ក្រសួង​ព្រះបរមរាជវាំង​ថា ព្រះរាជ​ដំណាក់​ស្តេច​នៅ​ខេត្តសៀមរាប​អគ្គីភ័យ​ឆេះ ដោយសារ​ទុស្សេ​ខ្សែ​ភ្លើង

ដោយ ទីន ហ្សាការីយ៉ា
2023.03.13
ក្រសួង​ព្រះបរមរាជវាំង​ថា ព្រះរាជ​ដំណាក់​ស្តេច​នៅ​ខេត្តសៀមរាប​អគ្គីភ័យ​ឆេះ ដោយសារ​ទុស្សេ​ខ្សែ​ភ្លើង កម្លាំងអាជ្ញាធរ និង​ក្រុមពន្លត់អគ្គីភ័យបាញ់ទឹក​ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច ក្នុង​ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ

ពលរដ្ឋខេត្តសៀមរាប​សោកស្ដាយ និង​មាន​មន្ទិល​ចំពោះ​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច ក្នុង​ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី១២ មីនា។ ពលរដ្ឋ​អះអាង​ថា ព្រះរាជ​ដំណាក់​ស្តេច សាងសង់​តាំង​សម័យ​បារាំង ដែល​ជា​កន្លែង​ប្រវត្ថិសាស្ត្រ ឋិត​ក្នុង​ក្រុងសៀមរាប កៀក​នឹង​រូប​សំណាក​ព្រះអង្គចេក ព្រះអង្គចម ដែល​ពលរដ្ឋ​តែងតែ​ទៅ​គោរព​បូជា បែប​ប្រពៃណី។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​ទាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជរាំង លោក គង់ សំអុល បាន​នៅ​ឡើយ​ទេ។

ក៏ប៉ុន្តែ ក្រសួង​ព្រះ​បរម​រាជវាំង នៅ​ថ្ងៃ​ទី១៣ មីនា បាន​ប្រកាស​ព័ត៌មាន​ថា ករណី​អគ្គីភ័យ​ឆេះ​អគារ ព្រះរាជ​ដំណាក់​តូច ក្នុង​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប កាល​ពី​យប់​ថ្ងៃ​ទី១២ មីនា បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គិសនី ឬ ទុស្សេ​ខ្មែរ​ភ្លើង។

ចំណែក​អភិបាល​ខេត្តសៀមរាប លោក ទៀ សីហា បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា កម្លាំង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ភ្លាមៗ រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង។ លោក​បញ្ជាក់​ថា អគ្គីភ័យ​បាន​ឆាបឆេះ​អាគារ​មួយ ក្នុង​ព្រះរាជ​ដំណាក់​សៀមរាប គឺ​ជា​កន្លែង​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត។ អភិបាល​ខេត្ត​រូប​នេះ មិន​ទាន់​បង្ហាញ​របាយការណ៍​លម្អិត ស្ដីពី​ការ​ខូចខាត​ព្រះរាជ​ទ្រព្យ និង អគារ​ព្រះរាជ​ដំណាក់​កម្រិត​ណា​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

ចំណែក​ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប លោក សឿន ម៉ាលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ហេតុការណ៍​នេះ អាច​ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ ព្រោះ​នៅ​ក្បែរ​នោះ មាន​រថយន្ត​ពន្លត់​អគ្គីភ័យ នៅ​ជាប់​ព្រះរាជ​ដំណាក់ ហើយ​ក្នុង​បរិវេណ​នោះ ក៏​មាន​ប៉ូលិស​យាម​ល្បាត​ជា​ប្រចាំ​ដែរ។

លោក​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​បង្ហាញ​ព័ត៌មាន​ឱ្យ​ច្បាស់លាស់ ដើម្បី​ជម្រះ​មន្ទិល​របស់​ពលរដ្ឋ ព្រោះ​ទីនោះ ជា​កន្លែង​ស្នាក់​ព្រះ​កាយ​របស់​ព្រះមហាក្សត្រ​ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

Royal_house_in_Siem_Reap_on_fire_031223_Siem_Reap_Admin_FB.jpg
កម្លាំងអាជ្ញាធរ និង​ក្រុមពន្លត់អគ្គីភ័យបាញ់ទឹក​ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច ក្នុង​ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប

Royal_house_in_Siem_Reap_on_fire_031223_Siem_Reap_Admin_FB_3.jpg
កម្លាំងអាជ្ញាធរ និង​ក្រុមពន្លត់អគ្គីភ័យបាញ់ទឹក​ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​ស្ដេច ក្នុង​ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។