លោក រ៉ុង ឈុន ពិចារណាថា តើត្រូវបង់ប្រាក់ជំងឺចិត្តទៅតុលាការ ឬមិនបង់
2024.02.28
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានទទួលលិខិតជូនដំណឹងពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ២លានរៀល ទៅសាលាដំបូងរាជធានីភ្នំពេញ។
លោកបានឲ្យអាស៊ីសេរីដឹងកាលពីយប់ថ្ងៃទី២៨ កុម្ភៈថា លោកនឹងពិភាក្សាជាមួយមេធាវី ថា តើលោកត្រូវបង់ប្រាក់ពិន័យទៅតាមការបង្គាប់របស់តុលាការ ឬយ៉ាងណានៅឡើយទេ។
លោក រ៉ុង ឈុន បញ្ជាក់ថា លិខិតជូនដំណឹងចុះហត្ថលេខាដោយលោក ឆាយ ហុង តាំងពីថ្ងៃទី១៩ កុម្ភៈ តែលោកទើបតែទទួលបាន កាលពីថ្ងៃទី២៨ កុម្ភៈ។ លិខិតនេះ គឺបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យ តែលោកកំពុងពិចារណាសិន។
លោក រ៉ុង ឈុន៖ «រយៈពេលចុងក្រោយនេះ ហាក់ដូចជារារាំងខ្ញុំ ដូចជា គ.ជ.ប ដាក់បម្រាមខ្ញុំមិនឲ្យចូលរួមឃោសនា។ ហើយឥឡូវនេះ តុលាការដាក់លិខិតឲ្យខ្ញុំបង់លុយ ២លានរៀលនេះ ជាដើម តែអ្នកផ្សេងៗ ដូចជាមិនឃើញបង្គាប់ឲ្យបង់ អ្នកដែលជាប់ជាមួយគ្នា និងបានដោះលែងវិញ បន្តបន្ទាប់គ្នានោះបាទ»។
តុលាការបានបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យនេះ ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកចុះទៅពិនិត្យតំបន់ព្រំដែន ដែលពលរដ្ឋអះអាងថា វៀតណាមរំលោភយកដីស្រែចម្ការរបស់ពួកគាត់នៅខែត្រត្បូងឃ្មុំកាលពីឆ្នាំ២០២០។ សាលាដំបូងបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍ បន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុបចំនួន ២៤ខែ ហើយទោស នៅសល់ត្រូវបានព្យួរ និងពិន័យជាប្រាក់ ២លានរៀល។
លិខិតជូនដំណឹងរបស់តុលាការបញ្ជាក់ថា បើសិនជាលោក រ៉ុង ឈុន មិនបង់ប្រាក់ពិន័យឲ្យបានមុនថ្ងៃទី៤ មិនាខាងមុខនេះទេ តុលាការនឹងចេញដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។