​គ្មាន​កំហុស​នោះទេ​​ និង​​ជំ​រុញ​​ឱ្យ​តុលាការ​​ដោះលែង​​ពួកគេ​​ឱ្យមាន​​សេរីភាព​ឡើង​​វិញ។

អាជ្ញាធរ​បាន​បញ្ជូន​ជនជាប់ចោទ​ទាំង​ ៣​នាក់ រួមមាន​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន សកម្មជន​សិទ្ធិការងារ កញ្ញា សរ កណិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ លោក តុន និមល ចូល​តតាំងក្តី​ក្នុង​សវនាការ

មេធាវីការពារក្តី​ឱ្យសកម្មជន​ទាំងនេះ​ គឺលោក សំ សុខគង់ ​ប្រាប់​អាស៊ីសេរីថា​ តំណាង​អយ្យការ​ និង​ចៅក្រម​ជំនុំជម្រះ​បានសួរសំណួរដាក់បន្ទុក​ជាច្រើន ចំពោះកូន​ក្តី​របស់លោក។ ​​លោកបន្តទៀត​ថា​ លោក រ៉ុង ឈុន និង​កញ្ញា សរ កណិកា បាន​និយាយ​តទល់គ្នា​ជាមួយ​សមត្ថកិច្ច​ ប៉ុន្តែ​ក្រុម​ជំនុំជម្រះ​ព្យាយាម​បង្អាក់​មិនឱ្យ​ពួកគេ​និយាយ​ឱ្យបាន​ក្បះក្បាយ​ឡើយ​។​ ចំណែក​ភាគី​ខាងដើម​បណ្តឹង​តាមរយៈមេធាវី​រដ្ឋាភិបាល​ ព្រះរាជអាជ្ញា និង​សាក្សីវិញ ពួកគេ​បាន​សហការគ្នា​សស្រាក់សស្រាំ​ក្នុង​ការ​ដាក់​បន្ទុក​លើជនជាប់ចោទ​ លោកមេធាវីរូបនេះ​យល់ថា​ សវនាការ​នេះ​មិនទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​យុត្តិធម៌​នោះទេ​៖ «​ខាងព្រំដែនក៏ដោយ ខាងសមត្ថកិច្ចក៏ដោយ​ យកមក​ធ្វើ​សក្ខីកម្ម​ព្រឹកមិញ​នេះ ​ហាក់ជា​សក្ខីកម្មមួយ​ដាក់បន្ទុក​ ហើយ​មិនមាន​អ្វីបញ្ជាក់​ច្បាស់លាស់ ​អ្វី​ដែល​ពួកគាត់​បាន​ផ្តល់សក្ខីកម្ម​ក្នុងនាម​ជាអ្នកជំនាញ ​ខ្ញុំគិតថា​ អ្វីដែល​បាន​លើកឡើង​ក្នុង​សវនាការ ​គឺ​ជា​សក្ខីកម្ម​មួយ​ ដែលមិនមាន​ភាពច្បាស់លាស់​នៅឡើយ ​ក្នុងនាម​អ្នកការពារ​នឹង​សាកសួរគាត់ ​នៅ​សវនាការ​លើកក្រោយ​»​

សវនាការ​លើកទីបី​នេះ ​មានការចូលរួម​តាមដាន​ពី​សំណាក់​តំណាង​ទូតប្រទេស​លោកសេរី​ មន្រ្តី​អង្គការ​សង្គមស៊ីវិល និង​សាច់ញាតិ​អ្នកជាប់ឃុំ​ប្រមាណ ​៣០​នាក់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី ​ដែល​បាន​ចូលស្តាប់​សវនាការ​នេះ ឱ្យ​ដឹង​ថា សវនាការនេះ​ប្រៀបបាន​ទៅនឹងឆាក​ល្ខោន​ដែលមាន​ការ​ត្រៀមរៀបចំ​ទុកជាមុន​ អ្នកស្រី​បន្ត​ថា ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បកស្រាយខុស​សាច់រឿង ​ដោយ​ទៅនិយាយ​រឿង​សកម្មភាព​ការងារ​របស់​ខ្លួន​ទៅ​វិញ​អ្នកស្រី​ស្នើរដ្ឋាភិបាល​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃទៀត ឱ្យ​មាន​សេរីភាព​វិញ ព្រោះពួកគាត់​ធ្វើសកម្មភាព​ដើម្បី​បូរណភាព​ទឹកដី មិន​មែន​ជាការ​​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​នោះឡើយ៖ «រដ្ឋាភិបាល​ក៏ដោយគួរតែ​យករឿង​គួរតែពិចារណារឿង​ហ្នឹង​​ម្តង​ទៀត ​ថាតើ​គួរតែ​អ្នក​ដែល​គ្រាន់តែ​ឈឺឆ្អាលហ្នឹង​ ជាប់​ពន្ធនាគារ​ដែរ ​ឬ​ក៏សុខចិត្ត​ឱ្យកូនខ្មែរ​ធ្វើភ្លើ ធ្វើល្ងង់ ​ធ្វើ​ឆ្កួត​ »​។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ​ឱ្យដឹងទៀត​ថា លោក រ៉ុង ឈុន មានសុខភាព​ទន់ខ្សោយ ​ប៉ុន្តែ​លោក​នៅ​តែមាន​ឆន្ទៈ​រឹងមាំ​ដដែល។  

នៅក្នុង​ថ្ងៃជំនុំជម្រេះក្តី​នេះ ​អាជ្ញាធររបប​ក្រុង​ភ្នំពេញ​បានដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ជាច្រើន​នាក់ ​ដើម្បី​ហាមឃាត់​មិន​ឱ្យប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​លោក រ៉ុង ឈុន ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​បរិវេណ​តុលាការ​ ដើម្បី​តាម​ដាន​ដំណើរការ​ក្តីនេះឡើយ។

ក្រោយ​បញ្ចប់សវនាការ​នៅវេលាថ្ងៃត្រង់ ​អាជ្ញាធរ​បាន​បញ្ជូន​លោក រ៉ុង ឈុន កញ្ញា សរ កណិកា ​និង​លោក តុន និមល ​ទៅឃុំខ្លួន​នៅពន្ធនាគារព្រៃសរ​វិញភ្លាមៗ​។​ តុលាការ​គ្រោង​បន្តសវនាការ​សំណុំ​រឿងនេះ​ទៀត នៅថ្ងៃទី១០ ខែមីនា​​ខាងមុខ​។

នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ​លោក អំ សំអាត យល់​ឃើញថា ​មន្រ្តី​ជំនាញ​គួរបកស្រាយ​ទៅឱ្យ​ប្រជាពលរដ្ឋ​បានយល់​ដឹង​អំពី​បញ្ហា​ព្រំដែនមិនមែន​ចាប់​ខ្លួន​ពលរដ្ឋ​ នៅពេល​ពួក​គាត់និយាយ​ពី​បញ្ហាព្រំដែន​នោះទេ​លោក​បន្ថែម​ថា អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ នៅតែ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះលែងលោក រ៉ុង ឈុន និង​សកម្មជន​ដទៃ​ទៀត ព្រោះ​សកម្មភាព​របស់​ពួក​គេកន្លងមកជាការ​អនុវត្តន៍​សិទ្ធិ​​បញ្ចេញមតិ​មិន​មែន​​ជា​​បទល្មើស​​នោះ​ទេ​​៖​ «​មានជាចម្ងល់ច្រើន​ថា ហេតុអ្វី​បានជា​ករណីហ្នឹង​ការចាប់ខ្លួន​ធ្វើឡើង​ទាំងយប់ ​បើថា​បទល្មើស​ជាក់ស្តែង ​ដែលសមត្ថកិច្ច​លើកថា ​តាំងពីថ្ងៃទី២១ មក ​ចឹង​បើពី​ថ្ងៃទី២១ ដល់ ៣១ ​បើមាន​បទទាក់ទង​នឹងការធ្វើ​ឱ្យវឹកវរ​នឹង​វឹកវរធ្ងន់ធ្ងរ ​ប៉ុន្តែរយៈពេល ​១០​ថ្ងៃហើយ​ មកធ្វើការ​ចាប់ខ្លួន​ទាំង​យប់​ជាចំណុចមួយ»

អាជ្ញាធរ​បានចាប់ខ្លួន​មេសហជីព និងជាអ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​លោក រ៉ុង ឈុន កាលពី​យប់ថ្ងៃទី​៣១​ ខែកក្កដា ឆ្នាំ២០២០ ក្រោយ​ពីលោក​រិះគន់​បញ្ហា​ព្រំដែន​នៅខេត្តត្បូងឃ្មុំ ដែល​ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យកដីពួកគាត់ចំណែកកញ្ញា សរ កណិកា និងលោក តុន និមល​វិញ  ពួកគេ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ក្រោយ​ពេល​ចូលរួម​តវ៉ា​ឱ្យដោះលែង​លោក រ៉ុង ឈុន និងជន​ជាប់ឃុំ​មួយ​ចំនួន​ទៀត​តុលាការ​បាន​ចោទ​ប្រកាន់​សកម្មជ​ន​ទាំងបីនាក់​ពី​បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នេះដែរ កាល​ពី​សប្តាហ៍មុនតុលាការ​ក្រុង​ភ្នំពេញបាន​កាត់ទោស​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះលោក សួង សុភ័ណ្ឌ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ឆ្នាំ ៨ខែ (២០ខែ) និង​បង់សំណងឱ្យ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជាចំនួន ៥សែន​ ដុល្លារអាមេរិក ពីបទ​ញុះញ់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

 ក្នុង​រយៈពេល​ជាងមួយ​ឆ្នាំមក​នេះ អាជ្ញាធរ​បានចាប់ខ្លួន​​សកម្មជន អ្នក​នយោបាយ និង​យុវជនជិត ៧០នាក់ ដាក់ពន្ធនាគារដោយ​ចោទពីបទ រួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំជាដើម។

អង្គការជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិបានថ្កោលទោសនិង​ចាត់​ទុក​ការចាប់ខ្លួន​ទាំងនេះ​ថា ជាការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​នេះ ​ហើយងាក​មកគោរព​សិទ្ធិ​ពលរដ្ឋ​វិញ​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល