គណបក្សប្រជាជនកម្ពុជាលើកឡើងនៅក្នុងសន្និបាតលើកទី៤២ របស់ខ្លួន នៅឆ្នាំ២០២០ នេះថា ប្រទេសខ្លាំងមួយចំនួនប្រើប្រាស់បញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដាក់សម្ពាធ និងបំពានលើកម្ពុជា។ ប៉ុន្តែ អង្គសង្គមស៊ីវិលមួយចំនួនថា មើលមិនឃើញថា មានប្រទេសខ្លាំងណាមួយ យកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅដាក់សម្ពាធលើកម្ពុជានោះទេ។ ផ្ទុយទៅវិញ គឺប្រទេសកម្ពុជាទេ ដែលគួរត្រូវអនុវត្តនូវតួនាទីរបស់ខ្លួន គឺគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ កំពូលរបស់ជាតិ ដើម្បីធានាឲ្យមានការអភិវឌ្ឍប្រទេសក្នុងដំណាក់កាលវែងឆ្ងាយទៅមុខ។
លទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤២ បានបញ្ជាក់ជំហរថា ខ្លួននៅតែបន្តប្រឆាំងដាច់ខាតមិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញ ការអនុវត្តច្បាប់ម៉ឹងម៉ាត់ ចំពោះអង្គការចាត់តាំង និងបុគ្គលណា ដែលប្រព្រឹត្តល្មើសច្បាប់។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសឯកបក្ស ក្រោយការរំលាយ គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ នោះ បានលើកឡើងទៀតថា ប្រទេសខ្លាំងៗ មួយចំនួន នៅតែបន្តប្រើប្រាស់បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បំពានលើអធិបតេយ្យ របស់ ប្រទេស ដែលខ្សោយជាងខ្លួន។
លទ្ធផលសន្និបាតដែលមន្ត្រីគណបក្សនេះផ្ដល់ឲ្យអាស៊ីសេរីនៅល្ងាចថ្ងៃទី២ ខែកុម្ភៈបន្តថា ស្ថានការណ៍នេះ បានដាក់សម្ពាធ និងគំរាមកំហែងដល់អព្យាក្រឹតភាព ឯករាជ្យ និងអធិបតេយ្យជាតិ ហើយក៏បានជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍របស់កម្ពុជា។
គណបក្សប្រជាជនកម្ពុជាបានធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលពីរថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី២ ខែកុម្ភៈ ដឹកនាំដោយលោក ហ៊ុន សែន ជាប្រធានបក្ស និងលោក ហេង សំរិន ជាប្រធានកិត្តិយស ដែលមានសមាជិកជាន់ខ្ពស់ចូលរួម ៣.៤២០នាក់ នៅទីក្រុងភ្នំពេញ។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ដែលរត់ភៀសខ្លួននៅក្រៅប្រទេសព្រោះការធ្វើទុក្ខម្នេញពីរដ្ឋាភិបាលយល់ថា អ្វីដែលគណបក្សប្រជាជនកម្ពុជាលើកឡើងជាការគេចវេះមិនព្រមដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះ។ លោក ម៉ន ផល្លា បន្តថា ការដាក់ចេញផែនការរបស់គណបក្សប្រជាជនកម្ពុជាបែបនេះគឺ គណបក្សប្រជាជនកម្ពុជាខ្លាចការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យទើបគណបក្សនេះយកលេសនានា មកចោទប្រកាន់លើថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សសង្រ្គោះជាតិមិនចង់ឲ្យពួកគេអាចវិលចូលប្រទេសកម្ពុជាវិញបាន៖ « គាត់ ( លោក ហ៊ុន សែន ) តែងតែគេចវេះនូវការពិត ហើយមិនទទួលនូវការអន្តរាគមន៍ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ដែលប្រទេសជឿនលឿនទាំងនោះគេចង់ឲ្យប្រទេសកម្ពុជាមានការរីកលូតលាស់ ដូច្នេះហើយគាត់ឆ្លើយដោះសាមិនចង់ឲ្យមានការធានាបាននូវការអនុវត្តន៍តាមបែបប្រជាធិបតេយ្យពេញលេញនោះទេ»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រទេសកម្ពុជាជារដ្ឋហត្ថលេខីមួយក្នុងការចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូច្នេះលោកយល់ថា ការស្នើសុំ ឬការដាក់សម្ពាធឲ្យប្រទេសនេះគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមិនមែនជាការរំខានដល់ការអភិវឌ្ឍន៍នៅកម្ពុជាទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា សំណើរបស់ប្រទេសប្រជាធិបតេយ្យ ឬក្រុមប្រទេសខ្លាំងនានា គឺជាការយកចិត្តទុកដាក់នៅលើដំណើរផ្លូវវែងឆ្ងាយនៃការអភិវឌ្ឍន៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ «រាល់ការលើកឡើង និងការស្នើសុទ្ធតែឆ្លងការពិនិត្យ ហើយការពិនិត្យលើស្តង់ដារដែលមានស្រាប់ ដូចជា ស្តង់ដារដែលមានចែងក្នុងច្បាប់អន្តរជាតិ ហើយជាមួយគ្នានេះដែរ កម្ពុជាក៏មានការទទួលស្គាល់នូវច្បាប់អន្តរជាតិទាំងនោះដែរ»។
គណៈកម្មការអឺរ៉ុបគ្រោងនឹងប្រកាសលទ្ធផលស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជានៅពាក់ជិតពាក់កណ្ដាលខែកុម្ភៈខាងមុខនេះក្រោយរដ្ឋាភិបាលរក្សាជំហរមិនវិលទៅរកការគោរព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែងប្រកាសម្ដងហើយម្ដងទៀតថា លោកមិនខ្វាយខ្វល់រឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។ អ្នកឃ្លាំមើលសង្គម លើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែរក្សាជំហរបែបនេះកម្ពុជាមិនត្រឹមតែបាត់បង់ EBA នោះទេ ប៉ុន្តែថែមទាំងអាចទទួលរងទណ្ឌកម្មផ្សេងៗ ទៀត ដែលធ្វើឲ្យកម្ពុជារងគ្រោះធ្ងន់ធ្ងរផងដែរ៕