អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា គណបក្ស​នឹង​មិន​ជួប​ជជែក​រឿង​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​សេរីភាព​នយោបាយ​ជាមួយ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទេ

2022.07.12
អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា គណបក្ស​នឹង​មិន​ជួប​ជជែក​រឿង​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​សេរីភាព​នយោបាយ​ជាមួយ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទេ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
រូប៖ ហ្វេសប៊ុក

មន្រ្តី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គណបក្ស​នេះ​ពុំ​មាន​ភាព​ចាំបាច់​នឹង​ជួប​ជជែក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន៥ ដែល​មាន​បំណង​រួម​គ្នា​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​ឡើយ។

ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ជា​ការ​ឆ្លើយ​តប​នឹង​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ ដែល​ថា គណបក្ស​នយោបាយ​ចំនួន៥ ដែល​មាន​បំណង​រួម​គ្នា​ថា នឹង​ស្នើសុំ​ជួប​បក្ស​កាន់​អំណាច ជជែក​ពី​សំណើ​របស់​គណបក្ស​ទាំង​នេះ​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០២៣ ខាង​មុខ។

មន្រ្ដីគណបក្សកាន់អំណាចហាក់ពុំបានមើលឃើញថាគណបក្សទាំង៥ មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ស្នើសុំ​ជួប​ជជែក​រឿង​កែ​លម្អ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​បញ្ហា​ផ្សេងៗ ទៀត ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ឡើយ ដោយ​សម្អាង​គណបក្ស​ទាំង​នោះ ជា​គណបក្ស​ដែល​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​គណបក្ស​ប្រឆាំង​គឺ គណបក្ស​សង្គ្រោះ​ជាតិ​តែ១ និង​ថា គ..ប ជា​ស្ថាប័ន​ឯករាជ្យ​តាំង​ពី​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧ មក​ម្ល៉េះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែកក្កដា​ថា បើទោះជាគណបក្សទាំង៥ប្រើមធ្យោបាយណាក៏ដោយ ការ​ដាក់​សម្ពាធ​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​ទាញ​គណបក្ស​របស់​លោក​ឱ្យ​ចូលរួម​ការ​ពិភាក្សា​ណា​មួយ​បាន​ឡើយ ក្នុង​នោះ​រួម​ទាំង​មធ្យោបាយ​ពហិការ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ទាំង​នោះ និង​ការ​តវ៉ា​ណា​មួយ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ផង៖ «ហើយ​មិន​អាច​ចាត់​ទុក គ..ប ថា មាន​និន្នាការ​នយោបាយ​ទៅ​ខាង​ណា​ទេ ពីព្រោះ​សមាជិក គ..ប ទាំង៩ ហ្នឹង សុទ្ធតែ​បាន​លា​លែង​ពី​សមាជិកភាព គណបក្ស​នយោបាយ​រួច​ហើយ។ ខ្ញុំ​យល់​ថា អត់​ចាំបាច់​ទេ ហើយ​គាត់​ស្នើសុំ​ថា ជួប​ពិភាក្សា​អី​ក៏​អត់​មាន​លទ្ធភាព​ទេ ហើយ​វា​ក៏​អត់​ត្រូវ​ការ​ពិភាក្សា​អី​ផង។ មុន​ពេល​បោះ​ឆ្នោត​គាត់​ថា បរិយាកាស​នយោបាយ​ល្អ​បាន​គាត់​ចូលរួម​ការ​បោះ​ឆ្នោត។ អ៊ីចឹង​បាន​សេចក្ដី​ថា បើ​គាត់​នៅ​តែ​ចាញ់​ឆ្នោត​គាត់​នៅ​តែ​ថា គ..ប ហ្នឹង​មិន​យុត្តិធម៌ មិន​អព្យាក្រឹត្យ​ដដែល។ អ៊ីចឹង ដូរ​ប៉ុន្មាន​ដង ក៏​នៅ​តែ​ដដែល​ដែរ ពីព្រោះ​គាត់​ហ្នឹង គឺ​អ្នក​ដូរ​ហើយ គណបក្ស ៥ហ្នឹង​ហើយ ជា​អតីតបក្ស​​​​​​​​​ប្រឆាំង​ពី​មុន​ម៉ោង​នោះ។ ទោះ​បី​ជា​គាត់​ដាក់​លក្ខខណ្ឌ​អី​ក៏​ដោយ គឺ​អត់​ទៅ​រួច​ទេ​បាទ ដាច់​ខាត

លោក សុខ ឥសាន បញ្ជាក់​ទៀត​ថា នៅ​កម្ពុជា​មាន​គណបក្ស​ជា​ច្រើន​ទៀត ដែល​នឹង​ចូលរួម​ការ​បោះ​ឆ្នោត មិន​មែន​មាន​តែ​គណបក្ស​ទាំង៥ នេះ​ទេ។

ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ បន្ទាប់​ពី​គណបក្ស​ចំនួន៥ រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែ​ទម្រង់​កម្ពុជា គណបក្ស​កម្ពុជា​និយម កំពុង​រួម​សំឡេង​គ្នា ក្នុង​គោល​បំណង​ស្នើ​ឱ្យ​មាន​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ ក្រុម​គណបក្ស​ដែល​មិន​មាន​សំឡេង​ក្នុង​រដ្ឋាភិបាល និង​រដ្ឋសភា​រួម​ទាំង​គណបក្ស​ភ្លើង​ទៀន ដែល​ទទួលការ​គាំទ្រ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង គ្រោង​នឹង​ដាក់​សំណើ​ទាក់ទង​នឹង​រឿង​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) ក្រសួងមហាផ្ទៃ និង​រដ្ឋសភា។ ជាមួយ​គ្នា​នេះ​ក្រុម​គណបក្ស​នយោបាយ​នេះ ក៏​មាន​គម្រោង​ជួប​ជជែក​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ ដែល​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

បន្ថែម​ពី​នេះ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រុម​គណបក្ស​នយោបាយ​ទាំង៥ ដែល​កំពុង​មាន​សំឡេង​រួម​គ្នា​នេះ ក៏​គ្រោង​នឹង​ស្នើសុំ​ជួប​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ផង៖ «ព្រោះ​ថា រដ្ឋសភា​ក្ដី ក្រសួង​មហាផ្ទៃ​ក្ដី​ក៏​ភាគ​ច្រើន​សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច ហើយ​សភា​អាច​អនុម័ត​ទៅ​បាន​ទាល់​តែ​មាន​ការ​ជជែក​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច​ទើប​អាច​អនុម័ត​បាន បើ​ត្រូវ​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច​គឺ ការ​អនុម័ត​អី​ផ្សេងៗ អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​ក្នុង»

គណបក្សនយោបាយទាំង៥ បាន​ប្រកាស​ពី​ចំណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាទិភាព​មួយ​ចំនួន ដែល​ពួក​គេ​ចង់​បាន​ក្នុង​នោះ រួម​មាន​ឯករាជ្យ​របស់​ស្ថាប័ន គ..ប តាំង​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ជាតិ សំណើ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​រើសអើង​នយោបាយ និង​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​អនុវត្ត​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​សំណើ​កែប្រែ​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បោះឆ្នោត។

ទាក់ទង​នឹង​ការ​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​គណបក្ស​នយោបាយ​ទាំង៥ នេះ អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា លោក​សាទរ ដែល​គណបក្ស​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​អាច​អង្គុយ​និយាយ​គ្នា រួម​គំនិត​គ្នា​បាន ប៉ុន្តែ​លោក​ថា គណបក្ស​កាន់​អំណាច​នឹង​មល​ឱ្យតម្លៃ ប្រសិនបើ​ពួក​គេ​បន្ត​នៅ​បែកខ្ញែក​គ្នា មិន​អាច​រួម​បញ្ចូល​ជា​គណបក្ស​នយោបាយ​រួម​មួយ។ លោក គឹម សុខ ផ្ដល់​យោបល់​ថា មាន​តែ​ការ​រួម​គ្នា​ទេ ទើប​អាច​មាន​ឥទ្ធិពល​ចាប់​បង្ខំ​គណបក្ស​កាន់​អំណាច​ឱ្យ​ស្ដាប់​តាម​សំណើ​ណា​មួយ​បាន៖ «បើ​ចង់​ទៅ​ចូលរួម​បោះ​ឆ្នោត យ៉ាង​ហោច​ណាស់​បើ​ទាមទារ​កែ គ..ប មិន​បាន​ក៏​គណបក្ស​ទាំង​អស់​ហ្នុង​រក​ការ​រួបរួម​គ្នា​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​កម្លាំង​ធំ​ទៅ ប៉ុន្តែ​បើ​សម្រេច​ចិត្ត​មិន​ទៅ​បោះ​ឆ្នោត ហើយ​ជា​ប្រយោជន៍​សម្រាប់​ការ​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ មិន​មែន​មិន​ចូល​រួម​ហើយ មិន​ធ្វើ​អី​ទេ គឺ​ត្រូវ​តវ៉ា ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ ចេញ​សកម្មភាព​ជា​សាធារណៈ ដើម្បី​ឱ្យ​កែ​ទម្រង់ គ..ប ជា​មុន​សិន ត្រូវ​ធ្វើ​ការ​តស៊ូ​មតិ​លើ​អយុត្តិធម៌​សង្គម​នៅ​ចំពោះ​មុខ។ បើ​មាន​សកម្មភាព​ទាំង​អស់​ហ្នឹង ទើប​ការ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​មាន​ប្រសិទ្ធភាព»

តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​របស់​គណបក្ស​នយោបាយ ដែល​រួម​សំឡេង​គ្នា​កាល​ពី​ថ្ងៃ​ទី១១ ខែកក្កដា​ថា ក្នុង​ការ​រួម​សំឡេង​គ្នា​នេះ គណបក្ស​នយោបាយ​ទាំង៥ រួម​ទាំង​គណបក្ស​ភ្លើង​ទៀន​ផង​នឹង​ចូលរួម​នយោបាយ ដោយ​មធ្យោបាយ​ជជែក​ពិភាក្សា ដោយ​ពុំ​ផ្អែក​លើ​ការ​រួម​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ណា​មួយ​ឡើយ៖ «គណបក្សដែលចូលរួមពិសេសគណបក្សទាំង៥ រួមទាំងគណបក្សភ្លើងទៀនយើងមានគោលការណ៍ថ្មីគឺមិនយកការប្រទូស្តរ៉ាយទេ មិនយកការធ្វើបាតុកម្មជាកត្តាដោះស្រាយប្រឈម ដែលយើងយល់ថាមិនត្រឹមត្រូវ ហើយប្រហែលជាយកការមានកិចច្សហការរវាងគ្នាទាំងគណបក្សកាន់អំណាច ទាំងគណបក្សមិននៅក្នុងរដ្ឋាភិបាល ដើម្បីឱ្យបរិយាកាសសង្គមហ្នឹងវាធានា ពីព្រោះយើងដឹងហើយគណបក្សប្រជាជនមានគោលការណ៍រក្សាសន្តិភាព ចង់បានសន្តិភាព ការពារសន្តិភាព ហើយយើងក៏ចូលរួមក្នុងការងារហ្នឹងដែរ បើយើងជជែកគ្នាកុំឱ្យមានអារម្មណ៍ ដែលថាអាចដោះស្រាយទុកឱ្យបញ្ហាវាកាន់តែរីកធំទៅ ហើយគ្មានជម្រើសក្នុងការដោះស្រាយ»។

ត្រង់​ចំណុច​នេះ លោក គឹម សុខ ឆ្លើយតប​ទៅ​វិញ​ដែរ​ថា នេះ​គ្រាន់​តែ​ជា​លេស​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ ដែល​ភ័យ​ខ្លាច​ដោយ​ខ្លួន​ឯង និង​មិន​បាន​ប្រកាន់​យក​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​ធំ​ឡើយ។

ទាក់ទង​នឹង​សំណើ​ឱ្យ​មាន​ធានា​ការ​បោះ​ឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ អង្គការ​សង្គម​ស៊ីវិល​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​បញ្ហាអាទិភាព៦ចំណុច ក្នុង​នោះ​រួម​មាន៖ ធានា​បរិយាកាស​នយោបាយ​សេរី សំដៅ​ដល់​ការ​ស្ដារ​សេរីភាព​មូលដ្ឋាន​គ្រប់​បែប​យ៉ាង​របស់​ពលរដ្ឋ ធានា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ដោយ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយសារ​អនុវត្តន៍​សិទ្ធិ​នយោបាយ និង​ផ្ដល់​សិទ្ធិ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​បាន​ដំណើរ​ការ​នយោបាយ​ឡើង​វិញ។ មួយទៀត គឺ​ការ​ធានា​ឆន្ទៈ​អ្នក​បោះ​ឆ្នោត ដែល​សំដៅ​ដល់​ការ​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះ​ឆ្នោត បញ្ឈប់​ការ​ដក​ហូត​អាសនៈ​អ្នក​តំណាង​ជាប់​ឆ្នោត ដោយសារ​ការ​រម្លាយ​គណបក្ស​នយោបាយ​ជា​ដើម។ ជាមួយ​គ្នា​នេះ ត្រូវ​ធានា​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ..ប ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដោយ​រក្សា​សមាសភាព​មក​ពី​ភាគី​ពាក់ព័ន្ធ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្ស​គ្មាន​អាសនៈ​ក្នុង​សភា និង១រូបពីខាងសង្គមស៊ីវិលជាដើម។ បន្ថែម​ពី​នេះ គឺ​ត្រូវ​ធានា​ឯករាជភាព និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​អព្យាក្រឹត​របស់​កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ។ រីឯ​ចំណុច​ចុង​ក្រោយ គឺ​ធានា​ឱ្យ​ក្រុម​អង្គការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អាច​អនុវត្ត​តួនាទី​ពួក​គេ​ដោយ​សេរី៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។